ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់


« មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

គ្រួសារ​ចំណាយ​ពេល​ជាមួយ​គ្នា

មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់

ការធ្វើជា​ឪពុក​ម្តាយ​មិន​ងាយស្រួល​ទេ ។ ទោះជា​យ៉ាងណា យើង​មិន​នៅតែ​ម្នាក់ឯង​នោះ​ទេ ។ ខណៈ​កំពុង​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់​អែលឌើរ ប្រាតលី ឌី ហ្វូស្ទើរ បាន​បង្រៀន​ថា « ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​បាន​ជោគជ័យ ព្រោះ​ពិត​ណាស់ ចុងក្រោយ​បំផុត ពួកគេ​គឺជា​កូនចៅ​ទ្រង់​ពីមុន​ពួកគេ​ជា​កូនៗ​របស់​យើង » ( « It’s Never Too Early and It’s Never Too Late » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៥១ ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះវរបិតា​សួគ៌​យើង អំពី​របៀប​ដែល​អ្នក​ចិញ្ចឹម​កូនៗ​នាពេល​បច្ចុប្បន្ន ឬ​នា​ពេល​អនាគត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ចិញ្ចឹម​កូនៗ​របស់​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូចម្ដេច ?

ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​ថា « ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ ក្ដីស្រឡាញ់ » ( « ក្រុមគ្រួសារ ៖​ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ស្នើ​វិធី​មួយ​ដែល​ឪពុក​ម្ដាយ​អាច​បំពេញ​ទំនួល​ខុសត្រូវ​នេះ​បាន ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

នៅក្នុង​ទំនាក់ទំនង​គ្រួសារ សេចក្ដី​ស្រឡាញ់ ត្រូវ​ប្រកប​ថា ពេ‑ល‑វេ‑លា គឺ​ពេលវេលា ។ ការចំណាយ​ពេលវេលា​សម្រាប់​គ្នា​ទៅវិញ​ទៅមក គឺជា​គន្លឹះ​សម្រាប់​ភាពសុខដុម​រមនា​នៅក្នុង​គេហដ្ឋាន ។ ( « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២២ )

ឪពុក​ម្ដាយ និង​កូនៗ​អាច​ចំណាយ​ពេល​ដ៏មាន​អត្ថន័យ​ជាមួយ​គ្នា​តាម​របៀប​ជាច្រើន ។ ខណៈ​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ បាន​បង្រៀន ៖

ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ

ទំនាក់ទំនង​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់​តម្រូវ​ឲ្យ​មាន​ពេល​និយាយ​គ្នា លេង សើច​សប្បាយ និង​ពេល​ធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន និង​ឥតដាច់ ។ ខ្ញុំ … ជឿ​ថា​ឪពុក​ម្តាយ និង​កូនៗ​ត្រូវ​ដឹងពី​ពេល​មួយ​ថ្ងៃ​របស់​គ្នា​ទៅវិញ​ទៅមក ដែល​ជា​បទពិសោធន៍​សាមញ្ញ​ប្រចាំ​ថ្ងៃ ។ ( « Did I Tell You … ? » Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧៥ )

ទោះបីជា​វា​អាច​ស្រួល​ជាង​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការធ្វើ​ការងារ​ដោយ​ខ្លួនឯង​ក្ដី ក៏ « ពេល​ធ្វើការ » ជាមួយ​គ្នា​អាច​ផ្តល់​ឱកាស​ដ៏អស្ចារ្យ​ឲ្យ​ឪពុក​ម្តាយ និង​កូនៗ​និយាយ​គ្នា​ដែរ ។ ការធ្វើការ​ជាមួយគ្នា​ក៏អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​បង្រៀន​កូនៗ​របស់​ពួកគេ​ឲ្យស្គាល់​ពី​តម្លៃ​ការងារ និង​ចៀសវាង​ពី​ការខ្ជិល​ច្រអូស​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:៣១ ) ។

