រ៉ូម ៧–១២
« មានព្រះដ៏ប្រោសឲ្យរួច … នឹងបង្វែរសេចក្តីទមិលល្មើស »
ពេលខ្លះក្នុងដំណើរជីវិតរបស់យើង យើងអាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត ឬតានតឹងពេលយើងប្រាចាកពីបុគ្គលដែលយើងគួរតែប្រែក្លាយជា ។ ដោយមានអារម្មណ៍ស្មុគស្មាញស្រដៀងគ្នានេះ សាវកប៉ុលបានពោលថា « វេទនាណាស់ខ្ញុំ ! » ( រ៉ូម ៧:២៤ ) ។ ទោះបីជាមានភាពទន់ខ្សោយដែលយើងដកពិសោធន៍នៅក្នុងជីវិតរមែងស្លាប់ក៏ដោយ ក៏យើងអាចដកពិសោធន៍នូវក្តីសង្ឃឹម និងសេចក្ដីសុខសាន្តបានដែរ នៅពេលយើងដាក់សេចក្តីទុកចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងជួយអ្នកឲ្យអនុវត្តសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការដោះស្រាយភាពទន់ខ្សោយនៃជីវិតរមែងស្លាប់
ទ្រី គឺជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់ចង់ដើរតាមព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែមានអារម្មណ៍ថាភាគច្រើនគាត់ធ្វើមិនបានល្អដូចដែលគាត់គួរធ្វើនោះទេ ។ ជារឿយៗ គាត់មានអារម្មណ៍ថាមានកំហុសដោយសារតែភាពទន់ខ្សោយរបស់គាត់ និងបារម្ភថាគាត់ប្រហែលជាមិនល្អគ្រប់គ្រាន់ ។
សូមគិតអំពីរបៀបដែលពេលខ្លះអ្នកអាចមានអារម្មណ៍ស្រដៀងនឹង ទ្រី ។
-
តើអារម្មណ៍ទាំងនេះអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ក៏ដូចជាជាមួយមនុស្សផ្សេងទៀតយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីស្វែងរកជំនួយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើភាពទន់ខ្សោយ និងភាពមិនល្អឥតខ្ចោះរបស់អ្នក ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះអម្ចាស់យល់ពីភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់របស់យើង ។ យើងទាំងអស់គ្នាស្ទាក់ស្ទើរពេលខ្លះ ។ ប៉ុន្តែទ្រង់ក៏ស្គាល់សក្ដានុពលដ៏អស្ចារ្យរបស់យើងផងដែរ » ( « Christ Is Risen; Faith in Him Will Move Mountain » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២ ) ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមចងចាំពីអ្វីដែលប្រធាន ណិលសុន បានបង្រៀន ហើយរកមើលសេចក្ដីពិតដែលអាចជួយអ្នកបាន នៅពេលអ្នកស្គាល់ភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់ ។ សូមសញ្ជឹងគិតពីរបៀបដែលសេចក្តីពិតទាំងនេះអាចបង្កើនសេចក្តីជំនឿរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកបាន ។
សាវកប៉ុលក៏បានដកពិសោធន៍នូវអារម្មណ៍ទន់ខ្សោយ និងពុះពាររវាង « សាច់ឈាម » ( រ៉ូម ៧:១៨ ) ឬ ចំណង់ខាងរូបកាយ និង « តាមប៉ែកខាងក្នុង » ( ខទី ២២ ) ឬខាងវិញ្ញាណ ។
សូមអាន រ៉ូម ៧:១៤, ១៨–១៩, ២៤–២៥ និងការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ខគម្ពីរទាំងនេះដែលមាននៅក្នុង ការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ។ សូមរកមើលពាក្យ និងឃ្លាដែលពិពណ៌នាអំពីគំនិត និងអារម្មណ៍របស់ប៉ុល ។ សូមពិចារណាគូសសម្គាល់អ្វីដែលអ្នករកឃើញ ។ សូមកំណត់ចំណាំថា នៅក្នុង ខទី ២៤ « សេចក្ដីស្លាប់នេះ » សំដៅទៅលើសេចក្ដីស្លាប់ខាងវិញ្ញាណ ឬការញែកចេញពីព្រះដែលកើតឡើងដោយសារអំពើបាប ។
-
តើគំនិត និងអារម្មណ៍របស់ប៉ុលស្រដៀងនឹងអ្វីដែលអ្នកធ្លាប់មានយ៉ាងណា ?
-
តើប៉ុលបានបង្រៀនសេចក្ដីពិតអ្វីខ្លះ ?
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញពីខគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទអាចរំដោះយើងពីការជាប់ឃុំឃាំងនៃអំពើបាបបាន ។ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតនេះនៅជិត រ៉ូម ៧:២៤–២៥ ។
-
ដូចអ្វីដែលបានកើតឡើងចំពោះប៉ុល ហេតុអ្វីបានជាការចងចាំសេចក្ដីពិតនេះ នៅពេលដែលអ្នកកំពុងតស៊ូជាមួយនឹងភាពទន់ខ្សោយរបស់អ្នក អាចជួយអ្នកឲ្យមានអារម្មណ៍សង្ឃឹមកាន់តែខ្លាំង ?
ព្រះគម្ពីរមរមនគឺជាឧបករណ៍ដ៏មានអានុភាពដែលយើងអាចប្រើដើម្បីពង្រឹងការយល់ដឹងរបស់យើងអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ( សូមមើល នីហ្វៃទី១ ១៣:៤០ ; នីហ្វៃទី២ ៣:១២ ) ។
ឧទាហរណ៍នៅក្នុង នីហ្វៃ ទី២ ៤ នីហ្វៃបានចែកចាយការបង្រៀននានាដែលស្រដៀងគ្នាទៅនឹងការបង្រៀនដែលអ្នកទើបតែបានសិក្សាពីប៉ុលនៅក្នុង រ៉ូម ៧ ។ សូមជ្រាបថា លេខយោងនៅក្នុងរ៉ូម ៧ មាននូវសេចក្តីយោងឆ្លងទៅនឹងនីហ្វៃទី ២ ៤ ។ ការប្រើលេខយោងអាចវិធីដ៏មានសារៈប្រនឹយោជន៍ដើម្បីស្វែងរកវគ្គបទគម្ពីរមរមនដែលទាក់ទងនឹងអ្វីដែលអ្នកកំពុងសិក្សានៅក្នុងព្រះគម្ពីរប៊ីប ។
សូមអាន នីហ្វៃទី២ ៤:១៧–២០, ២៦–៣២ ដោយរកមើលពីរបៀបដែលនីហ្វៃបានបង្ហាញពីអារម្មណ៍ស្រដៀងទៅនឹងអារម្មណ៍របស់ប៉ុល ។
-
តើពាក្យ ឬឃ្លាណាមួយរបស់នីហ្វៃមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?
-
តើការបង្រៀនរបស់នីហ្វៃអាចជួយអ្នកឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកកំពុងតស៊ូជាមួយនឹងភាពទន់ខ្សោយ ឬការសង្ស័យលើខ្លួនឯងដោយរបៀបណា ?
ការប្រើប្រាស់ព្រះគម្ពីរមរមនដើម្បីយល់កាន់តែប្រសើរពីសេចក្ដីពិត
ដូចដែល នីហ្វៃ ទី២ ៤ បានពង្រឹងការសិក្សារបស់អ្នកអំពីការបង្រៀនរបស់ប៉ុលនៅក្នុង រ៉ូម ៧ នោះវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនជាច្រើនទៀតក៏អាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងកោតសរសើរដល់ការបង្រៀនរបស់ប៉ុលផងដែរ ។
សូមអនុវត្តការប្រើព្រះគម្ពីរមរមន ដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីការបង្រៀនរបស់ប៉ុល ដោយជ្រើសរើសវគ្គបទគម្ពីរពីរ ឬច្រើនដូចខាងក្រោមចេញពីរ៉ូមយកមកអាន ។ បន្ទាប់មក សូមប្រៀបធៀបវាជាមួយនឹងវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនដែលទាក់ទងគ្នា ( ឬស្វែងរកវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនដែលទាក់ទងគ្នារបស់អ្នកដោយប្រើប្រាស់ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ សូមរកមើលពីរបៀបដែលវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនបញ្ជាក់ ឬបំភ្លឺសេចក្ដីពិតនានាដែលបានបង្រៀននៅក្នុងរ៉ូម ។
រ៉ូម |
ព្រះគម្ពីរមរមន |
-
តើវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនពង្រឹងការយល់ដឹងរបស់អ្នកអំពីការបង្រៀនរបស់ប៉ុលនៅក្នុងគម្ពីររ៉ូមដោយរបៀបណា ?
សូមសញ្ជឹងគិតពីបទពិសោធន៍របស់អ្នក ដែលបានឃើញពីរបៀបដែលព្រះគម្ពីរមរមនអាចជួយអ្នកក្នុងការសិក្សាព្រះគម្ពីររបស់អ្នកបាន ។ សូមព្យាយាមប្រើព្រះគម្ពីរមរមនដើម្បីជួយអ្នក នៅពេលអ្នកបន្តការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាថ្មី ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យយកឈ្នះលើភាពទន់ខ្សោយរបស់ខ្ញុំក្នុងជីវិតរមែងស្លាប់ដោយរបៀបណា ?
កាលកំពុងបម្រើក្នុងគណៈប្រធានទីមួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀន ៖
មនុស្សជាច្រើនបាក់ទឹកចិត្តពីព្រោះពួកគេបន្តទទួលការបរាជ័យ ។ ពួកគេដឹងដោយខ្លួនឯងថា « ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ » [ ម៉ាថាយ ២៦:៤១ ] ។ ពួកលោកថ្លែងឡើងជាមួយពួកនីហ្វៃថា « ឯព្រលឹងខ្ញុំព្រួយដោយព្រោះសេចក្ដីទុច្ចរិតទាំងឡាយរបស់ខ្ញុំ » [ នីហ្វៃទី២ ៤:១៧ ] ។ …
ពេលខ្ញុំគិតពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើពីមុនថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ខ្ញុំចង់បន្លឺសំឡេង ហើយស្រែកសរសើរដល់ព្រះដ៏ខ្ពស់បំផុត និងបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ !
ក្លោងទ្វារស្ថានសួគ៌បានបើកសោហើយ !
បង្អួចស្ថានសួគ៌បានបើកចំហហើយ !
ថ្ងៃនេះ និងដរាបតទៅព្រះគុណនៃព្រះមានសម្រាប់អ្នកដែលមានចិត្តសង្រេង និងមានវិញ្ញាណទន់ទាប [ សូមមើល នីហ្វៃទី៣ ៩:១៩–២០ ] ។ ព្រះយេស៊ូវគ្រីស្ទបានរៀបចំផ្លូវឲ្យយើងបានយល់អ្វី ដែលយើងមិនអាចយល់បានក្នុងគំនិតធម្មតា [ សូមមើល កូរិនថូស ទី១ ២:៩ ] ។
( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ )
តើយើងជាគ្រីស្ទានឬទេ បើយើងប្រើសៀវភៅផ្សេងទៀតក្រៅពីព្រះគម្ពីរប៊ីបនោះ ?
នៅក្នុងវីដេអូ « Are We Christians? » ( លេខកូដម៉ោង ០:០០ ដល់ ២:១៥ ) អែលឌើរ ហ្គែរី ចេ ខូលមែន ពេលកំពុងបម្រើជាសមាជិកនៃពួកចិតសិបនាក់ បានពិពណ៌នាអំពីរបៀបដែលព្រះគម្ពីរមរមនបានជួយលោកឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីពិត និងបញ្ជាក់អំពីសាសនាគ្រិស្តរបស់លោក ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើការជាមួយគ្នា ហើយបង្ហាញសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងដោយរបៀបណា ?
ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានពន្យល់ ៖
ព្រះវរបិតាសួគ៌ដ៏នៅអស់កល្បជានិច្ចរបស់យើង ដែលតែងតែខ្វល់ខ្វាយអំពីសុខុមាលភាពខាងវិញ្ញាណនៃបុត្រាបុត្រីរបស់ទ្រង់ បានប្រទានដល់យើងនូវព្រះគម្ពីរមួយធ្វើជាដៃគូ ដែលត្រូវបានស្គាល់ថាជាព្រះគម្ពីរមរមន ដើម្បីជាការការពារចំពោះសេចក្តីពិតនានានៃព្រះគម្ពីរប៊ីបដែលបានសរសេរ និងនិយាយដោយពួកព្យាការី ដូចព្រះអម្ចាស់បានបង្គាប់ ។ …
… តាមរយៈសាក្សីទីពីរនេះ យើងអាចដឹងកាន់តែច្បាស់នូវអត្ថន័យនៃការបង្រៀនរបស់ពួកព្យាការីពីបុរាណ និងការពិតពីលោកចៅហ្វាយ និងពួកសិស្សរបស់ទ្រង់នៅពេលដែលពួកគេអនុវត្ត និងបង្រៀននៅក្នុងចំណោមមនុស្សទាំងឡាយ ។ ការណ៍នេះគប្បីបំផុសគំនិតដល់អស់អ្នកដែលជាអ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ ដើម្បីដាក់ព្រះគម្ពីរដ៏ពិសិដ្ឋទាំងពីរនេះរួមគ្នា ហើយសិក្សាព្រះគម្ពីរទាំងពីរនេះជាព្រះគម្ពីរតែមួយ ដោយយល់ពីទំនាក់ទំនងដ៏ពិតរបស់វា ។
( ហារ៉ូល ប៊ី លី Ye Are the Light of the World [ ឆ្នាំ ១៩៧៤ ] ទំព័រ ៨៩, ៩១ )
ហេតុអ្វីបានជាប៉ុលនិយាយថា យើងត្រូវតែទទួលថ្លែងប្រាប់ព្រះនាមរបស់ព្រះយេស៊ូវដើម្បីបានសង្គ្រោះ ?
រ៉ូម ១០:១–១៣ ត្រូវបានដកស្រង់ជាញឹកញាប់ដើម្បីការពារគោលជំហរដែលយើងគ្រាន់តែត្រូវការទទួលថ្លែងប្រាប់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដើម្បីបានសង្គ្រោះ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលយ៉ាងជាក់លាក់ប្រឆាំងនឹងគោលលទ្ធិនេះ នៅពេលទ្រង់មានព្រះបន្ទូល « មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ » ( ម៉ាថាយ ៧:២១ ) ។
លើសពីនេះ ប៉ុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកពីមុននៅក្នុងសំបុត្ររបស់លោកទៅកាន់សាសន៍រ៉ូម ( សូមមើល រ៉ូម ៦:១–៦ ) ហើយក៏បានបង្រៀនពីសារៈសំខាន់នៃអំពើល្អ និងចិត្តដែលបានផ្លាស់ប្តូរផងដែរ ( សូមមើល រ៉ូម ២:១, ៣, ៦–១៣, ២៥–២៩ ) ។
ដូចគ្នានេះផងដែរពាក្យ « ទទួលថ្លែងប្រាប់ » នៅក្នុង រ៉ូម ១០:៩ អាចត្រូវបានបកប្រែជា « សេចក្ដីសញ្ញា » ហើយឃ្លា « អំពាវនាវដល់ » នៅក្នុង រ៉ូម ១០:១៣ អាចត្រូវបានបកប្រែជា « ទទួលលើកដាក់លើខ្លួននូវព្រះនាម » ( សូមមើល ចេមស៍ ស្ត្រង The New Strong’s Exhaustive Concordance of the Bible ដូចដែលមាននៅលើគេហទំព័រ http://lexiconcordance.com/greek/3670.html; http://lexiconcordance.com/greek/1941.html ) ។ ពាក្យទាំងនេះអាចសំដៅលើការចូលទៅក្នុងសេចក្តីសញ្ញា ហើយទទួលយកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួនយើង ដែលដូចគ្នានឹងការបង្រៀនផ្សេងទៀតរបស់ប៉ុលផងដែរ ( សូមមើល កាឡាទី ៣:២៧ ; រ៉ូម ៦:១៤–២២ ) ក៏ដូចជាវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនដែលទាក់ទងដូចជា ម៉ូសាយ ៥:១–៩ ជាដើម ។