វាយតម្លៃការរៀនសូត្ររបស់អ្នក ទី២
ម៉ាថាយ ៣–៧; លូកា ៣–៦; ម៉ាកុស ១; យ៉ូហាន ២–៤
គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ សម្រាប់អ្វីដែលអ្នកកំពុងរៀន និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នកនៅឆ្នាំនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការដើរតាមព្រះយេស៊ូវគ្រីស្ទ
អ្វីដែលអ្នកកំពុងរៀនចេញពីព្រះគម្ពីរសញ្ញាថ្មីក្នុងថ្នាក់សិក្ខាសាលា គឺមានគោលបំណងដើម្បីជួយអ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទ និងធ្វើជាសិស្សរបស់ទ្រង់ ឬជាអ្នកដើរតាមទ្រង់បានកាន់តែពេញលេញជាងមុន ។ សូមធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងបីខាងក្រោមនេះ ដោយរកមើលពរជ័យទាំងឡាយដែលកើតមាន នៅពេលយើងដើរតាមព្រះអង្គសង្រ្គោះ តាមរយៈការធ្វើសកម្មភាពតាមការបង្រៀនរបស់ទ្រង់ ។ បន្ទាប់មក សូមឆ្លើយសំណួរពីរដែលមាននោះ ។
-
សូមច្រៀង ឬស្តាប់ចម្រៀងកុមារ « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៣២ ) ហើយសូមអាន ម៉ាថាយ ៧:២៤–២៧ ។
-
នៅលើសន្លឹកក្រដាស ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបតំណាងដ៏សាមញ្ញមួយអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៧:២៤–២៧ ។
-
ដោយប្រើដុំឈើ ឬពែង សូមសង់ផ្ទះ ឬគ្រោងមួយនៅលើគ្រឹះរឹងមាំ ដូចជាឥដ្ឋ ឬតុជាដើម ។ បន្ទាប់មក សូមសង់គ្រោងសាមញ្ញមួយទៀតនៅលើគ្រឹះដែលមិនសូវរឹងមាំ ដូចជាគ្រែ ភួយបត់ ឬខ្នើយ ។ សូមប្រើដៃរបស់អ្នកសង្កត់លើផ្ទៃនៅជាប់នឹងគ្រោងនីមួយៗ ហើយសង្កេតមើលថានឹងមានអ្វីកើតឡើង ។ សូមអាន ម៉ាថាយ ៧:២៤–២៧ ដោយរកមើលភាពស្រដៀងគ្នារវាងសកម្មភាពនេះ និងរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកបានរៀនអ្វីខ្លះចេញមកពីសកម្មភាពនេះ ?
-
តើយើងទទួលបានពរជ័យអ្វីខ្លះ ប្រសិនបើយើងធ្វើសកម្មភាពតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
សូមគិតអំពីការរីកចម្រើនដែលអ្នកបានដកពិសោធ នៅពេលអ្នកបានសិក្សា និងខិតខំអនុវត្តតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ។ សូមឆ្លើយសំណួរមួយ ឬច្រើនខាងក្រោមនេះ ៖
-
តើអ្នកបានសិក្សាការបង្រៀនអ្វីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យជាពិសេសចំពោះអ្នក ?
-
នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ទ្រង់ តើអ្នកបានខិតកាន់តែជិតព្រះអង្គសង្គ្រោះតាមរបៀបណា ?
-
តើមានការបង្រៀនអ្វីខ្លះដែលអ្នកបានសិក្សានៅឆ្នាំនេះ ដែលអ្នកអាចអនុវត្តបាននៅក្នុងជីវិតរបស់អ្នក ? តើជាលទ្ធផលមានពរជ័យអ្វីខ្លះដែលអ្នកបានទទួល ?
