ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៧:១–៥


ម៉ាថាយ ៧:១–៥

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​ថ្កោល​ទោស​ដោយ​សុចរិតភាព

ព្រះយេស៊ូវ​គ្រីស្ទ​គង់​លើ​ថ្ម​នៅ​មាត់​សមុទ្រ​កាលីឡេ ។ មនុស្ស​ជា​ច្រើន​បាន​មក​ជុំ​គ្នា​នៅ​ជុំវិញ​ទ្រង់ ។ មនុស្ស​កំពុង​ស្តាប់​ការអធិប្បាយ​របស់​ព្រះគ្រីស្ទ ។ ( ម៉ាកុស ៤:១ ) ( លូកា ៥:១ )

អំឡុង​បទបង្រៀន​របស់​ទ្រង់​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវគ្រីស្ទបាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ថ្កោល​ទោស​ដោយ​សុចរិតភាព ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​ការធ្វើ​ការដោយ​សុចរិតភាព ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញសិស្ស​ឲ្យ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​ដឹង អំពី​ការថ្កោល​ទោស​ដែល​ពួកគេ​គួរតែ​ធ្វើ និងអ្វី​ដែល​ពួកគេ​គួរតែ​ប្រយ័ត្ន​កុំធ្វើ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ ដែល​ពួកគេ​មាន​អំពី​ការថ្កោល​ទោស ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

យើង​គួរតែ​ថ្កោល​ទោស​ដោយសុចរិត ។

សូមអាន​ស្ថានភាព​ខាងក្រោម​នេះ​ជា​ថ្នាក់ ហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ប្រភេទ​នៃ​ការថ្កោល​ទោស ដែល​នរណាម្នាក់​អាចធ្វើ​នៅក្នុង​ស្ថានភាព​នីមួយៗ ។ សូម​ពិចារណា​ផ្លាស់ប្តូរ​ស្ថានភាព​នានា ដើម្បី​ឲ្យវា​កាន់តែ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​សិស្ស ។

  • មាន​បុគ្គល​ម្នាក់​អញ្ជើញ​អ្នក​ឲ្យ​ទៅ​ពិធី​ជប់លៀង​មួយ ដែលមាន​ក្មេង​ជំទង់​ជាច្រើន​ប្រើ​សារធាតុ​ខុស​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

  • បុគ្គល​ម្នាក់​ដែល​រស់នៅ​តាម​បទដ្ឋាន​ខុស​ពី​អ្នក ចង់​ធ្វើ​ជា​មិត្ដ​ជិតស្និទ្ធ​របស់​អ្នក ។

  • សមាជិក​ម្នាក់​ក្នុង​វួដ​របស់​អ្នក​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ឈប់​សម្រាក ខុសពី​អ្វី​ដែល​គ្រួសារ​របស់​អ្នក​ធ្វើ ។

  • អ្នក​រកឃើញ​ថា មិត្ត​ម្នាក់​មាន​ទម្លាប់​មើល​ការណ៍អាសគ្រាម ។

ពេញ​មួយ​មេរៀន​នេះ អ្នក​នឹង​រៀន​អំពី​ការថ្កោល​ទោស​ដោយ​សុចរិតភាព ។ អ្នក​នឹង​មាន​ឱកាស​ពិនិត្យមើល​យោបល់​របស់​អ្នក​អំពី​ស្ថានភាព​ទាំងនេះ​ម្ដងទៀត ហើយ​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន ។

  • តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពី​ថ្កោល​ទោស ?

នៅពេល​អ្នក​សិក្សា​មេរៀន​ថ្ងៃនេះ សូម​គិត​អំពី​អារម្មណ៍​របស់​អ្នក​អំពី​កាថ្កោល​ទោស ហើយស្តាប់​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍ ដែល​បង្កើន​ការយល់​ដឹង​របស់​អ្នក​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ទាក់ទង​នឹង​ការថ្កោល​ទោស ។ សូម​អាន ម៉ាថាយ ៧:១ ។ ខគម្ពីរ​នេះ​ត្រូវ​បាន​គេ​យល់​ច្រលំ​ជាញឹកញាប់​ទៅជា​មាន​ន័យថា ព្រះអង្គសង្រ្គោះ​បាន​បង្រៀនថា យើង​មិន​គួរ​ថ្កោល​ទោស​ឡើយ ។ ឥឡូវនេះ សូម​អាន​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ អំពីខគម្ពីរនេះ ( នៅក្នុង ម៉ាថាយ ៧:១ លេខ​យោង) ។

  • តើ​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន​អំពី​ការថ្កោល​ទោស​យ៉ាងដូចម្តេច ?

