ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៦:១៩–៣៤


ម៉ាថាយ ៦:១៩–៣៤

« ចូរ​ស្វែងរក​នគរ​នៃ​ព្រះ​ជាមុន​សិន »

ព្រះគ្រីស្ទ​បង្រៀន​ថា អ្វីៗ​ទាំងអស់​នឹង​បន្ថែម​ឲ្យ​ដល់​អស់​អ្នក​ដែល​ស្វែងរក​នគរ​ព្រះ ។

ជាផ្នែក​មួយ​នៃ​បទបង្រៀន​នៅ​លើ​ភ្នំ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ឲ្យ « ស្វែងរក [ ដើម្បី​ស្ថាបនា ] … នគរ​នៃ​ព្រះ​ជាមុន​សិន » ( ម៉ាថាយ ៦:៣៣ ) ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​សញ្ជឹង​គិត និង​ចែកចាយ​សារៈសំខាន់​នៃ​ការដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់អ្នក ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​អ្នក​ដទៃ​នូវ​សារៈសំខាន់ និង​ពរជ័យ​នៃ​ការដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ « ស្វែងរក​នគរ​នៃ​ព្រះ … ជា​មុន​សិន »

សូម​អាន​ស្ថានភាព​នៃ​ជីវិតពិត​ដូច​ខាងក្រោម ៖

  • យុវជន​ម្នាក់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គឺជា​អ្នក​ពូកែ​ខាងជិះ​ក្ដាររអិល​លើ​ទឹក ប៉ុន្តែ​ថ្នាក់​សិក្ខាសាលា​ត្រូវ​បាន​កំណត់​ពេលវេលា​ដូចគ្នា​នឹង​ការហាត់​សម្រាប់​ក្រុម​ក្ដារ​រអិល​លើ​ទឹកនៅ​វិទ្យាល័យ​របស់គាត់ ។

  • នារី​វ័យ​ក្មេង​ម្នាក់​នៅក្នុង​ប្រទេស​ប្រេស៊ីល ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ជា​កិត្តិយស​នៅ​ឯ​ពិធី​ខួប​កំណើត​គម្រប់​ខួប ១៥ ឆ្នាំ នៃ​មិត្ត​របស់​នាង ប៉ុន្តែ​នាង​ត្រូវគេ​តម្រូវឲ្យ​ស្លៀកសម្លៀក​បំពាក់​ដែល​មិន​ស្របតាម​បទដ្ឋាន​របស់នាង ។

  • យុវជន​ម្នាក់​នៅ​ប្រទេស​នូវែលសេឡង់​គឺជា​កីឡាករ​បាល់​ឱប​ដ៏​មាន​ទេពកោសល្យ​មា្នក់​ដែល​គិត​ថា គេ​នឹង​ទទួល​យកគាត់​ជា​អ្នកលេងអាជីព ប៉ុន្តែ​គាត់​មាន​អាយុ​គ្រប់គ្រាន់​ដើម្បីទៅ​បម្រើ​បេសកកម្ម​ពេញម៉ោង ។

ទាំងនេះ​ជា​ឧទាហរណ៍​នៃ​ស្ថានភាព​ដែល​យុវវ័យ​អាច​ជ្រើសរើស​យក​ព្រះ​ជាចម្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ទោះ​បី​វា​មិន​ងាយស្រួល​ក៏ដោយ ។

  • តើ​សំណួរ ឬ​កង្វល់​អ្វី​ខ្លះ​ដែល​យុវវ័យ​នៅក្នុង​ស្ថានភាព​ទាំង​នេះ​អាច​មាន អំពី​ការ​ដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ?

  • តើ​អ្នក និង​មិត្តភក្តិ​របស់​អ្នក​អាច​មាន​សំណួរ ឬ​កង្វល់​អ្វី​ខ្លះ​អំពី​ការ​ដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់អ្នក ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ទូល​ទៅ​ព្រះ​អម្ចាស់​ឲ្យ​ជួយ​អ្នក​ដោះស្រាយ​កង្វល់​របស់អ្នក ហើយ​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការដាក់​ទ្រង់​ជាចម្បង ។ សូម​សិក្សា​បណ្តុំ​ខគម្ពីរ​ដូច​តទៅ​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក និង​យល់​ពី​សេចក្តីពិត ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដែល​អាច​ជួយ​អ្នក​ឲ្យ​ដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​អ្នក ។

សិស្ស​អាច​ជ្រើសរើស​បណ្ដុំ​ខគម្ពីរ​ណា​មួយ​ដែល​ពួកគេ​ចង់​សិក្សា ឬ​ពួកគេ​អាច​ត្រូវ​បាន​ចាត់​ឲ្យ​សិក្សា​ជម្រើស ក ឬ ជម្រើស ខ ។ វា​អាច​មាន​គុណប្រយោជន៍​ក្នុង​ការបង្ហាញ​ជម្រើស​ខាង​ក្រោម​នៅលើ​ក្តារខៀន ។

ជម្រើស ក ៖ ម៉ាថាយ ៦:១៩–២៤ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអង្គសង្រ្គោះ​បាន​ប្រើ​ពាក្យ ទ្រព្យសម្បត្តិ មាន​ន័យថា អ្វីដែល​យើង​ឲ្យ​តម្លៃ​ខ្លាំង និង ភ្នែក ជា​និមិត្ត​រូប​នៃ​ចក្ខុវិស័យ ឬ​ការផ្តោតអារម្មណ៍​របស់​យើង​នៅក្នុង​ជីវិត ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ច្បាស់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅក្នុង ខទី ២២ ថា « បើ​សិន​ជា​ភ្នែក​របស់​យើង​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ សិរី​ល្អ​នៃ​ព្រះ នោះ​រូប​កាយ​យើង​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៦:២២ [ នៅក្នុង ម៉ាថាយ ៦:២២,  ] សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី សញ្ញា ៨៨:៦៧ ) ។ ដូចគ្នា​នេះ​ផងដែរ វា​អាច​មាន​​ប្រយោជន៍​ក្នុង​ការកត់​សម្គាល់​ថា​ពាក្យ ទ្រព្យសម្បត្តិ សំដៅ​ទៅលើ​ភាពជា​លោកីយ៍ ឬ​ភាព​មាន​បាន ( សូមមើល ម៉ាថាយ ៦:២៤ ) ។ 

ជម្រើស ខ ៖ ម៉ាថាយ ៦:២៥–៣៤ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ នៃខគម្ពីរ​ទាំងនេះបញ្ជាក់​ច្បាស់​ថា ព្រះអម្ចាស់​កំពុង​តែមាន​បន្ទូល​ទៅកាន់​ពួកសាវក​របស់​ទ្រង់ អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ដើម្បី « ចូល … ទៅក្នុង​ពិភពលោក … បង្រៀន​ប្រជាជន » ( ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ ម៉ាថាយ ៦:២៥–២៦ [ នៅក្នុង Bible appendix] ) ។ ការណែនាំ​របស់​ព្រះអម្ចាស់​គឺ​ជាក់លាក់​ចំពោះ​សាវក​ទាំង​ដប់ពីរ​នាក់​នៅ​ពេល​នេះ ប៉ុន្តែ​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន​ក៏​អនុវត្ត​ចំពោះ​យើង​ផងដែរ ។ សូម​កត់​សម្គាល់​គំរូ​អំពី​របៀប​ដែល​ព្រះ​ថែរក្សា​ការបង្កបង្កើត​របស់​ទ្រង់ រួមទាំង​យើង​ផងដែរ ។ នៅពេល​អ្នក​សិក្សា សូម​យកចិត្ត​ទុកដាក់​លើ ខទី ៣៣ ៖ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៃ​ខ​នេះ​ចាប់ផ្តើមថា « ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ស្វែងរក​អ្វីៗ​នៃ​លោកិយ​នេះ​ឡើយ ប៉ុន្តែ​ចូរ​អ្នក​ស្វែងរក​ដើម្បី​កសាង​នគរ​ព្រះ » ( ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ ម៉ាថាយ ៦:៣៨ [ នៅក្នុង Bible Appendix ] ) ។

  • ពេល​អ្នក​អាន​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ ហើយ​អញ្ជើញ​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ តើ​អ្នក​រកឃើញ​អ្វីខ្លះ​ដែល​មាន​ន័យ​សម្រាប់អ្នក ? ហេតុអ្វី​វា​មាន​អត្ថន័យ ?

សូម​អញ្ជើញ​សិស្សបីបួន​នាក់​ឲ្យ​ចែកចាយ​​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ពិចារណា​សរសេរ​លើក្តារ​ខៀន​នូវ​គោលការណ៍​ដែល​ពួកគេ​បាន​លើកឡើង ។ ប្រសិនបើ​សិស្ស​មិន​ចែកចាយ​គោលការណ៍​ដោយ​ធម្មតា​ទេ សូម​ពិចារណា​សួរ​ថា « តើអ្នក​នឹង​សង្ខេប​សេចក្តីពិត​មួយ ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដោយ​របៀបណា ? »

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​គោលការណ៍​ពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ រួមមាន​គោលការណ៍​ដែល​ថា យើង​មិន​អាច​បម្រើ​ព្រះ​ផង និង​ទ្រព្យសម្បត្តិ​ផង ( ឬលោកិយ ) បាន​ទេ ហើយថា ប្រសិនបើ​យើង​ស្វែងរក​ដើម្បី​កសាង​នគរ​ព្រះជាមុនសិន នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​នូវ​អ្វី​ដែលទ្រង់​ជ្រាប​ថា​យើងត្រូវការ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ដាក់​ទ្រង់​ទាំងទ្វេ​ជាចម្បង​នៅក្នុង​ជីវិត​របស់អ្នក ?

យុវវ័យ​ដែល​ដាក់​ព្រះ​ជា​មុន

ប្រសិនបើ​អាច សូមមើល​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ខាងក្រោម អំពី​យុវវ័យ​ដែល​ដាក់​ព្រះជាចម្បង ។ វីដេអូ​ទាំងឡាយ​ត្រូវ​នឹង​ស្ថានភាព​នៅដើម​មេរៀន​នេះ ។ ( វីដេអូ​ទាំងអស់​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.o​rg ) ។

« No Regrets » ( ៥:៣៨ ) ៖ យុវជន​ដែល​ជិះក្ដាររអិល​លើទឹក ។

5:38

« Virtuous Young Women » ( ៣:៥០ ) ៖ យុវនារី​ដែល​ត្រូវ​បានគេ​ស្នើសុំ​ឲ្យ​ស្លៀកសម្លៀក​បំពាក់​មិនសមរម្យ ។

3:50

« Your Day for a Mission » ( ៣:៣១ ) ៖ យុវជន​ដែល​លេង​បាល់ឱប ។

3:31
  • តើ​អ្នក​ចូល​ចិត្ត​អ្វីខ្លះ​អំពី​វីដេអូ​នេះ ? តើ​អ្នក​បានរៀន​អ្វី​ខ្លះ​អំពី​ការដាក់​ព្រះ​ជាចម្បង ?

  • តើ​អ្នក​បាន​ដាក់​ព្រះជា​ចម្បង​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេលណា ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ ជា​លទ្ធផល​នៃ​ការសម្រេចចិត្ត​របស់អ្នក ?

សូមមើល​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​ដាក់​ព្រះ​ជា​ចម្បង

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​ដាក់​ព្រះ​ជា​ចម្បង​ក្នុង​ជីវិត​របស់​អ្នក អនុវត្ត​ចំពោះ​អ្នក ។ សូម​បន្ត​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​បញ្ចប់​មេរៀន​នេះ ។

សូម​ស្រមៃ​ថា គណៈប្រធាន​ស្តេក ឬ​គណៈប្រធាន​មណ្ឌល​របស់​អ្នក​បាន​អញ្ជើញ​កូរ៉ុម ឬ​ថ្នាក់​របស់​អ្នក​ឲ្យ​បង្កើត​វីដេអូ​មួយ ដើម្បី​ជួយ​យុវជន​ក្នុង​តំបន់​របស់​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ជំរុញ​ចិត្តឲ្យ​ដាក់ព្រះ​ជា​ចម្បង​ក្នុង​ជីវិត​របស់​ពួកគេ ។ គណៈប្រធាន​គ្រោងនឹង​បង្ហាញ​វីដេអូ​នេះ​នៅក្នុង​ព្រឹត្តិការណ៍​យុវវ័យ​មួយ ។

សិស្ស​អាច​ដាក់​គម្រោង​ធ្វើ​វីដេអូ​នេះ​រៀង​ៗ​ខ្លួន ឬ​ជា​ក្រុមតូចៗ ។ ប្រសិនបើ​ការគ្រោង​វីដេអូ​នេះ​មិន​ទាក់ទង​នឹង​សិស្ស​របស់​អ្នក​ទេ នោះ​ពួកគេ​អាច​គ្រោង​ការនិយាយ ឬ​មេរៀន​មួយ​ស្តីពី​ការដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​បង្កើត​គ្រោង​លម្អិត​សម្រាប់​វីដេអូ​អ្នក ។ ( អ្នក​មិន​ចាំបាច់​ថត​វីដេអូ​ទេ អ្នក​គ្រាន់តែ​ត្រូវ​រៀបចំ​ផែន​ការប៉ុណ្ណោះ ) ។ សូម​រួម​បញ្ចូល​ចំណុច​ខាង​ក្រោម​នៅក្នុង​គម្រោង​របស់អ្នក ៖

  • យ៉ាងហោច​ណាស់​មាន​សេចក្តីពិត​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង ម៉ាថាយ ៦ និង​ការពន្យល់​ពី​របៀប​ដែល​វា​អាច​ជួយ​យុវវ័យ ឲ្យ​ដាក់​ព្រះជា​ចម្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ឧទាហរណ៍​ពី​មនុស្ស​សម័យ​ថ្មី​ដែល​គេ​ដាក់​ព្រះជា​ចម្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍​នេះ​អាច​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​បទពិសោធន៍​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​សរសេរ​ឧទាហរណ៍​សង្ខេប​សាមញ្ញ​មួយ ។

សូម​ដាក់​បញ្ចូល​គម្រោង​ខាងក្រោម​នេះ​មួយ ឬ​ច្រើន​នៅក្នុង​គម្រោង​របស់អ្នក ៖

  • សេចក្តីថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

  • រូបភាព ឬ​ការបង្ហាញ​ឲ្យ​ឃើញ ដែល​អ្នក​អាច​នឹង​ដាក់​បញ្ចូល និង​ពេលវេលា​ដែល​អ្នកដាក់​បញ្ចូលវា

  • ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក

បន្ទាប់ពី​មាន​ពេល​គ្រប់​គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ នូវអ្វី​ដែល​ពួកគេ​នឹង​បញ្ចូល​នៅក្នុង​វីដេអូ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ចែកចាយ សូម​ពិចារណា​សួរ​សំណួរតាមដាន​ដូច​តទៅ​នេះ ៖ « ហេតុអ្វី​អ្នក​សម្រេចចិត្ត​ផ្តោតលើ​ឃ្លា ឬ​សេចក្តីពិត​នោះ ? » « ហេតុអ្វី​អ្នក​សម្រេចចិត្ត​ប្រើ​រឿងរ៉ាវ ឬ​បទពិសោធន៍​នោះ ? » « ហេតុអ្វី​អ្នក​គិតថា វា​អាច​ជួយ​យុវវ័យ​នៅ​សព្វថ្ងៃ​នេះបាន ? »

សូម​ពិចារណា​យោង​ទៅ​កង្វល់ ឬ​សំណួរ​ដែលសិស្ស​បាន​លើកឡើង​នៅដើម​មេរៀន ។ សូម​សួរ​សិស្ស​ថា « តើអ្វី​ដែល​អ្នក​បានរៀន អាច​ជួយ​ដោះស្រាយ​នូវ​កង្វល់​ទាំងនេះ​យ៉ាង​ដូចម្តេច ? »

អ្នក​ប្រហែលជា​ចង់​ចែកចាយ​គម្រោង​របស់​អ្នក​សម្រាប់​វីដេអូ​នេះ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ។ ពេលវេលា​ល្អ​ដើម្បី​ធ្វើ​ដូច​នេះ អាច​ជា​ពេល​ពិភាក្សា​ពី​ប្រធានបទ​នេះ​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក នៅក្នុង​ការសិក្សា ចូរមកតាមខ្ញុំ របស់​អ្នក ។

ប្រសិនបើ​អ្នក​មាន​សមត្ថភាព សូម​ពិចារណា​ធ្វើ​វីដេអូ​របស់​អ្នក ហើយ​ចែកចាយ​វាជាមួយ​អ្នកដទៃ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

តើ​ពរជ័យ​អ្វី​ដែល​យើង​ទទួល​នៅពេល​យើង​ដាក់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​យើង ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖

រូបថត​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ គាត់​កំពុង​អង្គុយ​លើ​កៅអី​ស្បែក​នៅមុខ​ជើង​ក្រាន​កម្ដៅ​ក្នុង​ផ្ទះ ។ ដៃ​របស់​លោក​ស្រាក់គ្នា​នៅ​មុខ​លោក ហើយ​លោក​ពាក់​ចិញ្ចៀន​ពណ៌ខៀវ​ដ៏​ធំ​មួយ​នៅលើ​ម្រាម​ដៃ​មួយ ។ រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​នៅ​ឆ្នាំ ១៩៨៦

យើង​ត្រូវ​តែដាក់​ព្រះជាអាទិភាព​នៅមុន​អ្វីៗទាំងអស់​នៅ​ក្នុង​ជីវិត​របស់​យើង ។ …

នៅពេល​យើងដាក់​ព្រះជា​ចម្បង នោះ​អ្វីៗ​ទាំងអស់​ផ្សេងទៀត​ចូល​ទៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ឬ​ក៏​ចេញ​ពី​ជីវិត​យើង ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហាញ​ដោយ​មនោសញ្ចេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ចំណូលចិត្ត​ដែល​យើង​តាមរក និង​លំដាប់​លំដោយ​នៃ​អាទិភាព​របស់​យើង ។

( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Great Commandment—Love the Lord » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៤ )

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? …

សូម​គិត​ពិចារណា​ថា តើ​ការស្ម័គ្រចិត្ត​បែបនោះ​អាច​ប្រទាន​ពរជ័យ​ដល់​បងប្អូន​ប៉ុនណា ។ …

ប្រសិនបើ​បងប្អូន​មាន​សំណួរ​ដោយ​ស្មោះ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នេះ កាលណា​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះ​ឈ្នះ នោះ​បងប្អូន​នឹង​ត្រូវបាន​ដឹកនាំ​ឲ្យទៅ​រកឃើញ និង​យល់​ពី​សេចក្តីពិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ទាំងស្រុង​ដែល​នឹង​ដឹកនាំ​ជីវិត​របស់បងប្អូន ហើយ​ជួយ​បងប្អូន​ឲ្យ​បន្តនៅ​រឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

នៅពេល​បងប្អូន​ប្រឈមមុខ​នឹង​ការល្បួង—ទោះបីជា​ការល្បួង​នោះ​កើតឡើង​នៅពេល​បងប្អូន​នឿយហត់ ឬ​មាន​អារម្មណ៍​ឯកោ ឬ​យល់ច្រឡំ​ក្ដី—សូម​ស្រមៃ​ពី​ភាពក្លាហាន​ដែល​បងប្អូន​អាច​ប្រមូល​បាន នៅពេល​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​នៅពេល​បងប្អូន​បួងសួង​សូមទ្រង់ឲ្យ​ពង្រឹង​បងប្អូន ។ …

… នៅពេល​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះឈ្នះ​ក្នុងជីវិត​របស់​បងប្អូន នោះ​បងប្អូន​នឹង​ដក​ពិសោធន៍​ដោយ​ខ្លួន​ឯង​ថា ព្រះ​របស់យើង​គឺជា « ព្រះ​នៃ​អព្ភូតហេតុ » [ មរមន ៩:១១ ] ។

( រ័សុល អិម ណិលសុន « Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤, ៩៥ )

តើ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ដូចម្ដេច កាល​ទ្រង់​មាន​បន្ទូល​ថា « កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត » និង « កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ? » ( ម៉ាថាយ ១៦:២៣, ២៦ )

« ឃ្លា​ជា​ភាសា​ក្រិក​ដែល​បាន​បកប្រែ​ថា ‹ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង › នៅក្នុង ម៉ាថាយ ៦:២៥, ៣៤ នៃ​កំណែ​ស្ដេច​ជេមស៍ មាន​ន័យថា មិន​ត្រូវ​បារម្ភ ឬ​ព្រួយបារម្ភ​ខ្លាំង​ពេកទេ » ( សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស [ សៀវភៅ​សិក្សា​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០១៤ ] ទំព័រ ២៩ ) ។

តើ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​យ៉ាង​ណា នៅពេល​ទ្រង់​មាន​ព្រះបន្ទូល​ថា « សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ » ? ( ម៉ាថាយ ៦:៣៤ )

ឃ្លានេះ​មាន​ន័យ​ថា « កុំខ្ចី​បញ្ហាពី​ថ្ងៃ​ស្អែក—អ្នក​មាន​បញ្ហា​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​នៅថ្ងៃនេះ​ហើយ » ( សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស ទំព័រ ២៩ ) ។

តើ​ហត្ថ​ជា​អ្វី ? ( ម៉ាថាយ ៦:២៧ )

មួយ​ហត្ថ​គឺជា « ឯកតា​នៃប្រវែងធម្មតា​ក្នុង​ភាសាហេព្រើរ ដើមឡើយ​គឺប្រវែង​ពី​កែងដៃ​ដល់​ចុងម្រាមដៃ … [ ប្រហែល ] ២១ អ៊ីញកន្លះ នៅ​ជំនាន់​នៃ​ព្រះអម្ចាស់​របស់​យើង » ( Bible Dictionary « Cubit » ) ។

សកម្មភាព​រៀនសូត្រ​បន្ថែម

សូម​ប្រយ័ត្ន​ពី​ព្យាការី​ក្លែងក្លាយ​ទាំងឡាយ

សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ចែកចាយ​ឧទាហរណ៍​នៃ​គំនិត ដែល​ត្រូវបាន​ពិភពលោក​ទទួល​យក តែ​ផ្ទុយ​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សូម​ពន្យល់​ថា ព្យាការី​ក្លែងក្លាយ​គឺជា​បុគ្គល ឬ​ក្រុម​ដែល​លើក​ស្ទួយ​គំនិត​ផ្ទុយ​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ជា​អ្នក​ព្យាយាម​បំផ្លាញ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមអាន ម៉ាថាយ ៧:១៥–២០ ហើយ​ពិភាក្សា​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ អំពី​ការញែក​ឲ្យ​ដឹង​អំពី​ព្យាការី​ក្លែងក្លាយ និង​មូលហេតុ​ដែល​ការបង្រៀន​ទាំងនេះ​មាន​សារៈសំខាន់​នៅជំនាន់​របស់​យើង ។ សេចក្តី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធាន​ទីមួយ​អាច​មានប្រយោជន៍ ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

« សាតាំង​មាន​ចិត្ដ​ចង់​បំភាន់​គំនិត​របស់យើង ឬ​នាំ​យើង​ឲ្យ​វង្វេង​អំពី​រឿង​សំខាន់ៗ ។ … ព្រះអង្គសង្គ្រោះ … បាន​ប្រទាន​ការសាកល្បង​នេះ​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ជ្រើសរើស​សេចក្ដីពិត​ពី​ក្នុង​ចំណោម​ការបង្រៀន​ខុសៗ​គ្នា​ជាច្រើន ដែល​អាច​បំភាន់​យើង ទ្រង់​បាន​បង្រៀន​ថា ៖ « អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត » ( នីហ្វៃទី៣ ១៤:១៦ ) ។ … ហេតុ​ដូច្នេះ​ហើយ យើង​គួរតែ​មើល​ទៅ​លទ្ធផល—« ផលផ្លែ »—នៃ​គោលការណ៍​ដែល​បាន​បង្រៀន និង​មនុស្ស​ដែល​បង្រៀន​គោលការណ៍​នោះ ។ នោះ​គឺជា​ចម្លើយ​ដ៏​ល្អ​បំផុត​ចំពោះ​ការជំទាស់​ជាច្រើន ដែល​យើង​បាន​ឮ​ទាស់​នឹង​សាសនាចក្រ និង​គោលលទ្ធិ ព្រមទាំង​គោលនយោបាយ និង​ភាពដឹកនាំ​នៃ​សាសនាចក្រ ។ សូម​ធ្វើតាម​ការសាកល្បង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ សូម​មើល​ទៅ​ផលផ្លែ—គឺ​លទ្ធផល ។

( ដាល្លិន អេក អូក « The Melchizedek Priesthood and the Keys » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៧១ ) ។