« មេរៀនទី ២៦ ឯកសារគ្រូបង្រៀន ៖ ការស្គាល់ និងការព្យាបាលពីការរំលោភបំពាន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៦ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៦ ឯកសារគ្រូបង្រៀន
ការស្គាល់ និងការព្យាបាលពីការរំលោភបំពាន
ព្យាការី និងសាវកបានព្រមានថា « បុគ្គលណាដែល … បានធ្វើបាបភរិយា ឬកូនចៅ … គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ដឹងកាន់តែច្បាស់ពីរបៀបស្គាល់ និងឆ្លើយតបចំពោះស្ថានភាពនៃការរំលោភបំពាន ។ សិស្សក៏នឹងពិភាក្សាពីព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទក្នុងការប្រទាននូវការព្យាបាលដល់អស់អ្នកដែលបានរងគ្រោះដោយសារការរំលោភបំពានផងដែរ ។
កំណត់ចំណាំ ៖ អ្នកអាចមានសិស្សដែលបានរងគ្រោះដោយការរំលោភបំពាន ។ ដោយសារលក្ខណៈដ៏រសើប និងប្រឈមនៃការរំលោភបំពាន នោះផ្នែកខ្លះនៃមេរៀននេះអាចបណ្តាលឲ្យសិស្សដែលជាជនរងគ្រោះនៃការរំលោភបំពានមានប្រតិកម្មផ្លូវចិត្ត ជាពិសេសអ្នកដែលមិនបាននិយាយអំពីវា ។ អ្នកគួរអនុញ្ញាតឲ្យសិស្សដឹងជាមុនថា ប្រសិនបើពួកគេណាម្នាក់ពុំមានភាពស្រណុកចិត្តក្នុងការចូលរួមរៀនមេរៀននេះទេ នោះពួកគេអាចពិភាក្សាជាមួយអ្នកសម្រាប់ការរៀបចំផ្សេងទៀតបាន ។ សូមពិចារណាពីបទពិសោធន៍រៀនសូត្រដ៏មានន័យមួយទៀត ដែលអ្នកអាចអញ្ជើញពួកគេឲ្យចូលរួមនៅក្រៅថ្នាក់រៀន ។
ប្រសិនបើសិស្សទំនងជានិយាយជាមួយនឹងអ្នកអំពីការពាក់ព័ន្ធផ្ទាល់ខ្លួន ឬជាគ្រួសារជាមួយនឹងការរំលោភបំពាន នោះអ្នកគួរតែពន្យល់ដោយប្រុងប្រយ័ត្នថា អ្នកត្រូវរាយការណ៍ពីការចោទប្រកាន់គ្រប់ប្រភេទទាំងអស់នៃការរំលោភបំពានតាមរយៈទូរសព្ទទៅកាន់ផ្នែកជំនួយ ឬក្រុមប្រឹក្សាច្បាប់ប្រចាំតំបន់របស់សាសនាចក្រ ។ សូមមានភាពអត់ធ្មត់ ប្រុងប្រយ័ត្ន ធានា និងយល់ដឹង ពេលអ្នកដឹកនាំសិស្សទៅរកប៊ីស្សព ឬប្រធានសាខារបស់គាត់ដើម្បីពិភាក្សាពីស្ថានភាពនេះ ។ សូមធ្វើតាមច្បាប់ក្នុងមូលដ្ឋានស្ដីពីការទទួលខុសត្រូវសម្រាប់ការរាយការណ៍អំពីការរំលោភបំពាន ។
យោបល់សម្រាប់ការបង្រៀន
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមប្រយ័ត្នចំពោះសេចក្ដីត្រូវការ និងអារម្មណ៍របស់សិស្ស ។ វិធីដែលអ្នក និងសិស្សរបស់អ្នកពិភាក្សាគ្នាអំពីការរំលោភបំពានអាចបង្កើនការឈឺចាប់ ឬក៏អាចផ្ដល់នូវសេចក្ដីសង្ឃឹម ។ អ្នកគួរតែពិភាក្សាជាមួយនឹងសិស្សអំពីហេតុផលសំខាន់ដើម្បីស្វែងយល់ និងយកចិត្តទុកដាក់ចំពោះការឈឺចាប់ និងការរងទុក្ខដែលជនរងគ្រោះនៃការរំលោភបំពានដកពិសោធន៍ ។ នៅពេលអ្នកគិតពីរបៀបដែលអ្នកនឹងដឹកនាំការពិភាក្សានេះ នោះអ្នកអាចរកឃើញថាវាមានប្រយោជន៍ដើម្បីអាន « How Can I Support Someone Who Has Been Abused? » ( នៅលើគេហទំព័រ abuse.ChurchofJesusChrist.org ) ។
