ម៉ាថាយ ២១:១២–១៦
ព្រះយេស៊ូវសម្អាតព្រះវិហារបរិសុទ្ធ
ខណៈនៅក្រុងយេរូសាឡិមក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ព្រះយេស៊ូវបានសម្អាតព្រះវិហារបរិសុទ្ធជាលើកទីពីរ ហើយបានប្រោសអស់អ្នកដែលមកឯទ្រង់ ។ មេរៀននេះនឹងជួយអ្នកឲ្យមានអារម្មណ៍ថាមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងក្នុងការចាត់ទុកព្រះវិហារបរិសុទ្ធជាកន្លែងពិសិដ្ឋមួយដែលអ្នកអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និងពង្រឹងសេចក្ដីជំនឿរបស់អ្នកលើទ្រង់បាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះយេស៊ូវសម្អាតព្រះវិហារបរិសុទ្ធ
ព្រះយេស៊ូវបានទៅក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលង ហើយបានយាងទៅព្រះវិហារបរិសុទ្ធ ។ អ្នកថ្វាយបង្គំដែលមកពីក្រុងយេរូសាឡិមត្រូវប្តូរប្រាក់របស់ពួកគេជារូបិយប័ណ្ណ ដែលអាចប្រើប្រាស់បាននៅព្រះវិហារបរិសុទ្ធនោះ ដើម្បីទិញសត្វធ្វើយញ្ញបូជាដែលនឹងធ្វើឡើងតំណាងឲ្យពួកគេដោយពួកសង្ឃ ។ ទោះជាអាជីវកម្មនេះគឺជារឿងចាំបាច់ ហើយបម្រើឲ្យគោលបំណងល្អយ៉ាងណាក្ដី ប៉ុន្តែការជួញដូរនៅឯព្រះវិហារបរិសុទ្ធ គឺមិនមានការគោរព និង មិនមានគារវភាពនោះទេ ។ ព្រះយេស៊ូវបានឆ្លើយតបទៅនឹងអ្វីដែលទ្រង់បានសង្កេតឃើញនៅក្នុងព្រះវិហារបរិសុទ្ធក្នុងឱកាសពីរផ្សេងគ្នា ៖ ម្តងនៅជិតការចាប់ផ្តើមនៃការងារបម្រើរបស់ទ្រង់ ( សូមមើល យ៉ូហាន ២:១៣–១៦ ) និងម្តងទៀតក្នុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២១:១២–១៣ ) ។
សូមអានវគ្គបទគម្ពីរមួយ ឬទាំងពីរខាងក្រោមនេះ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបនឹងអ្វីដែលទ្រង់បានទតឃើញនៅក្នុង ព្រះវិហារបរិសុទ្ធ ។ អ្នកក៏គួរមើលវីដេអូ « Jesus Cleanses the Temple » ( ១:៥៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។ វីដេអូនេះបង្ហាញពីដំណើររឿងនៅក្នុង យ៉ូហាន ២ ។
-
តើអ្នកបានរៀនអ្វីខ្លះ មកពីការអានដំណើររឿងទាំងពីរនេះ អំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះព្រះវិហារបរិសុទ្ធ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះបានឆ្លើយតបដូច្នេះចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនមកពីព្រះបន្ទូល និងព្រះសកម្មភាពរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីលក្ខណៈដ៏ពិសិដ្ឋនៃដំណាក់របស់ព្រះអម្ចាស់ ៖
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ មូលដ្ឋានសម្រាប់រាល់ពិធីបរិសុទ្ធនិងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ—ដែលជាចំណុចសំខាន់នៃផែនការនៃសេចក្ដីសង្គ្រោះ—គឺជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ រាល់សកម្មភាព រាល់មេរៀន ទាំងអស់ដែលយើងធ្វើនៅក្នុងសាសនាចក្រ គឺសំដៅទៅលើព្រះអម្ចាស់ និងព្រះរាជដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ …
… ព្រះប្រោសលោះរបស់យើងទាមទារឲ្យព្រះវិហារបរិសុទ្ធរបស់ទ្រង់ត្រូវបានការពារពីការប្រមាថមើលងាយ ។ គ្មានរបស់មិនស្អាតណាអាចចូលទៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់បានឡើយ ។ អស់អ្នកដែលបានរៀបចំខ្លួនបានល្អ សូមស្វាគមន៍ ។
( រ័សុល អិម ណិលសុន « Personal Preparation for Temple Blessings » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣២–៣៣ )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ជួយយើងឲ្យយល់កាន់តែច្បាស់អំពីអាកប្បកិរិយារបស់ព្រះអង្គសង្គ្រោះចំពោះ ព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់តម្រូវឲ្យយើងត្រូវមានភាពស័ក្តិសមដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ?
សូមពិចារណាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមសញ្ជឹងគិតថា តើព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើអ្វី ។ អ្នកគួរតែមើលវីដេអូ « Exceeding Great and Precious Promises » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១០:០៨ ដល់ ១១:១៧ ឬអានសម្រង់ខាងក្រោមនេះ ។
ព្រះវិហារបរិសុទ្ធគឺជាកន្លែងថ្វាយបង្គំដ៏បរិសុទ្ធបំផុត ជាងកន្លែងណាៗទៀតទាំងអស់ ។ ព្រះវិហារបរិសុទ្ធគឺពិតជាដំណាក់នៃព្រះអម្ចាស់ ជា កន្លែងពិសិដ្ឋ ដែលញែកចេញជាពិសេសសម្រាប់ថ្វាយបង្គំព្រះ និងសម្រាប់ទទួល ហើយចងចាំពីសេចក្តីសន្យាដ៏ធំបំផុត ហើយវិសេសរបស់ទ្រង់ផង ។
… ការផ្តោតសំខាន់នៃការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធគឺ ការចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការរៀន ការទទួល និងការចងចាំសេចក្តីសញ្ញា ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងគិត ប្រព្រឹត្តហើយស្លៀកពាក់តាមរបៀបមួយផ្សេងពីកន្លែងផ្សេងទៀតដែលយើងទៅ ។
គោលបំណងដ៏សំខាន់នៃព្រះវិហារបរិសុទ្ធគឺដើម្បីលើកកម្ពស់ចក្ខុវិស័យរបស់យើងពីរឿងខាងលោកិយទៅរកពរជ័យដ៏នៅអស់កល្បជានិច្ច ។
( ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩២ )
-
តើអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកដឹង ទទួលអារម្មណ៍ ឬធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ អំពីលក្ខណៈពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ?
ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ និងខ្វិនឲ្យជា
សូមអាន ម៉ាថាយ ២១:១៤ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ បន្ទាប់ពីទ្រង់បានសម្អាតព្រះវិហារបរិសុទ្ធជាលើកទីពីរហើយ ។ ពាក្យ « ខ្វិន » សំដៅលើបុគ្គលពិការ ឬដើរមិនរួច ។
សូមកត់ចំណាំពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រោសអ្នកដើរតាមដ៏ស្មោះត្រង់របស់ទ្រង់មួយចំនួននៅក្បែរព្រះវិហារបរិសុទ្ធ ។
-
តើការព្យាបាលប្រភេទណាទៀតដែលយើងបានទទួលបទពិសោធន៍ តាមរយៈការអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ និងតាមរយៈការធ្វើកិច្ចការព្រះវិហារបរិសុទ្ធរបស់យើង ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីការព្យាបាលដែលយើងអាចទទួលបាន នៅពេលយើងចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ សូមមើលវីដេអូខាងក្រោមនេះ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:៤៩ ដល់ ៤:០៩ ឬអានសម្រង់អត្ថបទខាងក្រោម ។
នៅពេលយើងចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធនាពេលបច្ចុប្បន្ននេះ នោះយើងក៏ស័ក្ដិសមដើម្បីទទួលពរជ័យនៃ « ការព្យាបាល » ដែលបានសន្យាដោយពួកព្យាការី និងពួកសាវកដែរ ។ ពរជ័យទាំងនេះក៏អស្ចារ្យបំផុតផងដែរ ដោយសារតែវិសាលភាព និងលក្ខណៈពិសេសព្រមទាំងលទ្ធផលនៅក្នុងជីវិតរមែងស្លាប់នៃពរជ័យទាំងនេះ ។
( ឌែល ជី រិនឡាន់ « Family History and Temple Work: Sealing and Healing » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៧ )
-
តើអ្នកគិតថា ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធអាចជួយយើងឲ្យជាសះស្បើយពីរបួសខាងវិញ្ញាណ និងអារម្មណ៍របស់យើងយ៉ាងដូចម្ដេច ?
