« មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការដោះស្រាយបញ្ហាប្រើប្រាស់រូបអាសគ្រាម » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ការដោះស្រាយបញ្ហាប្រើប្រាស់រូបអាសគ្រាម
ព្រះវរបិតាសួគ៌របស់យើងបានប្រទានដល់យើងនូវរូបកាយសាច់ឈាម និងអារម្មណ៍ខាងផ្លូវភេទរបស់យើងជាអំណោយទានដ៏ពិសិដ្ឋ ដើម្បីជួយយើងឲ្យបំពេញតាមផែនការរបស់ទ្រង់សម្រាប់សុភមង្គលរបស់យើង ។ របៀបមួយដែលសាតាំងល្បួងយើងឲ្យប្រើប្រាស់អំណោយទានទាំងនេះខុសឆ្គង គឺតាមរយៈការទាក់ទាញយើងឲ្យមើលរូបអាសគ្រាម ដែលជា « ការបង្ហាញណាមួយ តាមរយៈរូបភាព ឬការសរសេរ ដែលមានបំណងដាស់ឲ្យមានអារម្មណ៍ផ្លូវភេទដោយមិនសមរម្យ » ( Gospel Topics « Pornography » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចពង្រឹងយើងឲ្យប្រឆាំង ឬបានជាសះស្បើយពីឥទ្ធិពលបំផ្លិចបំផ្លាញនៃរូបអាសគ្រាម ។
ផ្នែកទី ១
តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះ អំពីការប្រឆាំងនឹងរូបអាសគ្រាម ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀនអំពីការកើនឡើងនៃការរាតត្បាតនៃរូបអាសគ្រាម ៖
មូលហេតុចម្បងនៃបញ្ហាដែលកើនឡើងនៃរូបអាសគ្រាមនេះគឺថា នៅក្នុងពិភពលោកបច្ចុប្បន្ននេះ ទាំងពាក្យសម្តី និងរូបភាពដែលមានផ្ទុកទៅដោយព័ត៌មានអំពីផ្លូវភេទ និងឥទ្ធិពលរបស់វាមាននៅគ្រប់ទីកន្លែង ៖ វាអាចមាននៅក្នុងខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម សារជាអក្សរ កម្មវិធីនៅក្នុងទូរសព្ទ ការផ្សព្វផ្សាយពាណិជ្ជកម្ម សៀវភៅផ្សេងៗ តន្ត្រី និងការសន្ទនារាល់ថ្ងៃ ។ ជាលទ្ធផល យើងទាំងអស់គ្នាគេចមិនផុតដែលត្រូវជួបប្រទះសារនិយាយពីផ្លូវភេទក្នុងជីវិតប្រចាំថ្ងៃ ។ ( « Recovering from the Trap of Pornography » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣២ )
ការផលិត និងការប្រើប្រាស់រូបអាសគ្រាមបំពានភាពពិសិដ្ឋនៃលក្ខណៈដ៏ទេវភាពរបស់យើង រូបកាយសាច់ឈាមរបស់យើង និងជីវិតផ្លូវភេទរបស់យើង ។ ការចេញផ្សាយរបស់សាសនាចក្រនាពេលថ្មីៗនេះកត់សម្គាល់ថា « រូបអាសគ្រាមវាយប្រហារលើសុភមង្គលរបស់យើង ដោយសារមិនពិតអំពីការរួមភេទ ។ ជីវិតផ្លូវភេទដ៏ល្អប្រពៃអាចនាំឲ្យយើងរកឃើញអំណរ និងការភ្ជាប់គ្នា ប៉ុន្ដែរូបអាសគ្រាមនឹងធ្វើឲ្យយើងកណ្ដោចកណ្ដែង និងកំសត់វេទនា ។ រូបអាសគ្រាមធ្វើឲ្យអ្នកបដិសេធមនុស្សដទៃទៀត លើកទឹកចិត្តឲ្យមានការបំពេញចំណង់បែបអាត្មានិយម និងតំណាងឲ្យជីវិតផ្លូវភេទខុសឆ្គង ។ វាធ្វើបាបយើងខាងផ្លូវកាយ ផ្លូវចិត្ត ខាងសង្គម និងខាងវិញ្ញាណ » ( « How Does Using Pornography Affect Me? » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
