ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការមាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច


« មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការមាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

ក្រុមគ្រួសារ​ដើរ​នៅ​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ

មេរៀនទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការមាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បានរៀន និង​បាន​ដក​ពិសោធន៍​នៅ​ក្នុង​ការសិក្សា​របស់​អ្នក​ស្ដីពី​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​អំឡុង​វគ្គសិក្សា​នេះ ។ តើ​ការបង្រៀន​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​ទីបន្ទាល់ បំណង​ប្រាថ្នា និង​សកម្មភាព​របស់​អ្នក​យ៉ាង​ដូចម្ដេច ? នៅពេល​អ្នក​សិក្សា​មេរៀន​ចុងក្រោយ​នេះ សូម​ពិចារណា​ពី​អ្វីដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ ដើម្បី​អ្នក​អាច​រស់នៅ​ដោយ​មាន​សេចក្ដីសង្ឃឹម​ដ៏​ធំ ពេល​អ្នក​ខិតខំ​បង្កើត និង​ពង្រឹង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក​ផ្ទាល់ ។

ផ្នែក​ទី ១

ហេតុអ្វី​ខ្ញុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ?

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​បង្រៀន​ថា យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​មួយ​បាន ៖

ប្រធាន ហិនរី ប៊ី អាវរិង

យើង​ទាំងអស់​គ្នា​សង្ឃឹម​ចង់បាន​អំណរ​នៃ​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។ សម្រាប់​ពួក​យើង​មួយចំនួន វា​គឺជា​អារម្មណ៍​មួយ​ដែល​យើង​ពុំ​ធ្លាប់​មាន​បទពិសោធន៍—ជា​អារម្មណ៍​មួយ​ដែល​យើង​ដឹង​ថា​អាច​មាន ប៉ុន្តែ​ពុំ​ទាន់​ក្លាយជា​ការពិត​នៅឡើយ ។ យើងអាច​នឹង​បានឃើញ​វា​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។ សម្រាប់​ពួកយើង​មួយចំនួន​ទៀត សេចក្ដីស្រឡាញ់​ក្នុង​គ្រួសារ​ហាក់ដូចជា​មាន​ពិត​ជាក់ស្ដែង និងមាន​តម្លៃ នៅពេល​ដែល​សេចក្ដីស្លាប់​បាន​បំបែក​យើង​ពី​កូន ពីម្ដាយ ពីឪពុក ពី​បងប្អូន​ប្រុស ពីបងប្អូន​ស្រី ឬ​ជីដូនជីតា​ជាទី​ស្រឡាញ់ និង​សំណព្វ​របស់​យើង ។ …

… ប្រសិន​បើ​យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​រក​ឃើញ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​យើង​អាច​ជ្រើសរើស​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ដែល​នាំឲ្យ​យើង​ស័ក្ដិសម​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅ​ពេល​យើង​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់ នោះព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​សេចក្ដី​សង្ឃឹម និង​ទំនុក​ចិត្ត​ថា យើង​កំពុង​ស្ថិត​នៅលើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដើម្បី​រស់នៅ​ជា​ក្រុមគ្រួសារ​ជារៀង​រហូត​នៅក្នុង​នគរ​សេឡេស្ទាល ។ ( « The Hope of Eternal Family Love » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៤ )

សេចក្ដីជំនឿ​របស់​យើង​លើ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​លើ​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​យើង​ថា យើង​អាច​បង្កើត​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច​មួយ​បាន ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ជួយ​យើង ហើយ​តាមរយៈ​ព្រះចេស្ដា​របស់​ទ្រង់ យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​បាន ។ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី យើង​អាន​ពី​របៀប​ដែល​អេលីសាបិត​បាន​មាន​គ៌ត​លើស​វ័យ​ដែល​អាច​មាន​កូនបាន ហើយម៉ារា​ជា​ស្ត្រី​ព្រហ្មចារី​ម្នាក់​បាន​ក្លាយ​ជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ស្ត្រី​ទាំង​នេះ​បាន​ជួប​នឹង​ស្ថានភាព​ខុសៗ​គ្នា ប៉ុន្តែ​ពួកគាត់​ទាំងពីរ​នាក់​បាន​យល់ថា « ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កំណត់​គំរូ​មួយ​ចេញពី​បទគម្ពីរ ឬ​បទពិសោធន៍​គ្រួសារ​របស់​អ្នកផ្ទាល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​ដល់​អស់​អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់ ហើយ​ស្វែង​រក​ជំនួយ​របស់​ទ្រង់ ។ សូម​ចំណាយ​ពេល​ពីរ​បី​នាទី ដើម្បី​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ចំណាំ ឬ​កម្មវិធី​កំំណត់​ចំណាំ ៖

  • តើ​សេចក្ដីពិត​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ដែល​បុគ្គល​ម្នាក់ៗ ( ឬ​បុគ្គល​ទាំងឡាយ ) នៅ​ក្នុង​ដំណើររឿង​នេះ​ទូន្មាន​ឲ្យ​អ្នក​ចងចាំ ?

  • តើ​បុគ្គល​ម្នាក់ៗ ( ឬ​បុគ្គល​ទាំងឡាយ) ទូន្មាន​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ​នៅ​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​បង្កើត​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​មាន​សេចក្ដីសង្ឃឹម​ក្នុង​ការ​បង្កើត​គ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច​មួយ​បាន​ដោយ​របៀប​ណា ប្រសិន​បើ​ខ្ញុំ​មិន​បាន​កើត​ចេញ​ពី​គ្រួសារ​មួយ​ដែល​រឹងមាំ​ក្នុង​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ផង​នោះ ?

យុវមជ្ឈិមវ័យ​មួយ​ចំនួន​មិន​បាន​ដក​ពិសោធន៍ ឬ​បាន​ឃើញ​នូវ​គន្លង​គ្រួសារ​សុចរិត​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ​នោះទេ ។ ខ្លះទៀត​បាន​ចាំ​មើល​អាពាហ៍ពិពាហ៍​របស់​ឪពុកម្ដាយ​ពួកគេ​បញ្ចប់​ដោយ​ការលែងលះគ្នា ។ អស់អ្នក​ដែល​បាន​ដកពិសោធន៍​ស្ថានភាព​លំបាក​ទាំង​នេះ ឬ​ស្ថានភាព​ផ្សេងទៀត​អាច​នឹង​ងឿង​ឆ្ងល់​ថា តើ​ពួកគេ​ពិត​ជាអាច​បង្កើត​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​បាន​ដែរឬទេ ។

ស្ត្រី​សម្លឹង​មើល​តាម​មាត់​បង្អួច

អែលឌើរ យូន វ៉ាន ឆោវ នៃ​ពួកចិត​សិប​នាក់​បាន​បង្រៀន​អំពី​ភាពខុសគ្នា​នៃ​ការជ្រើស​រើស​របស់​យើង​សម្រាប់​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ៖

អែលឌើរ យូន វ៉ាន ឆោវ

យើង​ទាំងអស់​គ្នា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​មួយ ។ តួនាទី​របស់​យើង​អាច​ជា​ចំណុច​របត់​មួយ​ដែល​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​អាច​កើត​ឡើង​បាន​តាម​របៀប​វិជ្ជមាន ឬ​អវិជ្ជមាន ។ …

… មាន​ជំនាន់​ពីមុន​យើង និង​ជំនាន់​ក្រោយ​យើង​ដែល​ពឹង​ផ្អែក​លើ​យើង​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យើង​អាច​ក្លាយជា​គ្រួសារ​ដ៏​នៅ​អស់កល្ប​មួយ​របស់​ព្រះ ។ ( « Don’t Look Around, Look Up! » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩១, ៩២ )

ព្យាការី​អ័ប្រាហាំ​គឺជា​គំរូ​ដ៏​មានអានុភាព​មួយ​នៃ​របៀប​ដែល​យើង​អាចជ្រើសរើស​ធ្វើ​ជា « ចំណុច​បង្វែរ » ដ៏​វិជ្ជមាន​សម្រាប់​គ្រួសារ​របស់​យើង​ផ្ទាល់ ។ គ្រួសារ​មួយ​ចំនួន​របស់​អ័ប្រាហាំ រួមទាំង​ឪពុក​របស់​លោក​ផ្ទាល់​បាន​ងាកចេញ​ពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ពួកគេ​បាន​ជ្រើសរើស​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ជំនួស​វិញ ។ ( សូមមើល អ័ប្រាហាំ ១:៥–៦ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អ័ប្រាហាំ ១:២ ហើយ​រកមើល​អ្វី​ដែល​អ័ប្រាហាំ​បាន​ប៉ងប្រាថ្នា ហើយ​បាន​ជ្រើសរើស​ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​លោក ។

នៅពេល​ពួក​សង្ឃ​ទុច្ចរិត​ព្យាយាម​បូជា​អ័ប្រាហាំ​ថ្វាយ​ដល់​ព្រះក្លែងក្លាយ​របស់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​សង្គ្រោះ​អ័ប្រាហាំ​ដោយ​អព្ភូតហេតុ ។ ក្រោយ​មកទៀត ទ្រង់​បាន​ដឹកនាំ​អ័ប្រាហាំ និង​សមាជិក​គ្រួសារ​លោក​មួយ​ចំនួន​ទៅ​កាន់​ដែនដី​មួយ​ទៀត ។ ខណៈដែល​ពួកគេ​នៅ​ទីនោះ ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​នូវ​ពរជ័យ​ដ៏សំខាន់ៗ​ជាច្រើន រួម​ទាំង​ពរជ័យ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង​ដែរ ។ ( សូមមើល អ័ប្រាហាំ ១:៧–១៨; ២:៣–៤, ៨–១១ ) ។

ដូចជា​អ័ប្រាហាំ​ដែរ យើង​អាច​ស្វែង​រក​ពរជ័យ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ហើយ​ទទួល​បាន​ជំនួយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការបង្កើត​គ្រួសារ​មួយ ទោះជា​ស្ថានភាព​គ្រួសារ​របស់យើង​ពីមុន​យ៉ាង​ណា​ក្ដី ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទីបន្ទាល់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ចំពោះ​កូនៗ​ដែលស្ថិត​នៅក្នុង​គ្រួសារ​ដែល​មាន​បញ្ហា យើង​សូម​និយាយ​ទៅបងប្អូន​ថា បងប្អូន​ពុំមែន​គ្មាន​តម្លៃ​ដោយសារ​រឿងនោះ​ឡើយ ។ ជួនកាល បញ្ហានានា​គឺជា​សញ្ញា​អំពី​ការទុកចិត្ត​របស់​ព្រះអម្ចាស់​ទៅលើ​បងប្អូន ។ ទ្រង់អាច​ជួយ​បងប្អូន​បាន ទាំង​ដោយ​ផ្ទាល់ និង​តាមរយៈ​អ្នកដទៃ ដើម្បី​ប្រឈមមុខ​នឹងអ្វីដែល​បងប្អូន​ជួបប្រទះ ។ បងប្អូន​អាចក្លាយ​ទៅជា​ជំនាន់មួយ ប្រហែលជា​ជំនាន់​ដំបូង​ក្នុងគ្រួសារ​របស់​បងប្អូន ដែល​ពិតជា​មាន​លំនាំ​ដ៏ទេវភាព ដែល​ព្រះបាន​តែងតាំង​សម្រាប់​ក្រុមគ្រួសារ ហើយ​ប្រទានពរ​ដល់ជំនាន់​ក្រោយៗ​របស់​បងប្អូន ។ ( « Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៦ )

ក្រុមគ្រួសារ​អធិស្ឋាន​ជាមួយគ្នា

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​បទពិសោធន៍​របស់​លោក​ផ្ទាល់​ជាមួយ​នឹង​ការ​ជ្រើសរើស​បង្កើត​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច​មួយ ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ឬ ស្ដាប់​វា ដោយ​ចាប់ផ្ដើម​នៅ​លេខ​កូដម៉ោង ២៥:៤៧ និងបញ្ចប់​នៅ ២៨:១៥ ។

អែលឌើរ ដេវីឌ អេ បែដណា

ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ បងប្អូន​អាច​មាន​គ្រួសារ​ដ៏​នៅ​អស់​កល្ប​មួយ​បាន ទោះ​ជា​បងប្អូន​ពុំ​បាន​កើត​ចេញ​មក​ពី​គ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ល្អ ដែល​ពេល​ខ្លះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លើ​គម្រប​នៃ​ទស្សនាវដ្ដី [ សាសនាចក្រ ] ក្ដី ។ សូម​ចាំ​ជានិច្ច​ថា វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន !

ដោយសារ​ខ្ញុំ​ពុំ​មាន​គន្លង​គ្រួសារ​ដ៏​សុចរិត​កាល​ពី​ក្មេង​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​មុតមាំ​មួយ​រួបរួម​នឹង​ស៊ូសាន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គន្លង​នេះ​គឺជា​ផ្នែក​មួយ​ដែល​យើង​គ្រួសារ​បង្កើត​រួម​គ្នា​ជានិច្ច ។ ពេល​យើង​ប្រឹក្សា​ជាមួយ​គ្នា ហើយ​ទូល​សូម​ជំនួយ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង នោះ​យើង​ទទួល​បាន​ការបំផុស​គំនិត ហើយ​មាន​ពរ​ដើម្បី​ជួយ​កូនៗ​របស់​យើង​ឲ្យ​រៀន​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ពិត​ណាស់ យើង​ពុំ​មែន​ជា​ឪពុក​ម្ដាយ​ដ៏​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​យើង​ទទួល​អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ ហើយ​រក​ឃើញ​ជំនួយ « …លើស​ពី​កម្លាំង [ យើង ] ធ្វើ​បាន » [ « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអម្ចាស់ » ទំនុក​តម្កើង ល.រ. ១៣៥ ] ។

បងប្អូន និង​ខ្ញុំ​ពុំ​ជាប់​ឃាំង​នៅ​ក្នុង​បទពិសោធន៍​អតីតកាល​របស់​យើង​ឡើយ ។ យើង​ពុំ​មែន​ជា​ជន​រង​គ្រោះ​ទាំង​ស្រុង​នៃ​កាលៈទេសៈ​បច្ចុប្បន្ន​របស់​យើង ឬ​ទាសភាព​នៃ​មជ្ឈដ្ឋាន​របស់​យើង​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​យើង​គ្រប់​រឿង​ដែល​យើង​គួរ​ធ្វើ រួម​ទាំង​គន្លង​នៃ​សេចក្ដី​សុចរិត​ជា​គ្រួសារ​ដែល​យើង​ពុំ​ធ្លាប់​មាន​ពី​មុន​ផង​ដែរ ។ វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន ! ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​បងប្អូន​អាច​ធ្វើ​វា​បាន ។

បងប្អូន​មួយ​ចំនួន​ធ្លាប់​ឈឺ​ចាប់​ដោយ​សារ​តែ​សមាជិក​គ្រួសារ ឬ​ថ្នាក់​ដឹកនាំ​ដែល​គួរ​ឲ្យ​គោរព​ពុំ​ឲ្យ​តម្លៃ​ដល់​សេចក្ដី​សញ្ញា​អាពាហ៍​ពិពាហ៍​ដ៏​ពិសិដ្ឋ ។ បងប្អូន​អាច​នឹង​សួរ​ខ្លួន​ឯង​ថា « បើ​ឪពុក​ម្ដាយ​ខ្ញុំ និង​គូ​ស្វាមី​ភរិយា​ផ្សេង​ដែល​ខ្ញុំ​ស្គាល់​ដែល​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​អាពាហ៍​ពិពាហ៍​ពួកគេ​ពុំ​ទទួល​បាន​ជោគ​ជ័យ​ផង តើ​ខ្ញុំ​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​បន្ដ​មាន​យូរអង្វែង​បាន​យ៉ាង​ណា ? »

ចំពោះ​បងប្អូន​ដែល​បាន​ជួប​ការ​ឈឺចាប់​ដោយសារ​ការ​លះ​លែង​គ្នា​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន ឬ​ឈឺចាប់​ដោយសារ​ការ​បំពាន​ទំនុក​ចិត្ត សូម​ចាំ​ថា វា​ចាប់​ផ្ដើម​ជាថ្មី​ម្ដងទៀត​ជាមួយ​នឹង​បងប្អូន ! ចំណង​ភ្ជាប់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន​អាច​នឹង​ត្រូវ​ផ្ដាច់ ប៉ុន្តែ​ចំណង​ភ្ជាប់​សុចរិត​ផ្សេង​ទៀត និង​អ្វី​ដែល​នៅ​សេស​សល់​នៃ​តំណ​ភ្ជាប់​នោះ​គឺ​មាន​សារៈសំខាន់​ដ៏​នៅ​អស់កល្ប ។ បងប្អូន​អាច​បន្ថែម​កម្លាំង​ដល់​តំណ​ភ្ជាប់​របស់​បងប្អូន ហើយ​ប្រហែល​ជា​ជួយ​ស្ដារ​ចំណង​ដែល​ដាច់​នោះ​ឡើង​វិញ​ផង ។ កិច្ចការ​នោះ​អាច​សម្រេច​បាន​ម្ដង​មួយ​ៗ ។ ( « A Welding Link » [ ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​ពី​កូនចៅ​របស់​អ្នក​នាពេល​អនាគត ( ឬ​នៅ​ពេល​បច្ចុប្បន្ន ) ។ តើ​គន្លង​គ្រួសារ​សុចរិត​អ្វី​ដែល​ពួកគាត់​ចង់​ឲ្យ​អ្នក​ចាប់ផ្ដើម ឬ​បន្ត ? តើ​មាន​គន្លង​អាកប្បកិរិយា​មិន​សុចរិត​ដែល​ពួកគេ​ចង់​ឲ្យ​អ្នក​បញ្ឈប់​ដែរឬទេ ? តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ដោយ​របៀបណា នៅពេល​អ្នក​ធ្វើ​ដូច្នោះ ?

ផ្នែក​ទី ៣

តើ​អ្នក​បាន​រៀន និង​ដកពិសោធន៍​អ្វីខ្លះ​នៅ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។

នៅពល​អ្នក​ហៀប​នឹង​បញ្ចប់​វគ្គសិក្សា​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សារៈសំខាន់​នៃ​គ្រួសារ​នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ និង​នៅ​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ក្រុមគ្រួសារ ៖

ប្រធាន អិម រ័សុល បាឡឺដ

បងប្អូន​ប្រុសស្រី បុព្វហេតុ ដែល​សំខាន់​បំផុត​នៃ​ជីវិត​យើង​គឺ​ក្រុមគ្រួសារ​របស់​យើង ។ បើ​យើង​នឹង​លះបង់​ខ្លួន​យើង​ដើម្បី​បុព្វហេតុ​នេះ នោះ​យើង​នឹង​កែលម្អ​រាល់​ទិដ្ឋភាព​ដទៃទៀត​ទាំងអស់​ក្នុង​ជីវិត​រស់នៅ​របស់​យើង ហើយ​នឹង​ប្រែក្លាយ​ជា​គំរូ និង​ជា​ពន្លឺ​ដឹកនាំ​មួយ​ចំពោះ​មនុស្ស​ទាំងអស់​នៅលើ​ផែនដី​នេះ ក្នុង​នាមជា​ប្រជាជន និង​ជា​សាសនាចក្រ​មួយ ។ ( « That the Lost May Be Found » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៨ )

ឪពុកម្ដាយ​នៅ​ជាមួយ​នឹង​កូន​ពួកគេ
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ត្រឡប់​ទៅ​មើល​ចំណងជើង​នៃ មេរៀន​នៅ​ក្នុង​វគ្គសិក្សា​នេះ ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នោះ សូម​សញ្ជឹង​គិត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​វគ្គសិក្សា​នេះ​បាន​ជះឥទ្ធិពល​ដល់​ការយល់ដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វីទៅ​ដែល​ជា​ចំណុច​មួយ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​ទទួល​បាន​ពី​វគ្គសិក្សា​នេះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេញ​មួយ​វគ្គ​សិក្សា​នេះ ? តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ទ្រង់​ទាំង​ទ្វេ​ត្រូវ​បាន​ពង្រឹង​ដោយ​របៀប​ណា ?