វិចារណកថា និង ព័ត៌មានសាច់រឿង
ម៉ាថាយ ២១:១៣ ។ ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា ប្រជាជនបានចាត់ទុកព្រះវិហារបរិសុទ្ធជា « រោងចោរ » ទៅវិញ ?
ឃ្លាថា « រោងចោរ » ចង់មានន័យថា ពួកអ្នកប្ដូរប្រាក់ និងពាណិជ្ជករគិតតែពីចង់បានប្រាក់ចំណេញជាជាងការថ្វាយបង្គំព្រះ និងការជួយមនុស្សដទៃទៀតឲ្យថ្វាយបង្គំ ។
តើព្រះយេស៊ូវខ្ញាល់ឬ ពេលទ្រង់សម្អាតព្រះវិហារបរិសុទ្ធ ?
ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានបង្រៀនអំពីការសម្អាតព្រះវិហារបរិសុទ្ធរបស់ព្រះអង្គសង្គ្រោះ ។ សូមមើលវីដេអូខាងក្រោម ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១១:០៧ ដល់ ១១:៣៥ ឬអានសម្រង់ខាងក្រោមនេះ ។
ក្នុងកាលៈទេសៈមួយចំនួន ការខឹងសម្បារគឺជារឿងត្រឹមត្រូវ ។ ព្រះគម្ពីរប្រាប់យើងថាព្រះយេស៊ូវបានបណ្ដេញអ្នកប្តូរប្រាក់ចេញពីព្រះវិហារ ដោយទ្រង់មានបន្ទូលថា « ដំណាក់យើងត្រូវហៅថា ជាទីសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ » ( ម៉ាថាយ ២១:១៣ ) ។ ប៉ុន្តែទោះជាយ៉ាងណា ព្រះបន្ទូលទាំងនេះគឺដូចជាការស្តីបន្ទោស ច្រើនជាងជាកំហឹងដែលមិនអាចគ្រប់គ្រងបាន ។
( ហ្គរដុន ប៊ី ហ៊ិងគ្លី « Slow to Anger » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦ )
សកម្មភាពរៀនសូត្របន្ថែម
ការព្យាបាលតាមរយៈកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ
បង្ហាញវីដេអូនេះអំពីរបៀបដែលអ្នកប្រឹក្សាយោបល់ខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិបានដកពិសោធន៍ពរជ័យដែលបានសន្យាក្នុងការព្យាបាលសម្រាប់បងស្រីម្នាក់ដែលគាត់បានជួយក្នុងកិច្ចការពង្សប្រវត្តិ ។ បន្ទាប់ពីមើលហើយ សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេក្នុងការស្វែងរកឈ្មោះសមាជិកគ្រួសារ និងយកឈ្មោះទាំងនោះទៅព្រះវិហារបរិសុទ្ធ ។
សូមពិចារណាចែកចាយការដកស្រង់ចេញពីអត្ថបទ « Miracles of Healing through Temple Ordinances » ( Ensign ខែ កញ្ញា ឆ្នាំ ២០២០ ទំព័រ ៤៣–៤៧ ) ដោយ ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ នៃគណៈប្រធានសមាគមសង្គ្រោះទូទៅ ។