« មេរៀនទី ៤ ឯកសារគ្រូបង្រៀន ៖ គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៤ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ៤ ឯកសារគ្រូបង្រៀន
គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌
គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌យើង សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសដើម្បីពន្យល់ពីរបៀបដែលការបង្កបង្កើតផែនដី ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ព្រមទាំងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អនុញ្ញាតឲ្យបង្កើតក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចឡើង និងរីកចម្រើន ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យវាយតម្លៃលើកិច្ចខិតខំផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងការបង្កើត និងការពង្រឹងគ្រួសារដ៏នៅអស់កល្បរបស់ពួកគេផ្ទាល់ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ការបង្កបង្កើតផែនដី និងការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា បានអនុញ្ញាតឲ្យបង្កើតក្រុមគ្រួសារទាំងឡាយឡើង និងរីកចម្រើន ។
សូមបែងចែកសិស្សទៅជាក្រុមតូចៗ ហើយចាត់តាំងឲ្យមានមេក្រុមសម្រាប់ក្រុមនីមួយៗ ។ សូមបង្ហាញ ឬចែកច្បាប់ចម្លងនៃសាច់រឿង និងសំណួរខាងក្រោមនេះដល់ក្រុមនីមួយៗ ។ ( សូមពិចារណាពីរបៀបដែលអ្នកអាចសម្របសាច់រឿងនេះតាមការចាំបាច់ ដើម្បីឲ្យវាទាក់ទងកាន់តែខ្លាំងទៅនឹងវប្បធម៌របស់អ្នក ព្រមទាំងជីវិតរបស់សិស្សអ្នកផងដែរ ) ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីសាច់រឿងនេះហើយ សូមអញ្ជើញពួកគេឲ្យសរសេរសេចក្ដីពិតមួយចំនួន ដែលពួកគេបានជជែកគ្នាដាក់នៅលើក្ដារខៀន ។ សូមស្ថាបនានៅលើសេចក្ដីពិតទាំងនេះ ពេញមួយមេរៀននេះ ។
អ្នកអាចអញ្ជើញឲ្យសិស្សម្នាក់សូត្រ ឬអាន ម៉ូសេ ១:៣៩ រួចហើយសូមឲ្យសិស្សក្នុងថ្នាក់ពន្យល់ពីអ្វីដែលខគម្ពីរនេះបង្រៀន អំពីគោលបំណងនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ ប្រសិនបើចាំបាច់ សូមសួរសិស្សថា តើពួកគេនឹងផ្ដល់និយមន័យឲ្យពាក្យ « ជីវិតដ៏នៅអស់កល្បជានិច្ច » យ៉ាងដូចម្ដេច ហើយថាគោលបំណងនោះទាក់ទងទៅនឹងគ្រួសារដោយរបៀបណា ។ ( សូមមើលផ្នែកទីមួយនៅក្នុងឯកសាររៀបចំ ដើម្បីជួយផ្ដល់និយមន័យមួយ ) ។
សូមពិចារណាបង្ហាញរូបភាព ដែលតំណាងឲ្យការបង្កបង្កើត និងការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ។ សូមអញ្ជើញសិស្សឲ្យរំឭកក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៧ និង នីហ្វៃទី២ ២:២២–២៣ ឡើងវិញ ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើការបង្កបង្កើតផែនដីបានជួយបំពេញតាមព្រះរាជបំណងដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌ សម្រាប់បុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ? ( ចម្លើយរបស់សិស្សអាចស្រដៀងនឹងប្រយោគដូចតទៅនេះ ៖ ផែនដីត្រូវបានបង្កបង្កើតឡើង ដើម្បីផ្ដល់ជាកន្លែងមួយ ដែលបុត្រាបុត្រីរបស់ព្រះអាចកើតមកក្នុងក្រុមគ្រួសារ និងរីកចម្រើនរួមគ្នា ) ។
-
តើការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ាបានជួយបំពេញបន្ថែមទៀតដល់ព្រះរាជបំណងរបស់ព្រះវរបិតា និងអនុញ្ញាតឲ្យផែនដីនេះ « អាចបំពេញ [ គោលបំណង ] នៃការបង្កបង្កើត » ដោយរបៀបណា ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦ ) ។ ( សិស្សអាចឆ្លើយខុសៗគ្នា រួមមានការថ្លែងពីសេចក្ដីពិតមួយដែលស្រដៀងគ្នានេះ ៖ ដោយសារតែការធ្លាក់ នោះលោកអ័ដាម និងនាងអេវ៉ាអាចមានកូនៗ ហើយពូជពង្សរបស់ពួកលោកអាចរីកចម្រើនទៅដល់ជីវិតដ៏អស់កល្បជានិច្ចបាន ) ។
-
តើការយល់ដឹងពីគោលបំណងទាំងនេះ ស្ដីពីការបង្កបង្កើត និងការធ្លាក់អាចមានឥទ្ធិពលលើការខិតខំរបស់យើង ដើម្បីដាក់អាទិភាព និងបង្កើតឲ្យមានក្រុមគ្រួសារដ៏នៅអស់កល្បរបស់យើងផ្ទាល់ខ្លួនតាមរបៀបណា ?
តាមរយៈដង្វាយធួនរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យក្រុមគ្រួសាររស់នៅអស់កល្បជានិច្ចបាន ។
សូមពិចារណាពិភាក្សាសំណួរដូចតទៅនេះដោយសង្ខេបខ្លីៗជាថ្នាក់រួមគ្នា ៖
-
តើអ្វីជាតួនាទីរបស់ព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់នៅក្នុងការធ្វើឲ្យក្រុមគ្រួសារអាចរស់នៅដ៏អស់ល្បបាននោះ ? ( សូមពិចារណារំឭកក្នុង នីហ្វៃទី២ ៩:៦–៨, ១០, ១៨ ឡើងវិញដើម្បីជួយសិស្សឲ្យរកឃើញថា តាមរយៈដង្វាយធួនរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទផ្ដល់នូវរបៀបមួយ ដើម្បីឲ្យបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌អាចយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ចំណុចសំខាន់ដែលភ្ជាប់វាទាំងអស់ជាមួយគ្នា—ទៅនឹងផែនការរបស់ព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង គឺវាអាស្រ័យ និងស្ថិតនៅលើ—ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ ពលិកម្មដ៏ធួនរបស់ទ្រង់ធ្វើឲ្យអ្វីៗគ្រប់យ៉ាងអាចកើតឡើងបានដោយគ្មានកំណត់ រួមមានទាំងសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ចផងដែរ ។ ( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួបជាមួយអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.lds.org )
សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវចម្លើយ ដែលពួកគេបានសរសេរចំពោះ សំណួរនៅចុងបញ្ចប់នៃផ្នែកទី ២ នៃឯកសាររៀបចំ ។ ( ប្រសិនបើចាំបាច់ សូមឲ្យសិស្សមានពេលកត់ត្រា ឬបន្ថែមលើចម្លើយរបស់ពួកគេនោះ ) ។ សូមអញ្ជើញសិស្សបីបួននាក់ឲ្យឡើងចែកចាយអ្វី ដែលពួកគេបានសរសេរ ។ សូមពិចារណាចែកចាយអារម្មណ៍របស់អ្នកផងដែរ ។
ដើម្បីជួយសិស្សឲ្យធ្វើសកម្មភាពលើអ្វី ដែលពួកគេបានរៀននៅថ្ងៃនេះ សូមជ្រើសរើសគំនិតខាងក្រោមនេះមួយ ឬទាំងពីរ—ដែលនឹងមានប្រយោជន៍បំផុតដល់សិស្សរបស់អ្នក ។
សម្រាប់ពេលក្រោយ
សូមពិចារណារំឭកឡើងវិញដោយសង្ខេបៗជាមួយសិស្ស នូវអ្វីដែលពួកគេបានរៀននៅក្នុងបួនមេរៀនដំបូងនៃវគ្គសិក្សានេះ ។ អ្នកអាចផ្ដល់យោបល់ថា ពេលអ្នកជួបគ្នាលើកក្រោយ អ្នកនឹងផ្ដល់ឱកាសឲ្យពួកគេចែកចាយ អ្វីដែលពួកគេបានអនុវត្តជាមួយនឹងគ្រួសាររបស់ពួកគេ ឬមនុស្សដទៃក្នុងពេលកន្លងមក ។ កាលពួកគេ រៀបចំខ្លួនសម្រាប់មេរៀនក្រោយ សូមអញ្ជើញសិស្សឲ្យគិតដោយប្រុងប្រយ័ត្ន អំពីរបៀបដែលជម្រើសរបស់ពួកគេ ទាក់ទងទៅនឹងរូបកាយសាច់ឈាមរបស់ពួកគេផ្ទាល់ អាចមានឥទ្ធិពលលើក្រុមគ្រួសាររបស់ពួកគេ និងផែនការរបស់ព្រះសម្រាប់ពួកគេ ។