ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៧


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៧

ស្វែងយល់ និងពន្យល់

Young Men reading scriptures

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រីកការយល់ដឹងរបស់អ្នក និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់លើខគម្ពីរ ឃ្លា ឬពាក្យដែលច្រឡំណាមួយ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសារលើកក្រោយរបស់ពួកគេ ហើយមកថ្នាក់ដោយបានត្រៀមខ្លួនដើម្បីចែកចាយខគម្ពីរទាំងនោះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះបាន ។ សូមមើលកាលវិភាគមេរៀនដែលផ្តល់ឲ្យដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

ការស្វែងយល់ពីព្រះគម្ពីរ

  • តើអ្នកធ្លាប់អានខគម្ពីរ—ប្រហែលជាច្រើនដង—ហើយបានឃើញថា អ្នកយល់ច្រឡំអំពីអត្ថន័យរបស់វាដែរឬទេ ?

  • តើអ្នកមានអារម្មណ៍ថាវាកើតឡើងញឹកញាប់ប៉ុណ្ណា នៅពេលអ្នកសិក្សាព្រះគម្ពីរ ?

  • តើអ្នកមានប្រតិកម្មយ៉ាងណា ពេលមានរឿងនេះកើតឡើងចំពោះអ្នក ?

សូមជួយសិស្សឲ្យឃើញថា វាជារឿងធម្មតាទេដែលមិនយល់គ្រប់យ៉ាងនៅក្នុងព្រះគម្ពីរនោះ ។ សូមតាមដានការរៀបចំរបស់សិស្សដោយអញ្ជើញពួកគេឲ្យចែកចាយខគម្ពីរ ឃ្លា ឬពាក្យពេចន៍មកពីព្រះគម្ពីរ ដែលពួកគេមិនបានយល់នៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេលើកមុន។ វាអាចមានប្រយោជន៍ បើអ្នករាយបញ្ជីទាំងនោះនៅលើក្ដារខៀន ។

ប្រសិនបើមានពេលនៅចុងបញ្ចប់នៃមេរៀន សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការបញ្ជូលជំនាញព្រះគម្ពីរដែលបានរៀននៅក្នុងមេរៀននេះ ជាមួយនឹងខគម្ពីរដែលបានរាយបញ្ជីនៅលើក្ដារខៀន ។

ព្រះអង្គសង្គ្រោះសព្វព្រះទ័យចង់ឲ្យយើងយល់ពីព្រះបន្ទូលទ្រង់ ហើយនឹងជួយយើងឲ្យធ្វើដូច្នេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ការណ៍នេះតម្រូវឲ្យយើងមានការខិតខំប្រឹងប្រែង ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសរៀនជំនាញសិក្សាព្រះគម្ពីរ ដែលអាចជួយអ្នកឲ្យយល់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗ ។

ជំនាញសិក្សាព្រះគម្ពីរ

សូមពិនិត្យមើលដោយសង្ខេបនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះខាងក្រោមនេះនីមួយៗ ។

សូមពិចារណាជំនួសវគ្គបទគម្ពីរណាមួយដែលត្រូវបានរំឭកឡើងវិញ ឬបន្ថែមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ដែលសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការផ្តោតលើវា ។

សិស្សអាចពិនិត្យមើលវគ្គបទគម្ពីរទាំងនេះជាលក្ខណៈបុគ្គល ជាដៃគូ ឬជាថ្នាក់ ។

វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ

ឃ្លាបទគម្ពីរគន្លឹះ

អេភេសូរ ១:១០

« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។

អេភេសូរ ២:១៩–២០

សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។

ធីម៉ូថេ ទី២ ៣:១៥–១៧

« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។

សូមពិចារណាបែងចែកសិស្សក្នុងថ្នាក់ទៅជាក្រុម ដែលក្នុងមួយក្រុមមានគ្នាបួននាក់ ហើយអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសវគ្គបទគម្ពីរដែលគាត់ចង់យល់កាន់តែច្បាស់ជាងមុន ។ សូមប្រាកដថា ក្រុមនីមួយៗបានប្រើគ្រប់វគ្គបទគម្ពីរទាំងបួននេះ ។ វាអាចតម្រូវឲ្យមានការចាត់តាំងសិស្សមួយចំនួនឲ្យពិនិត្យមើលវគ្គបទគម្ពីរច្រើនជាងមួយ ។

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីឧទាហរណ៍មួយ សូមពិចារណាប្រើ ធីម៉ូថេ ទី២ ៣:១៥–១៧ ដើម្បីបង្រៀនជំនាញបង្កើតបញ្ជីដល់សិស្ស ។

សូមជ្រើសរើសវគ្គបទគម្ពីរណាមួយដែលអ្នកចង់យល់កាន់តែច្បាស់ ។ បន្ទាប់មក សូមជ្រើសរើសជំនាញសិក្សាព្រះគម្ពីរមួយ ឬច្រើនពីខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីវគ្គបទគម្ពីរនោះ ។ សូមត្រៀមខ្លួនដើម្បីពន្យល់បទគម្ពីររបស់អ្នកដល់អ្នកដទៃ ។

ប្រសិនបើពេលវេលាអនុញ្ញាត សូមសាកល្បងប្រើជំនាញផ្សេងមួយទៀតលើវគ្គបទគម្ពីរផ្សេងទៀត ។

សកម្មភាព ក ៖ សេចក្តីយោងបទគម្ពីរ

សូមប្រើប្រាស់ធនធានដែលមានដើម្បីស្វែងរកវគ្គបទគម្ពីរផ្សេងទៀត ដែលអាចជួយបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ធនធានទាំងនេះអាចរួមមាន លេខយោងព្រះគម្ពីរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ សូមគូសសម្គាល់វគ្គបទគម្ពីរទាំងឡាយចេញពីធនធានទាំងនេះ ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬកម្មវិធីបណ្ណាល័យដំណឹងល្អ អំពីរបៀបដែលវាជួយបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានជ្រើសរើស ។

សកម្មភាព ខ ៖ ការឲ្យនិយមន័យពាក្យ និងឃ្លា

សូមស្វែងរកពាក្យនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកមិនយល់ ។ សូមស្វែងរកនិយមន័យនៃពាក្យ ឬឃ្លាទាំងនោះនៅក្នុងធនធានដែលមាន ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary ឬវចនានុក្រមទូទៅ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សា រឹមព្រះគម្ពីរ ឬកម្មវិធីបណ្ណាល័យដំណឹងល្អនូវនិយមន័យដែលអ្នកបានរកឃើញ រួមជាមួយនឹងការយល់ដឹងថ្មីៗណាមួយផងដែរ ។

សកម្មភាព គ ៖ ការយល់អំពីបរិបទ និងមាតិកា

សូមបំពេញសកម្មភាពមួយ ឬច្រើនខាងក្រោមនេះ ដែលនឹងជួយដល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិរបស់អ្នក ៖

  • សូមអានសំបុត្រដែលវគ្គបទគម្ពីរនេះដកស្រង់ចេញមក នៅក្នុងប្រធានបទ « សំបុត្ររបស់ប៉ុល » ក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary ។

  • តើចំណងជើងជំពូក ឬខគម្ពីរជុំវិញខគម្ពីរនេះបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះដោយរបៀបណា ?

  • តើអ្នកនិពន្ធដ៏បំផុសគំនិតកំពុងថ្លែងទៅកាន់អ្នកណា ហើយហេតុអ្វី ?

  • តើអ្វីជាសារៈសំខាន់នៃវគ្គបទគម្ពីរនេះ ?

សូមកត់ត្រាអ្វីដែលអ្នកយល់ពីវគ្គបទគម្ពីរនេះ ដោយសារអ្វីដែលអ្នកបានសញ្ជឹងគិត ។

បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យពន្យល់ដល់ក្រុមរបស់ពួកគេនូវជំនាញសិក្សាព្រះគម្ពីររបស់ពួកគេ និងអ្វីដែលពួកគេយល់នាពេលនេះ អំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិរបស់ពួកគេដោយសារការប្រើជំនាញសិក្សានេះ ។ សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់វគ្គបទគម្ពីររបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ទាំងមូល ។

សូមរំឭកសិស្សថា ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនឹងជួយពួកគេឲ្យយល់អំពីព្រះគម្ពីរតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការស្វែងរកជំនួយពីព្រះ នៅពេលពួកគេសិក្សា ។