ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៣


ម៉ាថាយ ២៣

ព្រះអង្គសង្គ្រោះថ្កោលទោសចំពោះការលាក់ពុត

Jesus talking to Pharisees in Jerusalem. Movie still from The Life of Jesus Christ Bible Videos.

ក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ទ្រង់បានថ្កោលទោសចំពោះ ការលាក់ពុតរបស់ពួកអាចារ្យ និងពួកផារិស៊ី ។ មេរៀននេះអាចជួយអ្នកឲ្យចៀសវាងពីការលាក់ពុត ហើយធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដោយបន្ទាបខ្លួន ។

ការយល់ពីបរិបទនៃបទគម្ពីរ ។ ការដឹងពីវប្បធម៌ និងទំនៀមទម្លាប់នៅជំនាន់ព្រះគម្ពីរសញ្ញាថ្មី អាចជួយសិស្សឲ្យយល់ពីព្រះគម្ពីរសញ្ញាថ្មីបានកាន់តែច្បាស់ ។ ការយល់ពីបរិបទនៃបទគម្ពីរនឹងរៀបចំសិស្សឲ្យទទួលស្គាល់សារលិខិតទាំងឡាយរបស់អ្នកនិពន្ធដ៏បំផុសគំនិត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សដែលព្យាយាមដើរតាមព្រះអង្គសង្គ្រោះដោយចិត្តស្មោះស្ម័គ្រ និងចេតនាបរិសុទ្ធ នៅពេលពួកគេបម្រើអ្នកដទៃ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ច្រើន មកពីការរៀនអំពីការការពារដែលព្រះអង្គសង្គ្រោះប្រទានឲ្យយើង ជាងការបង្រៀនរបស់ទ្រង់អំពីការលាក់ពុត នោះសូមពិចារណាបង្រៀនសកម្មភាពនៅក្នុង ម៉ាថាយ ២៣:៣៧ នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។

តើការលាក់ពុតគឺជាអ្វី ?

សូមរៀបចំកែវទឹកស្នោពណ៌សចំនួនបី ។ ទុកឲ្យកែវទីមួយកខ្វក់នៅផ្នែកខាងក្រៅ និងកែវទឹកទីពីរកខ្វក់នៅផ្នែកខាងក្នុង ហើយទុកឲ្យកែវទឹកទីបីនៅស្អាត ។ សូមដាក់បង្ហាញកែវទឹកទាំងនោះ ហើយសួរដល់សិស្សថា តើពួកគេចង់បានកែវមួយណាយកមកផឹកទឹក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យមកពិនិត្យមើលផ្នែកខាងក្នុងកែវទឹកទាំងនោះ ហើយពន្យល់ថាតើកែវទឹកមួយណាដែលគាត់ចង់បានយកមកផឹកទឹក ហើយហេតុអ្វី ។

Photo of three cups. One that is dirty on the inside, one that is dirty on the outside, and one that is clean
  • តើកែវទឹកកខ្វក់ទាំងនោះតំណាងឲ្យមនុស្សលាក់ពុតយ៉ាងដូចម្ដេច ?

នៅពេលសិស្សពិភាក្សាអំពីការលាក់ពុត នោះពួកគេគួរតែមើលទៅខាងក្នុង ហើយផ្តោតលើខ្លួនឯង ។ សូមចៀសវាងការឲ្យសិស្សចង្អុលបង្ហាញពីការលាក់ពុតអំពីអ្នកដទៃ ។

ពាក្យ មនុស្សលាក់ពុត ត្រូវបានបកប្រែពីភាសាក្រិកមកមានន័យថា « តួសម្ដែង » ហើយសំដៅទៅលើបុគ្គលដែលធ្វើពុត និយាយបំផ្លើសផ្នែកមួយ ឬបន្តមានទង្វើប្រកបដោយការបោកបញ្ឆោតជាដរាប ។ វា « ជាទូទៅចង្អុលបង្ហាញពីបុគ្គលម្នាក់ដែលធ្វើពុតជាអ្នកជឿសាសនា តែតាមពិតពុំមែនទេ » ( Bible Dictionary « Hypocrite » ) ។ វាក៏អាចសំដៅទៅលើមនុស្សម្នាក់ ដែលធ្វើពុតមិនជឿលើសាសនា តែតាមពិតគាត់ជឿផងដែរ ។

នៅពេលអ្នកសិក្សា ម៉ាថាយ ២៣ សូមរកមើលសេចក្ដីពិតដែលនឹងជួយអ្នកឲ្យចៀសវាងពីការលាក់ពុត ហើយប្រែក្លាយកាន់តែ ដូចជាព្រះយេស៊ូវគ្រីស្ទ ។

