ម៉ាថាយ ៣:១៣–១៧ ផ្នែកទី ២
ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ
ទាំងព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធបានមានវត្តមាននៅឯពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីសមាជិកមួយអង្គៗនៃក្រុមព្រះ ដែលជាលទ្ធផល អាចជះឥទ្ធិពលលើជម្រើសរបស់អ្នកនៅក្នុងជីវិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្វីដែលជួយយុវវ័យបរិសុទ្ធថ្ងៃចុងក្រោយឲ្យដោះស្រាយការលំបាកបានយ៉ាងល្អ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ៖
អត្ថបទ [ ព័ត៌មាន ] មួយបានដាក់ចំណងជើងថា « Mormon Teens Cope Best: Study Finds They Top Peers at Handling Adolescence » ( ពួកយុវវ័យមរមនដោះស្រាយបញ្ហាបានល្អបំផុត ៖ ការសិក្សារកឃើញថា ពួកគេទប់ទល់នឹងភាពពេញវ័យបានល្អប្រសើរជាងក្មេងវ័យស្រករគ្នា ) ។ អត្ថបទនេះបានថ្លែងដូច្នេះថា « ពួកមរមនបានធ្វើយ៉ាងល្អបំផុតក្នុងការចៀសវាងពីឥរិយាបថប្រថុយប្រថាននានា រៀនពូកែនៅសាលា ហើយមានឥរិយាបថវិជ្ជមានអំពីអនាគត » ។ អ្នកស្រាវជ្រាវម្នាក់នៅក្នុងការសិក្សានោះ ដែលបានសម្ភាសពួកយុវវ័យយើងជាច្រើនដែលបាននិយាយថា « ស្ទើរតែគ្រប់ផ្នែកដែលយើងបានក្រឡេកមើលនោះ មានលំនាំដ៏ច្បាស់មួយ ៖ ពួកមរមនគឺមានលេខរៀងទីមួយ » ។
( ដាល្លិន អេក អូក « Parents and Children » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦២ )
-
ហេតុអ្វីអ្នកគិតថា យុវវ័យបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនអាចដោះស្រាយការលំបាកក្នុងជីវិតបានយ៉ាងល្អ ?
សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងជីវិត ។
-
តើអ្នកគិតថា ការពិពណ៌នារបស់យុវវ័យដែលត្រូវបានគេសម្ភាសនេះ ពិពណ៌នាអំពីអ្នកយ៉ាងដូចម្តេចដែរ ?
-
ការណ៍នេះពិពណ៌នាអំពីខ្ញុំបានយ៉ាងល្អ ។
-
ការណ៍នេះពិពណ៌នាអំពីខ្ញុំបានមួយចំនួន ។
-
ការណ៍នេះមិនបានពិពណ៌នាអំពីខ្ញុំទាល់តែសោះ ។
ប្រធាន អូក បានបន្តថ្លែងថា ហេតុផលមួយដែលលោកមានអារម្មណ៍ថា យុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានត្រៀមខ្លួនយ៉ាងល្អដើម្បីប្រឈមមុខនឹងឧបសគ្គ គឺដោយសារការយល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ និងចំណេះដឹងរបស់ពួកគេអំពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះ ( សូមមើល « Parents and Children » ទំព័រ ៦២ ) ។ នៅក្នុងឱកាសមួយទៀត លោកបានបង្រៀន ៖
ដោយសារយើងមានសេចក្តីពិតអំពីក្រុមព្រះ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ទាំងបីព្រះអង្គ គោលបំណងនៃជីវិតនេះ និងលក្ខណៈនៃជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង នោះយើងមានផែនទីប្រាប់ផ្លូវ និងការអះអាងដ៏សំខាន់សម្រាប់ដំណើរយើងក្នុងជីវិតរមែងស្លាប់នេះ ។
( ដាល្លិន អេក អូក « The Godhead and the Plan of Salvation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៣ )
-
ហេតុអ្វីបានជាអ្នកគិតថា ការយល់ដឹងអំពីសេចក្ដីពិតទាំងនេះជួយក្មេងជំទង់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យចៀសវាងឥរិយាបទប្រថុយប្រថាន រៀនពូកែ និងមានឥរិយាបថវិជ្ជមានចំពោះអនាគត ?
-
សូម្បីតែក្នុងចំណោមយុវវ័យបរិសុទ្ធថ្ងៃចុងក្រោយក្ដី តើមានឧបសគ្គអ្វីខ្លះក្នុងការមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ?
សូមចំណាយពេលបន្តិចដើម្បីគិតអំពីអ្វីដែលអ្នកដឹង និងយល់អំពីតួនាទីរបស់ក្រុមព្រះ និងសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសរៀនបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ហើយពិចារណាអំពីរបៀបដែលការរៀនសូត្រអំពីទ្រង់ទាំងបីព្រះអង្គ អាចជួយអ្នកនៅក្នុងជីវិតរបស់អ្នកបាន ។
ព្រះគម្ពីរបង្រៀនអំពីក្រុមព្រះ
សូមចែកក្រដាសមួយសន្លឹកទៅជាជួរឈរបី ហើយដាក់ចំណងជើងខាងលើជួរឈរទីមួយថា « ព្រះវរបិតាសួគ៌ »ជួរឈរទីពីរ « ព្រះយេស៊ូវគ្រីស្ទ »និង ជួរឈរទីបី « ព្រះវិញ្ញាណបរិសុទ្ធ » ។នៅខាងក្នុងជួរឈរនីមួយៗ សូមសរសេរពាក្យមួយ ឬពីរដែលអ្នកដឹងអំពីសមាជិកក្រុមព្រះនេះ ។ សូមសរសេរនូវការពន្យល់ខ្លីៗអំពីរបៀប ដែលអ្នកបានរៀនពីសេចក្ដីពិតនីមួយៗ ឬហេតុអ្វីអ្នកជឿលើសេចក្ដីពិតនោះ ។ ពេញមួយមេរៀននេះ សូមឆ្លៀតឱកាសបន្ថែមលើជួរឈរទាំងនេះនូវអ្វី ដែលអ្នកបានរៀនអំពីសមាជិកមួយអង្គៗនៃក្រុមព្រះ ។
កន្លែងមួយនៅក្នុងព្រះគម្ពីរដែលយើងអាចរៀនសូត្របន្ថែមទៀតអំពីក្រុមព្រះ គឺនៅពេលដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជទឹកដោយ យ៉ូហាន-បាទីស្ទ ។
សូមអានអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងដំណើររឿងដំណឹងល្អខាងក្រោមនេះមួយ ឬច្រើន ដោយរកមើលអ្វីដែលអ្នកអាចរៀនសូត្រអំពីសមាជិកមួយអង្គៗនៃក្រុមព្រះ ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីសមាជិកមួយអង្គៗនៃក្រុមព្រះ ?
ខគម្ពីរទាំងនេះជួយយើងឲ្យយល់ថា សមាជិកមួយអង្គៗនៃក្រុមព្រះមានតួអង្គដាច់ដោយឡែកពីគ្នា ហើយដើរតួនាទីដ៏សំខាន់នៅក្នុងជីវិតរបស់យើង ។ ឧទាហរណ៍ ព្រះអង្គសង្គ្រោះបានប្រទានគំរូមួយដល់យើង ស្ដីពីការធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ។ នៅពេលដែលព្រះសព្វព្រះហឫទ័យនឹងព្រះយេស៊ូវគ្រីស្ទនៅឯពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ នោះព្រះបានបង្ហាញថា ទ្រង់គឺជាព្រះវរបិតាសួគ៌ដែលប្រកបដោយសេចក្តីស្រឡាញ់ ដែលអរព្រះទ័យ នៅពេលដែលយើងស្តាប់បង្គាប់ទ្រង់ ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ពេញព្រះទ័យនឹងអ្នក ចំពោះអ្វីមួយដែលអ្នកបានធ្វើនោះ ? តើការដឹងថា ទ្រង់សព្វព្រះហឫទ័យមានឥទ្ធិពលយ៉ាងណាមកលើអ្នក ?
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បានពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធមិនបានបង្ហាញព្រះកាយជាសត្វព្រាបនោះទេ ។ ផ្ទុយទៅវិញ សត្វព្រាបបានបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធមានវត្តមាន ។ យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « ព្រះវិញ្ញាណបរិសុទ្ធមិនអាចប្រែរូបទៅជាសត្វព្រាបបានទេ ប៉ុន្តែទីសម្គាល់នៃសត្វព្រាបត្រូវបានប្រគល់ឲ្យយ៉ូហាន ដើម្បីបញ្ជាក់ពីសេចក្ដីពិតនៃទង្វើនោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨១ ) ។
-
តើនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទីបន្ទាល់អំពីសេចក្តីពិតដល់អ្នក ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីក្រុមព្រះ ?
សូមជ្រើសយកជម្រើសខាងក្រោមមួយ ឬច្រើន ដើម្បីជួយអ្នកឲ្យស្វែងរកចម្លើយចំពោះសំណួររបស់អ្នកអំពីក្រុមព្រះ ។ នៅពេលអ្នកសិក្សា សូមរកមើលរបៀបនានាដែលការយល់ដឹងពីក្រុមព្រះអាចប្រទានពរដល់អ្នកផ្ទាល់ ។
-
សូមស្វែងរកការយល់ដឹងបន្ថែមនៅក្នុងព្រះគម្ពីរ ។ អ្នកអាចចង់មើលនៅក្នុង « ព្រះ, ក្រុមព្រះ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
សូមសិក្សាការបង្រៀនពីព្យាការី និងពួកសាវកអំពីក្រុមព្រះ ។ ឧទាហរណ៍ អ្នកអាចអានសុន្ទរកថារបស់ប្រធាន ដាល្លិន អេក អូក « The Godhead and the Plan of Salvation » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០០–១០៣ ) ឬ សុន្ទរកថារបស់អែលឌើរ ជែហ្វ្រី អរ ហូឡិន « Knowing the Godhead » ( Ensign ឬ Liahona ខែ មករា ឆ្នាំ ២០១៦ ទំព័រ ៣២–៣៩ ) ។
-
សូមមើលវីដេអូ « What Is the Godhead? » ( ៧:០៣ ) ឬ « Godhead—He Knows Me » ( ៣:០១ ) វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើបទគម្ពីរ ឬការបង្រៀនអ្វីខ្លះដែលបានជួយអ្នកឲ្យរៀនបន្ថែមទៀតអំពីក្រុមព្រះ ? តើអ្នកបានរៀនអ្វីខ្លះ ?
-
តើចំណេះដឹងនេះអាចប្រទានពរដល់ទំនាក់ទំនងរបស់អ្នកជាមួយពួកទ្រង់បានយ៉ាងដូចម្តេច ?
សូមស្រមៃថា អ្នកត្រូវបានគេសុំធ្វើការសម្ភាសសម្រាប់អត្ថបទមួយ ដើម្បីតាមដានអ្វីដែលបានពិភាក្សានៅដើមមេរៀននេះ ។ មនុស្សជាច្រើនបានសរសេរទៅកាន់នាយកនិពន្ធ ហើយចង់ដឹងពីមូលហេតុដែលយុវវ័យបរិសុទ្ធថ្ងៃចុងក្រោយ បានដោះស្រាយបញ្ហាបានល្អបំផុតក្នុងវ័យជំទង់ ។ អ្នកមានឱកាសដើម្បីផ្តល់ការយល់ដឹងអំពីរបៀប ដែលសមាជិកមួយអង្គៗនៃក្រុមព្រះបានជួយអ្នកក្នុងតួនាទីរបស់ពួកទ្រង់នីមួយៗផ្សេងគ្នា ប៉ុន្តែដែលទាក់ទងគ្នា ។ ឧទាហរណ៍ អ្នកអាចមានបទពិសោធន៍ជាមួយព្រះវរបិតាសួគ៌ ដែលបានឆ្លើយតបនឹងការអធិស្ឋានរបស់អ្នក ព្រះយេស៊ូវគ្រីស្ទដែលបានរងទុក្ខសម្រាប់អំពើបាបរបស់អ្នក ឬព្រះវិញ្ញាណបរិសុទ្ធដែលបានបញ្ជាក់ពីសេចក្តីពិតដល់អ្នក ។ សូមរៀបចំចម្លើយរបស់អ្នក តាមរយៈការឆ្លើយនឹងសំណួរទាំងឡាយខាងក្រោម ។
-
តើសមាជិកមួយអង្គៗនៃក្រុមព្រះជួយអ្នកឲ្យដោះស្រាយការលំបាកក្នុងជីវិតវ័យជំទង់យ៉ាងដូចម្តេច ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យយល់ និងស្គាល់សមាជិកអង្គផ្សេងទៀតនៃក្រុមព្រះ ?