  • តើ​អ្នក​គិត​ថា ការថ្កោល​ទោស​ដោយ​សុចរិត​មាន​ន័យ​ដូចម្ដេច ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖

សូម​ពិចារណា​បង្ហាញ​សេចក្តីថ្លែង​ការណ៍​ខាងក្រោម ដើម្បី​ឲ្យ​សិស្ស​អាច​ផ្ទៀង​តាម​បាន នៅពេល​ដែល​នរណា​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​នេះ​ឮៗ ។

ការកាត់​សេចក្ដី​គឺជា​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង​យ៉ាង​សំខាន់ ហើយ​វា​តម្រូវឲ្យ​មាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ជា​ពិសេស​ពេល​អ្នក​ធ្វើ​ការថ្កោល​ទោសមនុស្ស​ដទៃ​ទៀត ។ ការថ្កោល​ទោស​ទាំង​អស់​របស់​អ្នក​ត្រូវ​តែ​ដឹកនាំ​ដោយ​បទដ្ឋាន​សុចរិត ។ មាន​តែ​ព្រះ​ទេ​ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ទើប​អាច​ធ្វើការ​ថ្កោល​ទោស​ចុងក្រោយ​ដល់​បុគ្គលម្នាក់​បាន ។

ពេល​ខ្លះ​មនុស្ស​មាន​អារម្មណ៍​ថា វា​ខុស​ក្នុង​ការកាត់​សេចក្ដី​អ្នក​ដទៃ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ ។ ខណៈ​ដែល​វា​ជា​ការត្រឹមត្រូវ​ដែល​ថា អ្នក​មិន​គួរថ្កោលទោស​អ្នក​ដទៃ ឬ​វិនិច្ឆ័យ​ពួកគេ​ដោយ​មិន​សុចរិតនោះ យើង​នឹង​ត្រូវ​ធ្វើ​ការថ្កោល​ទោស​ពី​គំនិត ពី​ស្ថានភាព និងពី​មនុស្ស នៅ​ពេញមួយ​ឆាក​ជីវិត​របស់យើង ។ …

… ដោយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង យើងគួរ​ថ្កោល​ទោស​ពី​ស្ថានភាព​របស់​មនុស្ស​ជាជាង​ថ្កោល​ទោស​លើ​បុគ្គល​នោះ​ផ្ទាល់ ។ នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន យើង​គួរតែ​ចៀសវាង​ពី​ការធ្វើ​ថ្កោល​ទោស រហូតទាល់តែយើង​បាន​ដឹង​ការពិត​គ្រប់គ្រាន់​ជា​មុន​សិន ។ ហើយយើងគួរ​ស្ដាប់​តាម​ព្រះវិញ្ញាណបរិសុទ្ធ​ជានិច្ច ជា​អង្គ​ដែល​អាច​ដឹកនាំ​ការសម្រេចចិត្ត​របស់​យើង ។

( Gospel Topics « Judging Others » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះនៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពីការថ្កោល​ទោស​សុចរិត ?

យើង​មិន​គួរ​ផ្តោត​លើ​កំហុស​របស់​អ្នក​ដទៃ​ទេ

ដៃ​កាន់​គ្រាប់ពូជ​ល្អិត​មួយ ។
ធ្នឹម​ដើម​ឈើ​អូក​ចាស់ ឬ​ចុះផ្សាយ​រូបថត​ទល់នឹង​ផ្ទៃ​ខាងក្រោយ​ពណ៌ស ។ ( ត្រង់ )

