រ៉ូម ១២–១៥
សាមគ្គីភាពតាមរយៈព្រះយេស៊ូវគ្រីស្ទ
តើអ្នកធ្លាប់មានអារម្មណ៍លំបាកក្នុងសាមគ្គីភាពគ្នាជាមួយសមាជិកផ្សេងទៀតនៃសាសនាចក្រដែរឬទេ ? ពួកបរិសុទ្ធនៅក្រុងរ៉ូមដែលបានរស់នៅក្នុងអំឡុងសម័យរបស់ប៉ុលគឺចេញមកពីសាវតារ និងវប្បធម៌ចម្រុះគ្នា ។ ពេលខ្លះពួកគេមានការខ្វែងគំនិតគ្នា និងមានភាពតានតឹងជាមួយគ្នាទៅវិញទៅមក ។ ជាការឆ្លើយតប ប៉ុលបានលើកទឹកចិត្តពួកគេឲ្យ « មានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក » ( រ៉ូម ១២:១៦ ) ។ មេរៀននេះអាចជួយអ្នកឲ្យស្វែងរករបៀបដើម្បីមានសាមគ្គីភាពកាន់តែខ្លាំងឡើងជាមួយសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យើងទាំងអស់គ្នាអាចអាចសាមគ្គីគ្នាបាន
មៃកា និងក្រុមគ្រួសាររបស់គាត់បានទទួលបុណ្យជ្រមុជទឹកកាលពីបីឆ្នាំមុន ។ វាត្រូវចំណាយពេលមួយរយៈសម្រាប់គ្រួសាររបស់មៃកា ដើម្បីសម្របតាមរបៀបរស់នៅថ្មីក្នុងនាមជាសមាជិកនៃសាសនាចក្រ ប៉ុន្តែពួកគាត់បានទទួលការគាំទ្រខាងសង្គមយ៉ាងខ្លាំង និងការទទួលយកពីសមាជិកនៃសាខារបស់ពួកគេ ។ ថ្មីៗនេះ ឪពុករបស់ មៃកា បានទទួលការងារថ្មី ហើយគ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅតំបន់ផ្សេង ។ មៃកា បានចូលរួមសកម្មភាពព្រះវិហារ និងសកម្មភាពយុវជនក្នុងវួដថ្មីរបស់គាត់ពីរបីសប្តាហ៍ ប៉ុន្តែគាត់មានអារម្មណ៍ពិបាកទទួលយកនៅទីនោះ ។ យុវវ័យហាក់ដូចជាមនុស្សល្អ ប៉ុន្តែពួកគេភាគច្រើនហាក់ដូចជាសមាជិកសាសនាចក្រយូរមកហើយ ហើយ មៃកា ឆ្ងល់ថាតើពួកគេអាចនឹងវិនិច្ឆ័យគាត់ចំពោះភាពមិនល្អឥតខ្ចោះ និងគ្មានបទពិសោធន៍ជាមួយសាសនាចក្រដែរឬទេ ។
-
តើដំបូន្មានអ្វីខ្លះដែលអ្នកនឹងផ្ដល់ឲ្យ មៃកា ដើម្បីជួយគាត់ក្នុងស្ថានភាពនេះ?
-
តើដំបូន្មានអ្វីខ្លះដែលអ្នកនឹងផ្ដល់ឲ្យយុវវ័យនៅក្នុងវួដថ្មីរបស់ មៃកា ?
ប៉ុលបានសរសេរសំបុត្ររបស់លោកទៅកាន់ពួករ៉ូមអំឡុងពេលដែលសមាជិកសាសនាចក្រមកពីសាវតារសាសនា និងវប្បធម៌ផ្សេងគ្នាដែលបានចាប់ផ្ដើមថ្វាយបង្គំជាមួយគ្នា ។ មានគ្រានៅពេលដែលពួកបរិសុទ្ធទាំងនេះមិនយល់ស្របនឹងគ្នា ឬបានវិនិច្ឆ័យសមាជិកសាសនាចក្រផ្សេងទៀតដោយអយុត្តិធម៌នៅដោយសារការជ្រើសរើសខុសពីពួកគេ ។ មេរៀនមួយដែលយើងអាចរៀនចេញពីការបង្រៀនរបស់ប៉ុលនៅក្នុង រ៉ូម ១២–១៥ គឺថា ទោះបីជាយើងទាំងអស់គ្នាមានភាពខុសគ្នាក៏ដោយ ក៏សមាជិកសាសនាចក្រអាចខិតខំសាមគ្គីគ្នាតាមរយៈការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទបានដែរ ។
-
តើអ្វីអាចធ្វើឲ្យពិបាកក្នុងការមានអារម្មណ៍សាមគ្គីគ្នាជាមួយសមាជិកសាសនាចក្រផ្សេងទៀត ?
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ចំពោះព្រះអម្ចាស់ ដែលសមាជិកនៃសាសនាចក្ររបស់ទ្រង់ចេះសាមគ្គីគ្នា ?
សូមគិតអំពីរបៀបដែលអ្នកមានអារម្មណ៍ចំពោះទំនាក់ទំនងជាមួយនឹងមនុស្សនៅក្នុងវួដ ឬសាខារបស់អ្នក មិត្តរួមថ្នាក់នៃថ្នាក់សិក្ខាសាលារបស់អ្នក ឬសមាជិកផ្សេងទៀតនៃសាសនាចក្រ ។ ក្នុងអំឡុងមេរៀននេះ សូមគិតអំពីរបៀបដែលអ្នកអាចសាមគ្គីគ្នាកាន់តែច្រើនជាមួយសមាជិកផ្សេងទៀតនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
ការបង្រៀនរបស់ប៉ុលអំពីសាមគ្គីភាព
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរដែលអ្នកបានសិក្សា ដែលអាចជួយអ្នកឲ្យកាន់តែសាមគ្គីគ្នាជាមួយអ្នកដទៃ ?
-
តើការខិតខំប្រឹងប្រែងដើម្បីសាមគ្គីគ្នាជាមួយនឹងអ្នកដទៃអាចជួយយើងឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើបទពិសោធន៍អ្វីខ្លះពីជីវិតរបស់អ្នក ឬជីវិតរបស់អ្នកដទៃដែលបានបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពជាមួយសមាជិកសាសនាចក្រផ្សេងទៀត ?
សូមពិចារណាមើលវីដេអូ « A Friend to All » ( ៤:០១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ អែលឌើរ យូលីស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីបទពិសោធន៍មួយចំនួនដែលគ្រួសារលោកមាន នៅពេលពួកលោកចូលជាសមាជិកថ្មីនៃសាសនាចក្រ ។ នៅពេលអ្នកមើល សូមគិតអំពីរបៀបដែលអ្នកអាចគាំទ្រ និងរាប់អានសមាជិកសាសនាចក្របានកាន់តែប្រសើរឡើង ។
-
តើអ្វីទៅដែលលេចធ្លោចំពោះអ្នកចេញពីសារលិខិតរបស់អែលឌើរ សូរ៉េស ? ហេតុអ្វីទៅ ?
ការអនុវត្តអ្វីដែលអ្នកបានរៀនសូត្រ
សូមគិតអំពីអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍អំពីសាមគ្គីភាព កាលដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមចំណាយពេលបន្តិចដើម្បីធ្វើផែនការមួយអំពីរបៀបដែលអ្នកនឹងបញ្ចូលការបង្រៀនទាំងនេះទៅក្នុងជីវិតរបស់អ្នក ។ សូមសរសេរគោលដៅអំពីរបៀបដែលអ្នកនឹងខិតខំដើម្បីសាមគ្គីគ្នានៅក្នុងមជ្ឈដ្ឋានមួយ ឬច្រើនខាងក្រោម ៖
-
ជាមួយសមាជិកនៃថ្នាក់យុវនារី ឬកូរ៉ុមបព្វជិតភាពរបស់អ្នក ។
-
ជាមួយសមាជិកនៃថ្នាក់សិក្ខាសាលារបស់អ្នក ។
-
ជាមួយសមាជិកផ្សេងទៀតនៃវួដ ឬសាខារបស់អ្នក ។
វាក៏អាចមានប្រយោជន៍ផងដែរក្នុងការសរសេរនូវឧបសគ្គទាំងឡាយដែលអ្នកជួបប្រទះក្នុងការសម្រេចគោលដៅរបស់អ្នក ។ តើអ្នកអាចយកឈ្នះលើឧបសគ្គទាំងនោះបានយ៉ាងដូចម្ដេច ? តើព្រះអម្ចាស់អាចជួយយ៉ាងដូចម្តេច ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងអាចរៀនអ្វីខ្លះពីបញ្ហាប្រឈមដែលសាសនាចក្របានប្រឈមនៅក្រុងរ៉ូមនាសម័យរបស់ប៉ុល ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
វប្បធម៌សាសនាចក្ររបស់យើងចេញមកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សំបុត្ររបស់សាវកប៉ុលទៅកាន់ពួករ៉ូមមានន័យជ្រាលជ្រៅ ។ …
… ប៉ុលដាស់តឿនសាសន៍យូដា និងពួកសាសន៍ដទៃឲ្យកាន់តាមបទបញ្ញតិ្ត និងស្រឡាញ់គ្នាទៅវិញទៅមក ហើយបញ្ជាក់ថាសេចក្ដីសុចរិតនឹងនាំទៅរកសេចក្ដីសង្គ្រោះ ។
វប្បធម៌នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ មិនមែនជាវប្បធម៌របស់សាសន៍ដទៃ ឬវប្បធម៌យូដាសឡើយ ។ វាមិនត្រូវកំណត់ដោយពណ៌សម្បុររបស់មនុស្ស ឬទីកន្លែងដែលគេរស់នៅឡើយ ។ ខណៈយើងអររីករាយនឹងវប្បធម៌ខុសៗគ្នា នោះយើងគួរតែចាកចេញពីវប្បធម៌ណាដែលមិនចុះសម្រុងនឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
( ឃ្វីនថិន អិល ឃុក « Hearts Knit in Righteousness and Unity » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ២០–២១ )
តើមានអ្វីអាចកើតឡើង នៅពេលយើងខិតខំធ្វើជាសមាជិកដែលមានសាមគ្គីភាពនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ?
អែលឌើរ ហ៊ោរហេ ធី ប៊ីស៊ីរ៉ា នៃពួកចិតសិបនាក់បានបង្រៀន ៖
នៅក្នុងវួដ និងសាខានីមួយៗ យើងត្រូវការមនុស្សគ្រប់រូប—ទាំងអ្នករឹងមាំ និងអស់អ្នកដែលប្រហែលជាកំពុងជួបបញ្ហា ។ មនុស្សទាំងអស់គ្នាគឺចាំបាច់ចំពោះភាពសំខាន់ដល់ការស្អាងនៃ « រូបកាយនៃព្រះគ្រីស្ទ » ទាំងមូល ។ ជាញឹកញាប់ ខ្ញុំឆ្ងល់ថា តើនរណាដែលយើងមិនបានមើលឃើញនៅក្នុងក្រុមជំនុំផ្សេងៗរបស់យើង ដែលនឹងពង្រឹងយើង និងធ្វើឲ្យយើងបានពេញលេញ ។
( ហ៊ោរហេ ធី ប៊ីស៊ីរ៉ា « Poor Little Ones » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤០ )
ស៊ីស្ទើរ សារ៉ុន អូប៊ែង នៃគណៈប្រធានសមាគមសង្គ្រោះទូទៅបានចែកចាយដំណើររឿងដូចខាងក្រោម ៖
នៅឆ្នាំ ១៨៤២ ពួកបរិសុទ្ធបានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីកសាងព្រះវិហារបរិសុទ្ធណៅវ៉ូ ។ បន្ទាប់ពីការបង្កើតសមាគមសង្គ្រោះនៅខែមីនាមក ព្យាការីយ៉ូសែបបានមកចូលរួមការប្រជុំរបស់ពួកគេជាញឹកញាប់ ដើម្បីរៀបចំពួកគេសម្រាប់សេចក្ដីសញ្ញាដែលពិសិដ្ឋបង្រួបបង្រួម ដែលពួកគេនឹងត្រូវធ្វើក្នុងពេលឆាប់ៗនៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅថ្ងៃទី ៩ ខែមិថុនា ព្យាការី « បានថ្លែងថា លោកនឹងប្រកាសអំពីសេចក្ដីមេត្តាករុណា [ ។ ] ឧបមាថា ព្រះយេស៊ូវគ្រីស្ទ និង [ ពួក ] ទេវតាជំទាស់នឹងយើងលើរឿងរ៉ាវតូចតាច តើនឹងមានអ្វីកើតឡើងចំពោះយើង ? យើងត្រូវតែមានសេចក្ដីមេត្តាករុណា និងមើលរំលងរឿងដែលមិនសំខាន់ » ។ ប្រធានស្ម៊ីធបានបន្តថា « វាធ្វើឲ្យខ្ញុំសោកសង្រេងដែលពុំមានការចងមិត្តភាពកាន់តែពេញលេញ—បើសមាជិកម្នាក់ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា—កាលយើងមានអារម្មណ៍សាមគ្គីគ្នា យើងទទួលបានអំណាចជាមួយនឹងព្រះ » [ « Minutes and Discourse ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៨៤២ » ទំព័រ ៦១ Joseph Smith Papers ] ។
ប្រយោគដ៏ខ្លីនោះបានជះឥទ្ធិពលលើខ្ញុំដូចជាផ្លេកបន្ទោរអញ្ចឹង ។ កាលយើងមានអារម្មណ៍សាមគ្គីគ្នា យើងទទួលបានអំណាចជាមួយនឹងព្រះ ។ ពិភពលោកនេះមិនមែនជាអ្វីដែលខ្ញុំចង់ឲ្យវាទៅជាដូច្នេះនោះទេ ។ មានរឿងជាច្រើនដែលខ្ញុំចង់មានឥទ្ធិពលលើ ហើយចង់ធ្វើឲ្យប្រសើរឡើង ។ ហើយនិយាយតាមត្រង់ទៅ មានការជំទាស់ជាច្រើនចំពោះអ្វីដែលខ្ញុំសង្ឃឹមចង់បាន ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាគ្មានអំណាចសោះ ។ មួយរយៈក្រោយនេះ ខ្ញុំបានសួរខ្លួនឯងនូវសំណួរថា ៖ តើខ្ញុំអាចយល់កាន់តែច្បាស់អំពីមនុស្សនៅជុំវិញខ្លួនខ្ញុំដោយរបៀបណា ? តើខ្ញុំអាចបង្កើត « អារម្មណ៍សាមគ្គីក្នា » នោះដោយរបៀបណា កាលដែលមនុស្សទាំងអស់ខុសគ្នាយ៉ាងនេះ ? តើអំណាចអ្វីដែលខ្ញុំអាចបានទទួលពីព្រះ បើខ្ញុំគ្រាន់តែសាមគ្គីគ្នាបន្តិចថែមទៀតជាមួយមនុស្សដទៃនោះ ?
( សារ៉ុន អូប៊ែង « By Union of Feeling We Obtain Power with God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៥ )
វីដេអូអំពីសារៈសំខាន់នៃសាមគ្គីភាព
-
« To Love Them All » ( ៣:២២ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អែលឌើរ ផាទ្រីក ខៀរ៉ុន នៃគណៈប្រធាននៃពួកចិតសិបនាក់និយាយអំពីការរួមបញ្ចូល និងមិត្តភាពនៅក្នុងសាសនាចក្រ ។
-
« Till We All Come in the Unity of the Faith » ( ២:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ បងប្រុស អាម៉ាត់ អេស ខ័រប៊ីត នៃគណៈប្រធានយុវជនទូទៅនិយាយអំពីភាពចម្រុះដែលកំពុងកើនឡើងដែលមាននៅក្នុងសាសនាចក្រ ។