រ៉ូម ៨:១៨–៣៩
« សេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទ »
តើអ្នកធ្លាប់បានល្បួងឲ្យឆ្ងល់ថា តើព្រះយកព្រះទ័យទុកដាក់ចំពោះអ្នកក្នុងអំឡុងស្ថានភាពតានតឹង ស្ថានភាពអយុត្តិធម៌ ឬស្ថានភាពពិបាកដែរឬទេ ? សំបុត្ររបស់ប៉ុលទៅកាន់ពួកបរិសុទ្ធនៅរ៉ូម ដែលខ្លះត្រូវរងការសាកល្បងដ៏គួរឲ្យរន្ធត់ រួមមានសារលិខិតលួងលោមសម្រាប់នរណាម្នាក់ដែលរងទុក្ខ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថាមានក្តីសង្ឃឹម និងការលួងលោមតាមរយៈសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកប្រឈមមុខនឹងការសាកល្បង និងភាពមិនច្បាស់លាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងចេញវេជ្ជបញ្ជាអ្វីខ្លះ ?
សូមគិតអំពីអ្វីដែលវេជ្ជបណ្ឌិតអាចណែនាំដើម្បីជួយ ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម ៖
-
ជំងឺក្រពះ
-
បាក់ម្រាមជើង
-
ជំងឺឈឺក្បាលប្រកាំង
-
ជំងឺផ្ដាសាយ
សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើដំបូន្មានជាក់លាក់ណាមួយអាចផ្តល់ឲ្យសម្រាប់ស្ថានភាពជំងឺនីមួយៗ ?
-
តើដំបូន្មានទូទៅអ្វីខ្លះដែលអាចជួយព្យាបាលគ្រប់ស្ថានភាពជំងឺទាំងនោះ ?
ជាការពិតណាស់ មិនមែនគ្រប់ការសាកល្បងទាំងអស់សុទ្ធតែមានលក្ខណៈខាងរូបរាងកាយនោះទេ ។ មនុស្សជាច្រើនបានរងទុក្ខដោយបញ្ហាប្រឈមខាងផ្លូវចិត្ត អារម្មណ៍ និងខាងវិញ្ញាណ ។ ព្រះអង្គសង្គ្រោះរបស់យើងញាណដឹងពីរបៀបជួយ និងពង្រឹងយើងម្នាក់ៗ ទោះបីជាយើងកំពុងជួបបញ្ហាអ្វីក៏ដោយ ។ ខណៈពេលដែលការសាកល្បងរបស់មនុស្សម្នាក់ៗមានលក្ខណៈពិសេស ព្រះបានបង្រៀនយើងអំពីសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ដែលអាចជួយ និងសម្រាលទុក្ខយើងក្នុងស្ថានភាពលំបាកណាមួយ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមធ្វើបញ្ជីខ្លីៗនៃការសាកល្បងដែលអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកត្រូវការជំនួយ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្តីសង្គ្រោះ ដែលជួយអ្នកឲ្យឆ្លងកាត់ការសាកល្បងទាំងនេះ ? តើចំណេះដឹងនោះបានជួយអ្នកយ៉ាងដូចម្ដេច ?
ខណៈពេលដែលទីបន្ទាល់របស់អ្នកមិនកាត់បន្ថយការពិត ការឈឺចាប់ ឬការលំបាកនៃការសាកល្បងដែលអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកជួបប្រទះនោះ តែវាអាចផ្តល់នូវក្តីសង្ឃឹម ការលួងលោម និងទស្សនវិស័យដ៏នៅអស់កល្បជានិច្ចក្នុងអំឡុងពេលនៃការសាកល្បងទាំងនោះបាន ។
រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីប៉ុលបានផ្ញើសំបុត្ររបស់លោកទៅកាន់ពួករ៉ូម នោះពួកបរិសុទ្ធនៅរ៉ូមបានរងទុក្ខនឹងការបៀតបៀននានាដ៏គួរឲ្យរន្ធត់ ។ សូមអាន រ៉ូម ៨:១៨, ២៤–២៥, ២៨, ៣១–៣៩ ហើយគូសសម្គាល់ឃ្លានីមួយៗដែលអ្នកជឿថាអាចជួយ ឬលួងលោមនរណាម្នាក់បាន មិនថាពួកគេមានទុក្ខលំបាកអ្វីឡើយ ។
-
សូមកត់ត្រាឃ្លាមួយចេញពីខគម្ពីរទាំងនេះ ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ ។ ហេតុអ្វីអ្នកជ្រើសរើសឃ្លានោះ ?
-
សូមកត់ត្រាពីរបៀបដែលការដឹងពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងឃ្លានោះអាចជួយអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកដែលមានទុក្ខលំបាកណាមួយរបស់ពួកគេ ។
-
សូមពិចារណាទន្ទេញឃ្លាដែលអ្នកបានជ្រើសរើស ។ អ្នកក៏អាចបង្កើតការជូនដំណឹងប្រចាំថ្ងៃអំពីឃ្លានេះនៅលើឧបករណ៍អេឡិចត្រូនិច ឬសរសេរវាទុក ហើយដាក់វានៅកន្លែងដែលអ្នកនឹងឃើញវាជារៀងរាល់ថ្ងៃសម្រាប់រយៈពេលជាច្រើនថ្ងៃបន្ទាប់ផងដែរ ។
សេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ឃ្លាមួយដែលអ្នកអាចនឹងគូសសម្គាល់ក្នុងខគម្ពីរទាំងនេះបង្រៀនពីសេចក្ដីពិតថា « [ គ្មានអ្វីអាច ] នឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ » បានឡើយ ( រ៉ូម ៨:៣៩ ) ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យអ្នកដឹងថាទ្រង់ទាំងទ្វេស្រឡាញ់អ្នក ។ ទ្រង់ទាំងទ្វេបង្ហាញសេចក្ដីស្រឡាញ់នោះតាមរយៈសកម្មភាព និងព្រះបន្ទូល ។
-
យោងតាម រ៉ូម ៨:៣២ តើព្រះវរបិតាសួគ៌បានធ្វើអ្វីខ្លះ ដើម្បីបង្ហាញថាទ្រង់ស្រឡាញ់អ្នក ?
សូមអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលមាននៅក្នុង យ៉ូហាន ៣:១៦ ហើយកត់ចំណាំពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីហេតុផលរបស់ព្រះវរបិតាសួគ៌ក្នុងការបញ្ជូនព្រះរាជបុត្រាទ្រង់មកផែនដី ។ អ្នកអាចនឹងចង់ភ្ជាប់សេចក្តីយោងឆ្លង ឬភ្ជាប់វគ្គបទគម្ពីរនេះទៅ រ៉ូម ៨:៣២ ។
ព្រះទ័យរបស់ព្រះអង្គសង្គ្រោះក្នុងការធួនសម្រាប់អំពើបាបរបស់យើងក៏ជាភស្ដុតាងនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងដែរ ( សូមមើល រ៉ូម ៨:៣៤–៣៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:១–៣ ) ។
-
តើពេលណាដែលអ្នកទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរបស់អ្នក ? តើសេចក្ដីស្រឡាញ់របស់ពួកទ្រង់បានជួយអ្នកឲ្យឆ្លងកាត់ទុក្ខវេទនាតាមរបៀបណា ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រានូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលអ្នកចង់ចងចាំ ។ អ្នកក៏អាចពិចារណាសរសេរសារខ្លីៗ ហើយផ្តល់ឲ្យសមាជិកគ្រួសារ ឬមិត្តភក្តិ ដែលអាចទទួលបានអត្ថប្រយោជន៍ពីអ្វីដែលអ្នកបានរៀន ឬបានទទួលអារម្មណ៍នៅថ្ងៃនេះផងដែរ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើវាមានន័យយ៉ាងណាដែលថាការរងទុក្ខដែលយើងឆ្លងកាត់លើផែនដីនេះជា « សេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្ដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ » ? ( រ៉ូម ៨:១៨ )
ស៊ីស្ទើរ លីនដា អេស រីវស៍ ជាអតីតទីប្រឹក្សានៃគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀន ៖
ខ្ញុំមិនដឹងថា ហេតុអ្វីយើងមានការសាកល្បងច្រើនដូច្នេះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ផ្ទាល់ខ្លួនថា រង្វាន់មានសន្ធឹកណាស់ វានៅអស់កល្ប និងជានិរន្ដរ ពេញដោយអំណរ ហើយហួសពីការយល់ដឹងរបស់យើងនៅក្នុងថ្ងៃនៃការទទួលរង្វាន់នោះ យើងអាចមានអារម្មណ៍ចង់ទូលទៅព្រះវបិតាជាទីស្រឡាញ់ ប្រកបដោយព្រះគុណ និងក្ដីសប្បុរសរបស់យើងថា « ត្រូវធ្វើ តែ ប៉ុណ្ណឹងឬ ? » ខ្ញុំជឿថា ប្រសិនបើយើងចងចាំ ហើយទទួលស្គាល់ជម្រៅនៃក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ដែលមានចំពោះយើងប្រចាំថ្ងៃ នោះយើងនឹងមានឆន្ទៈធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីត្រឡប់ទៅទីវត្តមានទ្រង់វិញម្ដងទៀត ដែលមានពេញដោយក្ដីស្រឡាញ់ដ៏នៅអស់កល្បជានិច្ចរបស់ពួកទ្រង់ ។ តើអ្វីដែលយើងបានរងទុក្ខនៅទីនេះនឹងសំខាន់យ៉ាងណា …បើនៅទីបំផុត ការសាកល្បងទាំងនោះគឺជារឿងដែលធ្វើឲ្យយើងស័ក្ដិសមចំពោះជីវិតអស់កល្បជានិច្ច និងភាពតម្កើងឡើងនៅក្នុងនគរនៃព្រះជាមួយព្រះវរបិតា និងព្រះអង្គសង្គ្រោះរបស់យើងនោះ ?
( លីនដា អេស រីវស៍ន « Worthy of Our Promised Blessings » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១ )
តើការសាកល្បងរបស់យើងអាច « ផ្សំគ្នាសម្រាប់ជាសេចក្ដីល្អដល់ [ យើង ] » យ៉ាងដូចម្តេច ? ( រ៉ូម ៨:២៨ )
អែលឌើរ ជេមស៍ ប៊ី ម៉ាទីណូ បានថ្លែង ៖
ព្រះវរបិតាសួគ៌យើង ដែលស្រឡាញ់យើងអស់ពីព្រះទ័យ និងឥតខ្ចោះ បានអនុញ្ញាតឲ្យយើងមានបទពិសោធន៍ដែលនឹងអនុញ្ញាតឲ្យយើងអភិវឌ្ឍលក្ខណៈ និងគុណលក្ខណៈដែលយើងត្រូវការដើម្បីប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។ ការសាកល្បងរបស់យើងកើតឡើងតាមទម្រង់ជាច្រើន ប៉ុន្តែវានឹងអនុញ្ញាតឲ្យយើងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ពេលយើងរៀនស្គាល់ពីសេចក្ដីល្អដែលកើតចេញពីបទពិសោធន៍នីមួយៗ ។ ពេលយើងយល់ដឹងពីគោលលទ្ធិនេះ នោះយើងទទួលបានការបញ្ជាក់ដ៏ធំធេងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៃយើង ។ យើងមិនអាចដឹងនៅក្នុងជីវិតនេះថា តើហេតុអ្វីបានជាយើងជួបប្រទះនូវរឿងទាំងនោះឡើយ ប៉ុន្តែយើងអាចមានអារម្មណ៍ជឿជាក់ថា យើងអាចទទួលបានការរីកចម្រើនចេញពីបទពិសោធន៍នោះបាន ។
( ជេមស៍ ប៊ី ម៉ាទីណូ « All Things Work Together for Good » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១០១ )
តើវាមានន័យយ៉ាងណាដែលថាគ្មានអ្វីអាច « ពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ » បានឡើយ ? ( រ៉ូម ៨:៣៩ )
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានថ្លែង ៖
ព្រះវរបិតាសួគ៌របស់អ្នកស្រឡាញ់អ្នក—គឺអ្នកគ្រប់គ្នា ។ ក្ដីស្រឡាញ់នោះមិនផ្លាស់ប្ដូរឡើយ ។ វាពុំមែនមានឥទ្ធិពលតាមរូបរាង ទ្រព្យសម្បត្តិ ឬប្រាក់ដែលអ្នកមានក្នុងគណនីធនាគារអ្នកឡើយ ។ វាមិនផ្លាស់ប្ដូរតាមទេពកោសល្យ និងសមត្ថភាពអ្នកឡើយ ។ វាកើតមានយ៉ាងសាមញ្ញ ។ វាកើតមានសម្រាប់អ្នក ពេលអ្នកសោកសៅ ឬរីករាយ បាក់ទឹកចិត្ត ឬមានសង្ឃឹម ។ ក្ដីស្រឡាញ់ព្រះមានចំពោះអ្នក មិនថាអ្នកដឹងថាអ្នកគួរទទួលបានក្ដីស្រឡាញ់ ឬក៏អត់នោះទេ ។ វាតែងមានជានិច្ច ។
( ថូម៉ាស អេស ម៉នសុន « We Never Walk Alone » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២៣–២៤ )
ដោយសារព្រះពេញដោយសេចក្ដីស្រឡាញ់ជាខ្លាំង តើទ្រង់នឹងសង្គ្រោះអ្នករាល់គ្នាដោយមិនគិតពីជម្រើសរបស់ពួកគេដែរឬទេ ?
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះដូចខាងក្រោមនេះ ៖
សេចក្ដីស្រឡាញ់របស់ [ ព្រះ ] បានពិពណ៌នានៅក្នុងព្រះគម្ពីរថាជា « សេចក្ដីស្រឡាញ់ដ៏ធំ និងអស្ចារ្យ » « សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ » « សេចក្ដីស្រឡាញ់ដ៏ប្រោសលោះ » និង «សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប » ។ ទាំងនេះគឺជាពាក្យដែលល្អប្រសើរជាង ពីព្រោះពាក្យ ឥតលក្ខខណ្ឌ អាចបង្វែរចំណាប់អារម្មណ៍អំពីសេចក្ដីស្រឡាញ់នៃព្រះដោយខុសឆ្គង ដូចជាព្រះអត់ធ្មត់ ហើយលើកលែងឲ្យអ្វីៗដែលយើងធ្វើ ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ឬព្រះពុំតម្រូវអ្វីពីយើងទេ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ឬមនុស្ស ទាំងអស់ ត្រូវបានសង្គ្រោះនៅក្នុងនគរស្ថានសួគ៌នៃព្រះ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ។ សេចក្ដីស្រឡាញ់របស់ព្រះគឺឥតព្រំដែន ហើយនឹងមានជារៀងរហូត ប៉ុន្តែវាមានន័យបែបណាចំពោះយើងម្នាក់ៗនោះគឺអាស្រ័យលើរបៀបដែលយើងឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះ ។
( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨ )