ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨


ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨

« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ »

John the Baptist and a woman standing in the river Jordan with a group of people watching in the foreground. Outtakes include John the Baptist helping a woman into the water, and various scenes from a distance and close up.

មុនពេលព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើមការងារបម្រើជាសាធារណៈរបស់ទ្រង់ នោះយ៉ូហាន-បាទីស្ទ បានព្យាយាមរៀបចំមនុស្សដទៃឲ្យទទួលយក និងដើរតាមព្រះអង្គសង្គ្រោះរួចហើយ ។ នៅក្នុងមេរៀននេះ អ្នកនឹងពិចារណាពីរបៀបដែលអ្នកបានទទួលយក និងដើរតាមព្រះអង្គសង្រ្គោះ របៀបដែលអ្នកអាចទទួលយក និងធ្វើតាមទ្រង់បានកាន់តែប្រសើរជាងមុន ព្រមទាំងអ្វីដែលអ្នកអាចធ្វើបានដើម្បីរៀបចំមនុស្សដទៃឲ្យទទួលយក និងដើរតាមទ្រង់ ។

ការជួយគ្នាទៅវិញទៅមក ។ សិស្សភាគច្រើនចូលចិត្តរៀនសូត្រពីគ្នាទៅវិញទៅមក ។ សូមជួយពួកគេឲ្យយល់ថា នៅពេលពួកគេចូលរួមចំណែកក្នុងថ្នាក់ នោះពួកគេអាចមានឥទ្ធិពលវិជ្ជមានទៅលើសិស្សដទៃទៀត ។ សូមលើកទឹកចិត្តពួកគេឲ្យស្តាប់សិស្សដទៃទៀតដោយស្មោះត្រង់ ហើយឆ្លើយតបដោយមានការគិតគូរ និងដោយចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេនឹងធ្វើ ហើយនិយាយ ប្រសិនបើពួកគេមានឱកាសរៀបចំនរណាម្នាក់ឲ្យទទួលយក និងដើរតាមព្រះអង្គសង្រ្គោះនោះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការរៀបចំសម្រាប់ព្រះយេស៊ូវគ្រីស្ទ

ជាជម្រើសមួយចំពោះស្ថានភាពខាងក្រោមនេះ សូមពិចារណាដាក់របាំងបីបួនដើម្បីរាំងផ្លូវចូលថ្នាក់រៀន ឬកន្លែងអង្គុយរបស់សិស្ស ។ ឧទាហរណ៍ សូមពិចារណាដាក់កៅអី ឬតុនៅមាត់ទ្វារ ឬនៅខាងមុខកន្លែងដែលសិស្សអង្គុយ ។ នៅពេលសិស្សមកដល់ សូមអញ្ជើញពួកគេឲ្យចូលមក ហើយទៅកាន់កន្លែងអង្គុយរបស់ពួកគេ ។ សូមសង្កេតមើលអ្វីដែលសិស្សធ្វើដើម្បីបានចូលដល់ថ្នាក់រៀន ហើយអង្គុយចុះ ។ នៅដើមមេរៀន សូមពិភាក្សាអំពីរបៀបដែលសិស្សឆ្លើយតបទៅនឹងរបាំងទាំងនេះ ដោយសួរសំណួរដូចជា « តើអ្នកបានធ្វើអ្វីខ្លះចំពោះឧបសគ្គទាំងនោះ ? » « តើអ្នកមានបានកត់សម្គាល់ថា មានអ្នកណាម្នាក់ជួយអ្នកដទៃឲ្យជម្នះឧបសគ្គនេះដែរឬទេ ? »

សូមស្រមៃថា អ្នកកំពុងធ្វើដំណើរដ៏សំខាន់មួយ ហើយមានឧបសគ្គនៅលើគន្លងផ្លូវនោះ ។ តើអ្នកនឹងធ្វើអ្វី ? តើអ្នកនឹងបកក្រោយដែរឬទេ ? តើអ្នកនឹងព្យាយាមកន្លង ឬក្រឡឹងជុំវិញឧបសគ្គទាំងនោះឬ ? តើអ្នកនឹងព្យាយាមដកឧបសគ្គនោះចេញ សម្រាប់អ្នកដែលមកក្រោយអ្នកទេ ? សូមស្រមៃថា អ្នកបានឃើញថា នរណាម្នាក់ដែលបានមកមុនអ្នក បានដកឧបសគ្គដែលពិបាកខ្លាំងជាច្រើនចេញរួចទៅហើយ ។

  • តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលបានរៀបចំផ្លូវសម្រាប់អ្នក ?

