« មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការស្គាល់ និងការព្យាបាលពីការរំលោភបំពាន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ការស្គាល់ និងការព្យាបាលពីការរំលោភបំពាន
ការរំលោភបំពានគឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយ ។ ព្យាការី និងសាវកទាំងឡាយបានព្រមានថា « បុគ្គលណាដែលបំពានលើ … ភរិយា ឬកូនចៅ … គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលពីរបៀបដែលអ្នកអាចដឹងពីពេលដែលការរំលោភបំពានកំពុងកើតឡើង និងរបៀបដែលអ្នកដែលរងគ្រោះដោយសារការរំលោភបំពានអាចត្រូវបានព្យាបាលដោយព្រះអម្ចាស់ ។
ផ្នែកទី ១
តើអ្វីជាការរំលោភបំពាន ?
ការជ្រើសរើសរបស់យើងអាចមានផលវិបាកជាច្រើនសម្រាប់យើង និងអ្នកដទៃ ។ គួរឲ្យសោកស្ដាយ មនុស្សមួយចំនួនប្រើសិទ្ធិជ្រើសរើសរបស់ខ្លួនដោយទុច្ចរិតទៅរំលោភបំពានលើអ្នកដទៃ ។
« ជាញឹកញាប់ វាពុំមាននិយមន័យតែមួយនៃការរំលោភបំពាន ដែលអាចអនុវត្តនៅក្នុងស្ថានភាពទាំងអស់នោះទេ ។ ផ្ទុយទៅវិញ វាមានវិសាលភាពមួយនៃភាពធ្ងន់ធ្ងរនៅក្នុងឥរិយាបថរំលោភបំពាន ។ វិសាលភាពនេះមានចាប់ពីការប្រើពាក្យធ្ងន់ៗរហូតដល់ការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣៨.៦.២.៤ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ការរំលោភបំពានអាចកើតឡើងតាមរយៈការធ្វេសប្រហែស ឬការធ្វើបាបលើរាងកាយ ផ្លូវភេទ ផ្លូវអារម្មណ៍ ឬហិរញ្ញវត្ថុរបស់អ្នកដទៃ ។
ដូចជាការបោះពុម្ពផ្សាយមួយរបស់សាសនាចក្របានកត់សម្គាល់ ៖
ព្រះអម្ចាស់រំពឹងឲ្យយើងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ដើម្បីរារាំងការរំលោភបំពាន ហើយការពារ និងជួយដល់អស់អ្នកទាំងឡាយដែលជាជនរងគ្រោះមកពីការបំពាននោះ ។ គ្មាននរណាម្នាក់ត្រូវបានរំពឹងឲ្យស៊ូទ្រាំនឹងឥរិយាបថរំលោភបំពាននោះទេ ។ …
… មិនត្រូវស្ដីបន្ទោសជនរងគ្រោះ … ចំពោះអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់របស់អ្នកដទៃឡើយ—មិនថាអ្នកណារំលោភបំពានលើពួកគេឡើយ ។ ជនរងគ្រោះមិនមានទោសទេ ។ ( Gospel Topics « Abuse » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងសុន្ទរកថាអំពីទំនួលខុសត្រូវរបស់យើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីចៀសវាងពីការរំលោភបំពានលើអ្នកដទៃ ជាពិសេសសមាជិកគ្រួសាររបស់យើង ។
យើងត្រូវប្រយ័ត្នទ្វេដងក្នុងនាមជាសិស្សរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ … នៅគ្រប់ករណីទាំងអស់ យើងពុំមានកំហុសនោះទេ នៅគ្រប់ទម្រង់នៃការរំលោភបំពាន ឬការគ្រប់គ្រងដោយឥតសុចរិត ឬការបង្ខិតបង្ខំដោយអសីលធម៌នានា—ទាំងខាងរាងកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ ឬតាមបែបផ្សេងៗទៀត ។ …
នៅក្នុងឧទាហរណ៍ជាច្រើន ទោះបីជាបុរសស្ត្រី និងកុមារដ៏ស្មោះត្រង់ជាច្រើនក៏អាចមានកំហុសក្នុងការនិយាយមិនល្អ និងអាចបំផ្លាញដល់អ្នកដែលពួកគេបានផ្សារភ្ជាប់តាមរយៈពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ហើយបានដែរ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលក្ដីស្រឡាញ់ មានអារម្មណ៍សុខសាន្ដ ហើយមានសុវត្ថិភាពនៅក្នុងផ្ទះ ។ សូមមេត្តា សូមយើងព្យាយាមថែរក្សាបរិស្ថាននោះនៅទីនោះ ។ ការសន្យារបស់មនុស្សផ្សះផ្សារគេ គឺថាបងប្អូននឹងមានព្រះវិញ្ញាណបរិសុទ្ធនៅជាគូកនជានិច្ច ហើយពរជ័យនឹងចាក់ស្រោចមកលើបងប្អូន « ដោយឥតបង្ខិតបង្ខំ » ជារៀងដរាបតទៅ [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៦ ] ។ ( « Not as the World Giveth » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៣៧; សូមមើលផងដែរ អេភេសូរ ៤:២៩–៣២ )
ផ្នែកទី ២
តើខ្ញុំអាចដឹងថាការរំលោភបំពានកំពុងកើតឡើងដោយរបៀបណា ?
« មានសញ្ញាទូទៅដែលត្រូវប្រុងប្រយ័ត្ន ពីរបៀបដែលការរំលោភបំពានច្រើនតែចាប់ផ្តើម និងបន្ត » ( « Recognizing Patterns of Abuse » នៅលើគេហទំព័រ abuse.ChurchofJesusChrist.org ) ។ ការស្គាល់ និងការយល់ដឹងអំពីសញ្ញាទាំងនេះអាចបើកទ្វារសម្រាប់ព្រះអម្ចាស់ដើម្បីធ្វើការតាមរយៈអ្នក ក្នុងការជួយបញ្ឈប់ការរំលោភបំពាន ឬរារាំងកុំឲ្យកើតមានស្ថានភាពដែលអាចនាំឲ្យមានការរំលោភបំពានបាន ។
សូមកុំមើលស្រាលនូវភាពធ្ងន់ធ្ងរនៃការរំលោភបំពានចំពោះខ្លួនអ្នក ឬចំពោះនរណាម្នាក់ឡើយ ។ « ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលរងការរំលោភបំពាន សូមស្វែងរកជំនួយមកពីអាជ្ញាធរស៊ីវិល ថ្នាក់ដឹកនាំបព្វជិតភាព សេវាកម្មការពារកុមារ ឬសេវាកម្មការពារមជ្ឈិមវ័យ » ( « In Crisis? Talk Now » នៅលើគេហទំព័រ abuse.ChurchofJesusChrist.org ) ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការរាយការណ៍ពីការរំលោភបំពាន សូមមើល « What Should I Do If I Know or Suspect That Someone Is Being Abused? » ( នៅលើគេហទំព័រ abuse.ChurchofJesusChrist.org ) ។
ផ្នែកទី ៣
តើខ្ញុំអាចព្យាបាលយ៉ាងដូចម្តេច ប្រសិនបើខ្ញុំទទួលរងការរំលោភបំពាននោះ ?
ជនរងគ្រោះពីការរំលោភបំពានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ។ ការឈឺចាប់ និងរបួសដែលពួកគេបានឆ្លងកាត់អាចនាំឲ្យមានការប្រឈមខាងផ្លូវចិត្ត ខាងផ្លូវអារម្មណ៍ ខាងវិញ្ញាណ និងខាងរូបកាយ ។
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានដាស់តឿន ៖
ប្រសិនបើអ្នកត្រូវបានគេធ្វើបាប នោះសាតាំងនឹងខិតខំពន្យុះអ្នកថា វាគ្មានដំណោះស្រាយនោះទេ ។ … យុទ្ធសាស្ដ្ររបស់វាគឺ ត្រូវធ្វើអ្វីទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីបំបែកអ្នកចេញពីព្រះបិតារបស់អ្នក និងព្រះរាជបុត្រារបស់ទ្រង់ ។ សូមកុំឲ្យសាតាំងបញ្ចុះបញ្ចូលអ្នកថា គ្មាននរណាអាចជួយអ្នកបានឡើយ ។ ( « To Heal the Shattering Consequences of Abuse » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤១ )
លោកចៅហ្វាយគ្រូពេទ្យដែលជាព្រះយេស៊ូវគ្រីស្ទអាចផ្តល់សេចក្តីសង្ឃឹម និងការព្យាបាលដ៏ល្អបំផុតដល់បុត្រាបុត្រីរបស់ព្រះទាំងអស់បាន ។ អែលឌើរ ស្កត បានបន្តបង្រៀន ៖
សិទ្ធិជ្រើសរើសខាងសាច់ឈាមគឺជាធាតុដ៏សំខាន់នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ ទ្រង់បានញាណដឹងថា បុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់មួយចំនួននឹងប្រើសិទ្ធិជ្រើសរើសនោះដោយមិនត្រឹមត្រូវ ដែលបង្កជាបញ្ហាធ្ងន់ធ្ងរដល់អ្នកដទៃ ។ អ្នកខ្លះថែមទាំងបំពានលើការទុកចិត្តដ៏ពិសិដ្ឋទៀតផង ដូចជាឪពុក ឬសមាជិកគ្រួសាររំលោភបំពានលើកូនដែលមិនដឹងអី ។ ដោយសារព្រះវរបិតាសួគ៌របស់យើងមានយុត្តិធម៌ខ្លាំងណាស់ នោះវាត្រូវតែមានផ្លូវដើម្បីយកឈ្នះលើផលលំបាកដ៏អន្ដរាយនៃការប្រើប្រាស់សិទ្ធិជ្រើសរើសដែលបំផ្លាញទាំងជនរងគ្រោះ និងជនល្មើសនោះ ។ ការព្យាបាលដ៏មានសុវត្ថិភាពនោះកើតឡើងតាមរយៈអំណាចនៃដង្វាយធួនរបស់ព្រះរាជបុត្រាដ៏នភ្ញារបស់ទ្រង់ដែលជាព្រះយេស៊ូវគ្រីស្ទ ដើម្បីកែតម្រូវនូវរឿងអយុត្តិធម៌នោះ ។ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងលើព្រះចេស្តារបស់ទ្រង់ក្នុងការព្យាបាល ផ្ដល់ជាមធ្យោបាយដល់ជនរងគ្រោះនៃការរំលោភបំពានដើម្បីយកឈ្នះលើផលដ៏អាក្រក់នៃទង្វើទុច្ចរិតរបស់អ្នកដទៃ ។ …
ការព្យាបាលអាចចាប់ផ្ដើមជាមួយនឹងប៊ីស្សព ឬប្រធានស្ដេកដ៏ចេះគិតគូរម្នាក់ ឬអ្នកប្រឹក្សាដែលមានវិជ្ជាជីវៈដ៏វាងវៃម្នាក់ ។ ប្រសិនបើអ្នកបាក់ជើង អ្នកមិនអាចសម្រេចចិត្តថានឹងព្យាបាលវាដោយខ្លួនអ្នកនោះទេ ។ ការរំលោភបំពានធ្ងន់ធ្ងរក៏អាចទទួលបានជំនួយពីអ្នកជំនាញផងដែរ ។ មានវិធីជាច្រើនដើម្បីចាប់ផ្តើមការព្យាបាល ប៉ុន្តែសូមចងចាំថា ការព្យាបាលពេញលេញកើតឡើងតែតាមរយៈព្រះអង្គសង្គ្រោះ ដែលជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាលោកចៅហ្វាយ និងជាព្រះប្រោសលោះរបស់យើងប៉ុណ្ណោះ ។ សូមមានសេចក្តីជំនឿថា ដោយសារការខិតខំប្រឹងប្រែងដ៏ឥតខ្ចោះ ដ៏អស់កល្ប នោះដង្វាយធួនដ៏និរន្ដររបស់ទ្រង់អាចព្យាបាលការឈឺចាប់របស់អ្នកពីផលនៃការរំលោភបំពានបាន ។ ( « To Heal the Shattering Consequences of Abuse » ទំព័រ ៤០, ៤២ )
ព្យាការីអេសាយបាននិយាយពីបេសកកម្មរបស់ព្រះអង្គសង្រ្គោះ និងព្រះចេស្តាដើម្បីព្យាបាល ។
ដើម្បីយល់ពីឃ្លា « ភួងលំអជំនួសផេះ » ( ខទី ៣ ) វាអាចជាជំនួយដើម្បីដឹងថា តាមប្រពៃណីសាសន៍អ៊ីស្រាអែល ពួកគេចាក់ផេះនៅលើក្បាលរបស់ពួកគេនៅគ្រាក្រៀមក្រំ ឬអស់សង្ឃឹម ។ ព្រះអម្ចាស់បានសន្យាថានឹងប្តូរផេះនេះទៅជាភួងលំអ ឬជាមកុដ ឬស្បៃគ្របក្បាលនៃភាពស្រស់ស្អាត ។ អស់អ្នកដែលអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ អាចដកពិសោធន៍អំណោយទានដ៏ពិសិដ្ឋនៃការព្យាបាល និងសេចក្ដីស្រឡាញ់នេះ ។
សូមពិចារណាមើលវីដេអូនេះ « The Prince of Peace » ( ២:៣២ ) និងគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានសេចក្តីសុខសាន្តដល់ជនរងគ្រោះនៃអំពើរំលោភបំពានបាន ។
ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ បានបញ្ជាក់ជាថ្មី ៖
មិនថាយើងបានទទួលរងអ្វីនោះទេ [ ព្រះយេស៊ូវ គ្រីស្ទ ] គឺជាប្រភពនៃការព្យាបាល ។ អស់អ្នកដែលធ្លាប់ជួបការរំលោភបំពាន … អាចបានជាសះស្បើយ ដោយសារព្រះដ៏ប្រោសលោះនៃពិភពលោក ។ ទោះជាយ៉ាងណា ទ្រង់នឹងពុំយាងចូលដោយគ្មានការអញ្ជើញឡើយ ។ យើងត្រូវមករកទ្រង់ ហើយឲ្យទ្រង់ធ្វើនូវអព្ភូតហេតុរបស់ទ្រង់ ។ ( « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )