« មេរៀនទី ១៨ ឯកសារគ្រូបង្រៀន ៖ ការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាម » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៨ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ១៨ ឯកសារគ្រូបង្រៀន
ការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាម
ព្រះអម្ចាស់ទុកព្រះទ័យលើឪពុកម្ដាយ ឲ្យទទួលយកការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់កូនៗពួកគេ ។ នៅក្នុងមេរៀននេះ សិស្សនឹងស្វែងយល់អំពីរបៀប ដែលការមានភាពខ្លួនទីពឹងខ្លួនអាចបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីបំពេញតាមទំនួលខុសត្រូវនេះបាន ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យកំណត់ពីរបៀប ដែលពួកគេអាចបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីរស់នៅតាមគោលការណ៍ខាងហិរញ្ញវត្ថុដ៏ឈ្លាសវៃផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ឪពុកម្ដាយទទួលខុសត្រូវលើការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់គ្រួសារពួកគេ ។
សូមបង្ហាញសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការខាងរូបកាយរបស់កូនៗពួកគេ ( សូមមើល« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
តើអ្នកមានអារម្មណ៍ ឬសំណួរអ្វីខ្លះអំពីកាតព្វកិច្ចដ៏ពិសិដ្ឋនេះ ?
-
តើអ្នកកំពុងធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ ឬបំពេញតាមកាតព្វកិច្ចនេះ?
សូមសរសេរពាក្យ ភាពខ្លួនទីពឹងខ្លួន ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសរសេរពាក្យទាំងឡាយ ដែលពិពណ៌នាអំពីនរណាម្នាក់ ដែលមានភាពខ្លួនទីពឹងខ្លួនដាក់នៅលើក្ដារខៀន ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីមូលហេតុ ដែលពួកគេបានជ្រើសរើសពាក្យទាំងនោះ ។
-
ហេតុអ្វីបានជាវាសំខាន់ ដែលយើងត្រូវអភិវឌ្ឍឲ្យមានភាពខ្លួនទីពឹងខ្លួន ? ( ជាផ្នែកមួយនៃការពិភាក្សានេះ អ្នកអាចប្រើការបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:២៨–២៩ និងការបង្រៀនផ្សេងទៀតនៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំ បាន ។ បន្ទាប់មក អ្នកអាចជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ការងារដ៏ឧស្សាហ៍ជួយឪពុកម្ដាយឲ្យមានភាពខ្លួនទីពឹងខ្លួន និងផ្គត់ផ្គង់ដល់តម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់គ្រួសារពួកគេ ។ ការមានភាពខ្លួនទីពឹងខ្លួនជួយយើងឲ្យកាន់តែក្លាយដូចជាព្រះអង្គសង្គ្រោះ ។ ការមានភាពខ្លួនទីពឹងខ្លួនបង្កើនសមត្ថភាពរបស់យើងក្នុងការបម្រើដល់អ្នកដទៃ ) ។
សូមជ្រើសរើសចេញពីសំណួរខាងក្រោមនេះ ជាសំណួរដែលទាក់ទងនឹងសិស្សរបស់អ្នកបំផុត ហើយពិភាក្សាជាមួយពួកគេក្នុងថ្នាក់រួមគ្នា ឬជាក្រុមតូចៗ ៖
-
តើអ្នកគិតថា ការមានភាពខ្លួនទីពឹងខ្លួនត្រូវនឹងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យកោតសរសើរដល់តម្លៃនៃការងារដ៏ឧស្សាហ៍ ? តើអ្នកទទួលបានពរជ័យអ្វីខ្លះមកពីការខិតខំធ្វើការងារ ? ( សូមពិចារណារំឭកជាមួយគ្នាឡើងវិញក្នុង សេចក្តីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន អំពីការងារ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។
-
តើការអប់រំអាចនាំមកនូវអត្ថប្រយោជន៍អ្វីខ្លះដល់យើង និងក្រុមគ្រួសាររបស់យើង ? តើវាអាចជួយយើងឲ្យក្លាយកាន់តែដូចជាព្រះតាមរបៀបណា ? ( បើចាំបាច់ សូមយោងទៅ ការបង្រៀនអំពីការអប់រំ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ដើម្បីធ្វើឲ្យការពិភាក្សានេះកាន់តែស៊ីជម្រៅ ) ។
-
តើព្រះអម្ចាស់បានជួយអ្នក ឬតើទ្រង់អាចជួយអ្នកឲ្យមានក្រមសីលធម៌ការងារដ៏ឧស្សាហ៍ ឬទទួលបានការអប់រំបន្ថែមទៀតយ៉ាងដូចម្ដេច ? ( ខណៈពេលកំពុងពិភាក្សាអំពីសំណួរនេះ សូមពិចារណាបង្ហាញវីដេអូ « Wagner’s Story » [ ២:០៥ ] ដែលមាននៅក្នុងផ្នែក « ចង់បានបន្ថែមទៀតទេ ? » នៃឯកសាររៀបចំ ) ។
2:3
សូមពន្យល់ថា ដើម្បីណែនាំ និងប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ នោះព្រះវរបិតាសួគ៌របស់យើងបានចាត់តាំងឲ្យឪពុក និងម្ដាយគ្រប់រូបមានទំនួលខុសត្រូវមួយចំនួនជាក់លាក់ ។ សូមសរសេរ ឬបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ តាមការរៀបចំដ៏ទេវភាពនេះ ឪពុកមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។
សូមជួយសិស្សឲ្យយល់ថា ដោយសារកាលៈទេសៈរបស់គូស្វាមីភរិយា និងក្រុមគ្រួសារមានភាពខុសៗគ្នា នោះនៅក្នុងករណីខ្លះ ទាំងឪពុក និងម្តាយត្រូវតែធ្វើការ ដើម្បីផ្គត់ផ្គង់ដល់សេចក្ដីត្រូវការជាមូលដ្ឋានសម្រាប់គ្រួសាររបស់ពួកគេ ។
-
តើអ្នកបានរៀនអ្វីខ្លះ មកពីដំបូន្មានរបស់ប្រធាន អិម រ័សុល បាឡឺដ អំពីរបៀបដែលស្វាមី និងភរិយាអាចធ្វើការសម្រេចចិត្តបែបនេះបាន ? ( សូមពិចារណាអញ្ជើញសិស្សឲ្យរំឭក សេចក្ដីថ្លែងការណ៍របស់ប្រធាន បាឡឺដ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំឡើងវិញ ) ។
-
តើអ្នកគិតយ៉ាងណាដែរអំពីដំបូន្មាននេះ ? ( ជាផ្នែកមួយនៃការពិភាក្សានេះ សូមពិចារណាសង្ខេបអត្ថបទនេះ « Striving to Become an Intelligent and Noble Mother » [ Lilian Pagaduan-Villamor Ensign ខែ សីហា ឆ្នាំ ២០១៨ ទំព័រ ១៦–១៧ ] ។ អត្ថបទនេះមាននៅក្នុងផ្នែក « ចង់បានបន្ថែមទៀតទេ ? » នៃឯកសាររៀបចំ ) ។
សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងណែនាំសិស្សតាមកាលៈទេសៈផ្ទាល់របស់ពួកគេ នៅពេលពួកគេសិក្សាការបង្រៀន និងដំបូន្មានរបស់ព្យាការី ជាមួយនឹងគូស្វាមីភរិយារបស់ពួកគេ និងជាមួយទ្រង់ ។
គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុដ៏ឈ្លាសវៃ អាចណែនាំយើងពីរបៀបផ្គត់ផ្គង់ដល់គ្រួសាររបស់យើងបាន ។
សូមអញ្ជើញសិស្សឲ្យរំឭកដោយសង្ខេបៗឡើងវិញក្នុងវគ្គបទគម្ពីរ ដែលពួកគេបានជ្រើសរើសសម្រាប់ សកម្មភាពសិក្សា នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ ( អ្នកប្រហែលជាត្រូវផ្តល់ពេលវេលាឲ្យសិស្សរំឭកវគ្គបទគម្ពីរទាំងនេះមួយចំនួនឡើងវិញ ) ។
សូមបែងចែកសិស្សឲ្យធ្វើការជាដៃគូ ឬជាក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយគ្នានូវគោលការណ៍ខាងហិរញ្ញវត្ថុ ដែលពួកគេបានរៀនចេញពីវគ្គបទគម្ពីរទាំងនេះ ហើយពិភាក្សាអំពីសំណួរខាងក្រោមនេះ ( អ្នកគួរតែបង្ហាញសំណួរនេះនៅលើក្ដារខៀន ) ៖
-
តើការអនុវត្តតាមគោលការណ៍ខាងហិរញ្ញវត្ថុដ៏ឈ្លាសវៃទាំងនេះអាចផ្ដល់ពរជ័យដល់អ្នកផ្ទាល់ ឬផ្ដល់ពរជ័យដល់គ្រួសាររបស់អ្នកបានយ៉ាងដូចម្ដេច ?
ខាងក្រោមនេះគឺជាបញ្ជីមួយអំពីគោលការណ៍ ដែលសិស្សអាចរកឃើញមកពីវគ្គបទគម្ពីរដែលបានផ្ដល់ឲ្យនៅក្នុងឯកសាររៀបចំ ៖
-
គោរពតាមច្បាប់នៃដង្វាយមួយភាគក្នុងដប់ និងដង្វាយនានា ( សូមមើល ម៉ាឡាគី ៣:៨–១០ ) ។
-
ជៀសវាងការដាក់ដួងចិត្តរបស់អ្នកលើទ្រព្យសម្បត្តិខាងលោកិយ ( សូមមើល ម៉ាថាយ៦:១៩–២១ ) ។
-
ប្រើគម្រោងថវិកា និងផែនការឈ្លាសវៃ ( សូមមើល លូកា ១៤:២៨–៣០ ) ។
-
ពេញចិត្តនឹងអ្វីដែលអ្នកមាន ( សូមមើល ធីម៉ូថេ ទី១ ៦:៦–១០ ) ។
-
ស្វែងរកព្រះមុននឹងស្វែងរកទ្រព្យសម្បត្តិ ហើយបើអ្នកស្វែងរកទ្រព្យសម្បត្តិ ចូរស្វែងរកសម្រាប់គោលបំណងសុចរិត ( សូមមើល យ៉ាកុប ២:១៨–១៩ ) ។
-
ប្រើពរជ័យខាងសាច់ឈាមរបស់អ្នក ដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាត ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៣–១៨ ) ។
-
សងបំណុលឲ្យដាច់ស្រេច ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨ ) ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់ នូវគោលការណ៍ដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមសរសេរ ឬបង្ហាញគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ តាមរយៈការអនុវត្តតាមគោលការណ៍ហិរញ្ញវត្ថុដ៏ឈ្លាសវៃ នោះបុគ្គលម្នាក់ៗ និងក្រុមគ្រួសារអាចបង្កើនស្ថិរភាពខាងហិរញ្ញវត្ថុរបស់ពួកគេផ្ទាល់ខ្លួន និងជួយដល់អ្នកដែលខ្វះខាតបាន ។
-
តើអ្នក ឬគ្រួសាររបស់អ្នកបានមានពរជ័យ មកពីការអនុវត្តតាមគោលការណ៍ហិរញ្ញវត្ថុដ៏ឈ្លាសវៃនៅពេលណាដែរ ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ចេញពីការពិតដែលថា ទ្រង់បានប្រទានគោលការណ៍ហិរញ្ញវត្ថុទាំងនេះដល់យើង ?
សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន អំពីការមានភាពខ្លួនទីពឹងខ្លួន ការមានក្រមសីលធម៌ការងារដ៏ឧស្សាហ៍ ការទទួលបានការអប់រំ ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តតាមគោលការណ៍ហិរញ្ញវត្ថុដ៏ឈ្លាសវៃ ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាទុកចំណុចមួយ ដែលពួកគេអាចចាប់ផ្ដើមធ្វើ ឬបន្តធ្វើបាន ដើម្បីពង្រឹងភាពខ្លួនទីពឹងខ្លួនរបស់ពួកគេ និងការខិតខំរបស់ពួកគេដើម្បីរស់នៅតាមគោលការណ៍ទាំងនេះ ។ ( ជាផ្នែកមួយនៃសកម្មភាពនេះ អ្នកអាចអញ្ជើញសិស្សឲ្យពិនិត្យមើលអ្វីដែលពួកគេបានសរសេរ ដើម្បីឆ្លើយតបទៅនឹងការបំផុសគំនិតឲ្យ « កត់ត្រាគំនិតរបស់អ្នក » នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំឡើងវិញ ) ។
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះរាជបំណងរបស់ព្រះអម្ចាស់ ដើម្បីជួយយើងឲ្យផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់យើង ។
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វី ដែលពួកគេមានអំណរគុណចំពោះម្ដាយរបស់ពួកគេ ឬស្ដ្រីដែលដូចជាម្ដាយម្នាក់នៅក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាអំពីតម្លៃរបស់ម្តាយ ខណៈពេលកំពុងសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ១៩ ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរលិខិតដឹងគុណមួយច្បាប់ជូនទៅម្តាយរបស់ពួកគេ ឬស្ដ្រីដែលដូចជាម្ដាយម្នាក់ ។