« មេរៀនទី ២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ តួនាទីរបស់ព្យាការីនៅក្នុងការប្រកាសពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ២ ឯកសាររៀបចំសម្រាប់ថ្នាក់
តួនាទីរបស់ព្យាការីនៅក្នុងការប្រកាសពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច
យើងមានពរជ័យដើម្បីរស់នៅក្នុងជំនាន់មួយ ដែលព្រះអម្ចាស់បានហៅឲ្យមានព្យាការីនៅរស់ម្ដងទៀត ដើម្បីដឹកនាំ និងការពារពួកយើង ។ តើព្យាការីរបស់ព្រះអម្ចាស់បានជួយអ្នក ឲ្យយល់ពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្ដេច ? នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលអ្នកអាចទទួលបានទីបន្ទាល់មួយ ដែលកាន់តែរឹងមាំអំពីព្យាការីដែលនៅរស់ ហើយពឹងផ្អែកលើពាក្យសម្ដីរបស់ពួកលោកបានកាន់តែពេញលេញជាងមុននៅក្នុងជីវិតរបស់អ្នក ។
ផ្នែកទី ១
តើសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានបង្ហាញតាមរយៈការទូន្មានរបស់ព្យាការីដោយរបៀបណា ?
នៅពេលព្រះអម្ចាស់បានហៅអេសេគាលឲ្យធ្វើជាព្យាការី នោះទ្រង់បានប្រៀបធៀបតួនាទីថ្មីរបស់អេសេគាល ទៅនឹងតួនាទីរបស់អ្នកចាំយាម ។ កាលពីបុរាណ អ្នកចាំយាមឈរនៅលើកំផែង ឬនៅលើប៉ម ដើម្បីជួយការពារទីក្រុង ចម្ការទំពាំងបាយជូរ ឬវាលស្រែ ( សូមមើល « Watchmen on the Tower » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ២៨ ) ។ ការមើលឃើញពីទីខ្ពស់របស់ពួកគេ បានធ្វើឲ្យពួកគេអាចមើលឃើញអ្វីៗ ដែលមនុស្សដទៃមិនអាចមើលឃើញ និងផ្ដល់ការព្រមានអំពីគ្រោះថ្នាក់ដែលនឹងកើតឡើងបានទាន់ពេលវេលា ។
ព្យាការីជួយយើងឲ្យមើលឃើញអ្វីៗចេញពីទស្សនវិស័យដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ។ ទ្រង់ប្រទានពរដល់ពួកលោកឲ្យធ្វើជាអ្នកមើលឆុត ដោយមានអំណោយទានដ៏ទេវភាពនៃការមើលឃើញខាងវិញ្ញាណ ។ ពួកលោកអាច « ដឹងអំពីការណ៍ទាំងឡាយដែលកន្លងមកហើយ និងការណ៍ទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខផង » ( ម៉ូសាយ ៨:១៧; សូមមើលផងដែរ ខទី ១៥–១៦ ) ។ ព្រះអម្ចាស់បានដាក់ពួកលោកឲ្យការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ និងខាងរូបកាយ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោមនេះ អំពីកត្តាជំរុញទឹកចិត្ត និងការទទួលខុសត្រូវរបស់អ្នកចាំយាមនៃព្រះអម្ចាស់ ៖
សាវកម្នាក់ៗរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងតំណែងមួយ ដើម្បីសង្កេតមើល និងទទួលសេចក្ដីស្រឡាញ់ ដែលព្រះវរបិតាសួគ៌មានសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ជាពិសេសសម្រាប់អស់អ្នកដែលកំពុងពុះពារ ។ …
