រ៉ូម ៤–៥
សេចក្ដីជំនឿ កិច្ចការទាំងឡាយ និងព្រះគុណ
នៅក្នុងសំបុត្ររបស់លោកទៅកាន់សាសន៍រ៉ូម ប៉ុលបានព្យាយាមជួយពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យយល់ពីព្រះគុណរបស់ព្រះគ្រីស្ទ តាមរយៈការបង្រៀនអំពីទំនាក់ទំនងនៃព្រះគុណទៅនឹងសេចក្តីជំនឿ និងកិច្ចការទាំងឡាយ ។ ការបង្រៀនរបស់ប៉ុលអាចជួយយើងឲ្យយល់កាន់តែស៊ីជម្រៅអំពីតម្រូវការរបស់យើងដើម្បីទទួលបានការលើកលែងទោស និងសេចក្ដីសង្គ្រោះតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងជួយអ្នកឲ្យបង្កើនការយល់ដឹង និងការដឹងគុណរបស់អ្នកចំពោះព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្វីទៅដែលនឹងជួយសង្គ្រោះអ្នក ?
សូមស្រមៃថា អ្នកហៀបនឹងស្លាប់ដោយការស្រេកទឹកនៅក្នុងទីរហោស្ថានមួយ ហើយមានទឹកមួយដបនៅលើទីទួលមួយនៅក្បែរអ្នក ។ តើចំណុចនីមួយៗខាងក្រោមនេះមានសារៈសំខាន់យ៉ាងណាចំពោះការរស់រានរបស់អ្នក ?
-
ជំនឿរបស់អ្នកថា ទឹកនោះអាចសង្គ្រោះអ្នកបាន
-
ការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីទៅដល់ទឹកនោះ
-
ទឹក
-
ហេតុអ្វីបានជាទឹកគឺជាវត្ថុតែមួយគត់ដែលជួយឲ្យអ្នកមិនឲ្យស្លាប់ដោយសារការស្រេកទឹក ?
-
ហេតុអ្វីបានជាជំនឿទៅលើទឹក និងការប្រឹងប្រែងដើម្បីទទួលបានទឹកនោះមិនគ្រប់គ្រាន់ ?
-
តើជំនឿរបស់អ្នក ការប្រឹងប្រែងរបស់អ្នក និងទឹក ទាំងបីមុខនេះដំណើរការរួមគ្នាយ៉ាងដូចម្តេចទៅ ?
សាច់រឿងនេះអាចជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ប៉ុលអំពីរបៀបដែលសេចក្ដីជំនឿ កិច្ចការទាំងឡាយ និងព្រះគុណទាក់ទងនឹងការរាប់ជាសុចរិត ។
-
តើអ្នកនឹងកំណត់ន័យពាក្យថា សេចក្ដីជំនឿ កិច្ចការទាំងឡាយ និង ព្រះគុណ យ៉ាងដូចម្ដេច ?
វាអាចនឹងមានប្រយោជន៍ក្នុងការពិនិត្យមើលនិយមន័យនៃពាក្យទាំងនេះនៅក្នុង មេរៀនអំពី រ៉ូម ២–៣ ឬនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
នៅសម័យរបស់ប៉ុល ពួកគ្រីស្ទានសាសន៍យូដាខ្លះបានជឿថា ពួកគេត្រូវបានសង្រ្គោះដោយសារកិច្ចការទាំងឡាយរបស់ពួកគេក្នុងការធ្វើតាមច្បាប់របស់លោកម៉ូសេ ។ ប៉ុលបានព្យាយាមកែតម្រូវការយល់ខុសនេះ ។ សូមអាន ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៃ រ៉ូម ៤:១៦ [ នៅក្នុង រ៉ូម ៤:១៦ ] ។
-
តើខគម្ពីរនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលយើងត្រូវបានរាប់ជាសុចរិត ឬបានលើកលែងទោសពីអំពើបាបរបស់យើង ?