កូនៗ​ជួយ​លាង​ចាន

ប្រធាន អុជដូហ្វ បាន​ចែកចាយ​ពី​របៀប​ផ្សេងទៀត ដែល​ឪពុក​ម្ដាយ​អាច​ចំណាយ​ពេលវេលា​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ​បាន ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ដោយសារ « គ្មាន​ភាពជោគជ័យ​ផ្សេង​ណា​អាច​សង​ឲ្យ​ភាពបរាជ័យ » [ J. E. McCulloch Home: The Savior of Civilization ( ឆ្នាំ ១៩២៤ ) ទំព័រ ៤២ ] [ នៅក្នុង​ក្រុមគ្រួសារ​របស់​យើង​បាន ] នោះ​យើង​ត្រូវតែ​ដាក់​អាទិភាព​ខ្ពស់​ទៅលើ​ក្រុមគ្រួសារ​របស់​យើង ។ យើង​បង្កើត​ឲ្យមាន​ទំនាក់ទំនង​គ្រួសារ​ដ៏ជ្រាលជ្រៅ និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ តាមរយៈ​ការធ្វើ​កិច្ចការ​សាមញ្ញ​ជាមួយ​គ្នា ដូចជា​រៀបចំ​អាហារ​ពេល​ល្ងាច​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង​តាមរយៈ​ការគ្រាន់តែ​រីករាយ​ជាមួយ​គ្នា ។ ( « Of Things That Matter Most » ទំព័រ ២១–២២ )

ដូច​ដែល​ប្រធាន អុជដូហ្វ បាន​កត់​សម្គាល់ ការធ្វើ​សកម្មភាព​កម្សាន្ដ​ល្អៗ​អាច​រួម​ចំណែក​ឲ្យមាន​ទំនាក់ទំនង​គ្រួសារ​ដ៏​ជោគជ័យ ( សូមមើល​ផងដែរ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ បទពិសោធន៍​ទាំងនេះ​អាច​ជួយ « បង្កើត​ឲ្យមាន​ចំណង​គ្រួសារ​ដ៏មាន​អត្ថន័យ​ដែល​ផ្តល់ … អត្តសញ្ញាណ​ដ៏រឹងមាំ​ដល់​កូនៗ ជាង​អ្វី​ដែល​ពួកគេ​អាច​រកឃើញ​ពី​ក្រុម​មិត្តភក្ដិ​វ័យ​ស្រករ​គ្នា​របស់​ពួកគេ ឬ​នៅឯ​សាលារៀន ឬ​នៅ​កន្លែង​ណា​ផ្សេងទៀត​ទៅទៀត » ( អិម រ័សុល បាឡឺដ « What​Matters​Most​Is​What​Lasts​Longest » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៣ ) ។

ឪពុក និង​កូន​ដេក​នៅលើ​ស្មៅ

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​គោលការណ៍​នានា ដែល​អាច​ណែនាំ​ឪពុក​ម្ដាយ​ឲ្យ​ជ្រើសរើស​សកម្មភាព​មក​ធ្វើ​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ ៖

ប្រធាន ដាល្លិន អេក អូក

ក្នុង​ការជ្រើសរើស​របៀប​ដែល​យើង​ចំណាយ​ពេល​ក្នុងនាមជា​គ្រួសារ នោះ​យើង​គួរតែ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ចំណាយ​អស់​ពេលវេលា​ដែល​យើង​មាន ទៅលើ​រឿង​ដែល​គ្រាន់តែ​ល្អ ហើយ​ទុក​ពេលវេលា​តិចតួច​សម្រាប់​រឿង​ដែល​ល្អ​ប្រសើរ ឬ​ល្អ​បំផុត​ឡើយ ។ មិត្ត​ម្នាក់​បាន​នាំ​គ្រួសារ​ថ្មីថ្មោង​របស់​គាត់​ទៅ​ដើរលេង​វិស្សមកាល​រដូវ​ក្ដៅ​មួយ រួមមាន​ការទៅ​លេង​កន្លែង​ប្រវត្តិសាស្ដ្រ​ដ៏គួរ​ចងចាំ​ផងដែរ ។ នៅ​ចុង​បញ្ចប់​នៃ​រដូវក្ដៅ​នោះ គាត់​បាន​សួរ​កូនប្រុស​វ័យ​ជំទង់​របស់​គាត់​ពី​សកម្មភាព​រដូវក្ដៅ​សប្បាយៗ ដែល​គាត់​បាន​រីករាយ​នឹង​ធ្វើ​យ៉ាងខ្លាំង ។ ឪពុក​រូបនោះ​បាន​រៀន​ពី​ចម្លើយ​នោះ ព្រមទាំង​អស់អ្នក​ដែល​គាត់​បាន​តំណាល​ប្រាប់​អំពី​រឿង​នេះ​ផងដែរ ។ កូនប្រុស​នេះ​បាន​ឆ្លើយ​ថា « អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នៅ​រដូវ​ក្តៅ​នេះ​គឺ នៅយប់​ដែល​ប៉ា និង​ខ្ញុំ​បាន​ដេក​នៅលើ​វាលស្មៅ ហើយ​មើល​ផ្កាយ ហើយ​និយាយ​គ្នា » ។ សកម្មភាព​គ្រួសារ​ដ៏លើសលប់​អាច​ជា​រឿង​ល្អ​សម្រាប់​កុមារ ប៉ុន្តែ​វា​មិន​តែងតែ​ប្រសើរ​ជាង​មាន​ពេល​ម្នាក់​ទល់​ម្នាក់​ជាមួយ​នឹង​ឪពុក ឬ​ម្ដាយ​ជាទី​ស្រឡាញ់​នោះ​ទេ ។ ( « Good, Better, Best » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៥ )

រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​ឃើញ​ឪពុក​ម្ដាយ​របស់​អ្នក ឬ​ឪពុក​ម្ដាយ​ដែល​អ្នក​ស្គាល់ ចិញ្ចឹម​កូនៗ​របស់​ពួកគាត់​ដោយ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណាខ្លះ ? តើ​អ្នក​ចង់​ធ្វើ​សកម្មភាព​បែប​ណា​ជាមួយ​កូនៗ​របស់​អ្នក​នាពេល​អនាគត ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ប្រដៅ​កូន​របស់​ខ្ញុំ​តាម​របៀប​មួយ ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​ដូចម្ដេច​ទៅ ?

ផ្នែក​ដ៏លំបាក​មួយ​នៃ​ការធ្វើជា​ឪពុក​ម្ដាយ អាច​ជា​ការប្រដៅ​កូនៗ​របស់​អ្នក ។ នៅក្នុង​ផ្នែក​នេះ យើង​អាច​រៀន​មកពី​ព្រះអម្ចាស់ ដែល​បាន​បង្ហាញ​ពី​របៀប​ប្រៀន​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់ ។ ឧទាហរណ៍ នៅពេល​ដែល​សមាជិក​ពីដើម​ក្នុង​សាសនាចក្រ​បាន​ពន្យារ​ពេល​សាងសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នោះ​ទ្រង់​បាន​វាយផ្ចាល​ពួកគេ ។ ( កំណត់​ចំណាំ ៖ ការ វាយផ្ចាល មាន​ន័យ​ថា​ប្រដៅ ឬ​កែតម្រូវ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៥:១ ហើយ​ស្វែងរក​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​វាយផ្ចាល​អ្នកដើរតាម​របស់​ទ្រង់ ។

សូម​គិត​អំពី​របៀប​ដែល​ដំបូន្មាន​ខាងក្រោម​នេះ​មកពី​ប្រធាន ថែនណឺ អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ប្រៀន​ប្រដៅ​កូន​របស់​ខ្លួន​បាន​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ។

ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ

ជួនកាល​វិន័យ ដែល​មាន​ន័យ​ថា « បង្រៀន » មាន​ការភាន់​ច្រឡំ​នឹង​ការរិះគន់ ។ ក្មេងៗ—ក៏ដូចជា​មនុស្ស​គ្រប់វ័យ​ទាំងអស់—កែលម្អ​ឥរិយាបថ ដោយសារ​សេចក្តី​ស្រឡាញ់ និង​ការលើក​ទឹកចិត្ត ច្រើនជាង​ការរកឃើញ​កំហុស ។ ( « Did I Tell You … ? ទំព័រ ៧៤ )

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ប្រឹក្សា​ឪពុក​ម្ដាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​របៀប​ដែល​ពួកគេ​ប្រដៅ​កូនៗ ។ ( កំណត់​ចំណាំ ៖ ទោះជា​លោក​ថ្លែង​ទៅកាន់​ឪពុក​ក្ដី ក៏​ដំបូន្មាន​របស់​លោក​អនុវត្ត​ចំពោះ​ម្ដាយ​ផងដែរ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅក្នុង​ការលត់ដំ ឪពុក​ត្រូវ​អនុវត្ត​ដោយ​ការយក​ចិត្ត​ទុក​ដាក់​ជាពិសេស បើ​មិន​ដូច្នោះ​ទេ វា​អាច​ក្លាយទៅ​ជា​ហិង្សា ដែល​មិន​អាច​ដោះសារ​បាន​ឡើយ ។ នៅពេល​ឪពុក​ផ្ដល់​ការកែតម្រូវ នោះ​ការជំរុញ​ចិត្ត​របស់​គាត់​គឺ​ត្រូវតែ​ជា​សេចក្ដី​ស្រឡាញ់ និង​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« ដោយ​ស្ដី​បន្ទោស​សមពេលសម​ហេតុ ដោយ​ការតឹងរឹង កាលណា​បាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់មក​ដោយ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង​ចំពោះ​អ្នក​នោះ​ដែល​អ្នក​បាន​ស្ដីបន្ទោស ក្រែង​អ្នក​នោះ​រាប់​អ្នក​ថា ជាខ្មាំង​សត្រូវ​របស់​គេ

« ប្រយោជន៍​ឲ្យ​គេ​អាច​ដឹងថា សេចក្ដី​ស្មោះស្ម័គ្រ​របស់​អ្នក​គឺ​ខ្លាំង​ជាង​ចំណង​នៃ​សេចក្ដីស្លាប់ » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៤៣–៤៤ ] ។

ការលត់ដំ​នៅក្នុង​លំនាំ​របស់​ព្រះ គឺ​មិន​មែន​អំពី​ការដាក់​ទណ្ឌកម្ម​នោះ​ទេ ដោយសារ​វា​ជា​ការជួយ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​នៅ​តាមផ្លូវ​នៃ​ការធ្វើជា​ម្ចាស់​លើ​ខ្លួនឯង ។ ( « Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៥ )

ឪពុក​បង្រៀន​កូន​ប្រុស

ក្នុង​ការជួយ​កូនៗ​ឲ្យ​រៀនសូត្រ និង​កែ​តម្រូវ​ឥរិយាបថ​មិន​ត្រឹម​ត្រូវ​របស់​ពួកគេ នោះ​ឪពុក​ម្ដាយ​គួរតែ​បង្កើត​ឲ្យមាន​លទ្ធផល​សម​ហេតុ​ផល​សម្រាប់​សកម្មភាព​នានា ។ ឪពុក​ម្ដាយ​ត្រូវតែ​ប្រុង​ប្រយ័ត្ន​កុំ​បន្ត​ការអនុវត្ត​វិន័យ ដែល​អាច​ទទួល​យក​បាន​នៅក្នុង​វប្បធម៌ ឬ​ក្រុមគ្រួសារ​របស់​ពួកគេ ប៉ុន្តែ​មិន​ត្រូវ​គ្នា​នឹង​ការបង្រៀន​របស់​ព្រះអម្ចាស់​ឡើយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ការប្រឹក្សា​បន្ថែម ៖

ប្រធាន រ័សុល អិម ណិលសុន

នៅពេល​កូន​ត្រូវការ​កែតម្រូវ នោះ​អ្នក​អាច​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​អាច​និយាយ​អ្វី ឬ​ធ្វើ​បែបណា ដើម្បី​បញ្ចុះបញ្ចូល​កូន​ឲ្យ​ជ្រើសរើស​វិធី​ល្អ​ជាងនេះ ? » នៅពេល​ផ្តល់​ការកែ​តម្រូវ​ដែល​ចាំបាច់ សូម​ធ្វើ​វា​ដោយ​ស្ងាត់ស្ងៀម ដោយ​ឯកជន ដោយ​ក្ដី​ស្រឡាញ់ ហើយ​មិនមែន​នៅ​ទី​សាធារណៈ​នោះ​ទេ ។ ប្រសិនបើ​ត្រូវ​ធ្វើ​ការស្តី​បន្ទោស សូម​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏ខ្លាំង​ភ្លាមៗ ដើម្បី​កុំឲ្យ​គ្រាប់​ពូជ​នៃ​ការអាក់អន់​ចិត្ត​អាច​នៅ​ជាប់​បាន​យូរ ។ ដើម្បី​បញ្ចុះបញ្ចូល​បាន នោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ត្រូវតែ​ស្មោះសរ ហើយ​ការបង្រៀន​របស់​អ្នក​ត្រូវ​ផ្អែកលើ​គោលលទ្ធិ​ដ៏ទេវភាព និង​គោលការណ៍​ត្រឹមត្រូវ ។ ( « Salvation and Exaltation » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩–១០ )

រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​គ្រា​ដែល​អ្នក​ត្រូវបាន​កែតម្រូវ​ដោយ​ព្រះអម្ចាស់ ឬ​គ្រា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​គំនិត​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​តាម​របៀប​មួយ​ចំនួន ។ តើ​អ្នក​អាច​រៀន​បាន​អ្វីខ្លះ អំពី​ការដាក់​វិន័យ​កូនៗ​ចេញពី​បទពិសោធន៍​ទាំងនោះ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​បង្រៀន​កូនៗ​របស់​ខ្ញុំ​ឲ្យ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក​បាន​យ៉ាង​ដូចម្ដេច ?

ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​នៅ​ជំនាន់​របស់​យើង​បាន​បញ្ជាក់​សាជាថ្មី​ថា « ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ … ដើម្បី​បង្រៀន [ កូនៗ​របស់​ពួកគេ ] ឲ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ ខណៈ​កំពុង​បម្រើ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ នោះ​ប្រធាន បូនី អិល អូស្ការសុន បាន​ផ្តល់​ដំបូន្មាន​ដូច​ខាងក្រោម​អំពី​ការស្រឡាញ់ និង​ការបម្រើ​ដល់​សមាជិក​គ្រួសារ​របស់​យើង ៖

ប្រធាន បូនី អិល អូស្ការសុន

សូម​ចាប់​ផ្ដើម​ការបម្រើ​របស់​អ្នក​នៅក្នុង​គេហដ្ឋាន​អ្នក​ផ្ទាល់ និង​ក្នុង​គ្រួសារ​អ្នក​ផ្ទាល់ ។ ទាំងនេះ​គឺជា​ទំនាក់ទំនង​ដែល​អាច​នៅ​អស់កល្ប​ជានិច្ច ។ ទោះ​ជា—ហើយ​ជាពិសេស​ប្រហែលជា—ស្ថានភាព​គ្រួសារ​អ្នក​មិន​សូវ​ល្អ​ឥតខ្ចោះ​ក្ដី ក៏​អ្នក​អាច​ស្វែងរក​វិធី​បម្រើ លើក​តម្កើង ហើយ​ពង្រឹង​គ្នា​ផងដែរ ។ សូម​ចាប់ផ្ដើម​ពី​រូប​អ្នក សូម​ស្រឡាញ់​ពួកគេ​តាម​លក្ខណៈ​របស់​គេ ហើយ​រៀបចំ​សម្រាប់​គ្រួសារ​ដែល​អ្នក​ចង់​បាន​នៅពេល​អនាគត ។ ( « The Needs before Us » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៧ )

សាតាំង​ព្យាយាម​បង្អាក់​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​ដែល​សមាជិក​គ្រួសារ​អាច​ដក​ពិសោធន៍​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​បាន ។ វិធី​មួយ​ដែល​វា​ធ្វើ​បែប​នេះ​បាន គឺ​តាមរយៈ​ការបង្ក​ឲ្យ​មាន​ការឈ្លោះ​ប្រកែក​គ្នា ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​៣ ១១:២៩–៣០ ហើយ​គិត​អំពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកសាសន៍​នីហ្វៃ អាច​អនុវត្ត​ចំពោះ​ក្រុមគ្រួសារ​បាន ។

ស្តេច​បេនយ៉ាមីន​កំពុង​បង្រៀន​ពី​លើ​ប៉ម
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ឪពុក​ម្ដាយ​នៅ​ក្នុង​ជំនាន់​របស់​ទ្រង់ អំពី​របៀប​ដែល​ពួកគេ​គួរតែ​ជួយ​កូនៗ​របស់​ពួកគេ​ឲ្យ​រៀន​រស់នៅ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិក​គ្រួសារ​របស់​ពួកគេ ។ សូម​អាន ម៉ូសាយ ៤:១៤–១៥ ដោយ​រកមើល​ព្រះឱវាទ​របស់​ស្តេច​បេនយ៉ាមីន​ទៅកាន់​ឪពុក​ម្ដាយ ។

កុមារ​កំពុង​សម្អាត​បន្ទប់​ជាមួយគ្នា
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « [ ព្រះយេស៊ូវ ] បាន​ប្រទាន​គ្រួសារ​ឲ្យយើង ទុកជា​គំរូ​មួយ​នៃ​មជ្ឈដ្ឋាន​ដ៏ល្អ​ប្រពៃ ដែល​យើង​អាច​រៀន​អំពី​របៀប​នៃ​ការ​ស្រឡាញ់ ដូចជា​ទ្រង់​ស្រឡាញ់​ដែរ » ( « Our Perfect Example » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៧១ ) ។ សូម​គិត​អំពី​គ្រា​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​នរណា​ម្នាក់​ដោយ​ក្ដី​ស្រឡាញ់ ។ សូម​សរសេរ​អំពី​របៀប​ដែល​អ្នក​អាច​ស្រឡាញ់ និង​បម្រើ​សមាជិក​គ្រួសារ​តាម​របៀប​ដូចគ្នា​នេះ ឬ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ​ផ្សេងទៀត ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​គំនិត​របស់​អ្នក​នៅក្នុង​ថ្នាក់ ។