ពេលខ្លះ ក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រ យើងត្រូវបានគេរិះគន់ដោយសារការកាន់ខ្ជាប់យ៉ាងហ្មត់ចត់ទៅនឹងក្រឹត្យវិន័យរបស់ព្រះ ការការពារគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងការទប់ទល់នឹងសម្ពាធខាងសង្គមនៅជំនាន់របស់យើង ។ ប៉ុន្ដែ ការចាត់តាំងរបស់យើងក្នុងនាមជាសាវកដែលបានតែងតាំងគឺត្រូវ « ទៅពេញសព្វទាំងពិភពលោក ដើម្បីទៅផ្សាយដំណឹងល្អរបស់ [ ទ្រង់ ] ដល់សត្វលោកគ្រប់រូប » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២៨ ] ។ នេះមានន័យថា យើងត្រូវបានបញ្ជាឲ្យបង្រៀននូវសេចក្ដីពិត ។
នៅពេលធ្វើដូច្នោះ ពេលខ្លះយើងត្រូវបានគេចោទប្រកាន់ថាមិនខ្វល់ខ្វាយ កាលយើងបង្រៀនពីតម្រូវការរបស់ព្រះបិតា ដើម្បីបានភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ។ ប៉ុន្ដែ តើវាមិនរឹតតែមិនខ្វល់ខ្វាយកាន់តែខ្លាំងទេឬ ប្រសិនបើយើងមិនប្រាប់ពីសេចក្ដីពិតនោះ—មិនបង្រៀនអ្វីដែលព្រះបានបើកសម្ដែងនោះ ?
វាជាក់ច្បាស់ ដោយសារយើងពិតជាខ្វល់ខ្វាយយ៉ាងខ្លាំងអំពីបុត្រាបុត្រីទាំងអស់របស់ព្រះ ទើបយើងប្រកាសពីសេចក្ដីពិតរបស់ទ្រង់ ។ យើងអាចមិននិយាយប្រាប់មនុស្សទាំងឡាយនូវអ្វី ដែលពួកគេចង់ស្ដាប់ជានិច្ចនោះទេ ។ ព្យាការីកម្រនឹងល្បីល្បាញណាស់ ។ ប៉ុន្ដែ យើងនឹងបង្រៀនសេចក្ដីពិតជានិច្ច ! ( « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
ផ្នែកទី ២
តើការប្រកាសអំពីក្រុមគ្រួសារគឺជាភស្ដុតាងនៃទង្វើរបស់ព្យាការីនៃព្រះអម្ចាស់ ក្នុងនាមជាអ្នកចាំយាមនាសព្វថ្ងៃនេះដោយរបៀបណា ?
នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុងការប្រជុំសមាគមសង្គ្រោះទូទៅមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានណែនាំអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ ពីមុនធ្វើដូច្នោះ លោកបានពន្យល់ពីមូលហេតុដែលគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មានអារម្មណ៍ថាត្រូវតែចេញការប្រកាសនេះ ៖
ជាមួយនឹងការបោកបញ្ឆោតដ៏ឈ្លាសវៃជាច្រើន ដែលបន្លំថាជាសេចក្ដីពិត ជាមួយនឹងការបំភាន់ជាច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ជាមួយនឹងការធ្វើឲ្យស្រើបស្រាល និងការរំភើបក្នុងការទទួលយកនូវស្នាមប្រឡាក់បន្តិចម្ដងៗនៃពិភពលោក នោះយើងមានអារម្មណ៍បំផុសថា ត្រូវព្រមាន និងហាមទុកជាមុន ។ នៅក្នុងការជួយជ្រោមជ្រែងដល់កិច្ចការនេះ ឥឡូវនេះ យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ សូមចេញនូវការប្រកាសមួយដល់សមាជិកសាសនាចក្រ និងដល់ពិភពលោក ទុកជាការប្រកាស និងការបញ្ជាក់សាជាថ្មីមួយអំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយដែលទាក់ទងទៅនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រនេះ បានថ្លែងម្ដងហើយម្ដងទៀតទូទាំងប្រវត្តិសាស្ត្រសាសនាចក្រ ។ ( « Stand Strong against the Wiles of the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ )
សេចក្ដីដកស្រង់ខាងក្រោមនេះមកពីជីវប្រវត្តិរបស់ប្រធាន ណិលសុន ពិពណ៌នាពីអ្វីដែលព្រះអម្ចាស់បានធ្វើឲ្យពួកសាវករបស់ទ្រង់អាចមើលឃើញ ដែលបានដឹកនាំឲ្យមានការបង្កើតឡើងនូវការប្រកាសអំពីក្រុមគ្រួសារ ៖
នៅថ្ងៃមួយក្នុងឆ្នាំ ១៩៩៤ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចំណាយពេលមួយថ្ងៃនៅក្នុងបន្ទប់ប្រឹក្សារបស់ពួកលោកនៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក ពិភាក្សាអំពីបញ្ហាទាក់ទងទៅនឹងគ្រួសារ ។ ពួកលោកបានពិចារណាអ្វីៗទាំងអស់តាំងពីការកើនឡើងយ៉ាងខ្លាំងនៃរូបអាសគ្រាម ដែលអាចនឹងរីករាលដាលទៅជានីតិកម្មប្រឆាំងក្រុមគ្រួសារតាមប្រភេទផ្សេងៗ ។ នេះពុំមែនជាការពិភាក្សាថ្មីមួយនោះទេ ប៉ុន្តែនៅថ្ងៃនោះ របៀបវារៈទាំងមូលគឺនិយាយទាក់ទងជុំវិញប្រធានបទដ៏សំខាន់មួយនេះ ។
ពួកដប់ពីរនាក់បានពិនិត្យមើលទាំងគោលលទ្ធិ និងគោលនយោបាយនានាឡើងវិញ ពិចារណាលើរឿងទាំងឡាយដែលពុំអាចផ្លាស់ប្ដូរបាន—គឺគោលលទ្ធិ—និងរឿងទាំងឡាយដែលអាចនឹងផ្លាស់ប្ដូរបាន—ពោលគឺគោលនយោបាយនានា ។ ពួកលោកបានពិភាក្សាពីបញ្ហា ដែលពួកលោកមើលឃើញថាកំពុងកើតមាន រួមទាំងការជំរុញខាងសង្គមដ៏ខ្លាំងមួយចំពោះការរៀបការរបស់មនុស្សខ្ទើយ និងសិទ្ធិប្ដូរភេទ ។ អែលឌើរ ណិលសុន បានពន្យល់ថា « ប៉ុន្តែ នោះពុំមែនជាទីបញ្ចប់នៃអ្វីដែលយើងបានមើលឃើញនោះទេ » ។ « យើងអាចមើលឃើញការខិតខំរបស់សហគមន៍ជាច្រើនផ្សេងៗគ្នា មិនចង់ធ្វើតាមបទដ្ឋាន និងដែនកំណត់ទៅលើសកម្មភាពខាងផ្លូវភេទ ។ យើងបានមើលឃើញភាពភាន់ច្រឡំទៅលើភេទ ។ យើងអាចមើលឃើញអ្វីទាំងអស់នេះកំពុងកើតមានឡើង » ។
ការពិភាក្សាយ៉ាងច្រើននេះ ព្រមទាំងរឿងដទៃទៀតនៅក្នុងរយៈពេលមួយដ៏យូរនោះ នាំឲ្យទទួលបានការបញ្ចប់មួយថា ពួកសាវកគួរតែរៀបចំឯកសារមួយ អាចនឹងជាសេចក្ដីប្រកាសមួយ ដែលចែងអំពីជំហររបស់សាសនាចក្រអំពីគ្រួសារ ដើម្បីបង្ហាញទៅកាន់គណៈប្រធានទីមួយដើម្បីសុំការពិចារណា ។ ( Sheri Dew, Insights from a Prophet’s Life: Russell M. Nelson [ ឆ្នាំ ២០១៩ ] ទំព័រ ២០៨ )
ផ្នែកទី ៣
តើខ្ញុំអាចទទួល និងធ្វើតាមពាក្យសម្ដីរបស់ព្យាការីនៃព្រះអម្ចាស់ដោយភាពស្មោះត្រង់តាមរបៀបណា ?
