ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៥:៤៨


ម៉ាថាយ ៥:៤៨

« ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ »

Head and shoulder image of Jesus Christ. Christ is depicted with one arm raised as He participates in the creation of the earth. Galaxies and stars are depicted in the background.

បន្ទាប់ពីបង្រៀនក្រឹត្យវិន័យមាស និងក្រឹត្យវិន័យជាន់ខ្ពស់ហើយ ព្រះអង្គសង្គ្រោះបានប្រទានបទបញ្ញត្តិមួយអំពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌ ។ គោលបំណងនៃមេរៀននេះគឺ ដើម្បីជួយអ្នកឲ្យយល់ពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យ « … បានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃ [ យើង ] ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ » ( ម៉ាថាយ ៥:៤៨ ) ។

ការស្វែងរកជំនួយរបស់ព្រះអម្ចាស់ប្រកបដោយការអធិស្ឋាន នៅពេលអ្នកបង្រៀន ។ ការបង្រៀនដំណឹងល្អគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយទ្រង់សព្វព្រះទ័យឲ្យអ្នកជោគជ័យក្នុងកិច្ចការនោះ ។ នៅពេលអ្នកអំពាវនាវដល់ទ្រង់រាល់ថ្ងៃ នោះអ្នកនឹងមានអារម្មណ៍ ព្រមទាំងស្គាល់ពីជំនួយរបស់ទ្រង់ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៥–៨ ) ។

ការរៀបចំរបស់សិស្ស ៖ មុនមេរៀននេះ ប្រសិនបើអាចធ្វើទៅបាន សូមឲ្យសិស្សយករូបថតរបស់ពួកគេកាលពីនៅក្មេងមកកាន់ថា្នក់រៀន ។ វាអាចកាន់តែមានប្រសិទ្ធភាពក្នុងការធ្វើបែបនេះ ដោយឲ្យសិស្សដឹងយ៉ាងហោចណាស់មួយសប្តាហ៍ជាមុន ដើម្បីទទួលបានជំនួយពីឪពុកម្តាយ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើអ្នកបានផ្លាស់ប្ដូរយ៉ាងម៉េចខ្លះ ?

សូមពិចារណាប្រើសំណួរដូចខាងក្រោម ឬស្រដៀងគ្នាមួយចំនួន ដើម្បីជួយសិស្សឲ្យដឹងថា ពួកគេបានធំឡើង និងផ្លាស់ប្តូរយ៉ាងម៉េចខ្លះតាំងពីពួកគេនៅតូចៗមក ។

សូមរករូបភាពមួយ កាលអ្នកនៅក្មេង ឬគិតថា តើអ្នកយ៉ាងម៉េចដែរកាលនៅជាកូនក្មេង ។

  • តើអ្នកបានរីកចម្រើន ឬផ្លាស់ប្តូរខាងរូបរាងកាយ ឬខាងវិញ្ញាណតាំងពីពេលនោះមកយ៉ាងដូចម្តេចខ្លះ ?

  • ហេតុអ្វីបានជាអ្នកគិតថា ការផ្លាស់ប្តូរគឺជារឿងធម្មជាតិ និងជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ?

  • តើអ្នកបានរីកចម្រើនយ៉ាងដូចម្តេចនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ប្រសិនបើអ្នកមានអារម្មណ៍ថា ការរីកចម្រើនខាងវិញ្ញាណរបស់អ្នកនៅមិនទាន់គ្រប់គ្រាន់ទេ តើមានអ្វីដែលរារាំងអ្នក ហើយតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីផ្លាស់ប្តូរលំនាំនេះ ?

សូមអាន ម៉ាថាយ ៥:៤៨ ដោយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះបានបញ្ចប់ការបង្រៀនរបស់ទ្រង់នៅក្នុង ជំពូកទី ៥ ។ សូមកត់សម្គាល់ថា ពាក្យជាភាសាក្រិកសម្រាប់ បានគ្រប់លក្ខណ៍ ដែលត្រូវបានប្រើនៅក្នុងខគម្ពីរនេះ ក៏អាចត្រូវបានបកប្រែជា « ដែលបានទៅជាគ្រប់ ពេញ [ ឬ ] ពេញលេញ » ( សេចក្ដីយោងដល់បទគម្ពីរទាំងឡាយ ល្អឥតខ្ចោះ ) ។

ចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៥:៤៨ យើងរៀនថា ព្រះយេស៊ូវគ្រីស្ទបានបញ្ជាឲ្យយើងបានល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌

  • តើការបង្រៀនណាមួយរបស់ព្រះអង្គសង្គ្រោះចេញពី ម៉ាថាយ ៥ ដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យអនុវត្តតាមនាពេលនេះ ដើម្បីកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ ? ដោយរបៀបណា ?

