ថ្នាក់​សិក្ខាសាលា
រ៉ូម ៧–១៦


រ៉ូម ៧–១៦

ទិដ្ឋភាពទូទៅ

នៅក្នុងសំបុត្រទៅកាន់ពួកបរិសុទ្ធនៅទីក្រុងរ៉ូម ប៉ុលបានបញ្ជាក់ពីសារៈសំខាន់នៃការរួបរួមជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ លោកក៏បានបង្រៀនអំពីការយកឈ្នះលើឥទ្ធិពលខាងលោកិយ និងលក្ខណៈនៃការធ្លាក់របស់យើង អំពីសេចក្តីស្រឡាញ់ដែលមិនផ្លាស់ប្តូររបស់ព្រះ និងអំពីពរជ័យដែលយើងអាចទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ នៅពេលយើងដើរតាមទ្រង់ដោយស្មោះត្រង់ ហើយដើរក្នុងព្រះវិញ្ញាណផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

រ៉ូម ៧–១២

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យអនុវត្តសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន រ៉ូម ៧:១៤, ១៨–១៩, ២៤–២៥ រួមនឹង នីហ្វៃទី២ ៤:១៧–២០, ២៦–៣២ ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីរបៀបដែលវគ្គបទគម្ពីរនៃព្រះគម្ពីរមរមននេះបានបន្ថែម ឬបំភ្លឺការយល់ដឹងរបស់ពួកគេអំពីអ្វីដែលបានបង្រៀននៅក្នុង រ៉ូម ៧ ។ សូមរំឭកសិស្សឲ្យយកច្បាប់ចម្លងព្រះគម្ពីរមរមនផ្ទាល់ខ្លួនរបស់ពួកគេមកថ្នាក់ផងដែរ ។

  • តារាង ៖ សូមបង្ហាញតារាងដែលមាននៅក្នុងមេរៀននៃវគ្គបទគម្ពីរមកពីរ៉ូម និងព្រះគម្ពីរមរមន ។

រ៉ូម ៨:១–១៧

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យបង្កើននូវបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមព្រះវិញ្ញាណ ហើយទទួលអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៥–៧០ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីមូលហេតុដែលពួកគេចង់ទទួលបានពរជ័យដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។

  • ការបង្ហាញ ៖ សូមរៀបចំបង្ហាញសាច់រឿងទាំងបីនៅចុងបញ្ចប់នៃមេរៀននេះ និងសេចក្ដីណែនាំដែលមកតាមសាច់រឿង ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យយកវត្ថុ ឬរូបភាពដែលតំណាងឲ្យអំណោយទានខាងរូបកាយ ឬខាងវិញ្ញាណដែលពួកគេសង្ឃឹមថានឹងបានទទួល ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានយកមក និងមូលហេតុដែលពួកគេចង់ទទួលបានអំណោយទាននោះ ។

រ៉ូម ៨:១៨–៣៩

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នូវក្តីសង្ឃឹម និងការលួងលោមតាមរយៈសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេប្រឈមមុខនឹងការសាកល្បង និងភាពមិនច្បាស់លាស់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើអ្វីមួយសម្រាប់សមាជិកគ្រួសារដែលបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេតាមរយៈសកម្មភាពជាជាងពាក្យសម្ដី ហើយត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញវីដេអូខ្លីៗនៃសន្និសីទទូទៅដែលមាននៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀននេះ ។

រ៉ូម ១២–១៥

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យស្វែងរកវិធីដើម្បីរួបរួមគ្នាកាន់តែខ្លាំងជាមួយសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៧ ហើយគិតអំពីមូលហេតុដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យសមាជិកនៃសាសនាចក្ររបស់ទ្រង់សាមគ្គីគ្នា ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៨

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សរៀនអនុវត្តគោលលទ្ធិមួយចំនួន ដែលពួកគេបានសិក្សានៅឆ្នាំនេះទៅក្នុងជីវិតរបស់ពួកគេ ។

កំណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគល្បឿនមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរមិត្តភក្តិ ឬសមាជិកគ្រួសារពីរ ឬបីនាក់ឲ្យចែកចាយជាមួយពួកគេនូវវគ្គបទគម្ពីរក្នុងព្រះគម្ពីរសញ្ញាថ្មីមួយដែលពួកគេប្រាថ្នាចង់ឲ្យយុវជនគ្រប់រូបនៅក្នុងពិភពលោកសិក្សា និងអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីយោងដែលមិត្តភក្តិ និងគ្រួសាររបស់ពួកគេចែកចាយ ហើយបន្ទាប់មកត្រូវរៀបចំដើម្បីចែកចាយសេចក្ដីយោងទាំងនោះនៅក្នុងថ្នាក់ ។

  • វត្ថុ ៖ ក្រដាសមួយរយហាសិបបំណែកតូចៗនៅក្នុងចាន ឬធុងផ្សេងទៀត

  • តារាង ៖ សូមបង្ហាញតារាងដែលមាននៅក្នុងមេរៀននៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យប្រើប្រាស់មុខងារឈែតដើម្បីចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេមានអារម្មណ៍ថាអាចពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាន ។ បន្ទាប់មក សូមជ្រើសរើសសិស្សមួយចំនួនឲ្យពន្យល់ដល់សិស្សក្នុងថ្នាក់ថាហេតុអ្វីបានជាពួកគេជ្រើសរើសយកវគ្គបទគម្ពីរដែលពួកគេបានចែកចាយនេះ ។