អស់អ្នកដែលរំលោភបំពានលើមនុស្សដទៃនឹងទទួលខុសត្រូវនៅចំពោះព្រះ ។
សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ៖ បុគ្គលណាដែលបានធ្វើបាបភរិយា ឬកូនចៅគង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ ( សូមមើលផងដែរ វិវរណៈ ២០:១២–១៣; នីហ្វៃទី២ ៩:១៥–១៧ ) ។
សូមទុកពេលឲ្យសិស្សពីរបីនាទីដើម្បីរំឭក ផ្នែកទី ១ និងទី ២ នៃឯកសាររៀបចំខ្លួន ហើយអញ្ជើញពួកគេឲ្យចែកចាយសំណួរ ឬចំណាប់អារម្មណ៍ដែលពួកគេមាន នៅពេលពួកគេបានសិក្សាផ្នែកទាំងនេះ ។ ប្រសិនបើចាំបាច់ អ្នកអាចនឹងសួរសំណួរដូចខាងក្រោម ៖
-
តើអ្វីជាការរំលោភបំពាន ? តើគោលការណ៍នៃដំណឹងល្អអ្វីខ្លះត្រូវបានរំលង នៅពេលមានការរំលោភបំពានកើតឡើងនោះ ?
-
តើបម្រាម និងយោបល់អ្វីខ្លះសំខាន់ចំពោះអ្នកនៅក្នុងផ្នែកទាំងនេះនៃឯកសាររៀបចំ ?
-
តើអ្នកមានគំនិតអ្វីខ្លះ កាលអ្នកពិនិត្យមើលសញ្ញារួមនៃការរំលោភបំពាន ?
-
តើមនុស្សម្នាក់ដែលស្ថិតនៅក្នុងស្ថានភាពរំលោភបំពានអាចស្វែងរកជំនួយដោយសុវត្ថិភាពដោយរបៀបណា ? ប្រសិនបើអ្នកដឹងពីស្ថានភាពរំលោភបំពានមួយ តើអ្នកអាចរាយការណ៍ពីរឿងនោះដោយសុវត្ថិភាពដោយរបៀបណា ? ( សូមពិចារណាចំណាយពេលជួយសិស្សឲ្យស្វែងរកធនធានដើម្បីរាយការណ៍អំពីការរំលោភបំពាន ។ ឧទាហរណ៍ សូមមើល « In Crisis? Talk Now » [ នៅលើគេហទំព័រabuse.ChurchofJesusChrist.org ] ) ។
ព្រះយេស៊ូវគ្រីស្ទអាចព្យាបាលអស់អ្នកដែលរងទុក្ខដោយការរំលោភបំពានបាន ។
សូមពិចារណាបង្ហាញផ្នែកទីមួយនៃវីដេអូ « Living with the Pain of Childhood Abuse » ( លេខកូដម៉ោង ០:០០–២:២៧ ) ។ ពីមុនបង្ហាញពីវីដេអូនេះ សូមពន្យល់ថា វីដេអូនេះប្រាប់ពីដំណើររឿងពិតនៃអ្នកដែលបានឆ្លងកាត់ការរំលោភបំពានម្នាក់ឈ្មោះ អេរីន ។ សូមឲ្យសិស្សរកមើលរបៀបដែលអេរីនបានរងគ្រោះដោយសារការរំលោភបំពានដែលនាងបានដកពិសោធន៍នេះ ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F37%2Fab%2F37ab6053579b76b006c477a46a0170a8d83ef81d%2F37ab6053579b76b006c477a46a0170a8d83ef81d.jpeg/full/!250,/0/default)
សូមពិចារណាសួរសំណួរខាងក្រោមនេះ ៖
-
តើការព្យាបាលពីការរំលោភបំពានកើតឡើងដោយរបៀបណា ? ( ប្រសិនបើចាំបាច់ នោះអ្នកគួរតែរំឭក សេចក្ដីថ្លែងការណ៍ទីពីរដោយអែលឌើរ រីឆាដ ជី ស្កត នៅក្នុងផ្នែកទី ៣ នៅក្នុងឯកសាររៀបចំ ) ។
-
តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយនឹងមិត្តម្នាក់ដូចជា អេរីន ដែលកំពុងពុះពារនឹងឥទ្ធិពលនៃការរំលោភបំពាន ? តើមានរឿងមួយចំនួនអ្វីខ្លះដែលធ្វើឲ្យវាពិបាកក្នុងការព្យាបាលពីការរំលោភបំពាន ?
