« មេរៀនទី ១២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការបីបាច់ទំនាក់ទំនងអាពាហ៍ពិពាហ៍ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១២ ឯកសាររៀបចំសម្រាប់ថ្នាក់
ការបីបាច់ទំនាក់ទំនងអាពាហ៍ពិពាហ៍
តើអ្នកធ្លាប់បានឃើញស្វាមីភរិយាមួយគូ ដែលមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងរីករាយ ហើយធ្លាប់ឆ្ងល់ទេថា តើពួកគេមានគន្លឹះអ្វីចំពោះភាពជោគជ័យរបស់ពួកគេ ? ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានសង្កេតឃើញថា « អាពាហ៍ពិពាហ៍ដ៏សុខដុមមួយត្រូវការពេលវេលា ។ វាតម្រូវឲ្យមានការខិតខំ ។ អ្នកត្រូវតែខំថែទាំវា ។ អ្នកត្រូវតែខំបណ្ដុះវា » ( « Life’s Obligations » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ទំព័រ ៤ ) ។ នៅពេលអ្នកសិក្សាគោលលទ្ធិ និងគោលការណ៍នៅក្នុងមេរៀននេះ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីរៀបចំខ្លួនអ្នកសម្រាប់អាពាហ៍ពិពាហ៍ដ៏រីករាយមួយ ឬដើម្បីបីបាច់អាពាហ៍ពិពាហ៍របស់អ្នកឲ្យបានកាន់តែប្រសើរឡើង ។
ផ្នែកទី ១
តើស្វាមី ឬភរិយារបស់ខ្ញុំ និងខ្ញុំអាចស្ថាបនាអាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចមួយបានដោយរបៀបណា ?
នៅក្នុងពិភពលោកដែលអាពាហ៍ពិពាហ៍ជាច្រើនហាក់ដូចជាពិបាក ឬបញ្ចប់ដោយការលែងលះគ្នា នោះមនុស្សមួយចំនួនអាចឆ្ងល់ថា តើសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ពិតជាអាចកើតមានចំពោះពួកគេមែនឬ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់សារលិខិតនៃសេចក្ដីសង្ឃឹមដូចតទៅនេះ ៖
ខ្ញុំសូមប្រកាសដោយមិនស្ទាក់ស្ទើរ យ៉ាងមុតមាំ និងដោយឥតងាករេថា វាមិនត្រឹមតែមានអាពាហ៍ពិពាហ៍ដ៏រីករាយប៉ុណ្ណោះទេ ប៉ុន្ដែអាពាហ៍ពិពាហ៍ដ៏រីករាយនេះក៏ជាច្បាប់ផងដែរ មិនមែនជាករណីលើកលែងនោះទេ ។
ស៊ីស្ទើរ ហូឡិន និងខ្ញុំគឺជាភស្ដុតាងនៅរស់ថា អ្នកមិនគ្រាន់តែអាចរស់នៅយ៉ាងរីករាយប៉ុណ្ណោះទេ ប៉ុន្ដែថាអ្នកថែមទាំងអាចអររីករាយយ៉ាងខ្លាំងទៀតផង ។ …
អ្នកត្រូវតែខំថែទាំអាពហ៍ពិពាហ៍នោះ ។ រឿងល្អៗគ្រប់យ៉ាងដែលខ្ញុំបានដឹងនៅក្នុងពិភពលោកនេះ គឺវាបានកើតឡើងដោយសារអ្នកខំថែទាំវា ។
ព្រះនឹងជួយដល់អ្នក ។ ក្នុងចំណោមអ្វីៗទាំងអស់នៅក្នុងពិភពលោកនេះ ដែលទ្រង់នឹងជួយដល់អ្នក នោះទ្រង់នឹងជួយអ្នកក្នុងរឿងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសាររបស់អ្នក ដោយសារវាមានសារៈសំខាន់ចំពោះទ្រង់ ដូចដែលវាមានសារៈសំខាន់ចំពោះអ្នកផងដែរ ។ ( « You Asked—They Answered: Marriage and Family » New Era ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣ )
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ អិល វិតនី ក្លេតុន ដែលបានបម្រើជាសមាជិកក្នុងពួកចិតសិបនាក់ អំពីអ្វីដែលបានរួមចំណែកដល់អាពាហ៍ពិពាហ៍ដ៏រីករាយ និងនៅអស់កល្បជានិច្ចមួយ ។ សូមពិចារណាគូសចំណាំគោលការណ៍នានា ដែលអ្នករកឃើញ ។
ខ្ញុំបានសង្កេតឃើញថា នៅក្នុងអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលបំផុត ទាំងស្វាមី និងភរិយាគិតថា ទំនាក់ទំនងរបស់ពួកគេគឺមានតម្លៃថ្លៃជាងគ្រាប់គុជទៅទៀត វាជារតនសម្បត្តិដ៏មានតម្លៃឥតគណនា ។ … ពួកគេដឹងថា គ្មានទំនាក់ទំនងណាផ្សេងទៀត អាចនាំមកនូវក្ដីអំណរដ៏ច្រើន បង្កើតសេចក្ដីល្អ ឬបង្កើតឲ្យមានការរីកចម្រើនផ្ទាល់ខ្លួនច្រើនជាងទំនាក់ទំនងនេះនោះទេ ។ …
… អាពាហ៍ពិពាហ៍អស់កល្បដ៏ជោគជ័យគឺ ស្ថាបនាឡើងនៅលើគ្រឹះនៃសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងការគោរពប្រតិបត្តិយ៉ាងខ្ជាប់តាមការបង្រៀនរបស់ទ្រង់ [ សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ] ។ …
… អាពាហ៍ពិពាហ៍រីករាយអាស្រ័យទៅលើអំណោយទាននៃការប្រែចិត្ត ។ …
ភាពរាបសាគឺជាផ្នែកសំខាន់បំផុតនៃការប្រែចិត្ត ។ ភាពរាបសាគឺពុំគិតពីខ្លួនឯង ពុំអាត្មានិយម ។ … ភាពរាបសាមានន័យថា ទាំងស្វាមី និងភរិយាស្វែងរកពរជ័យ ជួយ និងលើកតម្កើងគ្នាទៅវិញទៅមក គិតពីគ្នាថាសំខាន់នៅគ្រប់ការសម្រេចចិត្តទាំងអស់ ។ …
… អាពាហ៍ពិពាហ៍រីករាយបំផុតដែលខ្ញុំធ្លាប់ឃើញ គឺទទួលឥទ្ធិពលមកពីការគោរពប្រតិបត្តិតាមបទបញ្ញត្តិមួយដ៏រីករាយបំផុត—ការដែលយើង « រស់នៅជាមួយគ្នាដោយនូវក្ដីស្រឡាញ់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៥ ] ។ ( « Marriage: Watch and Learn » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣, ៨៤, ៨៥ )
ផ្នែកទី ២
តើការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ អាចជួយខ្ញុំឲ្យរក្សាអាពាហ៍ពិពាហ៍របស់ខ្ញុំបានដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីសារៈសំខាន់នៃការបីបាច់អាពាហ៍ពិពាហ៍ ៖
អាពាហ៍ពិពាហ៍នាំមកនូវលទ្ធភាពដែលកាន់តែមហិមាដើម្បីមានសុភមង្គល ជាងទំនាក់ទំនងនានាទាំងអស់របស់មនុស្សយើង ។ ប៉ុន្ដែ គូស្វាមីភរិយាដែលរៀបការមួយចំនួន បានខកខានមិនបានបំពេញតាមសក្ដានុពលដ៏ពេញលេញរបស់ពួកគេនោះទេ ។ ពួកគេធ្វើឲ្យស្នេហារបស់ពួកគេក្លាយទៅជាច្រែះចាប់ លែងឲ្យតម្លៃដល់គ្នាទៅវិញទៅមក អនុញ្ញាតឲ្យចំណាប់អារម្មណ៍ ឬពពកនៃការធ្វេសប្រហែសបាំងនូវទស្សនវិស័យនៃអ្វីដែលអាពាហ៍ពិពាហ៍របស់ពួកគេពិតជាអាចនាំមកបាន ។ អាពាហ៍ពិពាហ៍នឹងកាន់តែរីករាយ ប្រសិនបើវាត្រូវបានបីបាច់ឲ្យកាន់តែប្រុងប្រយ័ត្ននោះ ។ ( « Nurturing Marriage » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ )
នៅក្នុងចំណោមការណែនាំ ដែលសាវកប៉ុលបានផ្ដល់ដល់សមាជិកសាសនាចក្រនៅអេភេសូរនោះ គឺការប្រឹក្សាទាក់ទងទៅនឹងអាពាហ៍ពិពាហ៍ ។
ការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយឲ្យស្វាមី និងភរិយាបំពេញតាម « ការទទួលខុសត្រូវដ៏ឱឡារិកដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ការខិតខំមួយចំនួនដើម្បីបីបាច់អាពាហ៍ពិពាហ៍អាចជារឿងធំ ប៉ុន្ដែកាយវិការដ៏មានប្រសិទ្ធភាព និងមានអត្ថន័យខ្លាំងបំផុតមួយចំនួនគឺជារឿង « តូចតាច និងងាយ » ( អាលម៉ា ៣៧:៦ ) ។ ដូចដែលប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « អាពាហ៍ពិពាហ៍ដ៏រុងរឿងកើតឡើងបន្តិចម្ដងៗ ពីមួយថ្ងៃទៅមួយថ្ងៃពេញមួយជីវិត » ( « In Praise of Those Who Save » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៨ ) ។
ប្រធាន លីនដា ខេ ប៊ើតុន អតីតប្រធានសមាគមសង្គ្រោះទូទៅ បានផ្ដល់សំណួរសាមញ្ញមួយចំនួន ដែលយើងអាចប្រើដើម្បីវាយតម្លៃពីការខិតខំរបស់យើងនៅក្នុងការបីបាច់អាពាហ៍ពិពាហ៍របស់យើង ៖
ជាមួយនឹងការផ្លាស់ប្តូរតិចតួច សំណួរទាំងនេះអាចត្រូវជាមួយយើងទាំងអស់គ្នា ទោះជាយើងរៀបការហើយ ឬនៅលីវក្តី ទោះជាគេហដ្ឋានរបស់យើងមានស្ថានភាពបែបណាក្តី ។
តើពេលណាជាពេលចុងក្រោយបំផុតដែលខ្ញុំបានសរសើរដៃគូរបស់ខ្ញុំ ទោះជានៅតែឯង ឬនៅក្នុងពេលមានវត្តមានរបស់កូនៗក្ដី ?
តើពេលណាជាពេលចុងក្រោយបំផុតដែលខ្ញុំថ្លែងអំណរគុណ សម្តែងនូវសេចក្តីស្រឡាញ់ ឬទូលសូមដោយស្មោះត្រង់ក្នុងសេចក្តីជំនឿនៅក្នុងការអធិស្ឋានសម្រាប់គាត់ ?
តើពេលណាជាពេលចុងក្រោយបំផុត ដែលខ្ញុំឈប់និយាយអ្វីដែលខ្ញុំដឹងថាអាចនឹងធ្វើឲ្យគាត់ឈឺចាប់ ?
តើពេលណាជាពេលចុងក្រោយបំផុតដែលខ្ញុំសូមទោស និងសុំការអភ័យទោសដោយរាបសា—ដោយមិនបន្ថែមពាក្យថា « ប្រសិនបើអ្នកធ្វើដូច្នេះ » ឬ « ប្រសិនបើអ្នកមិនធ្វើដូច្នេះ ? »
តើខ្ញុំបានរើសយកភាពសប្បាយចិត្តជាជាងការទាមទារធ្វើជាអ្នក « ត្រូវ » ចុងក្រោយគេនៅពេលណា ?
តើអ្នកនឹងចូលរួមជាមួយខ្ញុំដើម្បីស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្រៀនយើងអំពីរបៀបលើកតម្កើងគ្នាទៅវិញទៅមក នៅក្នុងការបំពេញតួនាទី ក្នុងនាមជាបុត្រាបុត្រីដែលជាប់សេចក្តីសញ្ញានៃព្រះបិតាមាតាជាទីស្រឡាញ់របស់យើងដែរឬទេ ? ( « We’ll Ascend Together » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣១–៣២ )
ផ្នែកទី ៣
តើខ្ញុំនៅជាប់នឹងស្វាមី ឬភរិយារបស់ខ្ញុំយ៉ាងដូចម្ដេច ?
នៅក្នុងវិវរណៈមួយដែលប្រទានឲ្យនៅឆ្នាំ ១៨៣១ ព្រះអម្ចាស់បានប្រទានក្រឹត្យវិន័យក្រមសីលធម៌ទូទៅមួយចំនួន ទៅដល់សមាជិកទាំងអស់នៃសាសនាចក្រ ។ អ្វីដែលមាននៅក្នុងក្រឹត្យវិន័យនេះគឺជាការបង្គាប់ថា « ត្រូវស្រឡាញ់ប្រពន្ធខ្លួនឲ្យអស់អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២; សូមមើលផងដែរ លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៥ ) ។
នៅក្នុងបទគម្ពីរនេះ ពាក្យថា នៅជាប់នឹង មានន័យថា តោងជាប់ ស្របតាម ជាប់ ស្អិតជាប់ ឬចូលគ្នា ។ « ដូច្នេះ តាមនិយមន័យព្រះគម្ពីរ យើងឃើញថា ព្រះរំពឹងឲ្យយើង ‹ តោងជាប់ › នឹងស្វាមី ឬភរិយារបស់យើង ឬ ‹ ជាប់នឹង › គាត់ ឬនាង » ( Matthew O. Richardson « Three Principles of Marriage » Ensign ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនដូចតទៅនេះអំពីឃ្លាថា « គ្មាននរណាទៀតឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២ ) ៖
« ពាក្យថា គ្មាននរណាទៀតឡើយ គឺដកមនុស្សគ្រប់គ្នា និងអ្វីៗគ្រប់យ៉ាងចេញ ។ បន្ទាប់មក ស្វាមី និងភរិយាក្លាយទៅជាអាទិភាពនៅក្នុងជីវិតរបស់ស្វាមី ឬភរិយានោះ ហើយមិនថាជាជីវិតសង្គម ឬជីវិតការងារ ឬជីវិតនយោបាយ ឬចំណាប់អារម្មណ៍ណាមួយផ្សេងទៀត ឬបុគ្គល ឬវត្ថុអ្វីឡើយ វាពុំត្រូវមានអាទិភាពជាងគូស្វាមីភរិយាឡើយ ។ ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ២៥០ )
អែលឌើរ ក្លេតុន បានពន្យល់ពីរបៀបអនុវត្តការនៅជាប់នឹងស្វាមី ឬភរិយារបស់យើង នៅពេលយើងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ៖
ព្យាការីបង្រៀនថា ដៃគូអាពាហ៍ពិពាហ៍ជោគជ័យត្រូវមាន « ភក្ដីភាពយ៉ាងខ្លាំង » ចំពោះគ្នាទៅវិញទៅមក [ សូមមើល ថូម៉ាស អេស ម៉នសុន « Priesthood Power » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦៨; ហ្គរដុន ប៊ី ហ៊ិងគ្លី « Life’s Obligations » ទំព័រ ៤ ] ។ ពួកគេត្រូវបន្ដមានភាពស័ក្ដិសមយ៉ាងពេញលេញ នៅពេលពួកគេមើលប្រព័ន្ធផ្សព្វផ្សាយសង្គមតាមគ្រប់វិធី ។ ពួកគេពុំអនុញ្ញាតឲ្យខ្លួនពួកគេមានបទពិសោធន៍ចូលអ៊ីនធឺណិតដោយអាថ៌កំបាំងនោះទេ ។ ពួកគេចែកចាយជាមួយដៃគូនូវលេខសម្ងាត់បណ្ដាញសង្គមរបស់ពួកគេដោយសេរី ។ ពួកគេពុំមើលប្រវត្តិរូបរបស់អ្នកដទៃតាមអ៊ីនធឺណិត ក្នុងរបៀបណាមួយ ដែលអាចនឹងក្បត់ចំពោះទំនុកចិត្តដ៏ពិសិដ្ឋរបស់ប្ដី ឬប្រពន្ធរបស់ពួកគេនោះទេ ។ ពួកគេពុំធ្វើ ឬនិយាយអ្វីដែលដឹកនាំទៅរកលក្ខណៈពុំត្រឹមត្រូវ ទោះជាតាមរយៈអ៊ីនធឺណិត ឬដោយផ្ទាល់ក្ដី ។ ( « Marriage: Watch and Learn » ទំព័រ ៨៤ )
ទាក់ទងទៅនឹងសារៈសំខាន់នៃការដាក់ស្វាមី ឬភរិយារបស់អ្នកជាអាទិភាពដ៏ខ្ពស់បំផុតរបស់អ្នក នោះប្រធាន ណិលសុន បានបង្រៀនដូចតទៅនេះ នៅឯសម័យប្រជុំបព្វជិតភាពនៃសន្និសីទទូទៅ ។ ទោះបីជាការប្រឹក្សានេះត្រូវបានថ្លែងទៅកាន់ស្វាមីទាំងឡាយក្ដី ក៏វាអនុវត្តបានចំពោះស្វាមី និងភរិយាស្មើភាពគ្នាដែរ ។
ស្រឡាញ់ និងមើលថែភរិយារបស់បងប្អូន ។ ក្លាយជាមនុស្សតែមួយនឹងនាង ។ ធ្វើជាដៃគូរបស់នាង ។ … ពុំគួរមានអ្វីផ្សេងក្នុងជីវិតមកជំនួសអាទិភាពនៃការស្ថាបនាទំនាក់ទំនងដ៏អស់កល្បជានិច្ចជាមួយនឹងនាងឡើយ ។ គ្មានអ្វីមួយនៅលើកញ្ចក់ ទូរទស្សន៍ ទូរសព្ទ ឬកុំព្យូទ័រដែលសំខាន់ជាងសុខុមាលភាពរបស់នាងឡើយ ។ សូមពិនិត្យមើលរបៀប ដែលបងប្អូនចំណាយពេល ហើយថា តើបងប្អូនបានលះបង់ថាមពលទៅកន្លែងណាខ្លះ ។ ការណ៍នោះនឹងប្រាប់បងប្អូនថា ដួងចិត្តរបស់បងប្អូនកំពុងផ្ដោតលើអ្វីហើយ ។ សូមអធិស្ឋានឲ្យដួងចិត្តរបស់បងប្អូនវេញជាធ្លុងតែមួយនឹងដួងចិត្តនៃភរិយារបស់បងប្អូន ។ សូមព្យាយាមនាំអំណរឲ្យនាង ។ ( « We Can Do Better and Be Better » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨–៦៩ )