រ៉ូម ១–៦
ទិដ្ឋភាពទូទៅ
ខណៈកំពុងថ្លែងទៅកាន់ពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងរ៉ូម ប៉ុលបានប្រកាសថា លោក « គ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ » ( រ៉ូម ១:១៦ ) ។ ទាំងអ្នកប្រែចិត្តជឿសាសន៍យូដា និងសាសន៍ដទៃត្រូវការជំនួយឲ្យយល់ពីការពឹងផ្អែករបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងរបៀបទទួលយកពរជ័យនៃដង្វាយធួនរបស់ទ្រង់ទៅក្នុងជីវិតរបស់ពួកគេ ។ ប៉ុលបានព្យាយាមជួយពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យយល់ពីព្រះគុណរបស់ព្រះគ្រីស្ទ ដោយការបង្រៀនអំពីទំនាក់ទំនងនៃព្រះគុណទៅនឹងសេចក្តីជំនឿ និងកិច្ចការទូទៅ ។ លោកបានបង្រៀនថា យើងទទួលបានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ នៅពេលយើងធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយទ្រង់ « [ ដោយដើរ ] ក្នុងជីវិតបែបថ្មី » ( រ៉ូម ៦:៤ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
រ៉ូម ១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សមិនឲ្យខ្មាសអៀនក្នុងការធ្វើឲ្យគេស្គាល់ថាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីពិភាក្សាអំពីមូលហេតុដែលមនុស្សអាចស្ទាក់ស្ទើរក្នុងការធ្វើឲ្យគេស្គាល់ថាជាសិស្សរបស់ព្រះគ្រីស្ទ ឬក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
-
វីដេអូ ៖ « Preparation of Joseph F. Smith: True Blue, Through and Through » ( ១:៣១ ); « Abinadi Testifies of Jesus Christ » ( ២៥:៣៨; សូមមើលពីលេខកូដម៉ោង ១៤:៣៩ ដល់ ១៨:៣៩ ); « Same Jersey » ( ៥:០១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញលំហាត់ដោយធ្វើការបង្ហាញវាដល់សិស្ស និងអនុញ្ញាតឲ្យពួកគេគូសចំណាំពណ៌លើចម្លើយដែលពួកគេគិតថាត្រឹមត្រូវ ឬសរសេរជាអក្សរនៃចម្លើយដែលពួកគេបានជ្រើសរើសនៅក្នុងឈែត ។ បន្ទាប់មក ចម្លើយអាចត្រូវបានពិភាក្សាម្តងមួយៗ នៅពេលដែលធ្វើលំហាត់រួច ឬនៅពេលដែលប្រធានបទនេះលេចឡើងនៅក្នុងមេរៀន ។
រ៉ូម ២–៣
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់កាន់តែច្បាស់ពីតម្រូវការដែលយើងទាំងអស់គ្នាត្រូវតែទទួលបាន ដើម្បីបានលើកលែងទោសពីអំពើបាបរបស់យើង និងរាប់ជាសុចរិតតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាននិយមន័យនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ពីមេរៀនអំពី រ៉ូម ១–៦ ហើយត្រៀមខ្លួនដើម្បីចែកចាយពីនិយមន័យនោះជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ សម្រាប់ពាក្យដូចជា ការរាប់ជាសុចរិត សេចក្ដីជំនឿ និង ព្រះគុណ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ និយមន័យនៃ ការរាប់ជាសុចរិត សេចក្ដីជំនឿ ក្រឹត្យវិន័យ និង ព្រះគុណ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សម្នាក់ឲ្យប្រើមុខងារក្តារខៀន និងបង្ហាញគំនូរដែលបានណែនាំសម្រាប់ថ្នាក់ទាំងមូល ។
រ៉ូម ៤–៥
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យបង្កើនការយល់ដឹង និងការដឹងគុណរបស់ពួកគេចំពោះព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានផ្នែក « ព្រះគុណ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ បន្ទាប់មកកំណត់វិធីមួយដែលពួកគេបានទទួលព្រះគុណរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ដ្យាក្រាមនៃរូបរាងដូចមនុស្សចង្កឹះនៅលើវាលខ្សាច់ និងអត្ថបទដែលអមមកជាមួយ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អ្នកអាចបែងចែកសិស្សឲ្យទៅមុខងារបំបែកក្រុមដើម្បីពិភាក្សាអំពីដ្យាក្រាមនេះ ។ សូមប្រាកដថាផ្តល់ការណែនាំច្បាស់លាស់ដើម្បីឲ្យសិស្សដឹងពីអ្វីដែលពួកគេកំពុងព្យាយាមដើម្បីសម្រេចឲ្យបាន ។ វាអាចមានប្រយោជន៍ក្នុងការបង្ហាញសំណួរពិភាក្សាចំនួនបីដើម្បីឲ្យសិស្សពិភាក្សានៅក្នុងមុខងារបំបែកក្រុម ។
រ៉ូម ៦
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្វែងរកការផ្លាស់ប្តូរតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយដឹងកាន់តែច្បាស់នៅពេលដែលការផ្លាស់ប្តូរទាំងនោះកំពុងកើតឡើង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកពីព័ត៌មានលម្អិតអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហើយប្រហែលជានាំយករូបភាពមកផង ប្រសិនបើពួកគេមាន ។ សិស្សមួយចំនួន ឬឪពុកម្ដាយរបស់ពួកគេប្រហែលជាបានសរសេរកំណត់ហេតុនៅពេលសិស្សបានទទួលបុណ្យជ្រមុជទឹក ។ វាអាចគួរឲ្យចាប់អារម្មណ៍សម្រាប់សិស្សក្នុងការអានកំណត់ហេតុប្រចាំថ្ងៃនោះ ឬនិយាយជាមួយឪពុកម្តាយរបស់ពួកគេអំពីព័ត៌មានលម្អិតនៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ រួមទាំងព័ត៌មានលម្អិតដែលសិស្សប្រហែលជាបានភ្លេចផងដែរ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពនៅពេលដែលអ្នកបានទទួលបុណ្យជ្រមុជទឹក
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារបំបែកក្រុមរហូតដល់ប្រាំមួយក្រុមសម្រាប់យោបល់របស់គ្រូដែលភ្ជាប់មកជាមួយ រ៉ូម ៦:៩–១៤ ។ សូមបែងចែកសិស្សជាក្រុមៗ ហើយដាក់ឲ្យក្រុមនីមួយៗយ៉ាងហោចណាស់អានមួយខពីក្នុង រ៉ូម ៦:៩–១៤ ដើម្បីពិភាក្សារួមគ្នា បន្ទាប់មកពួកគេនឹងចែកចាយអ្វីដែលពួកគេបានរៀនជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមចូលមើលក្រុមនីមួយៗមួយភ្លែតៗ ដើម្បីផ្តល់ជំនួយផ្ទាល់ខ្លួនតាមការជាក់ស្ដែង និងឆ្លើយសំណួរតាមតម្រូវការ ។ សូមប្រាកដថា សិស្សបានត្រៀមខ្លួនដើម្បីចែកចាយជាមួយមិត្តរួមថ្នាក់របស់ពួកគេ មុនពេលបញ្ចប់មុខងារបំបែកក្រុមនេះ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៧
គោលបំណងមេរៀន ៖ សូមផ្តល់ឱកាសឲ្យសិស្សពង្រីកការយល់ដឹងរបស់ពួកគេ និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់លើខគម្ពីរ ឃ្លា ឬពាក្យណាមួយដែលធ្វើឲ្យភាន់ច្រឡំនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេលើកក្រោយ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយការភាន់ច្រឡំទាំងនោះ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារបំបែកក្រុមដើម្បីឲ្យសិស្សពិភាក្សាពីរបៀបដែលពួកគេប្រើជំនាញសិក្សាព្រះគម្ពីរផ្សេងៗដើម្បីបង្កើនការយល់ដឹងរបស់ពួកគេអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។