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការចំណាយពេលពីរបីនាទី ដើម្បីរំឭកការបង្រៀននៅក្នុង ម៉ាថាយ ៥ ឡើងវិញ រួមទាំងចេញពីកំណត់ចំណាំណាមួយ ដែលពួកគេបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ឬកំណត់ហេតុការសិក្សារបស់ពួកគេ ។

  • តើអ្នកមានអារម្មណ៍យ៉ាងណា អំពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យបានល្អឥតខ្ចោះ ?

  • តើការយល់ច្រឡំលើបទបញ្ញត្តិនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?

ការយល់ដឹងពីអត្ថន័យនៃពាក្យថា « ល្អឥតខ្ចោះ »

សូមពិចារណាបំបែកសិស្សជាក្រុមតូចៗ ដើម្បីសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន, អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និងអែលឌើរ ហ្គែរីត ដបុលយូ ហ្គង ។ សេចក្តីថ្លែងការណ៍ទាំងនេះមួយចំនួនអាចត្រូវបានបោះពុម្ព និងបិទនៅជុំវិញបន្ទប់ ឬបង្ហាញតាមវិធីផ្សេងទៀត ។

សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ ប្រធាន រ័សុល អិម ណិលសុន, អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយស្វែងរកជំនួយ ឬការលួងលោមនៅក្នុងដំណើររបស់យើង ដើម្បីបានល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ ។

Official portrait of President Russell M. Nelson taken January 2018

នៅក្នុង ម៉ាថាយ ៥:៤៨ ពាក្យ បានគ្រប់លក្ខណ៍ ត្រូវបានបកប្រែពីភាសាក្រិកថា teleios ដែលមានន័យថា « ពេញលេញ » ។ … ទម្រង់ដើមនៃកិរិយាសព្ទគឺ teleiono ដែលមានន័យថា « ដើម្បីឈោងទៅដល់ចុងបំផុត ដើម្បីអភិវឌ្ឍបានពេញលេញ ដើម្បីធ្វើឲ្យបរិបូណ៌ ឬបញ្ចប់ » ។ សូមកត់ចំណាំថា ពាក្យនោះពុំបានសបញ្ជាក់ថា « មានសេរីភាពពីកំហុសឆ្គង » នោះទេ វាសបញ្ជាក់ថា « ការសម្រេចបានគោលបំណងមួយដោយយូរអង្វែង » ។…

… យើងពុំចាំបាច់ស្រងាកចិត្តទេ បើកិច្ចខិតខំដ៏ស្មោះបំផុតរបស់យើងទៅកាន់ភាពល្អឥតខ្ចោះ ក្នុងពេលនេះមើលទៅហាក់ដូចជា [ ពិបាក ] ក្រៃលែង ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះគឺនៅរង់ចាំការសម្រេច ។ វាអាចបានមកពេញលេញ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និងតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ។ វារង់ចាំសម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។

( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ )

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

បងប្អូនប្រុសស្រីទាំងឡាយ ជាញឹកញាប់យើងគ្រប់គ្នាប្រាថ្នាចង់មានជីវិតដូចជាព្រះគ្រីស្ទជាង យើងទទួលបានជោគជ័យក្នុងការរស់នៅ ។… បើយើងស៊ូទ្រាំ ការចម្រាញ់យើងនឹងត្រូវបានបញ្ចប់ ហើយបំពេញនៅក្នុងភាពអស់កល្បជានិច្ច—ដែលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានន័យថា ល្អឥតខ្ចោះ ។

ខ្ញុំថ្លែងទីបន្ទាល់ថា ជោគវាសនាដ៏ធំនោះ មានសម្រាប់ពួកយើងតាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ផ្ទាល់បានបន្ដថា « ពីព្រះគុណថែមលើព្រះគុណ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៣ ] រហូតដល់ទ្រង់បានទទួលនៅក្នុងជីវិតអមតៈ ទ្រង់បានទទួលភាពពេញលេញនៃសិរីល្អសេឡេស្ទាលយ៉ាងល្អឥតខ្ចោះ ។

( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤២ )

Official Portrait of Gerrit W. Gong. Photographed in 2018.

ពាក្យថា ភាពល្អឥតខ្ចោះ … ពេលខ្លះត្រូវបានគេយល់ច្រឡំថា មានន័យថាជាការគ្មានកំហុសទាល់តែសោះ ។ ប្រហែលជាអ្នក ឬមនុស្សម្នាក់ដែលអ្នកស្គាល់កំពុងខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីមានភាពល្អឥតខ្ចោះតាមរបៀបនេះ ។ ដោយសារភាពល្អឥតខ្ចោះបែបនេះទំនងដូចជាមិនអាចឈោងចាប់បានជានិច្ច ទោះជាយើងខិតខំអស់ពីលទ្ធភាពក្ដី ក៏វាអាចបន្សល់ទុកឲ្យយើងនូវការព្រួយបារម្ភ ការបាក់ទឹកចិត្ត ឬការនឿយហត់ផងដែរ ។ យើងព្យាយាមគ្រប់គ្រងកាលៈទេសៈរបស់យើង និងមនុស្សនៅជុំវិញយើង តែមិនបានជោគជ័យឡើយ ។ យើងព្រួយបារម្ភពីភាពទន់ខ្សោយ និងកំហុស ។ តាមពិតទៅ កាលណាយើងព្យាយាមកាន់តែខ្លាំង នោះយើងកាន់តែមានអារម្មណ៍ថា យើងកាន់តែនៅឆ្ងាយពីភាពល្អឥតខ្ចោះដែលយើងស្វែងរក ។ …

ការយល់ខុសពីអត្ថន័យនៃការបានល្អឥតខ្ចោះបានផ្ដល់លទ្ធផលឲ្យជា ភាពល្អឥតខ្ចោះនិយម—ជាឥរិយាបថ ឬអាកប្បកិរិយាមួយ ដែលយកបំណងប្រាថ្នាដ៏អស្ចារ្យមួយដើម្បីធ្វើល្អ ហើយបង្វែរវាទៅជាការរំពឹងទុកឲ្យបានល្អឥតខ្ចោះ ដែលមិនពិតប្រាកដមួយនៅពេល ឥឡូវនេះ ។ ពេលខ្លះភាពល្អឥតខ្ចោះនិយមផុសចេញមកពីអារម្មណ៍ ដែលមានតែជនល្អឥតខ្ចោះប៉ុណ្ណោះ ដែលសមនឹងទទួលបានសេចក្ដីស្រឡាញ់ ឬថាយើងមិនសមនឹងទទួលបានភាពរីករាយនោះទេ លុះត្រាតែយើងបានល្អឥតខ្ចោះ ។

( ហ្គែរីត ដបុលយូ ហ្គង « Becoming Perfect in Christ » Ensign ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ១៤–១៥, ១៧ )

សូមចងចាំថា រាល់ការខិតខំរបស់យើងដើម្បីរក្សាបទបញ្ញត្តិ និងការប្រែចិត្តនឹងមិនគ្រប់គ្រាន់ទេ ប្រសិនបើវាមិនមែនសម្រាប់ការលាងសម្អាតអំពើបាប និងការរស់ឡើងវិញពីសេចក្តីស្លាប់ ដែលយើងបានទទួលពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទតាមរយៈដង្វាយធួនរបស់ទ្រង់ទេនោះ ។ ( សូមមើល នីហ្វៃទី២ ២៥:២៣ ; អាលម៉ា ៣៤:៩–១០ ) ។

ប្រសិនបើសិស្សត្រូវការជំនួយបន្ថែមទៀត ដើម្បីយល់ពីបទបញ្ញត្តិដើម្បីបានល្អឥតខ្ចោះ ឬពិបាកយល់ពីគោលគំនិតនៃភាពល្អឥតខ្ចោះនិយម នោះវីដេអូ « Perfectionism: Will I Ever Be Good Enough? » នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » អាចមានអត្ថប្រយោជន៍ ។

សូមអញ្ជើញសិស្សឲ្យចែករំលែកដល់សិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេបានពិភាក្សាជាមួយក្រុមរបស់ពួកគេ ។

ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យបានល្អឥតខ្ចោះ សូមពិចារណាអាន និងពិភាក្សា មរ៉ូណៃ ១០:៣២

សំណួរពិភាក្សាដែលអាចមាន

សូមពិចារណាជ្រើសរើសសំណួរខាងក្រោមនេះមួយ ឬច្រើនឲ្យសិស្សពិភាក្សា ។ ឬវាអាចមានអត្ថប្រយោជន៍ក្នុងការដាក់បង្ហាញសំណួរទាំងនេះ ឬសំណួរស្រដៀងគ្នានេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរពីរ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក សិស្សអាចពិភាក្សារួមគ្នាជាថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។

  • តើពាក្យសម្ដីរបស់ពួកព្យាការីទាំងនេះបង្រៀនយើងអ្វីខ្លះ អំពីអត្ថន័យនៃឃ្លាថា « ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ » ?

