ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ អំណោយទាន​ដ៏ទេវភាព និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ភាពសិទ្ធិស្នាល​ខាង​ផ្លូវភេទ


« មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ អំណោយទាន​ដ៏ទេវភាព និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ភាពសិទ្ធិស្នាល​ខាង​ផ្លូវភេទ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

គូស្វាមី​ភរិយា​វ័យក្មេង​មួយគូ​អង្គុយ​ជិតគ្នា

មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

អំណោយទាន​ដ៏ទេវភាព និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ភាពសិទ្ធិស្នាល​ខាង​ផ្លូវភេទ

ទំនាក់ទំនង​ផ្លូវភេទ​របស់​មនុស្ស​គឺជា​អំណោយទាន​ដ៏​ពិសិដ្ឋ ដែល​មាន​សារៈសំខាន់​យ៉ាងខ្លាំង​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ទោះយ៉ាងណា នៅក្នុង​ពិភពលោក​មួយ​ដែល​ជោគជាំ​ទៅដោយ​រូបភាព​ផ្លូវភេទ និង​សារ​ដ៏ជ្រួលជ្រើម នោះ​វា​អាច​ងាយ​នឹង​មាន​អារម្មណ៍​មិន​ប្រាកដ​ប្រជា ឬ​ភាន់​ច្រឡំ​អំពី​អត្ថន័យ និង​គោលបំណង​នៃ​ទំនាក់ទំនង​ផ្លូវ​ភេទ ។ នៅពេល​អ្នក​សិក្សា សូម​ព្យាយាម​ស្វែងយល់​ឲ្យបាន​កាន់តែ​ច្បាស់​អំពី​តួនាទី​ដ៏ពិសិដ្ឋ និង​សារៈសំខាន់​នៃ​ភាពជិតស្និទ្ធ​ខាង​ផ្លូវភេទ នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ហើយ​ពិចារណា​ពី​របៀប​ដែល​ចំណេះដឹង​នេះ​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​មាន​ពរជ័យ​តាមរយៈ​ការយល់ដឹង​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​អាច​ជា​ផ្នែក​មួយ​ដ៏​ស្រស់ស្អាត និង​ពិសិដ្ឋ​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូចម្តេច ?

ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ចំណង់​ខាង​ផ្លូវភេទ និង​អំណាច​នៃ​ការបង្កើត​កូនចៅ​ដល់​យើង ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ថា « អំណាច​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់ គឺជា​អំណាច​ដ៏លើក​តម្កើង​បំផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ » ( « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៤ ) ។ អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ស៊ីស្ទើរ រូស លីបឺត រេនឡាន់ បាន​បង្រៀន​ថា « ការបង្ហាញ​មតិ​ខាង​ផ្លូវភេទ​ដ៏​ត្រឹមត្រូវ​របស់​យើង ធ្វើឲ្យ​ផែនការ​របស់​ព្រះ​អាច​បើក​សម្ដែង​ឡើង​បាន​នៅលើ​ផែនដី និង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ដែល​ធ្វើឲ្យ​ស័ក្ដិសម​នឹង​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង » ( « The Divine Purposes of Sexual Intimacy,” Ensign ខែ សីហា ឆ្នាំ ២០២០ ទំព័រ ១៦ ) ។

នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ « ភាពស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា​មាន​គោលបំណង​ធ្វើឲ្យ​មាន​ភាពស្រស់​ស្អាត និង​ពិសិដ្ឋ ។ វា​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ​ដើម្បី​បង្កើត​កូនចៅ និង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​រវាង​ស្វាមី និង​ភរិយា » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ៣៨.៦.៥ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏បាន​ពន្យល់​ផងដែរ​ថា « ទំនាក់ទំនង​ជិតស្និទ្ធ​ជា … ការសម្ដែង​នូវ​មនោសញ្ចេតនា​មួយ​ដ៏​ធំធេង​នៃ​លក្ខណៈ និង​សក្ដានុភាព​ដ៏​ទេវភាព​របស់​យើង និង​ជា​វិធី​មួយ​នៃ​ការពង្រឹង​នូវ​ចំណង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​រវាង​ប្ដី​ប្រពន្ធ » ( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។

ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​គឺជា​របៀប​ដ៏សំខាន់​មួយ​ដើម្បី​ចងភ្ជាប់​ភរិយា និង​ស្វាមី​ឲ្យកាន់តែ​នៅ​កៀកកើយ​នឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង ។ ភាពស្និទ្ធស្នាល​នេះ​ក៏សំដៅ​ទៅលើ​ភាពជិតដិត​ខាង​បញ្ញា ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​ផងដែរ ។

នៅក្នុង​សួនច្បារ​អេដែន លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ចាប់ផ្ដើម​រៀន​អំពី​សារៈសំខាន់​នៃ​ភាពស្និទ្ធស្នាល​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ។

លោក​អ័ដាម និង​នាង​អេវ៉ា ដោយ ចេយ ប្រាយអិន វួដ
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន លោកុប្បត្តិ ២:១៨, ២១–២៤ ហើយ​ពិចារណា​ពី​របៀប​អាពាហ៍ពិពាហ៍​មាន​គោលបំណង​ដើម្បី​បង្រួប​បង្រួម​ស្វាមី និង​ភរិយា​ខាង​បញ្ញា ខាង​សតិ​អារម្មណ៍ ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។ ( កំណត់​ចំណាំ ៖ នៅក្នុង​បរិបទ​នេះ ឆ្អឹង​ជំនីរ​អាច​ជា​និមិត្តរូប​នៃ​ភាពជិតស្និទ្ធ​បំផុត និង​ភាពជា​ដៃគូ ហើយ នៅ​ជាប់​នឹង មាន​ន័យ​ថា​តោងជាប់ ឬ​បន្ដ​នៅ​ជិត​នឹង​គ្នា ហើយ « សាច់​តែមួយ​សុទ្ធ » [ ខទី ២៤ ] អាច​សំដៅ​ទៅលើ​ការរួបរួម​គ្នា​ខាង​បញ្ញា ខាង​សតិ​អារម្មណ៍ ខាង​វិញ្ញាណ និង​ខាង​ផ្លូវភេទ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាងក្រោម​នេះ​អំពី​ការក្លាយ​ជា « សាច់​តែមួយ​សុទ្ធ » នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ភាពស្និទ្ធស្នាល​របស់​មនុស្ស​ត្រូវបាន​រក្សា​ទុក​សម្រាប់​តែ​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ ដោយសារ​វា​គឺជា​និមិត្តរូប​ដ៏​ខ្ពស់​បំផុត​នៃ​ការរួបរួម​ដ៏​ពេញលេញ ភាពពេញ​ទាំងស្រុង​មួយ និង​ជាការរួបរួម​មួយ​ដែល​ត្រូវបាន​តែងតាំង និង​ផ្ដល់​និយមន័យ​ដោយ​ព្រះ ។ តាំង​ពី​ជំនាន់​សួនច្បារ​អេដែន​មក អាពាហ៍ពិពាហ៍​មាន​បំណង​ដើម្បី​បំពេញ​ភាពពេញលេញ​ទាំងស្រុង​នៃ​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់—ដួងចិត្ត សេចក្ដី​សង្ឃឹម ជីវិត សេចក្ដី​ស្រឡាញ់ គ្រួសារ អនាគត និង​អ្វីៗ​គ្រប់យ៉ាង​របស់​ពួកគេ ។ លោក​អ័ដាម​បាន​និយាយ​អំពី​អេវ៉ា​ថា នាង​គឺជា​ឆ្អឹង​ពី​ឆ្អឹង​របស់​លោក ហើយ​ជា​សាច់​ពី​សាច់​របស់​លោក ហើយ​ថា​ពួកគេ​ជា « សាច់​តែមួយ​សុទ្ធ » នៅក្នុង​ជីវិត​រួមគ្នា​របស់​ពួកលោក [ សូមមើល លោកុប្បត្តិ ២:២៣–២៤ ] ។ ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ )

ដៃ​គូ​ស្វាមី​ភរិយា​មួយគូ​ធ្វើ​ជា​រាង​បេះដូង
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ស្វាមី និង​ភរិយា​អាច​មាន​ពរជ័យ តាមរយៈ​ការមើល​ទៅ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ថា​ជា​និមិត្តរូប​មួយ​នៃ​ការបញ្ចូល « ដួងចិត្ត សេចក្ដី​សង្ឃឹម ជីវិត សេចក្ដី​ស្រឡាញ់ គ្រួសារ អនាគត និង​អ្វីៗ​គ្រប់យ៉ាង​របស់​ពួកគេ » យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ២

តើ​ការមើល​ទៅ​រូបកាយ​សាច់ឈាម ដូច​ដែល​ព្រះ​ទត​មើល​នោះ អាច​បង្កើន​បំណង​ប្រាថ្នា និង​ការតាំងចិត្ត​របស់​យើង​ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​ដោយ​របៀប​ណា ?

ដោយសារតែ​តួនាទី​ដ៏ស្រស់​ត្រកាល និង​ដ៏ពិសិដ្ឋ ដែល​ព្រះ​បាន​តែងតាំង​ដល់​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​នេះ នោះ « [ ទ្រង់ ] បាន​បញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​តែ​រវាង​បុរស និង​ស្ត្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ស្រប​ច្បាប់​ជា​ប្ដី និង​ប្រពន្ធ​ប៉ុណ្ណោះ » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​មាន​ភាពស្អាតស្អំ​ខាង​សីលធម៌ ទាំង​នៅក្នុង​គំនិត បំណង​ប្រាថ្នា និង​សកម្មភាព​របស់​យើង ។ ការណ៍​នេះ​រួមមាន​ការចៀសឆ្ងាយ​ពី​សកម្មភាព​ផ្លូវភេទ​មុនពេល​រៀបការ និង​ការនៅ​ស្មោះត្រង់​ទាំងស្រុង​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ( សូមមើល និក្ខមនំ ២០:១៤; អាលម៉ា ៣៩:៣–៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៦ ) ។ បទបញ្ញត្តិ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា ច្បាប់​ព្រហ្មចារីភាព ។

វា​ជា​ការសំខាន់​ដើម្បី​ចងចាំ​ថា រូបកាយ​របស់​យើង​មិនមែន​ឯករាជ្យ​ពី​វិញ្ញាណ​របស់​យើង​នោះទេ ។ ព្រះអម្ចាស់​បាន​បង្រៀន​ថា « វិញ្ញាណ និង​រូបកាយ​គឺជា​ព្រលឹង​មនុស្ស » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៥ ) ។ ទាក់ទង​ទៅនឹង​ការភ្ជាប់​គ្នា​រវាង​រូបកាយ និង​វិញ្ញាណ នោះ​អែលឌើរ ហូឡិន បាន​បង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

រូបរាង​កាយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដួង​ព្រលឹង ។ គោលលទ្ធិ​ដ៏​ជាក់លាក់ និង​ដ៏​សំខាន់​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សង្កត់ធ្ងន់​ទៅលើ​មូលហេតុ ដែល​អំពើបាប​ខាង​ផ្លូវភេទ​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ យើង​សូម​ប្រកាស​ថា អស់​អ្នក​ដែល​ប្រើប្រាស់​រូបកាយ​របស់​អ្នកដទៃ​ដែល​ព្រះ​បាន​ប្រទាន​មក​នេះ ដោយ​គ្មាន​ការយល់ព្រម​ដ៏ទេវភាព កំពុងតែ​បំពាន​លើ​ព្រលឹង​របស់​បុគ្គល​នោះ ហើយ​បំពាន​លើ​គោលបំណង និង​ដំណើរការ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​នេះ ។ ( « Personal Purity » ទំព័រ ៧៦ )

សាវក​ប៉ុល​បាន​ផ្ដល់​ការពន្យល់​បន្ថែម​ទៀត អំពី​ការភ្ជាប់គ្នា​ដ៏ពិសិដ្ឋ​រវាង​រូបកាយ និង​វិញ្ញាណ នៅពេល​លោក​បាន​បង្រៀន​ថា « ឯ​រូបកាយ​មិន​មែន​សម្រាប់​ការកំផិត​ទេ [ សកម្មភាព​ផ្លូវភេទ​នៅក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ] គឺ​សម្រាប់​តែ​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ » ( កូរិនថូស ទី១ ៦:១៣ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន កូរិនថូស ទី១ ៦:១៩–២០ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​ទត​ទៅ​រូបកាយ​សាច់ឈាម​របស់​យើង ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​វា​ជា​ការខុសឆ្គង​ដើម្បី​មើលទៅ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ ថា​គ្រាន់តែ​ជា​បទពិសោធន៍​ខាង​រូបកាយ ដែល​មាន​បំណង​ដើម្បី​តែ​ផ្ដល់​ការរីករាយ​ខាង​ផ្លូវកាយ​ប៉ុណ្ណោះ​នោះ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ?

ដូច​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ​ដែរ ច្បាប់​ព្រហ្មចារីភាព​មាន​គោលបំណង​ដើម្បី​ផ្ដល់​ដល់​យើង​នូវ​សេចក្ដី​សុខសាន្ដ និង​សុភមង្គល​ដ៏ធំ ។ ឧទាហរណ៍ ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​អាច​បង្កើន​នូវ​ទំនុកចិត្ត​របស់​យើង​នៅក្នុង​វត្តមាន​របស់​ព្រះ ការពារ​យើង​ពី​ការងទុក្ខ​ខាង​សតិ​អារម្មណ៍ និង​ទំនាក់ទំនង​បែកបាក់ ហើយ​រារាំង​កុំឲ្យ​បាត់បង់​ព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤៥; យ៉ាកុប ២:៣១–៣៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២៣; ៦៣:១៦ ) ។ ការកាន់តាម​ច្បាប់​ព្រហ្មចារីភាព​ក៏អាច​ការពារ​យើង​ពី​ការឆ្លង​ជំងឺ​ដ៏គ្រោះថ្នាក់ ហើយ​ធានា​ថា កូនៗ​នឹង​កើតមក​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ផងដែរ ។

ការមាន​អារម្មណ៍​ផ្លូវភេទ​គឺជា​រឿង​ធម្មតា ។ វា​ជា​ការសំខាន់​ដើម្បី​រៀន​ពី​របៀប​សម្រួល​អារម្មណ៍​ទាំងនេះ តាម​របៀប​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ ។ សូម្បីតែ​អ្នក​មាន​បំណង​ដ៏ល្អ​បំផុត​ក្ដី ក៏​អាច​មាន​ពេលខ្លះ អ្នក​មាន​អារម្មណ៍​ល្បួង​ឲ្យធ្វើ​តាម​ចំណង់​ខាង​ផ្លូវភេទ​ដ៏​មិន​សមរម្យ​ដែរ ។ នៅពេល​អ្នក​មាន​អារម្មណ៍​ល្បួង​ដូច្នេះ សូម​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង « រៀប​ផ្លូវ​ឲ្យ​ចៀសរួច ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​នឹង​ទ្រាំ​បាន » ( កូរិនថូស ទី១ ១០:១៣; សូមមើល​ផងដែរ អាលម៉ា ១៣:២៨ ) ។

រូបភាព​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន

សូម​ចងចាំ​ថា « ព្រះយេស៊ូវ​គ្រីស្ទ … ជ្រាប​នូវ​សេចក្ដី​កម្សោយ​នៃ​មនុស្ស និង​ចេះ​ជួយ​ពួកគេ​ដែល​ត្រូវ​ល្បួង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:១ ) ។ នៅពេល​អ្នក​ងាក​ទៅរក​ជំនួយ​ពី​ព្រះអម្ចាស់ សូម​ស្វែងរក​ការណែនាំ​របស់​ទ្រង់​ទាក់ទង​ទៅនឹង​ជំហាន​ដែល​ត្រូវ​អនុវត្ត ដែល​អ្នក​អាច​ធ្វើតាម​បាន​ដើម្បី « ទប់​អស់​ទាំង​តណ្ហា​របស់​កូន ដើម្បី​ឲ្យ​កូន​អាច​បាន​ពោរពេញ ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ( អាលម៉ា ៣៨:១២ ) ។

ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន ដែល​ជា​ភរិយា​របស់​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន

ភាពបរិសុទ្ធ​ផ្ទាល់​ខ្លួន​គឺជា​គន្លឹះ​ទៅកាន់​សេចក្ដី​ស្រឡាញ់​ដ៏ពិត ។ កាលណា​គំនិត និង​អារម្មណ៍ ពាក្យ​សម្ដី និង​ទង្វើ​របស់​បងប្អូន​កាន់តែ​បរិសុទ្ធ នោះ​បងប្អូន​កាន់​តែ​មាន​សមត្ថភាព​ដើម្បី​ផ្ដល់ ហើយ​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ពិត ។ …

… សូម​ធ្វើ​អ្វីក៏ដោយ​ដែល​ត្រូវ​ធ្វើ ដើម្បី​រក្សា​គំនិត អារម្មណ៍ ពាក្យសម្ដី និង​ទង្វើ​របស់​បងប្អូន​ឲ្យបាន​បរិសុទ្ធ ។ សូម​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ដឹកនាំ​បងប្អូន ។ ទ្រង់​នឹង​ជួយ​បងប្អូន ! …

… សេចក្ដីពិត​គឺ​ថា កាលណា​បងប្អូន​កាន់តែ​បរិសុទ្ធ នោះ​ភាពជិតសិ្នទ្ធ​ក្នុង​អាពាហ៍ពិពាហ៍​របស់​បងប្អូន​នឹង​កាន់តែ​អស្ចារ្យ ។ ( « Love and Marriage » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការប្រឹក្សា​ដូច​តទៅ​នេះ​ទៅកាន់​បុគ្គល​ទាំងឡាយ ដែល​មាន​ទំនាក់ទំនង​កាន់តែ​ជ្រាលជ្រៅ​ទៅៗ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

បងប្អូន​ដឹង​ថា បងប្អូន​មាន​អារម្មណ៍ និង​ចំណង់​ខាង​រូបកាយ​ខ្លាំង ដែល​ត្រូវតែ​គ្រប់គ្រង និង​ការពារ​ដោយ​ប្រុង​ប្រយ័ត្ន ។ … សូម​ដាក់​ដែនកំណត់​របស់​បងប្អូន ។ សូម​ដាំ​ដែន​កំណត់​ទាំងនោះ​ឲ្យបាន​ជ្រៅ ទៅក្នុង​អ្វីៗ​ទាំងអស់​ដែល​បងប្អូន​ធ្វើ​រួមគ្នា ដើម្បី​កុំឲ្យ​បងប្អូន​អាច​រំលង​បាន ឬ​ដកចេញ​បាន នៅពេល​បងប្អូន​មាន​អារម្មណ៍​ខ្លាំង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ( « Complete Honesty, Unselfish Humility » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ Brigham Young University–Idaho នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ] នៅលើ​គេហទំព័រ byui.edu )

គូស្វាមី​ភរិយា​មួយគូ​កំពុង​ជជែក​គ្នា

ប្រសិនបើ​អ្នក​បាន​បំពាន​ច្បាប់​ព្រហ្មចារីភាព នោះ​សូម​ចងចាំ​ថា តាមរយៈ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត​ដោយ​ស្មោះសរ នោះ​ព្រះអម្ចាស់​អាច​អភ័យទោស​ឲ្យ​អ្នក​បាន ហើយ​ធ្វើឲ្យ​អ្នក​បាន​ស្អាតស្អំ​ម្ដងទៀត ( សូមមើល អេសាយ ១:១៦–១៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២–៤៣ ) ។ អ្នក​ក៏នឹង​ត្រូវ​ទៅជួប​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​ផងដែរ ។ គាត់​មាន​សិទ្ធិ​អំណាច ដើម្បី​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​អំពើបាប​នេះ​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​គាត់​អាច​ផ្ដល់​ជំនួយ និង​ការគាំទ្រ​បន្ថែម​ទៀត​ដល់​អ្នក​បាន ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កត់ត្រា​ដែន​កំណត់ ឬ​ព្រំដែន​ដែល​អ្នក​បាន​ដាក់ ឬ​ត្រូវ​ដាក់​ដើម្បី​ជួយ​ឲ្យ​បន្ដ​រក្សា​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ​សម្រាប់​ខ្លួន​អ្នក និង​មនុស្ស​ដែល​អ្នក​ដើរលេង​ជាគូ​ជាមួយ នៅក្នុង​សៀវភៅ​កត់​ចំណាំ ឬ​កម្មវិធី​កត់​ចំណាំ​មួយ ។ ប្រសិនបើ​អ្នក​បាន​រៀបការ​រួចហើយ តើ​អ្នក​បាន​ដាក់​ព្រំដែន​អ្វីខ្លះ ដើម្បី​ធានា​ថា​អ្នក​បន្ដ​នៅ​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​ស្វាមី ឬ​ភរិយា​របស់​អ្នក ?