ជាផ្នែកមួយនៃសារលិខិតជាសាធារណៈចុងក្រោយរបស់ព្រះអង្គសង្គ្រោះ នាសប្ដាហ៍ចុងក្រោយនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ នោះទ្រង់បានថ្កោលទោសដល់ការលាក់ពុតរបស់ពួកអាចារ្យ និងពួកផារិស៊ី ។ ទ្រង់បានចង្អុលបង្ហាញថា ពួកអាចារ្យ និងពួកផារិស៊ី « [ អង្គុយ ] នៅទីបង្រៀនរបស់លោកម៉ូសេ » ( ម៉ាថាយ ២៣:២ ) ដែលមានន័យថា ពួកគេកាន់កាប់តំណែងនៃសិទ្ធិអំណាចដើម្បីបង្រៀនគោលលទ្ធិ ហើយបកស្រាយ និងគ្រប់គ្រងក្រឹត្យវិន័យ ។ ពួកគេចាត់ទុកខ្លួនឯងស័ក្តិសមជាងអ្នកឯទៀតក្នុងសាលាប្រជុំ ។

សូមអាន ម៉ាថាយ ២៣:៣–៧ ដោយស្វែងរកថាតើព្រះអង្គសង្គ្រោះបានមានបន្ទូលដូចម្ដេចអំពីពួកអាចារ្យ និងពួកផារិស៊ីដែលជាមនុស្សលាក់ពុត ។ មុនពេលអ្នកអាន វាអាចនឹងមានប្រយោជន៍ក្នុងការដឹងថា « ស្លាកកត់ក្រឹត្យវិន័យ » ( ខទី ) គឺជាប្រអប់ស្បែកតូចៗដែលសាសន៍យូដា បានចងលើថ្ងាស និងដៃឆ្វេង ។ នៅខាងក្នុងស្លាកកត់ក្រឹត្យវិន័យនោះមាននូវផ្ទាំងស្បែកសម្រាប់សរសេរអក្សរដែលមានផ្ទុកនូវខគម្ពីរជាក់លាក់នានានៃបទគម្ពីរដែលដកស្រង់ពីព្រះគម្ពីរសញ្ញាចាស់ ។ សាសន៍យូដាបានពាក់ស្លាកកត់ក្រឹត្យវិន័យ ដើម្បីជួយពួកគេឲ្យចងចាំដើម្បីធ្វើតាមបទបញ្ញត្តិរបស់ព្រះ ។

Combined image of two men wearing phylacteries and an image of the wailing wall in Jerusalem

បន្ទាប់ពីអានរួច អ្នកក៏គួរមើលវីដេអូ « Phylacteries » ( ១:០៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។

Combined image of two men wearing phylacteries and an image of the wailing wall in Jerusalem
  • យោងតាម ខទី ហេតុអ្វីពួកអាចារ្យ និងពួកផារិស៊ីពង្រីកស្លាកកត់ក្រឹត្យវិន័យរបស់ពួកគេ និង « រំយោលអាវគេឲ្យវែងៗ » ?

ព្រះអម្ចាស់មិនបានថ្កោលទោសជនដែលបានពាក់ស្លាកកត់ក្រឹត្យវិន័យនោះទេ ប៉ុន្តែទ្រង់បានថ្កោលទោសដល់ជនដែលប្រើវាដោយលាក់ពុត ឬពង្រីកវាឲ្យធំ ដើម្បីឲ្យមនុស្សដទៃទៀតមើលឃើញវា ឬបង្ហាញឲ្យឃើញថាខ្លួនគេសំខាន់ជាងអ្នកដទៃ ។

  • តើការថ្វាយបង្គំព្រះតែសកម្មភាពខាងក្រៅមានគ្រោះថ្នាក់អ្វីខ្លះ ដោយសារអ្នកចង់ឲ្យអ្នកដទៃឃើញ ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះសព្វព្រះទ័យឲ្យអ្នកថ្វាយបង្គំទ្រង់ដោយស្មោះត្រង់ និងដោយចេតនាសុចរិត ?