សូមអាន អេសាយ ៦១:១–៣ រួមគ្នា ហើយកំណត់ពីសេចក្ដីពិតដែលអាចមានន័យចំពោះជនរងគ្រោះនៃការរំលោភបំពាន ( សូមមើលផងដែរ នីហ្វៃទី ២ ២:១–២ ) ។ ក្នុងចំណោមសេចក្ដីពិតផ្សេងៗទៀត សិស្សអាចនឹងស្គាល់សេចក្ដីពិតមួយដែលស្រដៀងគ្នានឹងសេចក្ដីពិតដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីព្យាបាលដួងចិត្តខ្ទេចខ្ទាំ ហើយលួងលោមចិត្តអស់អ្នកដែលទួញយំទាំងអស់ ។
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីនាំមកនូវការលួងលោម ជំនួយ និងការព្យាបាលមកពីព្រះអង្គសង្គ្រោះ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ?
-
តើព្រះអង្គសង្គ្រោះបានជំនួសភាពសោកសៅ ឬភាពអស់សង្ឃឹមដោយភាពស្រស់ស្អាតនៅក្នុងជីវិតតាមរបៀបណា ?
ប្រសិនបើអ្នកបង្ហាញផ្នែកទីមួយនៃវីដេអូ « Living with the Pain of Childhood Abuse » កាលពីមុន នោះសូមបង្ហាញផ្នែកនៅសល់ឥឡូវនេះ ( លេខកូដម៉ោង ២:២៧–៤:៥០ ) ។ សូមស្នើសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រករបៀបដែលព្រះអង្គសង្គ្រោះបានជួយដល់អេរីន ។
-
តើអ្វីទៅដែលអាចជួយយើងឲ្យមានចិត្តអត់ធ្មត់ និងស្មោះត្រង់ នៅពេលឆ្លងកាត់ពេលវេលានៃការព្យាបាល ?
សូមឲ្យសិស្សមានពេលពីរបីនាទីពិចារណាពីរបៀបដែលការបង្រៀននៅក្នងមេរៀននេះ អាចជះឥទ្ធិពលដល់ជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ន ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រាចំណាប់អារម្មណ៍ណាមួយ ដែលពួកគេអាចទទួលបាន ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងការជួយអស់អ្នកដែលបានរងគ្រោះដោយសារការរំលោភបំពាន ។ អ្នកអាចបង្ហាញវីដេអូ « The Prince of Peace » ( ២:៣២ ) ដែលមានសេចក្ដីយោងនៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F13%2Fbe%2F13be7c970b5f982ee1bab1023b7b31e2f1316261%2F13be7c970b5f982ee1bab1023b7b31e2f1316261.jpg/full/!250,/0/default)
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យគិតពីវិធីដែលពួកគេធ្លាប់ឃើញសាតាំង និងមនុស្សដទៃទៀតកំពុងខិតខំបំផ្លាញគ្រួសារ ។ នៅពេលពួកគេសិក្សា ឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ សូមលើកទឹកចិត្តសិស្សឲ្យមើលរកលទ្ធផលនៃការបែកបាក់ក្រុមគ្រួសារនៅក្នុងសង្គម ហើយពិចារណាពីអ្វីដែលពួកគេអាចធ្វើបានដើម្បីការពារការបង្រៀនរបស់ព្រះអម្ចាស់អំពីគ្រួសារ ។