នៅថ្ងៃនេះ អ្នកនឹងសិក្សាអំពី យ៉ូហាន-បាទីស្ទ ដែលមានបេសកកម្មដើម្បីរៀបចំមនុស្សឲ្យទទួលយក និងដើរតាមព្រះអង្គសង្រ្គោះ ( សូមមើល លូកា ១:១៧ ) ។

  • តើនរណាដែលបានជួយរៀបចំផ្លូវឲ្យអ្នកទទួលយក និងដើរតាមព្រះអង្គសង្រ្គោះនៅក្នុងជីវិតរបស់អ្នក ?

  • តើនរណាកំពុងតែរៀបចំផ្លូវ ដើម្បីឲ្យព្រះអង្គសង្រ្គោះគង់នៅក្នុងជីវិតរបស់អ្នកបន្ថែមទៀតនោះ ?

  • តើអ្វីដែលបានជួយអ្នកឲ្យទទួលយក និងដើរតាមព្រះអង្គសង្គ្រោះ ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីឧបសគ្គទាំងឡាយ ដែលនៅតែរាំងផ្លូវរបស់អ្នក ឬអ្នកដទៃដើម្បីទទួលយក និងដើរតាមទ្រង់ ហើយតើអ្វីដែលអាចជួយអ្នក ឬពួកគេឲ្យយកឈ្នះលើឧបសគ្គទាំងនេះបាន ។

សេចក្ដីផ្ដើមអំពីដំណឹងល្អរបស់ម៉ាកុស និងការងារបម្រើរបស់ យ៉ូហាន-បាទីស្ទ

ម៉ាកុសបានចាប់ផ្តើមដំណឹងល្អរបស់លោកជាមួយដំណើររឿងរបស់ យ៉ូហាន-បាទីស្ទ ។ មិនដូចជាម៉ាថាយ ឬយ៉ូហានទេ ម៉ាកុសមិនមែនជាសាវករបស់ព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែជាអ្នកដែលបានប្រែចិត្តជឿម្នាក់នៅពេលក្រោយ ។ ម៉ាកុសប្រហែលជាបានសរសេរដំណឹងល្អរបស់លោក ក្រោមការដឹកនាំរបស់សាវកពេត្រុស ។ នៅក្នុងដំណឹងល្អរបស់លោក ម៉ាកុសបានសរសេរទៅកាន់អ្នកអានដែលជាសាសន៍ដទៃ ហើយបានសង្កត់ធ្ងន់លើអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ច្រើនជាងអ្វីដែលទ្រង់បានមានព្រះបន្ទូល ។

សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាដៃគូ ឬជាក្រុមតូចៗ នៅពេលពួកគេសិក្សាខគម្ពីរខាងក្រោមនេះ ។

សូមអាន ម៉ាកុស ១:១–៨ ដោយរកមើលអ្វីដែល យ៉ូហាន-បាទីស្ទ បានធ្វើដែលបានជួយរៀបចំអ្នកដទៃឲ្យទទួលយក និងដើរតាមព្រះយេស៊ូវគ្រីស្ទ ។

ឧបករណ៍សិក្សាព្រះគម្ពីរ ។

ឧបករណ៍សិក្សា និងវិធីសាស្ត្រក្នុងការសិក្សាជាច្រើនអាចជួយលើកកម្ពស់ដល់ការរៀនសូត្ររបស់អ្នក ។ ដើម្បីលើកកម្ពស់ដល់ការសិក្សារបស់អ្នកក្នុងដំណើររឿងព្រះគម្ពីរ សូមព្យាយាមរកមើលដំណើររឿងដដែលនេះមកពីអ្នកនិពន្ធដំណឹងល្អផ្សេងៗ ។

ការអានអំពីព្រឹត្តិការណ៍ដូចគ្នានៅក្នុងដំណើររឿងនៃដំណឹងល្អផ្សេងៗគ្នា ជារឿយៗអាចមានប្រយោជន៍ដល់ការរៀនសូត្ររបស់អ្នក ។ សូមអាន ម៉ាថាយ ៣:៧–១២ ដោយស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតអំពីការងារបម្រើរបស់ យ៉ូហាន-បាទីស្ទ ។ នៅជំនាន់របស់ព្រះអង្គសង្រ្គោះ សាសន៍អ៊ីស្រាអែលដែលបានចុះសេចក្តីសញ្ញាជាច្រើន បានអួតខ្លួនយ៉ាងខ្លាំង ហើយងាកចេញពីការបង្រៀនរបស់ព្រះយេហូវ៉ា ។ មនុស្សមួយចំនួនជឿថា ការធ្វើជាកូនចៅរបស់អ័ប្រាហាំតែម្យ៉ាងគឺគ្រប់គ្រាន់ហើយ ដើម្បីជួយសង្គ្រោះពួកគេ ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៣:៣៦ [ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] និងការបកប្រែដោយ យ៉ូសែប ស៊្មីធ លូកា ៣:៨ ) ។

  • តើ យ៉ូហាន-បាទីស្ទ បានធ្វើអ្វីខ្លះដើម្បីជួយរៀបចំប្រជាជនឲ្យទទួលយក និងដើរតាមព្រះអង្គសង្រ្គោះ ?

នៅពេលសិស្សឆ្លើយ សូមពិចារណាសួរសំណួរតាមដានបន្តដូចជា « តើការសារភាព និងការប្រែចិត្តពីអំពើបាបនឹងរៀបចំប្រជាជនឲ្យទទួលយក និងដើរតាមព្រះអង្គសង្គ្រោះឲ្យបានកាន់តែពេញលេញបានដោយរបៀបណា ? » សូមកត់ចំណាំថា មេរៀនពីរបន្ទាប់ទៀតនឹងចូលកាន់តែស៊ីជម្រៅអំពីប្រធានបទការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក ។

វាអាចមានប្រយោជន៍ដើម្បីបញ្ជាក់ថា ពាក្យសម្ដីរបស់យ៉ូហានដែលបានកត់ត្រានៅក្នុង ម៉ាកុស ១:៧–៨ គឺកំពុងថ្លែងអំពីព្រះអង្គសង្គ្រោះ ។

  • តើអ្នកបានទទួលការយល់ដឹងបន្ថែមអ្វីខ្លះ ចេញពីការសិក្សាអំពីដំណើររឿងរបស់ម៉ាថាយអំពី យ៉ូហាន-បាទីស្ទ ?

  • តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកបានឃើញនៅជំនាន់របស់យើងថា ព្រះវរបិតាសួគ៌នៅតែព្យាយាមរៀបចំមនុស្សឲ្យទទួលយក និងដើរតាមព្រះអង្គសង្រ្គោះដដែល ?

ការទទួលយកព្រះអង្គសង្គ្រោះ និងការជួយមនុស្សដទៃឲ្យទទួលយកទ្រង់

សូមបំពេញសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ។ សូមគិតអំពីរបៀបដែលខ្លួនអ្នកផ្ទាល់អាចទទួលយក និងដើរតាមព្រះអង្គសង្រ្គោះឲ្យបានកាន់តែពេញលេញ ហើយជួយរៀបចំមនុស្សដទៃឲ្យធ្វើដូចគ្នា ។

សូមពិចារណាបង្ហាញជម្រើសសកម្មភាពខាងក្រោម ឬបង្កើតជាសំណៅចែកតូចៗនៃជម្រើសនីមួយ ដើម្បីចែកឲ្យសិស្សប្រើ នៅពេលពួកគេបំពេញសកម្មភាពដែលបានជ្រើសរើសរបស់ពួកគេ ។

សកម្មភាព ក ៖ ការចុះកំណត់ហេតុ

សូមពិចារណា និងកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវបទពិសោធន៍ ដែលបានជួយអ្នកឲ្យទទួលយក និងដើរតាមព្រះអង្គសង្រ្គោះ ។ សូមពិចារណារួមបញ្ចូលអ្វីដែលបានជួយអ្នកឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយកាន់តែប្តេជ្ញាចិត្ត ដើម្បីរស់នៅតាមការបង្រៀនរបស់ទ្រង់ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ៖

  • តើអ្នកគិតថា ព្រះវរបិតាសួគ៌អាចនឹងអញ្ជើញអ្នកឲ្យធ្វើអ្វីខ្លះ ដើម្បីទទួលយក និងដើរតាមព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើងនាពេលអនាគត ?

  • តើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីជួយមនុស្សដទៃឲ្យទទួលយក និងដើរតាមព្រះយេស៊ូវគ្រីស្ទ ?

វាអាចមានប្រយោជន៍ដើម្បីចែកទស្សនាវដ្ដី លីអាហូណា ពីរបីច្បាប់ ដែលមានសន្និសីទទូទៅថ្មីៗបំផុតដល់សិស្ស ដែលជ្រើសរើសសកម្មភាព ខ ។

សកម្មភាព ខ ៖ ការស្រាវជ្រាវសន្និសីទទូទៅ

សូមរំឭកឡើងវិញនូវអ្វីដែលអ្នកបានរៀននៅក្នុងសន្និសីទទូទៅថ្មីៗនេះ ។ ប្រសិនបើអាចធ្វើបាន សូមពិនិត្យសុន្ទរកថាសន្និសីទទូទៅមួយ ឬពីរ ដោយរកមើលសារលិខិត ដែលអាចជួយអ្នកឲ្យទទួលយក និងដើរតាមព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែពេញលេញ ។

  • តើព្យាការីសម័យទំនើបបានបង្រៀនអ្វីខ្លះ នាពេលថ្មីៗនេះដើម្បីជួយអ្នកឲ្យទទួលយក និងដើរតាមព្រះអង្គសង្គ្រោះបានកាន់តែពេញលេញនោះ ?

  • តើអ្នកអាចអនុវត្តតាមការបង្រៀនមួយ ក្នុងចំណោមការបង្រៀនទាំងឡាយរបស់ពួកលោកនៅក្នុងជីវិតរបស់អ្នក ឬចែករំលែកវាជាមួយមនុស្សដទៃយ៉ាងដូចម្តេច ?

សកម្មភាព គ ៖ ការស្រាវជ្រាវបទគម្ពីរ

សូមប្រើបទគម្ពីរដើម្បីយល់កាន់តែច្បាស់ពីរបៀប ដែលមនុស្សដទៃត្រូវបានដឹកនាំឲ្យទទួលយក និងដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ អ្នកអាចសិក្សាគំរូនានានៅក្នុងព្រះគម្ពីរមរមនដូចជា អេណុស ១:២–៨ ; ម៉ូសាយ ៥:១–២, ៥ ; អាលម៉ា ២២:១៧–១៨, ២២–២៣ហេលេមិន ៥:២៨–៣០, ៤០–៤២

  • តើអ្នកបានរៀនអ្វីខ្លះចេញពីបទគម្ពីរ ដែលអ្នកបានសិក្សានោះ ?

  • តើការយល់ដឹងទាំងនេះអាចជួយអ្នកឲ្យទទួលយក និងដើរតាមព្រះអង្គសង្គ្រោះបានកាន់តែពេញលេញ ឬជួយមនុស្សដទៃឲ្យធ្វើដូចគ្នានេះដោយរបៀបណា?

សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែករំលែកនូវអ្វី ដែលពួកគេបានរៀនសូត្រ និងបានទទួលអារម្មណ៍ ។

សូមពិចារណាបញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់ ឬការអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ អំពីអំណរ និងសុភមង្គលដែលនឹងកើតឡើង នៅពេលយើងទទួលយក និងដើរតាមព្រះអង្គសង្គ្រោះ ហើយជួយមនុស្សដទៃឲ្យមករកទ្រង់ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើម៉ាកុសជានរណា ?

ម៉ាកុស ( ដែលត្រូវបានគេហៅផងដែរថា យ៉ូហាន-ម៉ាកុស ) មិននៅក្នុងចំណោមពួកសិស្សដើមរបស់ព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែក្រោយមក គាត់បានប្រែចិត្តជឿ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសាវកជាច្រើននាក់របស់ព្រះអង្គសង្រ្គោះ ។ ពេត្រុសបានហៅគាត់ថា « ម៉ាកុស ជាកូនខ្ញុំ » ( ពេត្រុសទី ១ ៥:១៣ ) ដែលផ្ដល់យោបល់អំពីភាពជិតស្និទ្ធនៃទំនាក់ទំនងរបស់ពួកលោក ។ ម៉ាកុសទំនងជាបានសរសេរដំណឹងល្អដ៏ខ្លីរបស់លោកទៅកាន់ពួករ៉ូម ដែលជាជាតិសាសន៍ដទៃ និងអ្នកប្រែចិត្តជឿថ្មីទៅក្នុងគ្រិស្ដសាសនា ។ ម៉ាកុសក៏បានបម្រើជាមួយប៉ុលមួយរយៈផងដែរ ក្នុងដំណើរជាអ្នកផ្សព្វផ្សាយសាសនាលើកដំបូងរបស់ប៉ុល ( សូមមើល កិច្ចការ ១២:២៥ ) ។