បន្ថែមលើការព្រមានប្រជាជនកុំឲ្យធ្វើតាមអាកប្បកិរិយារបស់ពួកអាចារ្យ និងពួកផារិស៊ី នោះព្រះអង្គសង្គ្រោះក៏បានមានបន្ទូលដោយផ្ទាល់ ទៅកាន់ពួកអាចារ្យ និងពួកផារិស៊ីផងដែរ ។ ទ្រង់បានប្រកាសពីសេចក្ដីវេទនាជាច្រើន ដែលនឹងកើតមានដល់ពួកគេដោយសារការលាក់ពុតរបស់ពួកគេ ( សូមមើល ម៉ាថាយ ២៣:១៣–៣៣ ) ។ វេទនា មានន័យថាជាស្ថានភាពនៃសេចក្តីមានទុក្ខ វេទនារម្មណ៍ និងទុក្ខព្រួយ ។

សូមអាន ម៉ាថាយ ២៣:២៣–២៨ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលប្រាប់ពួកផារិស៊ី ។

  • តើខគម្ពីរទាំងនេះបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីការលាក់ពុតយ៉ាងដូចម្ដេច ?

សូមជួយសិស្សឲ្យយល់ថា បញ្ហាមួយជាមួយនឹងការលាក់ពុតគឺថា វារារាំងយើងមិនឲ្យក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងពិតប្រាកដ ។ នៅពេលដែលយើងលាក់ពុត នោះយើងផ្តោតកាន់តែខ្លាំងលើរបៀបដែលយើងបង្ហាញដល់អ្នកដទៃ ជាជាងការប្រែក្លាយជាខ្លួនយើងពិតប្រាកដ ។

  • តើអ្នកនឹងនិយាយអ្វីទៅកាន់នរណាម្នាក់ ដែលបារម្ភអំពីការធ្វើជាមនុស្សលាក់ពុត នៅពេលពួកគេធ្វើខុស ខណៈដែលកំពុងខិតខំរស់នៅតាមដំណឹងល្អ ?

ប្រសិនបើសិស្សត្រូវការជំនួយជាមួយនឹងសំណួរខាងលើ សូមចែកចាយសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។

របៀបដែលយើងអាចចៀសវាង និងយកឈ្នះលើការលាក់ពុត

ផ្ទុយពីពួកអាចារ្យ និងពួកផារិស៊ី ព្រះអង្គសង្គ្រោះមិនដែលប្រព្រឹត្តដោយលាក់ពុតឡើយ ។ ទ្រង់បានបង្រៀនប្រជាជនកុំឲ្យចាត់ទុកខ្លួនឯងថាល្អជាងអ្នកដទៃ ព្រោះពួកគេទាំងអស់សុទ្ធតែជាបុត្រាបុត្រីរបស់ព្រះទាំងអស់គ្នា ហើយស្មើភាពគ្នានៅចំពោះព្រះភ័ក្រ្តទ្រង់ ។ ទ្រង់បានថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌គឺជាអង្គបង្កបង្កើតរបស់យើង ហើយថាទ្រង់ផ្ទាល់គឺជាព្រះគ្រីស្ទ ដែលត្រូវបានបញ្ជូនមកដោយព្រះវរបិតា ហើយជាចៅហ្វាយដ៏ពិតរបស់យើងដែលបានប្រទានព្រះជន្ម ( សូមមើលការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៣:៦ [ នៅក្នុង ម៉ាថាយ ២៣:៩ ]; ម៉ាថាយ ២៣:៨–១០ ) ។

សូមអាន ម៉ាថាយ ២៣:១១–១២ ហើយរកមើលការបង្រៀនដែលអាចជួយយើងឲ្យយកឈ្នះ និងចៀសវាងពីការលាក់ពុត ។ នៅក្នុង ខទី ១២ ពាក្យ តម្កើងឡើង មានន័យថាលើកខ្លួនឡើង ហើយ បន្ទាបចុះ មានន័យថាធ្វើឲ្យចុះទាប បន្ទាបបន្ថោក ឬមិនសូវគោរព ។

  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះកំពុងបង្រៀនអំពីគោលការណ៍អ្វីនៅក្នុងខគម្ពីរទាំងនេះ ?

ព្រះអង្គសង្គ្រោះបានបង្រៀនថា ប្រសិនបើយើងបន្ទាបខ្លួន ហើយបម្រើអ្នកដទៃ នោះព្រះអម្ចាស់នឹងលើកយើងឡើង ។ ទ្រង់នឹងជួយយើងឲ្យក្លាយកាន់តែដូចជាទ្រង់ ហើយដោយការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ និងការប្រែចិត្តដ៏ពិត នោះព្រះនឹងប្រទានឲ្យយើងនូវភាពតម្កើងឡើងក្នុងនគរសេឡេស្ទាល ។

  • តើព្រះយេស៊ូវគ្រីស្ទគឺជាគំរូនៃការបន្ទាបខ្លួនក្នុងការបម្រើអ្នកដទៃ និងការចៀសវាងពីការលាក់ពុតយ៉ាងដូចម្ដេច ?

  • តើការបន្ទាបខ្លួន និងការបម្រើអ្នកដទៃអាចជួយអ្នកឲ្យចៀសវាងពីការលាក់ពុត ហើយប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?

សូមបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលពួកគេរកឃើញញឹកញាប់បំផុត ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណ នៅពេលដែលពួកគេសញ្ជឹងគិត ។ សូមរំឭកពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេ ហើយចង់ជួយពួកគេឲ្យយកឈ្នះលើការលាក់ពុត ។ សិស្សអាចកត់ត្រាគំនិតរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។

  • ខ្ញុំធ្វើពុតជាមនុស្សម្នាក់ដែលមិនមែនជាខ្ញុំ ។

  • ខ្ញុំធ្វើល្អដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍ ។

  • ខ្ញុំច្រើនតែគិតថាខ្ញុំល្អជាងអ្នកដទៃ ។

  • ទោះជាខ្ញុំធ្វើខុសក៏ដោយ ក៏ខ្ញុំព្យាយាមរស់នៅតាមដំណឹងល្អដោយស្មោះត្រង់ដែរ ។

  • ខ្ញុំព្យាយាមបម្រើអ្នកដទៃ ហើយមិនព្យាយាមស្វែងរកភាពល្បីល្បាញឡើយ ។

  • ខ្ញុំព្យាយាមបន្ទាបខ្លួន ហើយមិនឃើញថាខ្លួនឯងល្អជាងអ្នកដទៃទេ ។

សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ កាលដែលអ្នកកំណត់ផ្នែកណាមួយ ដែលអ្នកអាចធ្វើឲ្យប្រសើរឡើង ។ សូមចងចាំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ហើយទទួលស្គាល់រាល់ការខិតខំដោយស្មោះដើម្បីរស់នៅតាមដំណឹងល្អ ។ នៅពេលអ្នកទូលសូមជំនួយពីព្រះវរបិតាសួគ៌ នោះទ្រង់នឹងជួយអ្នកឲ្យយកឈ្នះលើភាពទន់ខ្សោយ ឬការលាក់ពុតណាមួយ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើព្រះអង្គសង្គ្រោះទតទៅពួកអាចារ្យ និងពួកផារិស៊ីដែលជាមនុស្សលាក់ពុតយ៉ាងណាដែរ ?

នៅក្នុងសុន្ទរកថារបស់លោក « The Voice of Warning » អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីរបៀបដែលព្រះយេស៊ូវបានថ្កោលទោសចំពោះភាពលាក់ពុតរបស់ពួកអាចារ្យ និងពួកផារិស៊ី ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៨–១១ ) ។

15:15

តើខ្ញុំជាមនុស្សលាក់ពុតទេ ប្រសិនបើខ្ញុំធ្វើខុស ខណៈដែលខ្ញុំកំពុងព្យាយាមរស់នៅតាមដំណឹងល្អនោះ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

បងប្អូនប្រុសស្រីទាំងឡាយ ជាញឹកញាប់យើងគ្រប់គ្នាប្រាថ្នាចង់មានជីវិតដូចជាព្រះគ្រីស្ទ ជាងយើងទទួលបានជោគជ័យក្នុងការរស់នៅ ។ បើយើងសារភាពរឿងនោះដោយស្មោះត្រង់ ហើយព្យាយាមកែលម្អ យើងមិនមែនជាមនុស្សលាក់ពុតទេ យើងគឺជាមនុស្សលោកធម្មតា ។

( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤២ )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសដើម្បីចាប់ផ្តើមមេរៀន

សូមជួយសិស្សឲ្យវាយតម្លៃបញ្ហាដែលអាចកើតមាននៅក្នុងស្ថានភាពនីមួយៗខាងក្រោមនេះ ។ ( ប្រសិនបើចង់ សូមពិចារណាផ្លាស់ប្តូរស្ថានភាព ដើម្បីឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីក្នុងតំបន់ ដែលអាចពាក់ព័ន្ធនឹងសិស្សខ្លាំងជាង ) ។

  1. មនុស្សម្នាក់ដែលចូលរួមក្នុងការប្រជុំព្រះវិហារ ប៉ុន្តែគាត់ខ្វល់ខ្វាយនឹងអ្នកដទៃមើលឃើញគាត់ ជាងការថ្វាយបង្គំព្រះ