  • តើព្យាការីបង្រៀនយើងថា ពាក្យទាំងនេះ មិន មានន័យអ្វីខ្លះ ?

  • តើតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យបានល្អឥតខ្ចោះមានអ្វីខ្លះ ?

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ក្តីសង្ឃឹមដល់អ្នកថា នៅថ្ងៃណាមួយ អ្នកនឹងបានល្អឥតខ្ចោះដូចទ្រង់ទាំងទ្វេ ?

  • តើអ្នកកំពុងតែប្រឹងប្រែងធ្វើអ្វីខ្លះខាងវិញ្ញាណ ខាងរាងកាយ ខាងសង្គម ឬខាងបញ្ញា ដើម្បីកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

សូមពិចារណាថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ការបង្រៀនរបស់ទ្រង់នៅក្នុង ម៉ាថាយ ៥ និងតួនាទីរបស់ទ្រង់ក្នុងការជួយយើងឲ្យបានល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចបានល្អឥតខ្ចោះយ៉ាងដូចម្តេច ?

អែលឌើរ ស្កត់ ឌី វីតធីង នៃក្រុមចិតសិបនាក់ បានបង្រៀន ៖

Official Portrait of Elder Scott D Whiting. Photographed in March 2017.

បទបញ្ញត្តិដែលឲ្យប្រែក្លាយដូចជាទ្រង់ ពុំមានបំណងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខុស មិនស័ក្ដិសម ឬមិនត្រូវបានស្រឡាញ់នោះទេ ។ បទពិសោធន៍នៃជីវិតរមែងស្លាប់ទាំងមូលរបស់យើង គឺអំពីការរីកចម្រើន ការព្យាយាម ការបរាជ័យ និងភាពជោគជ័យ ។…

បងប្អូនល្អគ្រប់គ្រាន់ បងប្អូនត្រូវបានស្រឡាញ់ ប៉ុន្តែនោះមិនមានន័យថា បងប្អូនពេញលេញនៅឡើយទេ ។ មានកិច្ចការដែលត្រូវធ្វើនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត ។ មានតែជាមួយនឹងជំនួយដ៏ទេវភាពរបស់ទ្រង់ប៉ុណ្ណោះ ដែលយើងអាចរីកចម្រើនឆ្ពោះទៅកាន់ការប្រែក្លាយដូចជាទ្រង់បាន ។

នៅក្នុងពេលទាំងនេះ « គ្រប់ទាំងអស់ [ បង្ហាញ ] នៅក្នុងស្ថានភាពចលាចល ហើយ … សេចក្ដីភ័យខ្លាច [ ហាក់បីដូចជា ] មានមកលើអស់ទាំងមនុស្ស »[ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩១ ] ថ្នាំបន្សាបតែមួយគត់ ឱសថតែមួយគត់ គឺពុះពារដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ព្រះប្រោសលោះរបស់មនុស្សលោកទាំងអស់ ជាពន្លឺនៃលោកិយ និងដើម្បីស្វែងរកទ្រង់ដែលបានប្រកាសថា « ខ្ញុំជាផ្លូវ » [ យ៉ូហាន ១៤:៦ ] ។

ខ្ញុំដឹងថា ការប្រែក្លាយដូចជាទ្រង់ តាមរយៈជំនួយ និងកម្លាំងដ៏ទេវភាពរបស់ទ្រង់ គឺ អាចសម្រេចទៅបានមួយជំហានម្ដងៗ ។ បើមិនដូច្នោះទេ ទ្រង់នឹងមិនប្រទានដល់យើងនូវបទបញ្ញត្តិនេះទេ [ សូមមើល នីហ្វៃទី១ ៣:៧ ] ។

( ស្កត់ ឌី វីតធីង « Becoming like Him » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៤ )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសដើម្បីចាប់ផ្តើមមេរៀននេះ ៖ ធ្វើអ្វីដែលហាក់ដូចជាមិនអាចធ្វើទៅរួច

សូមជួយសិស្សឲ្យឃើញថា ដោយមានទស្សនវិស័យ ការណែនាំ និងជំនួយត្រឹមត្រូវ អ្វីដែលហាក់ដូចជាមិនអាចធ្វើទៅរួចនោះ គឺអាចធ្វើទៅបាន ។ សូមពិចារណាអនុវត្តសកម្មភាពនេះ ក្នុងពេលរៀបចំមេរៀន មុនពេលប្រើសកម្មភាពនេះនៅក្នុងថ្នាក់ ។

ល្បិចដើរឆ្លងក្រដាស ៖ សូមឲ្យក្រដាសមួយសន្លឹក និងកន្ត្រៃទៅសិស្ស ។ សូមណែនាំពួកគេឲ្យកាត់ជារន្ធមួយធំល្មមនៅលើក្រដាសនោះ ដើម្បីឲ្យពួកគេអាចដើរឆ្លងកាត់ក្រដាសនេះបាន ។ បន្ទាប់ពីអនុញ្ញាតឲ្យពួកគេសាកល្បង ( និងបរាជ័យ ) ហើយ សូមផ្តល់ការណែនាំដូចខាងក្រោម និងក្រដាសថ្មីមួយសន្លឹកដល់ពួកគេ ៖

ជំហានទី ១ ៖ សូមបត់បណ្ដោយក្រដាសជាពីរ ។

ជំហានទី ២ ៖ ដោយដាក់ខាងបត់មករកអ្នក សូមកាត់ក្រដាសនេះជាប្រាំបីចម្រៀកស្មើៗគ្នាជិតទៅដល់ចុងក្រដាស ដោយទុកប្រហែល ១ ស.ម. ( ១/២ អ៊ីញ ) នៅចុងក្រដាស ដើម្បីកុំឲ្យកាត់ដាច់អស់ ។

ជំហានទី ៣ ៖ សូមបែរមុខបត់នោះចេញពីអ្នក ។ សូមកាត់តាមចន្លោះចម្រៀកនោះចំនួនប្រាំពីរដង ហើយទុក ១ ស.ម. ( ១/២ អ៊ីញ ) នៅខាងចុងក្រដាសនោះ កុំឲ្យកាត់ដាច់អស់ ។

ជំហានទី ៤ ៖ សូមបែរមុខបត់មកវិញ ។ ចម្រៀកទាំងប្រាំបីដែលអ្នកបានកាត់នោះប្រទាក់គ្នាទៅជាប្រាំបួនកង់ ។ សូមកាត់កង់ទាំងប្រាំពីរតាមផ្នត់ក្រដាសនោះ ដោយទុកតែ គែមទីមួយ និងគែមចុងក្រោយប៉ុណ្ណោះ ។

ជំហានទី ៥ ៖ សូមលាតក្រដាសនោះដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យវារហែក ។ ឥឡូវ ក្រដាសនេះគួរតែបង្កើតបានជារង្វង់ដ៏ធំមួយ ដែលអ្នកអាចដើរកាត់បាន ។

ការយល់ដឹងអំពីភាពល្អឥតខ្ចោះនិយម

ប្រសិនបើវាមានអត្ថប្រយោជន៍ ហើយមានពេលនៅក្នុងមេរៀននេះ សូមពិចារណាបង្ហាញវីដេអូ « Perfectionism: Will I Ever Be Good Enough? » ( ៤:៣៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

4:33

ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃអំពីភាពល្អឥតខ្ចោះ

សូមប្រៀបធៀបអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការបានល្អឥតខ្ចោះ មុនពេលការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល ម៉ាថាយ ៥:៤៨ ) ទៅនឹងរបៀបដែលទ្រង់បានបង្រៀនពីគោលការណ៍នេះ បន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ទៅកាន់ពួកសាសន៍នីហ្វៃ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីការភ្ជាប់ ឬការធ្វើសេចក្ដីយោងទៅខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ តាមតម្រូវការ សូមចង្អុលបង្ហាញថា ព្រះអង្គសង្គ្រោះបានបញ្ចូលព្រះអង្គទ្រង់នៅក្នុងការពិពណ៌នាអំពីភាពល្អឥតខ្ចោះទៅកាន់ពួកសាសន៍នីហ្វៃ ។ សូមពិភាក្សាអំពីអ្វីដែលវាបង្រៀនយើង ។

សកម្មភាពសៀវភៅកំណត់ហេតុស្ដីពីទេសនកថានៅលើភ្នំ

ប្រសិនបើសិស្សត្រូវបានគេអញ្ជើញឲ្យចាប់ផ្តើមសរសេរសៀវភៅកំណត់ហេតុការសិក្សានៅក្នុងមេរៀន « ម៉ាថាយ ៥:១–១២ » សូមពិចារណាអញ្ជើញពួកគេឲ្យបន្ថែមគំនិត និងចំណាប់អារម្មណ៍របស់ពួកគេអំពីមេរៀននៅថ្ងៃនេះ ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សានោះ ។