-
តើអ្នកនឹងណែនាំអ្នកដទៃឲ្យធ្វើអ្វីខ្លះ ដើម្បីទទួលបានពរជ័យមកពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីព្រះគម្ពីរចែងថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺ « តែមួយ » ប្រសិនបើទ្រង់ទាំងបីព្រះអង្គគឺជាតួអង្គផ្សេងគ្នានោះ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
យើងជឿលើអង្គដ៏ទេវភាពទាំងបីនេះ ដែលបង្កើតជាក្រុមព្រះតែមួយ ដែលរួបរួមគ្នាក្នុងគោលបំណង ក្នុងគ្រប់សេចក្ដី ក្នុងទីបន្ទាល់ ក្នុងបេសកកម្ម ។ យើងជឿថា ទ្រង់គឺពោរពេញដោយព្រះទ័យនៃព្រះដូចគ្នា ពោលគឺសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ សេចក្ដីយុត្តិធម៌ និងព្រះគុណ ការអត់ធ្មត់ ការអភ័យទោស និងការប្រោសលោះ ។ ខ្ញុំគិតថា វាត្រឹមត្រូវដើម្បីនិយាយថា យើងជឿថា ពួកទ្រង់មានព្រះទ័យតែមួយក្នុងគ្រប់កិច្ចការដ៏សំខាន់ និងអស់កល្បជានិច្ច ប៉ុន្តែ សូមកុំជឿថា ពួកទ្រង់គឺជាតួអង្គបី ដែលរួមចូលគ្នាតែមួយឡើយ ជំនឿដែលថាទ្រង់ទាំងបីព្រះអង្គគឺជាតួអង្គបីដែលមានអង្គតែមួយពុំមានឡើយនៅក្នុងព្រះគម្ពីរ ដោយសារវាមិនពិតទេ ។ …
យើងសូមប្រកាសថា វាជាភស្ដុតាងផ្ទាល់ខ្លួនចេញពីព្រះគម្ពីរដែលថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គដាច់ដោយឡែកពីគ្នា គឺជាអាទិទេពបីព្រះអង្គ ហើយកត់សម្គាល់ថា គ្មានការបង្ហាញណាមួយដែលដូចគ្នានឹងការអធិស្ឋានអង្វរដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ [ សូមមើល យ៉ូហាន ១៧ ] … ពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ដោយដៃរបស់យ៉ូហាន [ សូមមើល ម៉ាថាយ ៣:១៣–១៧ ; ម៉ាកុស ១:៩–១១ ; លូកា ៣:២១–២២ ] បទពិសោធន៍នៅលើភ្នំប្រែរូប [ សូមមើល ម៉ាកុស ៩:៧ ; លូកា ៩:៣៥ ] និងការសម្លាប់ស្ទេផានឡើយ [ សូមមើល កិច្ចការ ៧:៥៥–៥៦ ]—នេះគ្រាន់តែការរៀបរាប់បួនប៉ុណ្ណោះ ។
( ជែហ្វ្រី អ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ៤០–៤១ )
ម៉ាថាយ ៣:១៦
។; តើព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញព្រះកាយជាសត្វព្រាបឬ ?
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បានពន្យល់ថា
ទីសម្គាល់ជាសត្វព្រាបត្រូវបានបង្កើត ពីមុនការបង្កបង្កើតនៃលោកិយទៅទៀត វាជាសាក្សីមួយសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ហើយអារក្សពុំអាចជាទីសម្គាល់សត្វព្រាបបានឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធជាតួអង្គមួយអង្គ ហើយមានទ្រង់ទ្រាយជាមនុស្ស ។ ទ្រង់ពុំបានបង្ខាំងអង្គទ្រង់ទៅជា ទ្រង់ទ្រាយ នៃសត្វព្រាបទេ ប៉ុន្តែជា ទីសម្គាល់ នៃសត្វព្រាប ។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចប្រែរូបទៅជាសត្វព្រាបបានទេ ប៉ុន្តែទីសម្គាល់នៃសត្វព្រាបត្រូវបានប្រគល់ឲ្យយ៉ូហាន ដើម្បីបញ្ជាក់ពីសេចក្ដីពិតនៃទង្វើនោះ ដោយសារសត្វព្រាបគឺជានិមិត្តរូប ឬនិមិត្តសញ្ញានៃសេចក្តីពិត និងភាពគ្មានទោស ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨១ )