« មេរៀនទី ២១ ឯកសារគ្រូបង្រៀន ៖ ការចិញ្ចឹមបីបាច់កូនៗដោយសេចក្ដីស្រឡាញ់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២១ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២១ ឯកសារគ្រូបង្រៀន
ការចិញ្ចឹមបីបាច់កូនៗដោយសេចក្ដីស្រឡាញ់
« ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្ដីស្រឡាញ់ និងសេចក្ដីសុចរិត » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងមេរៀននេះ សិស្សនឹងពិភាក្សាអំពីសេចក្ដីពិតទាំងឡាយ ដែលអាចជួយពួកគេឲ្យបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ពួកគេក្នុងនាមជាឪពុកម្ដាយ ដើម្បីស្រឡាញ់កូនៗរបស់ពួកគេ ។ ( មេរៀនលើកក្រោយ នឹងផ្តោតលើការចិញ្ចឹមបីបាច់កូនៗដោយសេចក្ដីសុចរិត ) ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យកំណត់ពីរបៀប ដែលពួកគេអាចស្រឡាញ់ និងបម្រើដល់ក្រុមគ្រួសាររបស់ពួកគេតាមរបៀបមួយ ដែលកាន់តែដូចជាព្រះគ្រីស្ទផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ឪពុកម្ដាយត្រូវចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនដោយសេចក្ដីស្រឡាញ់ ។
សូមពិចារណាចាប់ផ្ដើមថ្នាក់ ដោយការសួរសិស្សពីអ្វីដែលពួកគេបានឃើញឪពុកម្ដាយរបស់ពួកគេផ្ទាល់ ឬឪពុកម្ដាយដទៃទៀតធ្វើ ដែលបណ្តាលឲ្យពួកគេចង់ធ្វើតាម នៅពេលពួកគេចិញ្ចឹមកូនៗរបស់ពួកគេផ្ទាល់ ។ បន្ទាប់ពីសិស្សមួយចំនួនបានចែកចាយហើយ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យស្វែងរកសេចក្ដីពិតនៅក្នុងមេរៀននេះ និង មេរៀនលើកក្រោយ ដែលពួកគេអាចធ្វើតាមបាន នៅពេលពួកគេក្លាយជាឪពុកម្ដាយ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពី ការប្រកាសអំពីក្រុមគ្រួសារ ៖ ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្ដីស្រឡាញ់ ។
អ្នកអាចប្រើសំណួរខាងក្រោមនេះមួយចំនួន ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនេះ ៖
-
តើមានរបៀបណាខ្លះ ដែលអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ទៅកាន់កូនៗរបស់អ្នក ? ( សូមពិចារណារំឭក សេចក្ដីថ្លែងការណ៍អំពីពេលវេលា និងសកម្មភាពកម្សាន្ដដ៏ល្អ មកពីថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
តើអ្នកទទួលបានពរជ័យយ៉ាងណាខ្លះ តាមរយៈការចំណាយពេលវេលា ការធ្វើការ និងការចូលរួមក្នុងសកម្មភាពកម្សាន្ដដ៏ល្អជាមួយនឹងឪពុកម្ដាយរបស់អ្នកនោះ ?