នៅក្នុងខគម្ពីរនេះ ប៉ុលបង្រៀនថា យើងត្រូវបានរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ និងកិច្ចការទាំងឡាយតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
សូមសរសេរពាក្យ សេចក្ដីជំនឿ កិច្ចការទាំងឡាយ និង ព្រះគុណ នៅជាប់នឹងឃ្លាមកពីរូបភាពរបស់អ្នក ដែលត្រូវគ្នានឹងពាក្យនីមួយៗ ។
-
តើអ្នកអាចរៀនអ្វីខ្លះមកពីដំណើររឿងប្រៀបប្រដូចនេះអំពីសេចក្តីជំនឿ និងកិច្ចការទាំងឡាយ ?
-
តើអ្នកអាចរៀនអ្វីខ្លះមកពីដំណើររឿងប្រៀបប្រដូចអំពីព្រះគុណនៃព្រះអង្គសង្គ្រោះ ?
ការយល់ដឹងបន្ថែមអំពីព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទអាចឲ្យយើងត្រូវបានរាប់ជាសុចរិត ឬបានលើកលែងទោសពីអំពើបាបរបស់យើង ហើយព្រះគុណរបស់ទ្រង់ក៏ប្រទានពរដល់យើងតាមរបៀបជាច្រើនទៀតផងដែរ ។ ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែប្រទានទឹកសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ពង្រឹងសេចក្តីជំនឿ និងការខិតខំរបស់យើង ដើម្បីឲ្យយើងអាចទទួលបានទឹកផងដែរ ។ យើងអាចមានពរជ័យ តាមរយៈព្រះគុណនៃទ្រង់ពីមុន អំឡុងពេល និងក្រោយពីពេលដែលយើងអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ ហើយប្រព្រឹត្តការល្អ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ពេញមួយជីវិតយើង ព្រះគុណនៃព្រះស្រោចស្រពខាងសាច់ឈាម និងអំណោយទានខាងវិញ្ញាណ ដែលបង្កើនសមត្ថភាពយើង ហើយធ្វើឲ្យជីវិតយើងរីកចម្រើន ។ ព្រះគុណទ្រង់ដុសខាត់យើង ។ ព្រះគុណទ្រង់ជួយយើងឲ្យក្លាយជាបុគ្គលដ៏ល្អបំផុត ។
( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
-
តើព្រះគុណរបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យក្លាយជាបុគ្គលដ៏ល្អបំផុតដោយរបៀបណា ?
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយរកមើលពរជ័យផ្សេងទៀតដែលទាក់ទងនឹងព្រះគុណរបស់ព្រះអង្គសង្គ្រោះ ។ រ៉ូម ៥:១–២, ២១
-
តើពរជ័យអ្វីបន្ថែមទៀតដែលអាចមានមកពីព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះគុណរបស់ទ្រង់ ?
-
តើពេលណាដែលអ្នកបានដកពិសោធន៍ព្រះគុណរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ?
-
តើព្រះគុណនេះមានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ?
ការយាងអញ្ជើញព្រះគុណរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់អ្នក
ប្រធាន អុជដូហ្វ បានផ្តល់ការយល់ដឹងនេះអំពីរបៀបដែលអ្នកអាចទទួលបានព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងពេញលេញបន្ថែមទៀត ៖
ព្រះគុណគឺជាអំណោយពីព្រះ ហើយបំណងប្រាថ្នាយើងក្នុងការគោរពប្រតិបត្តិតាមបញ្ញត្តិព្រះគឺជាការបង្ហាញដល់ព្រះវរបិតាសួគ៌ថា យើងចង់ទទួលបានអំណោយដ៏ពិសិដ្ឋនេះ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ )
-
តើគំនិត និងអារម្មណ៍អ្វីកើតមានដល់អ្នក នៅពេលអ្នកគិតអំពីឥទ្ធិពលនៃព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីយាងអញ្ជើញព្រះគុណនៃព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែពេញលេញនៅក្នុងជីវិតអ្នក ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងអាចទទួលស្គាល់តម្រូវការរបស់យើងដើម្បីមានព្រះគុណដោយរបៀបណា ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានសួរសំណួរខាងក្រោមអំពី តម្រូវការរបស់យើងដើម្បីមានព្រះគុណ ៖
តើយើងយល់ពីការជំពាក់បំណុលរបស់យើង ចំពោះព្រះវរបិតាសួគ៌ ហើយអង្វរដោយអស់ពីព្រលឹងយើង ដើម្បីបានព្រះគុណនៃព្រះដែរឬទេ ?
កាលយើងលុតជង្គង់អធិស្ឋាន តើយើងអួតអាងពីទង្វើឆ្នើមនៃសុចរិតភាពរបស់យើង ឬជាការសារភាពកំហុស ដោយអង្វរសូមក្ដីមេត្តាករុណា ហើយសម្រក់ទឹកភ្នែកថ្លែងអំណរគុណចំពោះផែនការនៃការប្រោសលោះដ៏អស្ចារ្យដែរឬទេ ?
( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩ )
តើអ្វីជាឧទាហរណ៍នៃព្រះគុណដែលធ្វើការក្នុងជីវិតរបស់នរណាម្នាក់ ?
វីដេអូ « Faith Journey: When Parents Get Divorced » ( ៣:០៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org បង្ហាញពីបទពិសោធន៍របស់ស្ត្រីម្នាក់ដែលបានរកឃើញថា ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទបានជួយនាងឲ្យឆ្លើយតបនឹងការលែងលះរបស់ឪពុកម្តាយនាង ។
រ៉ូម ៤:១៦ ។ ហេតុអ្វីបានជាអ័ប្រាហាំត្រូវបានប្រើជាគំរូនៃការត្រូវបានរាប់ជាសុចរិត ?
ដើម្បីកែតម្រូវគំនិតដែលថាមានតែអ្នកដែលបានកាត់ស្បែក ហើយកំពុងកាន់ក្រឹត្យវិន័យលោកម៉ូសេប៉ុណ្ណោះទើបអាចសង្គ្រោះបាន នោះប៉ុលបានបង្រៀនថា អ័ប្រាហាំបានទទួលពរ មុន ពេលលោកបានកាត់ស្បែក ហើយជាច្រើនសតវត្សរ៍មុនពេលដែលមានក្រឹត្យវិន័យលោកម៉ូសេ ។ អ័ប្រាហាំបានបន្តមានភាពស្មោះត្រង់ បន្ទាប់ពីចុះសេចក្ដីសញ្ញានឹងព្រះ ហើយបានកាត់ស្បែក ។ ដូច្នេះ ប៉ុលអាចបង្ហាញថា មនុស្សម្នាក់ៗមិនត្រូវបានរាប់ជាសុចរិតតាមរយៈការគោរពតាមក្រឹត្យវិន័យលោកម៉ូសេនោះទេ ប៉ុន្តែដោយសេចក្ដីជំនឿ និងកិច្ចការទាំងឡាយតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទវិញ ។
តើព្រះគុណរបស់ព្រះទាក់ទងនឹងការធ្លាក់របស់លោកអ័ដាមយ៉ាងដូចម្ដេចខ្លះ ?
នៅក្នុង រ៉ូម ៥:១២–២១ ប៉ុលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ ។ ដោយសារការរំលងរបស់លោកអ័ដាម អំពើបាប និងសេចក្ដីស្លាប់បានចូលមកក្នុងពិភពលោកនេះ ។ ទោះជាយ៉ាងណាក៏ដោយដោយសារតែ « អំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ » ( រ៉ូម ៥:១៥ ) នោះមនុស្សទាំងអស់អាចយកឈ្នះលើឥទ្ធិពលនៃអំពើបាប និងសេចក្ដីស្លាប់បាន ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សេចក្ដីយោងទៅកាន់ការធ្លាក់របស់ប៉ុល ជួយយើងឲ្យយល់ពីអំណាចដ៏ទូលំទូលាយនៃព្រះគុណរបស់ព្រះអង្គសង្គ្រោះដើម្បីយកឈ្នះលើគ្រប់អ្វីៗទាំងអស់ ។
សកម្មភាពរៀនសូត្របន្ថែម
« សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ »
សូមសួរសិស្សថា តើពួកគេធ្លាប់មានអំណរគុណចំពោះការសាកល្បងដែលពួកគេបានជួបប្រទះដែរឬទេ ។ សំណួរពិភាក្សាដែលអាចមានអាចជា « តើអ្នកចាប់មានអំណរគុណនៅពេលណា ? » ឬ « តើអ្នកនឹងនិយាយអ្វីទៅកាន់នរណាម្នាក់ ដែលកំពុងឆ្លងកាត់ការសាកល្បងដែលអាចជួយពួកគេឲ្យស៊ូទ្រាំនឹងវាបានល្អនោះ ? » ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–៨ ) ។ សូមពន្យល់ថា ប៉ុលបានឆ្លងកាត់ការសាកល្បងដ៏លំបាកជាច្រើននៅក្នុងជីវិតរបស់លោក ហើយលោកបានសរសេរអំពីពរជ័យដែលកើតចេញពីអ្វីដែលលោកបានរងទុក្ខ ។ សូមអញ្ជើញសិស្សឲ្យអាន រ៉ូម ៥:៣–៥ ដោយរកមើលអ្វីដែលប៉ុលបាននិយាយអាចជាលទ្ធផលមកពីការសាកល្បង ឬសេចក្ដីទុក្ខលំបាកនៅក្នុងជីវិតរបស់យើង ។ សូមពិចារណាសុំសិស្សឲ្យចែកចាយពីរបៀបដែលពួកគេទទួលបាននូវពរជ័យណាមួយក្នុងចំណោមពរជ័យទាំងនេះ ។
ការរៀនអំពីព្រះគុណចេញពីព្រះគម្ពីរមរមន
ព្យាការីនៃព្រះគម្ពីរមរមនត្រូវបានបំផុសគំនិតឲ្យបង្រៀន និងសរសេរអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះគុណដែលមានសម្រាប់យើងតាមរយៈទ្រង់ ។ សិស្សអាចអានយ៉ាងហោចណាស់បីខខាងក្រោមនេះ ដោយគិតអំពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនពួកគេអំពីព្រះគុណ ។
ជម្រើសមួយទៀតគឺការដាក់សិស្សជាក្រុម ហើយចាត់សមាជិកម្នាក់ៗក្នុងក្រុមឲ្យអានវគ្គបទគម្ពីរមួយឬច្រើន ។ សូមឲ្យពួកគេអានខគម្ពីររបស់ពួកគេ ហើយសរសេរសេចក្ដីយោង និងពាក្យ ឬឃ្លាដែលពួកគេចូលចិត្តចេញពីវគ្គបទគម្ពីរនេះដាក់នៅលើក្រដាសមួយសន្លឹក ។ បន្ទាប់មក សូមឲ្យពួកគេផ្លាស់ប្ដូរក្រដាសគ្នា ហើយធ្វើដំណើរការនេះឡើងវិញម្តងទៀតចំពោះក្រដាសសមាជិកក្រុមម្នាក់ៗ ។ នៅពេលដែលសកម្មភាពបានបញ្ចប់ទៅ សិស្សអាចមើលក្រដាសដើមរបស់ពួកគេ ហើយមើលពាក្យ និងឃ្លាដែលបានជ្រើសរើសដោយសមាជិកក្រុមផ្សេងទៀតសម្រាប់ខគម្ពីរទាំងអស់ ។
ការអញ្ជើញបញ្ចប់
ដើម្បីជួយសិស្សឲ្យអនុវត្តនូវអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះ សូមពិចារណាផ្តល់ឲ្យពួកគេនូវកាតកំណត់ចំណាំ ឬក្រដាសតូចមួយ ។ សូមអញ្ជើញពួកគេឲ្យយកវាតាមខ្លួនក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ទៀត នៅពេលដែលពួកគេស្វែងរកព្រះគុណរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ហើយសរសេរនូវភស្តុតាងណាមួយដែលពួកគេបានឃើញ ។ សូមអញ្ជើញពួកគេឲ្យអធិស្ឋាន ហើយបង្ហាញការដឹងគុណសម្រាប់ករណីនីមួយៗ ហើយទូលសូមឲ្យព្រះវរបិតាសួគ៌ជួយពួកគេឲ្យមានភ្នែក ដើម្បីមើលឃើញព្រះគុណរបស់ទ្រង់កាន់តែច្បាស់ឡើងនៅក្នុងជីវិតរបស់ពួកគេ ។ សិស្សអាចរាយការណ៍អំពីបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់លើកក្រោយបាន ។