តើដំណឹងល្អរបស់ម៉ាកុសមានលក្ខណៈពិសេសប្លែកៗអ្វីខ្លះ ?

ដំណឹងល្អរបស់ម៉ាកុសចាប់ផ្ដើមក្នុងជំហានដ៏លឿនមួយរំពេច និងដោយក្តីរំភើប ហើយរក្សាបាននូវល្បឿនដ៏លឿន ដែលបានតំណាលប្រាប់សាឡើងវិញអំពីព្រឹត្តការណ៍ទាំងឡាយនៅក្នុងដំណើរតៗគ្នាយ៉ាងរហ័ស ។ ជាញឹកញាប់ ម៉ាកុសបានប្រើពាក្យ ខណៈនោះ និង ភ្លាម ដែលបង្ហាញពីល្បឿន និងសកម្មភាពលឿនៗ ។នៅក្នុងចំណោមប្រធានបទដ៏សំខាន់ៗក្នុងគម្ពីរម៉ាកុស ក៏មានសំណួរជាច្រើនអំពីព្រះយេស៊ូវជានរណា ហើយនរណាបានយល់អំពីអត្ដសញ្ញាណរបស់ទ្រង់ ក៏ដូចជាតួនាទីរបស់សិស្ស ដែលជាអ្នកត្រូវ « ផ្ទុកឈើឆ្កាងខ្លួនមកតាម [ ព្រះយេស៊ូវ ] » ( ម៉ាកុស ៨:៣៤ ) ។ បន្ថែមពីលើនោះ ម៉ាកុសគឺជាដំណឹងល្អតែមួយគត់ ដែលរៀបរាប់អំពីរឿងប្រៀបធៀបនៃគ្រាប់ពូជដែលដុះដោយខ្លួនវា ( សូមមើល ម៉ាកុស ៤:២៦–២៧ ) ការព្យាបាលមនុស្សថ្លង់នៅស្រុកដេកាប៉ូល ( សូមមើល ម៉ាកុស ៧:៣១–៣៧ ) និងការព្យាបាលបន្ដិចម្ដងៗដល់មនុស្សខ្វាក់ម្នាក់នៅក្រុងបេតសៃដា ( សូមមើល ម៉ាកុស ៨:២២–២៦ ) ។

ម៉ាកុស ១:៨

។; តើពិធីបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វី ?

យ៉ូហាន-បាទីស្ទ បានប្រកាសថា លោកនឹងធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែព្រះយេស៊ូវនឹង « ធ្វើបុណ្យជ្រមុជ … ដោយព្រះវិញ្ញាណបរិសុទ្ធ » ( ម៉ាកុស ១:៨ ) ។ ពិធីបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងសំដៅទៅលើលទ្ធផលនៃការបញ្ជាក់បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក បន្ទាប់មក ទទួលបានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធសម្អាត និងបន្សុទ្ធយើង ដែលស្រដៀងនឹងឥទ្ធិពលនៃការសម្អាត និងការបន្សុទ្ធដោយភ្លើងដែរ ។

ម៉ាថាយ ៣:៧

។; តើពួកផារិស៊ី និងពួកសាឌូស៊ីជានរណា ?

ពួកផារិស៊ីគឺជាសមាជិកនៃបក្សសាសនាយូដាមួយ ដែលមានអំនួតលើខ្លួនឯងក្នុងការប្រតិបត្តិតាមច្បាប់របស់ម៉ូសេយ៉ាងតឹងរឹង ។ ពួកគេមានទំនោរដើម្បីកាត់បន្ថយសាសនា ឲ្យទៅត្រឹមប្រតិបត្តិតាមឥរិយាបទពិធីបុណ្យជាច្រើនវិញ ។ ពួកសាឌូស៊ីជាពួកសាសន៍យូដាមានសម្បត្តិស្ដុកស្ដម ដែលស្ថិតក្នុងលំដាប់មួយដ៏សំខាន់ក្នុងសាសនា និងមានឥទ្ធិពលខាងនយោបាយ ។ ពួកគេមិនជឿលើគោលលទ្ធិនៃការរស់ឡើងវិញទេ ។ ក្រុមទាំងពីរនេះបានវង្វេងចេញពីបំណងដើមនៃក្រឹត្យវិន័យរបស់ព្រះ ហើយសមាជិករបស់ពួកគេជាច្រើនបានបដិសេធមិនទទួលយកសារលិខិតរបស់ព្យាការីនៃព្រះ ពោលគឺ យ៉ូហាន-បាទីស្ទនោះឡើយ ។

ម៉ាថាយ ៣:១២

។; តើចង្អេរ ទីលាន ស្រូវ និងអង្កាមមានអត្ថន័យយ៉ាងណា ហើយជានិមិត្តរូបនៃអ្វី ?

ពាក្យ « ចង្អេរ » ដែលបានលើកឡើងក្នុង ម៉ាថាយ ៣:១២ គឺជាចង្អេរអុំ ដែលប្រើដើម្បីផាត់អង្កាមចេញតាមខ្យល់ ។ … គ្រាប់ស្រូវនឹងធ្លាក់ទៅលើដី កាលខ្យល់បក់អង្កាមយកទៅ ។ ក្រោយមក ស្រូវត្រូវបានប្រមូលទុកក្នុងជង្រុក ឬឃ្លាំង ហើយអង្កាមត្រូវបានយកទៅដុតចោល ។ យ៉ូហាន-បាទីស្ទ បានបង្រៀនថា ព្រះអង្គសង្រ្គោះ ដែលនឹងយាងមកក្រោយលោក នឹងញែកអ្នកជឿចេញពីអ្នកមិនជឿ ដែលស្រដៀងគ្នានឹងការដែលស្រូវត្រូវបានញែកចេញពីអង្កាមដែរ ។

( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសដើម្បីចាប់ផ្តើមមេរៀន

សូមអនុញ្ញាតឲ្យសិស្សចែករំលែកអ្វីដែលពួកគេដឹងអំពី យ៉ូហាន-បាទីស្ទ និងបេសកកម្មរបស់លោកដើម្បី « រៀបចំមនុស្ស១ពួកទុកជាស្រេច សម្រាប់ជារាស្ត្ររបស់ព្រះអម្ចាស់ » ( លូកា ១:១៧ ) ។ សូមអញ្ជើញពួកគេឲ្យស្រមៃថា ពួកគេគឺជាយ៉ូហានវិញ សូមពិចារណាថាតើពួកគេនឹងធ្វើអ្វីខ្លះ ហើយនិយាយអ្វីខ្លះ ដើម្បីរៀបចំមនុស្សដទៃឲ្យទទួលយកព្រះយេស៊ូវគ្រីស្ទ ហើយគិតពីអ្វីដែលអាចធ្វើឲ្យកិច្ចការនេះពិបាកបាន ។

ភាពសុខដុមនៃដំណឹងល្អ

វាអាចមានប្រយោជន៍ដើម្បីបង្ហាញសិស្សអំពីភាពសុខដុមរមនានៃឧបករណ៍ដំណឹងល្អ ដែលមាននៅក្នុងផ្នែក ជំនួយការសិក្សា នៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ។ សូមជួយសិស្សឲ្យយល់ថា ឧបករណ៍នេះបង្ហាញពីកន្លែងដែលព្រឹត្តិការណ៍ដដែលនេះត្រូវបានកត់ត្រានៅក្នុងដំណឹងល្អផ្សេងៗទៀត ។ សូមអញ្ជើញពួកគេឲ្យរកមើលបទគម្ពីរអំពី យ៉ូហាន-បាទីស្ទ ដែលបង្រៀនអំពីជីវិតរបស់លោក មុនពេលលោកធ្វើពិធីបុណ្យជ្រមុជទឹកថ្វាយព្រះយេស៊ូវគ្រីស្ទ ។