លូកា ៣:៧–១៤
អំណរនៃការប្រែចិត្ត
វិធីមួយដែលយ៉ូហាន-បាទីស្ទ បានជួយប្រជាជនឲ្យរៀបចំខ្លួនទទួលព្រះយេស៊ូវគ្រីស្ទ គឺតាមរយៈការអញ្ជើញពួកគេឲ្យប្រែចិត្ត ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការប្រែចិត្ត និងអំណរដែលការប្រែចិត្តជាប្រចាំនាំមកដល់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្វីទៅដែលធ្វើឲ្យអ្នកមានអំណរ ?
សូមគិតអំពីអ្វីដែលនាំមកនូវអំណរដល់អ្នក ។ សូមពិចារណាអំពីការសរសេរឧទាហរណ៍ជាច្រើន តាមដែលអ្នកអាចធ្វើបានក្នុងរយៈពេល ៣០ វិនាទី ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោម អំពីរបៀបដែលយើងអាចទទួលបានអំណរនៅក្នុងជីវិតរបស់យើង ៖
នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅកំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ—ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។
( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ )
ការប្រែចិត្តគឺជាការផ្លាស់ប្តូរដោយងាកចេញពីអំពើបាប ហើយចូលទៅកាន់តែជិតព្រះ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើអ្នកបានដាក់ការប្រែចិត្តក្នុងបញ្ជីដែលត្រូវធ្វើរបស់អ្នក ដែលនាំឲ្យអ្នកមានអំណរដែរឬទេ ? ហេតុអ្វីដាក់ ឬមិនដាក់ ?
-
ប្រសិនបើអ្នកមិនបានគិតថា ការប្រែចិត្តជាអ្វីដែលនាំឲ្យអ្នកមានអំណរទេនោះ តើអ្នកមានអារម្មណ៍ ឬការរំជួលចិត្តអ្វីខ្លះ នៅពេលអ្នកគិតអំពីការប្រែចិត្តនោះ ? ហេតុអ្វី ?
-
ហេតុអ្វីបានជាអ្នកណាម្នាក់អាចមិនមានអារម្មណ៍រីករាយភ្លាមៗពេលប្រែចិត្ត ?
សូមពិចារណាសំណួរណាមួយដែលអ្នកអាចមានអំពីការប្រែចិត្ត ។ ក្រោយមកនៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។
« ចូរឲ្យប្រែចិត្តចុះ ។ … ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ »
ដើម្បីជួយត្រៀមប្រជាជនឲ្យទទួលព្រះយេស៊ូវគ្រីស្ទ នោះយ៉ូហាន-បាទីស្ទ បានអញ្ជើញពួកគេឲ្យប្រែចិត្ត ( សូមមើល ម៉ាថាយ ៣:១–៣ ) ។
នៅក្នុងមេរៀនមុន អ្នកបានសិក្សាពីអ្វីដែល ម៉ាកុស និង ម៉ាថាយ បានកត់ត្រាអំពី យ៉ូហាន-បាទីស្ទ ។ លូកាបានបញ្ចូលព័ត៌មានលម្អិតបន្ថែមទៀតអំពីយ៉ូហាន ។ សូមអាន លូកា ៣:១០–១៤ ដោយរកមើលរបៀបដែលយ៉ូហានបានជួយប្រជាជនឲ្យប្រែចិត្ត ។
-
តើយ៉ូហានបានអញ្ជើញប្រជាជនឲ្យធ្វើការផ្លាស់ប្តូរអ្វីខ្លះ ?
-
តើការផ្លាស់ប្តូរទាំងនេះអាចជួយប្រជាជនឲ្យងាកចេញពីអំពើបាប ហើយត្រៀមខ្លួនទទួល និងធ្វើតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សូមសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបង្រៀនអ្នកអំពីការប្រែចិត្ត និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
មានមនុស្សច្រើនណាស់គិតថា ការប្រែចិត្តគឺជាទណ្ឌកម្ម—ជាអ្វីមួយដែលត្រូវចៀសវាង លើកលែងតែស្ថានភាពធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ។ ប៉ុន្តែអារម្មណ៍នៃការដាក់ទណ្ឌកម្មនេះ គឺបណ្ដាលមកពីសាតាំង ។ វាព្យាយាមរារាំងយើងពីការមើលឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ដែលគង់ចាំទាំងព្រះហស្តលាតសន្ធឹងដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែកយើងជាបរិសុទ្ធ ។
ពាក្យសម្រាប់ ការប្រែចិត្ត នៅក្នុងព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិកគឺ metanoeo។ ពាក្យដើមថា meta- មានន័យថា « ផ្លាស់ប្ដូរ » ។ ពាក្យចុងថា -noeo គឺទាក់ទងទៅនឹងពាក្យជាភាសាក្រិក ដែលមានន័យថា « គំនិត » « ចំណេះដឹង » « វិញ្ញាណ » និង « ខ្យល់ដង្ហើម » ។
ដូច្នេះ នៅពេលព្រះយេស៊ូវបង្គាប់អ្នក និងខ្ញុំឲ្យ « ប្រែចិត្ត » [ លូកា ១៣:៣, ៥ ] នោះទ្រង់កំពុងអញ្ជើញយើងឲ្យផ្លាស់ប្ដូរគំនិត ចំណេះដឹង និងវិញ្ញាណរបស់យើង—ព្រមទាំងរបៀបដែលយើងដកដង្ហើមផងដែរ ។ ទ្រង់កំពុងបង្គាប់យើងឲ្យផ្លាស់ប្តូររបៀបដែលយើងស្រឡាញ់ គិត បម្រើ ចំណាយពេលរបស់យើង ប្រព្រឹត្តដាក់ភរិយារបស់យើង បង្រៀនកូនៗយើង ព្រមទាំងការថែទាំរាងកាយរបស់យើងផងដែរ ។
គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដនៅក្នុងគំនិត ។ នៅពេលផ្គួបគ្នាជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
មិនថាបងប្អូនកំពុងដើរដោយឧស្សាហ៍ព្យាយាមនៅលើផ្លូវនៃសេចក្ដីសញ្ញា ឬបានភ្លាត់ ឬរអិលចេញពីផ្លូវនៃសេចក្ដីសញ្ញា ឬមិនអាចមើលឃើញផ្លូវពីត្រង់កន្លែងដែលបងប្អូននៅឥឡូវនេះនោះទេ ខ្ញុំសូមអង្វរឲ្យបងប្អូនប្រែចិត្ត ។ សូមទទួលបទពិសោធន៍នៃការពង្រឹងអំណាចនៃការប្រែចិត្តប្រចាំថ្ងៃ—ក្នុងការធ្វើកិច្ចការ ឬធ្វើជាមនុស្សប្រសើរជាងមុនបន្ដិចម្ដងៗជារៀងរាល់ថ្ងៃ ។
( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ )
-
តើអ្នកចាប់អារម្មណ៍អ្វីជាងគេពីការបង្រៀនរបស់ប្រធាន ណិលសុន អំពីការប្រែចិត្ត និងព្រះយេស៊ូវគ្រីស្ទ ?
-
តើនៅពេលណាដែលអ្នកបានឃើញពរជ័យនៃការប្រែចិត្តនៅក្នុងខ្លួនអ្នក ឬអ្នកដទៃ ?
-
ហេតុអ្វីអ្នកគិតថា ព្រះអង្គសង្គ្រោះពោរពេញដោយក្ដីសង្ឃឹមថា យើងនឹងប្រែចិត្ត ហើយស្ម័គ្រព្រះទ័យដើម្បីអភ័យទោសឲ្យយើង ?
សម្រាប់ប៉ុន្មាននាទីបន្ទាប់ទៀត អ្នកនឹងជ្រើសរើស ហើយសិក្សាពីទិដ្ឋភាពជាក់លាក់មួយនៃការប្រែចិត្ត ដែលនឹងជួយអ្នកឲ្យចូលកាន់តែជិត និងប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ មានសិទ្ធិកាន់តែច្រើនក្នុងការទទួលបានព្រះចេស្ដា និងសេចក្ដីសុខសាន្ដរបស់ទ្រង់ ហើយមានអារម្មណ៍ពោរពេញដោយអំណរកាន់តែខ្លាំង ។ ខាងក្រោមនេះគឺជាទិដ្ឋភាពជាក់លាក់នៃការប្រែចិត្ត ដែលអ្នកអាចចង់សិក្សា ។ សូមជ្រើសរើសសំណួរមួយក្នុងចំណោមសំណួរទាំងនេះដើម្បីសិក្សា ឬសិក្សាសំណួរណាមួយរបស់អ្នកផ្ទាល់ខ្លួនអំពីប្រធានបទនៃការប្រែចិត្ត ។
-
តើខ្ញុំប្រែចិត្តដោយរបៀបណា ?
-
តើខ្ញុំអាចរកឃើញអំណរបន្ថែមទៀតនៅពេលប្រែចិត្តដោយរបៀបណា ?
-
តើខ្ញុំអាចយកឈ្នះលើការភ័យខ្លាចក្នុងការប្រែចិត្តបានយ៉ាងដូចម្តេច ?
-
តើការផ្តោតអារម្មណ៍ជាទៀងទាត់ ប្រចាំថ្ងៃលើការប្រែចិត្តអាចពាក់ព័ន្ធនឹងអ្វីខ្លះ ឬតើវាអាចមានលក្ខណៈដូចម្ដេចនៅក្នុងជីវិតរបស់ខ្ញុំ ?
ខាងក្រោមនេះជាធនធានជាក់លាក់មួយចំនួន ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការប្រែចិត្ត ។ ធនធានទាំងនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ធនធានទាំងនេះ និងធនធានផ្សេងទៀតអាចត្រូវបានប្រើប្រាស់ ដើម្បីណែនាំការសិក្សារបស់អ្នកអំពីទិដ្ឋភាពនៃការប្រែចិត្ត ដែលអ្នកបានជ្រើសរើស ។ សូមពិចារណាកត់ចំណាំ និងគូសចំណាំព័ត៌មានលម្អិតដែលអ្នកយល់ថាសំខាន់បំផុត ។
-
ដើម្បីកម្លាំងនៃយុវវ័យ [ កូនសៀវភៅ ឆ្នាំ ២០១១ ] « ការប្រែចិត្ត » ទំព័រ ២៨–២៩
-
Gospel Topics « Repentance » « Forgiveness » នៅលើគេហទំព័រ topics.ChurchofJesusChrist.org
-
Topical Guide « Repent, Repentance » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
-
សុន្ទរកថាសន្និសីទទូទៅដូចជា រ័សុល អិម ណិលសុន « We Can Do Better and Be Better » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩
-
ឌែល ជី រ៉េនឡាន់ « Repentance: A Joyful Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១–២៤
-
តើអ្នកបានរៀនអ្វីខ្លះពីការសិក្សារបស់អ្នក ?
-
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះដល់នរណាម្នាក់ ដែលពិបាកយល់ពីមូលហេតុដែលពួកគេត្រូវប្រែចិត្ត ? តើអ្នកចង់ឲ្យពួកគេដឹង និងយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីដែលបានជួយអ្នកឲ្យអភិវឌ្ឍ ឬពង្រឹងទីបន្ទាល់របស់អ្នកអំពីអំណរនៃការប្រែចិត្តតាមរយៈព្រះយេស៊ូវគ្រីស្ទ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
លូកា ៣:៧
។; ហេតុអ្វីបានជាយ៉ូហានហៅប្រជាជនថាជា « ពូជពស់វែក » ?
ពស់វែកប៉ាឡេស្ទីនគឺជាពស់ទូទៅបំផុត ដែលមានពិសសាហាវនៅអ៊ីស្រាអែល ។ ពស់វែកចេញធ្វើសកម្មភាពនៅពេលយប់ ហើយជាធម្មតាលាក់ខ្លួនចាំប្រមាញ់ចំណីរបស់វា ។ នៅពេលពួកវាជួបនឹងការគំរាមកំហែង ពស់វែកនេះនឹងឆ្វាយរង្វេល បន្លឺសូរស៊ឺៗ ហើយវាយប្រហារទៅលើសត្រូវទាំងឡាយរបស់វា ។ ស្រដៀងគ្នាដែរ ពួកផារិស៊ី និងពួកសាឌូស៊ីមានអារម្មណ៍ថា ត្រូវបានគំរាមកំហែងដោយយ៉ូហាន ដោយសារលោកបានទាញមនុស្សជាច្រើនចេញពីការបង្រៀនក្លែងក្លាយរបស់ពួកគេ ។
លូកា ៣:៨
។; តើអ្វីទៅជា « ផលដែលសំណំនឹងសេចក្តីប្រែចិត្ត » ?
នៅក្នុងព្រះគម្ពីរ ពេលខ្លះមនុស្សប្រភេទមួយចំនួនត្រូវបានប្រៀបធៀបដូចជាដើមឈើដែលឲ្យផលល្អ ឬអាក្រក់ ។ ការ « បង្កើតផល ដែលសំណំនឹងសេចក្តីប្រែចិត្ត … » មានន័យថា ការផ្លាស់ប្តូរបំណងប្រាថ្នា និងសកម្មភាពរបស់យើង ដើម្បីធ្វើតាមការបង្រៀនរបស់ព្រះ ។
លូកា ៣:១២
។; តើអ្វីទៅជាពួកអ្នកទារពន្ធ ?
នៅទីក្រុងរ៉ូមពីបុរាណ ពួកអ្នកទារពន្ធគឺជាអ្នកប្រមូលពន្ធសម្រាប់រដ្ឋាភិបាលរ៉ូម៉ាំង ។ ជាទូទៅ សាសន៍យូដាស្អប់ពួកអ្នកទារពន្ធ ពីព្រោះប្រជាជនបានចាត់ទុកពួកគេថាជាជនក្បត់ជាតិរបស់ខ្លួន និងជារឿយៗ ពីព្រោះពួកអ្នកទារពន្ធទារប្រាក់ពន្ធច្រើនជាងពន្ធដែលចាំបាច់ ( សូមមើលការបកប្រែដោយយ៉ូសែប ស៊្មីធ លូកា ៣:១៩–២០ [ នៅក្នុងឧបសម្ព័ន្ធការបកប្រែដោយយ៉ូសែប ស្ម៊ីធ ]; លូកា ៣:១២–១៣ ) ។ ពួកអ្នកទារពន្ធខ្លះបានទទួលយកដំណឹងល្អ ( សូមមើល ម៉ាថាយ ៩:៩–១០ ; លូកា ១៩:១–១០ ; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកយកពន្ធ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
តើការប្រែចិត្តជួយសង្រ្គោះយើងដែរឬទេ ?
វាមិនមែនជាការប្រែចិត្តទេដែលជួយសង្រ្គោះមនុស្សនោះ ។ តែគឺជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទទេ ដែលបានជួយសង្រ្គោះយើង ។ វាមិនមែនដោយសារការផ្លាស់ប្តូរអាកប្បកិរិយាដោយស្មោះត្រង់ និងទៀងត្រង់របស់យើងតែមួយមុខទេ ដែលសង្គ្រោះយើងនោះ ប៉ុន្តែ « ដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ( នីហ្វៃទី២ ២៥:២៣ ) ។ ទោះយ៉ាងណា ការប្រែចិត្តពិតគឺជាលក្ខខណ្ឌដែលត្រូវការ ដើម្បីឲ្យការអភ័យទោសពីព្រះអាចចូលមកក្នុងជីវិតរបស់យើងបាន ។ ការប្រែចិត្តពិតធ្វើឲ្យមាន « ថ្ងៃដ៏អស្ចារ្យ [ ចេញពី ] រាត្រីងងឹត » ( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ៣៦២ ) ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Point of Safe Return » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០០ )