មេរៀននេះនឹងជួយអ្នកឲ្យវាយតម្លៃរបៀបមួយចំនួន ដែលអ្នកកំពុងសង់ជីវិតរបស់អ្នកនៅលើថ្មដានៃព្រះយេស៊ូវគ្រីស្ទ ដើម្បីអ្នកអាចស៊ូទ្រាំនឹងឧបសគ្គដែលអាចកើតមាន ។
សូមពន្យល់ពីភាពចាំបាច់នៃការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជក់
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យវាយតម្លៃថា អ្នកយល់មេរៀនបានច្បាស់ប៉ុនណា ហើយអាចពន្យល់គោលលទ្ធិរបស់ព្រះអង្គសង្គ្រោះអំពីការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បានល្អប៉ុនណា ។ សូមពិចារណាលើសេចក្តីថ្លែងការណ៍ពីរខាងក្រោមនេះ ហើយសរសេរការឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍នីមួយៗ ដើម្បីជួយដោះស្រាយកង្វល់ដែលបានលើកឡើង ។ សូមប្រើយ៉ាងហោចណាស់បទគម្ពីរមួយពីការសិក្សានាពេលថ្មីៗនេះរបស់អ្នក ។ សេចក្តីយោងបទគម្ពីរនៅក្នុងវង់ក្រចកអាចជួយបាន ។ អ្នកអាចរួមបញ្ចូលបទពិសោធន៍ ឬទីបន្ទាល់ផ្ទាល់ខ្លួនណាមួយដោយសេរី ។
-
ខ្ញុំជាមនុស្សល្អដែរ ។ ហេតុអ្វីខ្ញុំគួរព្រួយបារម្ភអំពីការប្រែចិត្ត ប្រសិនបើខ្ញុំមិនបានប្រព្រឹត្ដអំពើបាបធំៗផងនោះ ? ( សូមមើល ម៉ាថាយ ៣:១–៨ ; លូកា ៣:៧–១៤ ) ។
-
ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនចាំបាច់ត្រូវទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដើម្បីអាចត្រឡប់ទៅរស់នៅជាមួយព្រះវិញនោះទេ ។ ( សូមមើល ម៉ាកុស ១:១–៩ ; យ៉ូហាន ៣:៥ ; នីហ្វៃទី២ ៣១:៥–១២, ១៧–១៨ ) ។
សូមវាយតម្លៃសមត្ថភាពរបស់អ្នកដើម្បីទប់ទល់ និងយកឈ្នះលើអារក្សតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ថ្មីៗនេះ អ្នកបានសិក្សាអំពីព្រះអង្គសង្រ្គោះទប់ទល់នឹងការល្បួង ហើយបានមានឱកាសដាក់ផែនការដើម្បីធ្វើតាមគំរូរបស់ទ្រង់ ហើយពឹងផ្អែកលើទ្រង់ នៅពេលអ្នកប្រឈមមុខនឹងការល្បួងផ្ទាល់ខ្លួនរបស់អ្នក ។ ( វាអាចមានប្រយោជន៍ដើម្បីរំឭក ម៉ាថាយ ៤:១–១១ និងអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកសម្រាប់មេរៀននោះឡើងវិញ ) ។
ដើម្បីជួយអ្នកឲ្យវាយតម្លៃថា តើអ្នកបានអនុវត្តអ្វីដែលអ្នកបានរៀនសូត្រល្អប៉ុនណា នោះសូមចំណាយពេលពីរបីនាទីដើម្បីសញ្ជឹងគិតពីការខិតខំរបស់អ្នក ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយពឹងផ្អែកលើទ្រង់ដើម្បីតតាំងនឹងការល្បួង ។ ( ការណ៍នេះអាចរួមមានបទគម្ពីរដែលអ្នកបានព្យាយាមចងចាំ ឬទន្ទេញឲ្យចាំ ) ។ សូមគិតអំពីអ្វីដែលអ្នកបានរៀនពីបទពិសោធន៍របស់អ្នក នៅពេលអ្នកពិចារណាពីស្ថានភាពដូចខាងក្រោម ៖
សូមស្រមៃថា មិត្តម្នាក់បានតស៊ូដើម្បីទប់ទល់នឹងការល្បួងឲ្យមើលការណ៍អាសគ្រាម ។ នាងបានព្យាយាមដកការល្បួងនេះចេញ តាមរយៈការមិនប្រើអ៊ីនធឺណិត នៅពេលនាងនៅម្នាក់ឯង ហើយមិនទុកទូរសព្ទនៅក្នុងបន្ទប់របស់នាងនៅពេលយប់ទេ ។ នាងបានទទួលជោគជ័យដ៏អស្ចារ្យមួយចំនួនអស់រយៈពេលជាច្រើនថ្ងៃ ប៉ុន្តែនាងបានចុះចាញ់ការល្បួងនោះនៅពេលក្រោយមកទៀត ។ នាងតូចចិត្តនឹងខ្លួនឯងយ៉ាងខ្លាំងណាស់ ដែលនាងអាចចៀសវាងពីការណ៍អាសគ្រាមអស់រយៈពេលបីបួនថ្ងៃទៀត មុនពេលនាងបរាជ័យជាលើកទីពីរ ។ នាងត្រូវការគំនិតបន្ថែមមួយចំនួន និងការជួយទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីទប់ទល់នឹងការល្បួងនេះ ។
ដោយមិនបាច់ចែកចាយការល្បួងជាក់លាក់របស់អ្នក សូមសរសេរសំបុត្រមួយច្បាប់ទៅមិត្តរបស់អ្នក ។ សូមរួមបញ្ចូលចំណុចខាងក្រោមនេះចំនួនពីរ ឬច្រើននៅក្នុងការឆ្លើយតបរបស់អ្នក ៖
-
អ្វីមួយដែលអ្នកបានធ្វើដើម្បីងាកទៅរកព្រះអម្ចាស់ ដែលបានជួយអ្នកឲ្យយកឈ្នះលើការល្បួង
-
អ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយមិត្តអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងមានទឹកចិត្តបន្តទប់ទល់នឹងការល្បួង
-
អ្វីដែលអ្នកណែនាំមិត្តរបស់អ្នកឲ្យធ្វើ ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយពឹងផ្អែកលើទ្រង់ដើម្បីតតាំងនឹងការល្បួង
-
ភាពជោគជ័យ និងបញ្ហាប្រឈមដែលមិត្តរបស់អ្នកអាចនឹងជួបប្រទះពេលបន្តដើរទៅមុខ និងដំបូន្មានស្ដីពីរបៀបពឹងផ្អែកលើព្រះអម្ចាស់ នៅពេលដែលនាងដោះស្រាយបញ្ហាប្រឈមទាំងនោះ
សូមពិចារណាអំពីរបៀបដែលសកម្មភាពនេះអាចជួយខ្លួនអ្នកផ្ទាល់ ។ តើអ្នកចង់ធ្វើអ្វីខ្លះ ដើម្បីបន្តទប់ទល់ និងជំនះលើការល្បួងដោយទទួលបានកម្លាំងពីព្រះយេស៊ូវគ្រីស្ទ ? ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ឬភាន់ច្រឡំ សូមពិចារណាអធិស្ឋានអំពីកង្វល់ និងអារម្មណ៍របស់អ្នក ។ វាក៏អាចមានគុណប្រយោជន៍ផងដែរក្នុងការនិយាយជាមួយឪពុកម្តាយ ឬប៊ីស្សព ។ សូមកុំបាត់បង់ក្តីសង្ឃឹម នៅពេលអ្នកព្យាយាមស្ថាបនាជីវិតរបស់អ្នកលើព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ។
សូមគិតពិចារណាពីបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំ និងធ្វើតាមព្រះដោយស្មោះសរ
គោលការណ៍ចុងក្រោយមួយដែលគួរពិចារណា គឺបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំព្រះ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទដោយស្មោះសរ ។ នៅក្នុងមេរៀនមុន អ្នកបានរៀនថា ប្រសិនបើយើងធ្វើអំពើសុចរិតដើម្បីផ្គាប់ព្រះហឫទ័យព្រះវរបិតាសួគ៌ នោះទ្រង់នឹងប្រទានរង្វាន់ដល់យើងនៅទីប្រចក្សច្បាស់ ( សូមមើល ម៉ាថាយ ៦:១–៦; ១៦–១៨ ) ។ នៅពេលអ្នកសិក្សាពីសេចក្ដីពិតនេះ អ្នកប្រហែលជាបានបំពេញតារាងដែលមើលទៅដូចនេះ ៖
តើអ្វីជាអំពើល្អចំនួនបី ដែលអ្នកបានធ្វើក្នុងសប្តាហ៍មុននេះ ? ( សូមសរសេរអំពើល្អមួយក្នុងជួរនីមួយៗ ) ។ |
តើអ្នកមានហេតុផលអ្វីខ្លះដើម្បីធ្វើវា ? |
តើអ្នកមានអារម្មណ៍យ៉ាងណា បន្ទាប់ពីអ្នកបានធ្វើ « អំពើល្អ » ទាំងនេះ ? |
សូមពិចារណាបន្ថែមលើតារាងនូវអំពើល្អមួយ ឬពីរដែលអ្នកបានធ្វើតាំងពីមេរៀននោះមក ហើយឆ្លើយសំណួរតាមដាននៅក្នុងតារាងនេះ ។ សូមសញ្ជឹងគិតថា តើអ្នកបានផ្តោតអារម្មណ៍លើព្រះកាន់តែស្មោះត្រង់ជាងមុនដែរឬទេ ។
-
ប្រសិនបើនរណាម្នាក់មានអារម្មណ៍ថា ពួកគេកំពុងពុះពារធ្វើអំពើល្អដើម្បីផ្គាប់ព្រះហឫទ័យព្រះ តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះដល់ពួកគេ ?