សូមពន្យល់ថា ការចិញ្ចឹមបីបាច់កូនៗដោយសេចក្ដីស្រឡាញ់ រួមមាននូវការដាក់វិន័យត្រឹមត្រូវដល់ពួកគេផងដែរ នៅពេលដែលចាំបាច់ ។ សូមបែងចែកសិស្សក្នុងថ្នាក់ជាក្រុមតូចៗ ហើយចាត់តាំងឲ្យមានមេក្រុមម្នាក់សម្រាប់ក្រុមនីមួយៗ ។ សូមចែកច្បាប់ចម្លងនៃសំណៅចែកខាងក្រោមនេះដល់មេក្រុមទាំងអស់ ហើយសូមណែនាំពួកគេឲ្យធ្វើតាមសេចក្ដីណែនាំនៅលើសំណៅចែកនោះ ។ ( អ្នកអាចចង់កែសម្រួលសាច់រឿង ដើម្បីធ្វើឲ្យវាកាន់តែទាក់ទងនឹងសិស្សរបស់អ្នក ) ។
ការដាក់វិន័យដល់កូនៗតាមរបៀបរបស់ព្រះអម្ចាស់
ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច—មេរៀនទី ២១
សូមអញ្ជើញសមាជិកក្រុមឲ្យស្រមៃថា ពួកគេគឺជាឪពុកឬ ម្ដាយមួយរូប ។ សូមឲ្យពួកគេជ្រើសរើសយកស្ថានភាពមួយពីស្ថានភាពខាងក្រោមនេះមកពិភាក្សាជាមួយគ្នា ៖
-
នៅពេលអ្នកមកដល់ផ្ទះវិញ ពីការទិញគ្រឿងទេសជាមួយនឹងកូនៗរបស់អ្នក នោះអ្នកឃើញកូនស្រីអាយុប្រាំមួយឆ្នាំរបស់អ្នកកំពុងញ៉ាំស្ករគ្រាប់មួយបន្ទះ ដែលនាងបានលួចមកពីហាង ។
-
កូនប្រុសអាយុ ១៤ ឆ្នាំ របស់អ្នកតែងតែធ្វើបាបប្អូនប្រុសអាយុ ៩ ឆ្នាំរបស់គាត់ជានិច្ច ។ ជាធម្មតា រឿងនេះកើតឡើងនៅពេលអ្នកមិននៅជាមួយពួកគេ ។ កូនប្រុសដែលត្រូវបងធ្វើបាបនោះ ដើរមករកអ្នកទាំងទឹកភ្នែក ហើយប្រាប់អ្នកថា បងប្រុសរបស់គាត់បាននិយាយពាក្យមិនល្អដាក់គាត់ទៀតហើយ ។
-
អ្នកកំពុងរង់ចាំកូនស្រីអាយុ ១៧ ឆ្នាំរបស់អ្នកត្រឡប់មកពីផ្ទះមិត្តភក្តិនាងវិញ ។ នៅពេលនាងមកដល់ផ្ទះ នោះវាហួសម៉ោងចូលផ្ទះរបស់នាងបាត់ទៅហើយ ។
សូមឲ្យក្រុមរបស់អ្នកពិភាក្សាពីសំណួរខាងក្រោមនេះ នៅពេលពួកគេយល់ពីស្ថានភាព ដែលពួកគេបានជ្រើសរើសនោះ ៖
-
តើអ្វីដែលអ្នកបានរៀនមកពី ផ្នែកទី ២ នៃឯកសាររៀបចំ អាចណែនាំអ្នកក្នុងការដាក់វិន័យដល់កូនរបស់អ្នកដោយរបៀបណា ? ( ប្រសិនបើចាំបាច់ សូមអញ្ជើញសមាជិកក្រុមរបស់អ្នកឲ្យពិនិត្យផ្នែកទី ២ ឡើងវិញមួយភ្លែត ) ។
-
តើការសន្ទនារបស់អ្នកជាមួយនឹងកូនរបស់អ្នក នឹងមានសភាពយ៉ាងណាដែរ ? តើអ្នកអាចដាក់ពិន័យអ្វីខ្លះ ចំពោះសកម្មភាពរបស់កូនអ្នក ?
-
តើការដាក់វិន័យត្រឹមត្រូវដល់កូន គឺជាទង្វើនៃសេចក្ដីស្រឡាញ់តាមរបៀបណា ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១ ) ។
© 2022 by Intellectual Reserve, Inc. All rights reserved.
ការដាក់វិន័យដល់កូនៗតាមរបៀបរបស់ព្រះអម្ចាស់
បន្ទាប់ពីសិស្សបានបញ្ចប់សកម្មភាពនោះហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វី ដែលពួកគេបានពិភាក្សាគ្នានៅក្នុងក្រុមរបស់ពួកគេ ។ ជាផ្នែកមួយនៃការពិភាក្សានេះ សូមសង្កត់ធ្ងន់លើសេចក្ដីពិតដូចតទៅនេះ ៖ ដើម្បីដើរតាមគន្លងដ៏ទេវភាពនៃភាពជាសិស្សបាន យើងត្រូវតែមានសេចក្ដីស្រឡាញ់ ( សូមមើល សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។
ប្រសិនបើចាំបាច់ សូមសួរសិស្សក្នុងថ្នាក់ថា តើការដាក់វិន័យតាមរបៀបរបស់ព្រះអម្ចាស់ អាចខុសគ្នាពីរបៀបនៃការដាក់វិន័យកូនៗដែលវប្បធម៌ ឬក្រុមគ្រួសារមួយចំនួនទទួលយកបានយ៉ាងដូចម្ដេចខ្លះ ។
-
តើអ្នកបានឃើញនរណាម្នាក់ដាក់វិន័យកូនតាមរបៀបមួយ ដែលពេញដោយក្ដីស្រឡាញ់នៅពេលណាដែរ ? តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នោះ ?
ការកែលម្អការបង្រៀន និងការរៀនសូត្រ
អញ្ជើញសិស្សឲ្យសញ្ជឹងគិត ។ ការសញ្ជឹងគិតមានន័យថា ការគិតយ៉ាងជ្រាលជ្រៅអំពីអ្វីមួយ ។ ជាញឹកញាប់ វាអាចត្រូវលើកកម្ពស់បានតាមរយៈការអធិស្ឋាន ។ នៅពេលសិស្សទាំងឡាយរៀនសញ្ជឹងគិត នោះជារឿយៗព្រះវិញ្ញាណនឹងបើកសម្តែងសេចក្តីពិតដល់ពួកគេ ហើយបង្រៀនពួកគេពីអ្វីដែលពួកគេត្រូវរៀន ឬមានអារម្មណ៍រៀងៗខ្លួន ។
សូមដាក់បង្ហាញសេចក្ដីណែនាំ និងសំណួរខាងក្រោមនេះ ហើយឲ្យសិស្សមានពេលវេលាបីបួននាទីសញ្ជឹងគិតពីសេចក្ដីណែនាំ និងសំណួរទាំងនោះ ( ពួកគេក៏អាចចង់កត់ត្រាគំនិតរបស់ពួកគេទុកផងដែរ ) ៖
-
សូមគិតអំពីគ្រាដែលអ្នកត្រូវបានកែតម្រូវដោយព្រះអម្ចាស់ ឬគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបានបំផុសគំនិតអ្នកឲ្យផ្លាស់ប្ដូរតាមរបៀបមួយចំនួន ។ តើអ្នកអាចរៀនបានអ្វីខ្លះ អំពីការដាក់វិន័យកូនៗចេញពីបទពិសោធន៍ទាំងនោះ ? តើនៅពេលណាដែលអ្នកអាចចងចាំដល់គ្រា ដែលព្រះវរបិតាសួគ៌បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់អ្នក នៅគ្រាមួយដែលអ្នកត្រូវការវាខ្លាំងបំផុត ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។
ឪពុកម្ដាយត្រូវបង្រៀនកូនៗរបស់ខ្លួនឲ្យចេះស្រឡាញ់ និងបម្រើដល់គ្នាទៅវិញទៅមក ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ៤:១៤–១៥ ឲ្យឮៗ ។
-
តើសេ្ដចបេនយ៉ាមីនបានគូសបញ្ជាក់ពីកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ឪពុកម្ដាយអ្វីខ្លះ ? ( បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមបង្ហាញសេចក្តីថ្លែងការណ៏ដូចតទៅនេះចេញពី ការប្រកាសអំពីក្រុមគ្រួសារ ៖ ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីបង្រៀនកូនៗរបស់ខ្លួនឲ្យចេះស្រឡាញ់ និងបម្រើដល់គ្នាទៅវិញទៅមក ) ។
-
តើឪពុកម្ដាយរបស់អ្នកបានបង្រៀនអ្នកឲ្យចេះស្រឡាញ់គ្នា និងបម្រើដល់បងប្អូនបង្កើតរបស់អ្នក ឬសមាជិកគ្រួសារដទៃទៀតយ៉ាងដូចម្ដេច ?
សូមរំឭកសិស្សថា ពួកគេត្រូវបានអញ្ជើញឲ្យគិតអំពីគ្រាមួយ ដែលព្រះអង្គសង្គ្រោះបានបម្រើនរណាម្នាក់ដោយសេចក្ដីស្រឡាញ់ ហើយបន្ទាប់មក សូមសរសេរអំពីរបៀបដែលពួកគេអាចស្រឡាញ់ និងបម្រើសមាជិកគ្រួសារតាមរបៀបនេះ ឬរបៀបផ្សេងទៀតដូចជាព្រះគ្រីស្ទ ( សូមមើល ផ្នែកទី ៣ នៃឯកសាររៀបចំ ) ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។ ( សូមពិចារណាចែកចាយឧទាហរណ៍របស់អ្នកផ្ទាល់ផងដែរ ) ។
សូមដាក់បង្ហាញសំណួរខាងក្រោមនេះ ហើយសូមអញ្ជើញឲ្យសិស្សកត់ត្រាគំនិតរបស់ពួកគេទុក ដែលវាទាក់ទងនឹងសំណួរនេះ ដែលពួកគេមានអារម្មណ៍ថាទាក់ទងនឹងពួកគេខ្លាំង ៖
-
តើអ្នកនឹងធ្វើតាមគំរូ និងការបង្រៀនរបស់ព្រះវរបិតាសួគ៌ស្ដីពីការចិញ្ចឹមបីបាច់កូនៗនាពេលបច្ចុប្បន្ន ឬពេលអនាគតរបស់អ្នកដោយសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច ?
-
តើមានរបៀបដូចជាព្រះគ្រីស្ទមួយណា ដែលអ្នកអាចស្រឡាញ់ និងបម្រើដល់បងប្អូនបង្កើត ឪពុកម្ដាយរបស់អ្នក ឬសមាជិកគ្រួសារដទៃទៀតបាននៅសប្តាហ៍នេះ ?
សូមពិចារណាបញ្ចប់មេរៀន តាមរយៈការអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់គាត់ ឬនាងអំពីសារៈសំខាន់នៃការស្រឡាញ់សមាជិកគ្រួសាររបស់យើង ឬតាមរយៈការចែកចាយទីបន្ទាល់របស់អ្នកផ្ទាល់អំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ សូមរំឭកសិស្សថា មិនថាពួកគេធំឡើងតាមរបៀបណាទេ ពួកគេអាចជ្រើសរើសចិញ្ចឹមកូនៗរបស់ពួកគេដោយក្ដីស្រឡាញ់បាន ហើយបង្រៀនពួកគេឲ្យចេះស្រឡាញ់ និងបម្រើដល់គ្នាទៅវិញទៅមក ។
សម្រាប់ពេលក្រោយ
នៅចុងបញ្ចប់នៃម៉ោងបង្រៀន ឬនៅក្នុងសារបន្ទាប់ពីបញ្ចប់ថ្នាក់ទៅ អ្នកអាចសូមឲ្យសិស្សពិចារណាពីសំណួរខាងក្រោមនេះ នៅពេលពួកគេរៀបចំខ្លួនសម្រាប់មេរៀនលើកក្រោយ ៖
-
តើឪពុកម្ដាយរបស់អ្នកបានជួយផ្ដល់បទពិសោធន៍ខាងវិញ្ញាណអ្វីខ្លះដល់អ្នកពេលអ្នកធំឡើង ? តើអ្នកសង្ឃឹមថានឹងមានបទពិសោធន៍ខាងវិញ្ញាណអ្វីខ្លះ ជាមួយនឹងកូនៗរបស់អ្នកនៅពេលអនាគត ?