នៅស្រុកកំណើតរបស់ទ្រង់ ស្រុកណាសារ៉ែត ព្រះអង្គសង្គ្រោះត្រូវបានគេបដិសេធ នៅពេលទ្រង់បានប្រកាសថា ទ្រង់គឺជាព្រះមែស៊ីដែលបានសន្យា ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលតបទៅនឹងមន្ទិលសង្ស័យជាច្រើនថា « គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ » ( លូកា ៤:២៤ ) ។
ដូចគ្នានេះដែរ នៅក្នុងជំនាន់របស់យើង មនុស្សមួយចំនួនបានជ្រើសរើសមិនទទួលយកព្យាការីរបស់ព្រះអម្ចាស់ ។ ពេលខ្លះ អ្នកអាចថែមទាំងឃើញថា វាពិបាកនឹងយល់ ឬធ្វើតាមការប្រឹក្សា និងការបង្រៀនទាំងឡាយរបស់ពួកព្យាការីសម័យទំនើបទៀតផង ។
នៅថ្ងៃដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំឡើង ព្យាការី យ៉ូសែប ស៊្មីធបានទទួលវិវរណៈមួយមកពីព្រះអម្ចាស់ ដែលមានបទបញ្ញត្តិមួយ និងការសន្យាផ្សេងៗដល់សមាជិកក្នុងសាសនាចក្ររបស់ទ្រង់ ។
សូមគិតអំពីអត្ថន័យនៃការទទួលយកព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្យាការី « ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » ( ខទី ៥ ) ។ សូមពិចារណាពីពរជ័យទាំងឡាយដែលបានសន្យា ពេលធ្វើដូច្នោះផងដែរ ។ ព្រះគម្ពីរមានដំណើររឿងជាច្រើនរាប់មិនអស់អំពីមនុស្ស ដែលបានជ្រើសរើសដើម្បីអនុវត្តសេចក្ដីអត់ធន់ និងសេចក្ដីជំនឿតាមពាក្យសម្ដីរបស់ព្យាការី ។ សូមជ្រើសរើសវគ្គបទគម្ពីរខាងក្រោមនេះមួយ ឬច្រើនយកមកសិក្សា ៖
-
នីហ្វៃទី១ ២:១១–១៦ ( នីហ្វៃចាកចេញពីទីក្រុងយេរូសាឡិម ដូចដែលបានដឹកនាំដោយព្យាការីលីហៃ )
-
ពង្សាវតារក្សត្រ ទី១ ១៧:៨–២៤ ( ស្ដ្រីមេម៉ាយនៅក្រុងសារិបតាឆ្លើយតបនឹងសំណើមួយរបស់ព្យាការីអេលីយ៉ា អំឡុងពេលមានគ្រោះរាំងស្ងួត )
-
ពង្សាវតារក្សត្រ ទី២ ៥:៩–១៤ ( ណាម៉ាន់ ជាស្ដេចស៊ីរី ស្វែងរកការព្យាបាលរោគឃ្លង់ពីព្យាការីអេលីសេ )
ខណៈបម្រើជាទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បានកត់ចំណាំដូច្នេះ ៖
តាមបទដ្ឋានរបស់លោកិយ ការដើរតាមព្យាការីអាចនឹងគ្មានប្រជាប្រិយ ពុំត្រឹមត្រូវខាងនយោបាយ ឬពុំអាចទទួលយកបានក្នុងសង្គមឡើយ ។ ប៉ុន្តែ ការដើរតាមព្យាការីគឺតែងតែត្រូវជានិច្ច ។ ( « Live according to the Words of the Prophets » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៨ )
យើងអាចមានទំនុកចិត្តនៅក្នុងការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។