សូម​អាន ម៉ាថាយ ៧:២–៥ ដោយ​រកមើល​ការបង្រៀន​ផ្សេង​ទៀត​អំពី​ថ្កោល​ទោស ។ នៅក្នុង ខទី ៣ ព្រះអង្គ​សង្គ្រោះ​បាន​សំដៅ​ទៅលើ​កំណាត់ឈើ​ជា កម្ទេច ហើយ​បំណែក​ឈើធំ​មួយ​ជា ធ្នឹម ។

សូម​ពិចារណា​បង្ហាញ​សិស្ស​នូវ​រូបភាព​ដែល​មាន​ទាំង​កម្ទេច និង​ធ្នឹម ។

ម៉្យាងវិញទៀត សូម​យក​កម្ទេច​ឈើ ( ឬ​វត្ថុ​តូច​មួយ​ផ្សេង​ទៀត ) និង​ឈើ​មួយ​ដុំ​ធំ ( ឬ​វត្ថុ​ធំ​មួយ​ផ្សេង​ទៀត ) ។ សូម​អញ្ជើញ​សិស្ស​ពីរនាក់​ឲ្យ​បង្ហាញ​អំពី​រឿង​ប្រៀបប្រដូច​នេះ ដោយឲ្យ​សិស្ស​ម្នាក់ៗ​កាន់វត្ថុ​ទាំងនេះ​មួយ​ដោយ​ប្រុងប្រយ័ត្ន​នៅ​ពី​មុខ​ភ្នែក​របស់​ពួកគេ ។

  • ហេតុអ្វី​វាពិបាក​សម្រាប់​អ្នក​ដែល​មាន​ធ្នឹម​នៅក្នុង​ភ្នែក​របស់​ពួកគេ ដើម្បី​យក​ម្ទេច​ចេញពី​ភ្នែក​របស់​អ្នកដទៃ ?

  • តើ​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​កំពុងតែ​បង្រៀន​អំពី​អ្វី តាមរយៈ​ការប្រៀបធៀប​ធ្នឹម និង​កម្ទេច​នេះ ?

សិស្ស​អាច​រកឃើញ​គោលការណ៍​មួយ​ចំនួន​ដូចខាងក្រោម ៖

របៀប​ដែល​យើង​ថ្កោល​ទោស​អ្នកដទៃ មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​នឹង​ត្រូវ​បានថ្កោល​ទោស​ដោយ​ព្រះអង្គ​សង្គ្រោះ ។

ប្រសិនបើ​យើង​ផ្តោតលើ​ការមើលឃើញ និង​ការប្រែចិត្ត​ពី​អំពើបាប និង​ភាពទន់ខ្សោយ​របស់​យើង នោះ​យើង​នឹង​មិន​ងាយកាត់​សេចក្ដី​អ្នកដទៃ​ដោយ​មិន​សុចរិតនោះ​ទេ ។

បន្ទាប់ពី​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ផ្ទាល់ នោះ​យើង​អាច​ជួយ​អ្នក​ដទៃ​បាន​កាន់តែ​ប្រសើរ ។

នៅពេល​សិស្ស​និយាយ​ពី​គោលការណ៍​ទាំងនេះ ឬ​គោលការណ៍​ផ្សេងទៀត សូម​សរសេរ​វា​នៅលើ​ក្ដារខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ។

  • ហេតុអ្វី​ការបង្រៀន​ទាំងនេះ​សំខាន់​ដែល​យើង​ត្រូវ​ចងចាំ ?

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូ​វគ្រីស្ទ ចេញពី​ការបង្រៀន​ទាំងនេះ ?

ដើម្បី​មើល​ការបង្ហាញ​មួយទៀត​អំពី​សេចក្ដីពិត​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន សូមមើល​វីដេអូ « Looking through Windows » ( ២:១៩ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • ហេតុអ្វី​ពេលខ្លះ​វា​អាច​ពិបាក​ក្នុងការ​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ​អំពី​ការថ្កោល​ទោស ?

  • តើ​អ្នក​អាច​អញ្ជើញ​ឲ្យ​មាន​ជំនួយ​ពី​ព្រះវរបិតា​របស់​អ្នក​ដែល​គង់នៅ​ស្ថានសួគ៌ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជួយ​អ្នក​ឲ្យអនុវត្ត​តាម​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក​យ៉ាងដូចម្តេច ?

អនុវត្ត​តាម​គោលការណ៍​នៃ​ការថ្កោល​ទោស​ដោយ​សុចរិត

សូម​ជ្រើសរើស​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំងឡាយ​នៅ​ដើម​មេរៀន ឬ​គិត​អំពី​ស្ថានភាព​មួយ​ដែល​ស្រដៀងគ្នា ។

សូម​ពិចារណា​ចែក​សិស្ស​ជា​ដៃគូ ឬ​ក្រុមតូចៗ​សម្រាប់​សកម្មភាព​នេះ ។ សូម​ដើរមើល​ក្រុម​នីមួយៗ​ត្រួសៗ ដោយ​ចូលរួម​ក្នុង​ការពិភាក្សា​របស់​ពួកគេ​តាម​ការគួរ ។

  • តើ​អ្នក​ជ្រើសរើស​យក​ស្ថានភាព​មួយណា ?

  • តើ​អ្នក​គួរ​ធ្វើ​ការថ្កោល​ទោស​សុចរិត​អ្វីខ្លះ​អំពី​ស្ថានភាព​នេះ ?

  • តើ​អ្នក​គួរ​ប្រយ័ត្នប្រយែង​អ្វីខ្លះ​អំពី​ការថ្កោល​ទោស ?

  • ដោយ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​អាច​ថ្កោល​ទោស​ដោយ​យុត្តិធម៌ និង​ដោយ​មេត្តាករុណា​បាន​យ៉ាង​ដូចម្តេច ?

  • តើ​ការចងចាំ​អំពី​អំពើបាប និង​ភាពទន់ខ្សោយ​របស់អ្នក​ផ្ទាល់​អាច​ជួយ​ក្នុង​ស្ថានភាព​បែបនេះ​បាន​យ៉ាងដូចម្តេច ?

សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​យោបល់​របស់ពួកគេ ។ សូម​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នូវ​ចម្លើយ​របស់​សិស្ស ដើម្បី​វាយតម្លៃ​ថា តើ​ពួកគេ​បាន​រៀនច្រើន​ប៉ុនណាហើយ ។

ពេលខ្លះ​មនុស្ស​សន្មត​ថា ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះនៅក្នុង ម៉ាថាយ ៧:១–៥ មានន័យ​ថា យើង​មិន​គួរធ្វើ​ការថ្កោល​ទោស​ទេ ។ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធាន​ទីមួយ​បាន​បញ្ជាក់​ថា មាន​ការថ្កោល​ទោស​មួយចំនួន​ដែល​យើង​ត្រូវបាន​លើកទឹក​ចិត្ត​ឲ្យ​ធ្វើ ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ការថ្កោល​ទោស​មាន​ពីរ​ប្រភេទ ៖ ការជំនុំ​ជម្រះ​ចុង​ក្រោយ​បំផុត ដែល​យើង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ និង​ការថ្កោល​ទោស​កម្រិត​មធ្យម ដែល​យើង​ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ ប៉ុន្តែ​ដោយ​ផ្អែកលើ​គោលការណ៍​ដ៏​សុចរិត ។ …

… ចូរ​យើង​ពិចារណា​អំពី​គោលការណ៍ ឬ​គ្រឿង​ផ្សំ​មួយ​ចំនួន​ដែល​នាំ​ទៅរក « ថ្កោល​ទោស​សេចក្ដីសុចរិត » ។

ទីមួយ តាម​និយមន័យ ការថ្កោល​ទោស​ដ៏​សុចរិត​មួយ​ត្រូវតែ​នៅកម្រិត​មធ្យម ។ វា​នឹង​រារាំងពី​ការប្រកាស​ថា បុគ្គល​ម្នាក់​ត្រូវបានធានា​ឲ្យ​បាន​ភាពតម្កើង​ឡើង ឬ​វា​រារាំង​ពី​ការបណ្ដេញ​បុគ្គល​ម្នាក់​ចេញ ដោយ​ថា​គេ​ត្រូវ​ធ្លាក់​នរក​ជារៀង​រហូត ។ …

ទីពីរ ការថ្កោល​ទោស​ដ៏​សុចរិត​មួយ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ​អម្ចាស់ មិនមែន​ដោយ​កំហឹង ការសងសឹក ការច្រណែន​ឈ្នានីស ឬ​ការគិតតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ។ …

ទីបី ដើម្បី​មាន​សុចរិតភាព ការថ្កោល​ទោស​កម្រិត​មធ្យម​ត្រូវស្ថិត​នៅក្នុង​ការត្រួតត្រា​របស់​យើង ។ យើង​មិនគួរ​សន្មត​ឲ្យ​អនុវត្ត និង​ធ្វើ​ការថ្កោល​ទោស​ដែល​នៅក្រៅ​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​ឡើយ ។ …

ទីបួន ប្រសិនបើ​អាច យើង​គួរតែ ចៀសវាង​ពី​ការថ្កោល​ទោស រហូត​ដល់​យើង​បាន​ដឹង​គ្រប់គ្រាន់​អំពី​អង្គហេតុ​សិន ។ …

គោលការណ៍ ទី​ប្រាំ នៃ​ការថ្កោល​ទោស​កម្រិត​មធ្យម​ដ៏​សុចរិត​គឺ​ថា នៅពេល​ណា​ដែល​អាច​ធ្វើ​ទៅ​រួច យើង​នឹង​ចៀស​វាងពី​ការថ្កោល​ទោស​មនុស្ស ហើយ​គ្រាន់តែ​ថ្កោល​ទោស​ស្ថានភាព​ប៉ុណ្ណោះ ។

( ដាល្លិន អេក អូក « Judge Not › and Judging » Ensign ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ៧, ៩–១១ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរដំបូង ។ សំណួរ​ផ្សេង​ទៀត​ដែល​មាន​បន្ដ​ទៀត អាច​ត្រូវ​បាន​ពិភាក្សា​ជា​ថ្នាក់ ឬ​សិស្ស​អាច​ឆ្លើយតប​នឹង​សំណួរ​ទាំង​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ។

  • តើ​ខ្ញុំ​គួរ​ធ្វើ​ការថ្កោល​ទោស​បែបណា ហើយ​តើ​ខ្ញុំ​គួរ​ប្រយ័ត្ន​មិន​ធ្វើ​ការថ្កោល​ទោស​មួយណា ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​នៅក្នុង​មេរៀន​នេះ​អំពី​ការថ្កោល​ទោស​សុចរិត ? តើ​អ្វី​ដែល​អ្នក​បានរៀន អាច​ជួយ​អ្នក​ឲ្យ​មើលឃើញ​អ្នកដទៃ និង​ខ្លួន​អ្នក​កាន់តែ​ខ្លាំង​ឡើង ដូចជា​ព្រះអង្គសង្គ្រោះ​ទត​មើល​មក​ពួកយើង​យ៉ាងដូចម្តេច ?

  • តើ​សំណួរ​របស់​អ្នក​អំពី​ការថ្កោល​ទោស​ត្រូវ​បានឆ្លើយតប​យ៉ាងដូចម្តេច ? ប្រសិនបើ​អ្នក​មាន​សំណួរ​ដែល​មិនទាន់​មាន​ចម្លើយ សូមតាំងចិត្ត​បន្ត​ការសិក្សា​របស់​អ្នក ហើយ​ស្វែងរក​ចម្លើយ​ពីព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​អ្វី​ទៅ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ថ្កោល​ទោស​អ្នកដទៃ​នៅក្នុង​ជីវិត​របស់អ្នក​កាន់តែ​តិច ?

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​ការថ្កោល​ទោស​ដោយ​សុចរិត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

តើ​ព្រះ​ទតមើលឃើញ​បុត្រាបុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ៖

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព ពី​ព្រោះ​យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ យើង​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ការបញ្ចូល​សេចក្តីពិត​នេះ​គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ។ បងប្អូន​ប្រុសស្រី សូម​ស្តាប់​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ថ្លែង​នៅពេល​បន្តិច​ទៀត​នេះ ។ ព្រះ​ពុំ​បាន​សព្វព្រះទ័យ​ពូជ​សាសន៍​មួយ ជាង​ពូជសាសន៍​មួយ​ទៀត​នោះ​ទេ ។ គោលលទ្ធិ​របស់​ទ្រង់​អំពី​បញ្ហា​នេះ​គឺ​ច្បាស់លាស់​ណាស់ ។ ទ្រង់​អញ្ជើញ​មនុស្ស ទាំងអស់ ឲ្យ​មក​រកទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » [ នីហ្វៃទី២ ២៦:៣៣ ] ។

( រ័សុល អិម ណិលសុន « Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ )

តើ​ការអភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ជះឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ថ្កោល​ទោស​ដោយ​របៀប​ណា ?

អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ការធ្វើ​ដូចជា​ព្រះគ្រីស្ទ ដែល​អាច​ជួយ​យើង​ឲ្យថ្កោល​ទោស​ដោយ​សុចរិត ។

រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ដើម្បី​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ មនុស្ស​ម្នាក់​ត្រូវ​ស្រឡាញ់​សេចក្តី​មេត្តាករុណា ។ មនុស្ស​ដែល​ស្រឡាញ់សេចក្តី​មេត្តាករុណា​គឺ​ពុំ​គិត​ថ្កោល​ទោស​អ្នក​ដទៃ​ទេ ពួកគេ​បង្ហាញ​ការអាណិត​អាសូរ​ចំពោះ​អ្នកដទៃ ជា​ពិសេស​ចំពោះ​អ្នក​ទាំងឡាយ​ដែល​មាន​ភ័ព្វ​វាសនា​ទន់ទាប ពួកគេ​មាន​ចិត្ត​ល្អ សប្បុរស និង​ថ្លៃថ្នូរ ។ បុគ្គល​ទាំង​នេះ​ប្រព្រឹត្ត​ចំពោះ​អ្នក​គ្រប់​គ្នា​ដោយ​ក្តី​ស្រឡាញ់ និង​ការយល់ដឹង ដោយ​មិន​គិត​ពី​លក្ខណៈ​ផ្សេងៗ​ដូច​ជា ពូជសាសន៍ ភេទ សម្ព័ន្ធ​សាសនា និន្នាការ​ផ្លូវភេទ ស្ថានភាព​សេដ្ឋកិច្ច​សង្គម និង​កុលសម្ព័ន្ធ បក្ស​សម្ព័ន្ធ ឬ​ជាតិ​សាសន៍​ខុសគ្នា​នោះ​ទេ ។ អ្វីៗ​ទាំង​នេះ​ត្រូវ​បាន​ជំនួស​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។

( ឌេល ជី រេនឡាន់ « Do Justly, Love Mercy, and Walk Humbly with God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១១ )

សកម្មភាព​រៀនសូត្រ​បន្ថែម

វីដេអូ​របស់​សាសនាចក្រ​ស្តីពី​ការកាត់​សេចក្តី

វីដេអូ​ខាងក្រោម​នេះ​អាច​បន្ថែម​ភាពខុសគ្នា​នៅក្នុង​ការបង្រៀន​មេរៀន​នេះ អំពី​ការធ្វើ​ការថ្កោល​ទោស​សុចរិត ។ វីដេអូ​ទាំងពីរនេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

« Judging Others? Stop It! » ( ៣:១៨ )—ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « នៅពេល​និយាយ​អំពី​ការស្អប់ ការនិយាយ​ដើម​គេ ការមិន​អើពើ ការសើចចំអក​មើលងាយ ការចង​គំនុំ ឬ​ការចង់​បង្ក​អន្តរាយ សូម​អនុវត្ត​ដូច​នេះ ៖ សូម​បញ្ឈប់​ការធ្វើ​ដូច្នេះ ! »

3:18

« Am I Good Enough? » ( ៣:២៨ )—អែលឌើរ ជេ ដេវណ៍ ខួនីស្ស ក្នុង​ពួកចិតសិប​នាក់​បាន​និយាយ​ថា « យើង​កាត់​សេចក្ដី​អំពីតម្លៃ​ខ្លួនឯង​ខុសឆ្គង ពេល​យើង​កាត់សេចក្ដី​ដោយ​ផ្អែកលើ អ្វី ដែល​យើង​មាន ឬ​មិន​មាន និង​ដោយ គំនិត​របស់​អ្នកដទៃ » ។

3:28