នៅពេលកំពុងធ្វើទេសនកថានៅលើភ្នំ ព្រះអង្គសង្គ្រោះបានពន្យល់ពីក្រឹត្យវិន័យជាន់ខ្ពស់ ដែលទ្រង់រំពឹងឲ្យពួកសិស្សរបស់ទ្រង់រស់នៅតាម ។ នៅក្នុងការព្រមានប្រឆាំងនឹងអំពើបាបខាងផ្លូវភេទ ទ្រង់បានបង្រៀនថា « សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ » ( ម៉ាថាយ ៥:២៨; សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់បានយោងបទគម្ពីរនេះចេញពីម៉ាថាយ ហើយបានបង្រៀនអំពីអត្ថន័យនៃការទប់ទល់នឹងរូបអាសគ្រាម ៖
ប្រសិនបើយើងអាចប្រើភាសានោះ ប្រាកដណាស់វាគ្មាន « បទបញ្ញត្តិ » ណាអាចលើកឡើង និងដាក់ទោសដល់អំពើបាបនៃរូបអាសគ្រាមដោយចំៗខ្លាំងជាងវគ្គបទគម្ពីរនោះបានទេ ! យើងឆ្ងល់ថា តើព្រះគ្រីស្ទបានទតឃើញការគំរាមកំហែងបែបនោះនៅគ្រាកាន់កាប់ត្រួតត្រារបស់ទ្រង់ដែរឬទេ វាមិនខុសគ្នាទេ ប៉ុន្តែវាលើសពីការប្រព្រឹត្តកាម ដែលបុរស ឬស្ត្រីអាចមើលទៅគ្នាដោយហេតុផលមិនសមរម្យ ក្នុងរយៈពេលជាច្រើនសតវត្សរ៍មុនមានរូបថត ខ្សែភាពយន្ត និងមុនពេលមានអ៊ីនធឺណិតទៅទៀត ។ ( « The Plague of Pornography » [ សុន្ទរកថាធ្វើឡើងនៅឯ Utah Coalition against Pornography ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ utahcoalition.org )
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន រ័សុល អិម ណិលសុន សូមរកមើលអ្វីដែលលោកបានអញ្ជើញយើងឲ្យយល់ដឹង នៅក្នុងការខិតខំរបស់យើងដើម្បីប្រយុទ្ធប្រឆាំងនឹងការល្បួងនៃរូបអាសគ្រាម ៖
នៅពេលយើងយល់ពីលក្ខណៈធម្មជាតិរបស់យើង និងគោលបំណងរបស់យើងនៅលើផែនដីនេះ ហើយថារូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធនៃព្រះខាងសាច់ឈាម នោះយើងនឹងដឹងថា វាគឺជាទោសប្រមាថដែលអនុញ្ញាតឲ្យអ្វីមួយចូលក្នុងរូបកាយដែលអាចធ្វើឲ្យខ្លួនប្រាណយើងត្រូវសៅហ្មង ។ វាពិតជាគ្មានគារវភាពនោះទេ ដែលអនុញ្ញាតឲ្យកែវភ្នែកដ៏មានតម្លៃរបស់យើង ឬភាពរំញោចនៃការប៉ះ ឬការស្ដាប់របស់យើងផ្ទុកអនុស្សាវរីយដែលមិនស្អាតស្អំ ឬមិនស័ក្ដិសមបែបនោះទៅក្នុងខួរក្បាលរបស់យើង ។ យើងនឹងស្រឡាញ់ថែទាំភាពបរិសុទ្ធរបស់យើង ហើយចៀសវាងពី « សេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន [ យើង ] ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ » [ ធីម៉ូថេ ទី១ ៦:៩ ] ។ យើងនឹង « រត់ចៀសចេញពីសេចក្តីទាំងនោះ ហើយដេញតាមសេចក្តីសុចរិត សេចក្តីគោរពប្រតិបត្តិដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន [ និង ] សេចក្តីសំឡូតវិញ » [ ធីម៉ូថេ ទី១ ៦:១១ ]—ជាចរិតលក្ខណៈដែលស្អាងព្រលឹងទាំងមូលរបស់យើងឡើង ។ ( « Your Body: A Magnificent Gift to Cherish » New Era ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៥–៦ )
ផ្នែកទី ២
តើខ្ញុំអាចទប់ទល់នឹងការល្បួងឲ្យប្រើប្រាស់រូបអាសគ្រាមដោយរបៀបណា ?
ពួកយើងទាំងអស់គ្នាប្រឈមមុខនឹងការល្បួង នៅពេលយើងខិតខំរស់នៅក្នុងជីវិតមួយដែលមានគុណធម៌ ។ សូមចងចាំថា ព្រះយេស៊ូវគ្រីស្ទ « ទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរតែ [ ទ្រង់បានបន្ដ ] ឥតធ្វើបាបឡើយ » ( ហេព្រើរ ៤:១៥ ) ។ ទ្រង់យល់ពីពួកយើង ហើយអាចជួយយើងឲ្យទប់ទល់នឹងការល្បួងបាន ។
ប្រធាន អូក បានប្រឹក្សា ៖
ចូរធ្វើអ្វីៗទាំងអស់ ដែលអ្នកអាចធ្វើទៅបាន ដើម្បីចៀសវាងពីរូបអាសគ្រាម ។ …
ចូរកុំអនុញ្ញាតឲ្យការល្បួងគ្រប់កម្រិតចូលមកឲ្យសោះ ។ ចូរទប់ស្កាត់កុំឲ្យមានអំពើបាប ហើយចៀសវាងពីការពាក់ព័ន្ធទៅនឹងសេចក្ដីបំផ្លិចបំផ្លាញដែលចៀសមិនរួចរបស់វា ។ ដូច្នេះ ចូរបិទវាចោលទៅ ! ចូរងាកមុខចេញ ! ចូរចៀសវាងពីវានៅក្នុងគ្រប់រូបភាពទាំងអស់ ។ ចូរដឹកនាំគំនិតរបស់អ្នកឲ្យទៅតាមមាគ៌ាដ៏ត្រឹមត្រូវ ។ ( « Pornography » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩០ )
សូមពិចារណាមើលវីដេអូ « Watch Your Step » ( ២:៣៥ ) ។ សូមគិតអំពីរបៀបដែលការសម្រេចចិត្តតូចតាចរបស់អ្នកមានអានុភាព ដើម្បីធ្វើឲ្យអ្នកកាន់តែងាយទទួលឥទ្ធិពលនៃការល្បួង ឬជួយអ្នកឲ្យចៀសវាងពីការល្បួងនោះ ។
មនុស្សមួយចំនួនប្រើប្រាស់តម្រង ឬធនធានខាងក្រៅដទៃទៀតដោយវាងវៃ ដើម្បីជួយពួកគេឲ្យចៀសវាងពីរូបអាសគ្រាម ។ ស៊ិស្ទើរ លីនដា អេស រីវស៍ ជាអតីតសមាជិកនៃគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនអំពីតម្រងដ៏ល្អបំផុតរបស់យើង ៖
តម្រងគឺជាឧបករណ៍ការពារដ៏មានប្រយោជន៍ ប៉ុន្តែតម្រងដ៏ធំបំផុតក្នុងពិភពលោកនេះ ជាតម្រងតែមួយគត់ដែលនឹងមានប្រសិទ្ធភាព គឺតម្រងនៅខាងក្នុងខ្លួនមនុស្សផ្ទាល់ ដែលកើតចេញពីទីបន្ទាល់ដ៏ជ្រាលជ្រៅ និងខ្ជាប់ខ្ជួននៃក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង និងការបូជាដ៏ធួនរបស់ព្រះអង្គសង្គ្រោះសម្រាប់យើងម្នាក់ៗ ។ ( « Protection from Pornography—a Christ-Focused Home » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៦ )
ផ្នែកទី ៣
តើខ្ញុំអាចទទួលបានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីព្យាបាលពីឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃរូបអាសគ្រាមនេះតាមរបៀបណា ?
ទាំងបុរស និងស្ដ្រីកំពុងជាប់អន្ទាក់នឹងរូបអាសគ្រាម ។ សម្រាប់មនុស្សជាច្រើន ការប្រើប្រាស់រូបអាសគ្រាមមិនមែនត្រឹមតែសម្រាប់ការចម្អែតដល់ចំណង់ខាងផ្លូវភេទប៉ុណ្ណោះទេ ។ ប៉ុន្ដែ ពួកគេប្រើប្រាស់រូបអាសគ្រាមដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន ដ៏ជ្រាលជ្រៅជាងនេះទៅទៀត ។ ពួកគេអាចប្រើប្រាស់វាធ្វើជាវិធីមួយដើម្បីសម្រួលអារម្មណ៍តានតឹង ការមិនស្រួលក្នុងចិត្ត ភាពឯកោ ភាពធុញទ្រាន់ ការអស់កម្លាំង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ឬអារម្មណ៍ត្រូវគេបោះបង់ចោល ឬគ្មានសារៈសំខាន់ ។
នៅពេលជាប់នៅក្នុងវដ្ដដ៏បំផ្លិចបំផ្លាញនៃការប្រើប្រាស់រូបអាសគ្រាម នោះមនុស្សមួយចំនួនចាប់ផ្ដើមមានអារម្មណ៍ខ្មាសអៀន ឬបាត់បង់សេចក្ដីសង្ឃឹមទៅលើសមត្ថភាពរបស់ពួកគេដើម្បីផ្លាស់ប្ដូរ និងទទួលបានការព្យាបាល ។ ពួកគេអាចមានអារម្មណ៍ថាជាប់អន្ទាក់ ។ មនុស្សមួយចំនួនព្យាយាមលាក់បាំងអំពើបាបរបស់ពួកគេ ។ ចំពោះអស់អ្នកដែលរងការឈឺចាប់ដោយសារការប្រើប្រាស់រូបអាសគ្រាមរបស់បុគ្គលម្នាក់ទៀត នោះអារម្មណ៍នៃការក្បត់ កំហុស ឬកំហឹងអាចកើតឡើងយ៉ាងលើសលប់ ។
ស៊ីស្ទើរ រីវស៍ បានបង្រៀនអំពីព្រះចេស្ដាដើម្បីព្យាបាលរបស់ព្រះអម្ចាស់ប្រកបដោយភាពជឿជាក់ ៖
ប្រសិនបើអ្នកឃើញថា អ្នកជាប់នៅក្នុងអន្ទាក់នៃរូបអាសគ្រាមរបស់សាតាំង សូមចងចាំថា ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើងមានក្ដីមេត្តាករុណាយ៉ាងណា ។ តើអ្នកដឹងទេថា ព្រះអម្ចាស់ស្រឡាញ់ និងឲ្យតម្លៃអ្នកខ្លាំងយ៉ាងណា សូម្បីតែនៅពេលឥឡូវនេះក្ដី ? ព្រះអង្គសង្គ្រោះយើងមានព្រះចេស្ដា ដើម្បីសម្អាត និងព្យាបាលអ្នក ។ ( « Protection from Pornography—a Christ-Focused Home » ទំព័រ ១៥ )
ដោយយោងទៅលើដំណើររឿងនេះ ប្រធាន ណិលសុន បានបង្រៀន ៖
ស្ត្រីស្មោះត្រង់ និងយកចិត្តទុកដាក់រូបនេះ ចាំបាច់ត្រូវឈោងទៅឲ្យបានឆ្ងាយ ដើម្បីនាងអាចទទួលបានព្រះចេស្ដារបស់ទ្រង់ ។ …
នៅពេលបងប្អូនឈោងទៅដើម្បីមានព្រះចេស្ដារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន ដោយកម្លាំងដូចគ្នានឹងកម្លាំងរបស់មនុស្សលង់ទឹកម្នាក់ខំតោងចាប់ ហើយដង្ហក់រកខ្យល់ នោះព្រះចេស្ដាមកពីព្រះយេស៊ូវគ្រីស្ទនឹងជារបស់បងប្អូន ។ នៅពេលព្រះអង្គសង្គ្រោះដឹងថា បងប្អូនពិតជាចង់ឈោងទៅរកទ្រង់—ពេលទ្រង់អាចញាណដឹងពីបំណងប្រាថ្នាដ៏ខ្លាំងបំផុតនៃដួងចិត្តរបស់បងប្អូនថា បងប្អូនចង់ទាញយកព្រះចេស្ដារបស់ទ្រង់ដាក់ក្នុងជីវិត—នោះបងប្អូននឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដើម្បី ដឹងច្បាស់ពីអ្វីដែលបងប្អូនចាំបាច់ត្រូវធ្វើ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ ] ។
នៅពេលបងប្អូនឈោងខាងវិញ្ញាណហួសពីអ្វីៗដែលបងប្អូនធ្លាប់ធ្វើពីមុនមក នោះព្រះចេស្ដារបស់ទ្រង់នឹងចាក់ស្រោចមកលើបងប្អូន ។ ( « Drawing the Power of Jesus Christ into Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១–៤២ )
ប្រសិនបើអ្នកបានពុះពារនឹងការប្រើប្រាស់រូបអាសគ្រាម ឬបានរងការឈឺចាប់ដោយសារការប្រើប្រាស់រូបអាសគ្រាមរបស់បុគ្គលម្នាក់ទៀត នោះអ្នកនឹងត្រូវការលើសពីកម្លាំងរបស់អ្នកផ្ទាល់ ដើម្បីបានការព្យាបាលឲ្យជាសះស្បើយពីឥទ្ធិពលរបស់វា ។ អ្នកត្រូវការព្រះចេស្ដារបស់ព្រះអម្ចាស់ ។