  2. សមាជិកម្នាក់ដែលអះអាងថានឹងគាំទ្រថ្នាក់ដឹកនាំសាសនាចក្រ ហើយបន្ទាប់មករិះគន់ការសម្រេចចិត្តរបស់ពួកលោក

  3. បុគ្គលដែលចុះផ្សាយឯកសារផ្សេងៗលើបណ្តាញសង្គម ដែលបំផ្លើសគុណធម៌របស់ខ្លួន

បន្ទាប់ពីសិស្សវាយតម្លៃពីស្ថានភាពទាំងនេះហើយ សូមពន្យល់ពីមនុស្សលាក់ពុតថាជានរណា ហើយមើលថាតើ សិស្សអាចពិពណ៌នាអំពីរបៀប ដែលសាច់រឿងទាំងនេះគឺជាឧទាហរណ៍នៃការលាក់ពុតឬអត់ ។ រួចហើយសូមចាប់ផ្ដើមការសិក្សា ម៉ាថាយ ២៣

ភូមិផូតឹមឃីន និងការលាក់ពុត

កាលកំពុងបម្រើក្នុងគណៈប្រធានទីមួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានប្រើឧទាហរណ៍នៃភូមិផូតឹមឃីន ដើម្បីបង្រៀនអំពីគ្រោះថ្នាក់នៃការលាក់ពុត ។ សូមពិចារណាមើលវីដេអូ « On Being Genuine » ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៤:៥៩ ។ បន្ទាប់មក សិស្សអាចចែកចាយអ្វីដែលពួកគេបានរៀនអំពីការលាក់ពុត និងរបៀបដែលយើងអាចចៀសវាងពីវាបាន ។

17:51

ម៉ាថាយ ២៣:៣៧ ។ « ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប »

នៅក្នុង ម៉ាថាយ ២៣:៣៤–៣៩ ព្រះអង្គសង្គ្រោះបានព្រមានបណ្តាជនក្រុងយេរូសាឡិមថា ដោយសារពួកគេបានបដិសេធព្យាការី នោះពួកគេនឹងត្រូវបានទុកឲ្យនៅស្ងាត់ជ្រងំ ។

A mother hen and her baby chicks.

សូមពិចារណាបង្ហាញរូបភាពមេមាន់ និងកូនមាន់ ហើយសួរថា « តើមេមាន់ការពារកូនមាន់ដោយរបៀបណា ? »

សូមអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ២៣:៣៧–៣៩ ដោយរកមើលរបៀបដែលប្រជាជនក្រុងយេរូសាឡិមបានឆ្លើយតបនឹងការខិតខំរបស់ព្រះយេស៊ូវ ដើម្បីប្រមូលពួកគេដូចជាមេមាន់ប្រមូលកូនមាន់របស់វាអញ្ចឹងដែរ ។

ព្រះយេស៊ូវបានប្រទានដល់ប្រជាជននូវព្រះគម្ពីរមរមន ដែលជាសារលិខិតស្រដៀងគ្នានេះ ។ អស់អ្នកដែលបានបដិសេធព្យាការីបានវិនាសទៅក្នុងការបំផ្លិចបំផ្លាញបន្ទាប់ពីការសុគតរបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ៩:១–១២ ) ។ បន្ទាប់មក ព្រះប្រោសលោះបានប្រទានការអញ្ជើញនេះដល់អ្នកដែលបានរួចជីវិត ។

សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី៣ ៩:១៣–១៤ ; ១០:៤–៦ ដោយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។

សូមពិចារណាពីសួរសំណួរខាងក្រោមនេះដូចជា ៖

  • តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?

  • តើវិធីណាខ្លះដែលព្រះអង្គសង្គ្រោះអាចប្រមូល ការពារ និងសង្គ្រោះយើង ?

  • តើអ្នកគិតថា ការធ្វើតាមព្យាការីគឺជាវិធីមួយដែលយើងអាចទទួលបានការការពារពីព្រះអង្គសង្គ្រោះបានយ៉ាងដូចម្ដេច ?

  • តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីប្រមូលផ្ដុំទៅរកព្រះអង្គសង្គ្រោះ ដើម្បីអ្នកអាចបន្តទទួលបានការមើលថែ និងការការពារពីទ្រង់ ?

  • តើខគម្ពីរទាំងនេះមានឥទ្ធិពលលើរបៀបដែលអ្នកមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងណាដែរ ?