« មេរៀនទី ១ ឯកសារគ្រូបង្រៀន ៖ ការសិក្សាពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១ ឯកសារគ្រូបង្រៀន
ការសិក្សាពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច
គោលលទ្ធិអំពីគ្រួសាររួមមានពួកយើងទាំងអស់គ្នា ។ នៅក្នុងមេរៀននេះ សិស្សនឹងត្រូវបានអញ្ជើញឲ្យវាយតម្លៃពីការទុកចិត្តរបស់ពួកគេទៅលើព្រះប្រាជ្ញាញាណរបស់ព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់សម្រាប់ក្រុមគ្រួសារ ។ សិស្សក៏នឹងពិចារណាផងដែរ អំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយបង្កើតឲ្យមានបរិយាកាសមួយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ការប្រុងប្រយ័ត្ន និងការគោរព នៅពេលពិភាក្សាអំពីគោលលទ្ធិនៃគ្រួសារ ។
កំណត់ចំណាំ ៖ ប្រសិនបើអាច សូមទាក់ទងសិស្ស ដែលចុះឈ្មោះចូលរៀនវគ្គសិក្សានេះ ពីមុនថ្ងៃចូលរៀនដំបូងរបស់ពួកគេ ហើយអញ្ជើញពួកគេឲ្យសិក្សាឯកសាររៀបចំសម្រាប់ថ្នាក់ សម្រាប់មេរៀនដំបូងនេះ ។ សូមប្រាកដថា សិស្សផ្សេងទៀតទាំងអស់មានឯកសាររៀបចំមួយច្បាប់ នៅពេលអ្នកចាប់ផ្ដើមថ្នាក់ ។ សូមប្រើប្រាស់ឯកសាររៀបចំអំឡុងពេលនៃការពិភាក្សាក្នុងថ្នាក់របស់អ្នក ដើម្បីឲ្យសិស្សអាចមើលឃើញរបៀបដែលវានឹងជួយពួកគេឲ្យរៀបចំខ្លួន និងពង្រីកបទពិសោធន៍រៀនសូត្ររបស់ពួកគេ ។ សូមកុំស្ទាក់ស្ទើរនឹងចំណាយពេលពី ៥ ទៅ ១០ នាទីនៅពេលចាប់ផ្តើមមេរៀននេះ ដើម្បីរៀនស្គាល់គ្នាទៅវិញទៅមក ហើយស្វាគមន៍សិស្សមកកាន់វគ្គសិក្សានេះ ។
យោបល់សម្រាប់ការបង្រៀន
យើងអាចទុកចិត្តលើសេចក្ដីស្រឡាញ់ និងព្រះប្រាជ្ញាញាណដ៏ឥតខ្ចោះរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាន ។
ជាសេចក្ដីផ្ដើមចំពោះវគ្គសិក្សានេះ អ្នកអាចបង្ហាញតារាងមាតិកា ឬគម្រោងមេរៀនពាក់កណ្ដាលដំបូងសម្រាប់វគ្គសិក្សានេះទៅដល់សិស្ស ។ ដើម្បីកាន់តែស្គាល់តម្រូវការរបស់សិស្សអ្នក សូមអញ្ជើញពួកគេឲ្យសរសេរសំបុត្រអនាមិកខ្លីមួយមកកាន់អ្នក ប្រាប់ពីប្រធានបទដែលពួកគេចាប់អារម្មណ៍ខ្លាំងបំផុត ឬដែលចង់យល់ដឹងឲ្យបានកាន់តែច្បាស់ជាង ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យសរសេរសំណួរនានា ដែលពួកគេសង្ឃឹមថា វគ្គសិក្សានេះនឹងជួយឆ្លើយប្រាប់ដល់ពួកគេផងដែរ ។ សូមប្រមូលចម្លើយទាំងឡាយរបស់ពួកគេ ហើយពិចារណាពីវា នៅពេលអ្នករៀបចំខ្លួនសម្រាប់មេរៀនក្រោយៗ ។
សូមពិចារណាសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកទុកចិត្តនរណាខ្លះ ហើយហេតុអ្វី ?
-
តើអ្នកទុកចិត្តមនុស្សទាំងនេះលើរឿងអ្វីខ្លះ ?
សូមបែងចែកសិស្សជាក្រុម ដែលមានសមាជិកបីនាក់ ។ សូមចែកច្បាប់ចម្លងនៃសេចក្ដីណែនាំខាងក្រោមដល់ក្រុមនីមួយៗ ហើយសូមពួកគេឲ្យធ្វើតាមសេចក្ដីណែនាំទាំងនោះ ។
សូមពន្យល់ថា ភស្ដុតាងដ៏អស្ចារ្យបំផុតមួយនៃសេចក្ដីស្រឡាញ់ និងព្រះប្រាជ្ញាញាណរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺជាគោលលទ្ធិនៃគ្រួសារដ៏អស់កល្បជានិច្ច ។ ការទុកចិត្តរបស់យើងលើទ្រង់ទាំងទ្វេ និងទៅលើផែនការរបស់ព្រះវរបិតា អាចជួយយើងឲ្យឆ្លងកាត់ទស្សនៈខុសៗគ្នានៃពិភពលោកនេះស្ដីពីបញ្ហាគ្រួសារបាន ។
សូមចែកច្បាប់ចម្លង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រChurchofJesusChrist.org ) ដល់សិស្ស ឬសូមឲ្យពួកគេមើលវាតាមឌីជីថល ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសកថាខណ្ឌពីរបីមកអាន ហើយគូសចំណាំឃ្លានានា ដែលពិពណ៌នាអំពីពរជ័យ និងអំណរដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកគេ និងក្រុមគ្រួសាររបស់ពួកគេទទួលបាន ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានគូសចំណាំ និងពីមូលហេតុ ។
-
តើបំណងប្រាថ្នារបស់អ្នកសម្រាប់គ្រួសាររបស់អ្នក ស្របទៅតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌សម្រាប់គ្រួសាររបស់អ្នកដែរឬទេ ?
-
តើមានគុណតម្លៃអ្វីទៅ ក្នុងការទុកចិត្តលើព្រះប្រាជ្ញាញាណ និងទស្សនវិស័យដ៏អស់កល្បរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាជាងទុកចិត្តលើប្រាជ្ញា និងទស្សនវិស័យរបស់ពិភពលោកនេះ ?
សូមថ្លែងទីបន្ទាល់ ឬអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពីព្រះប្រាជ្ញាញាណ និងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សម្រាប់ក្រុមគ្រួសារនាពេលបច្ចុប្បន្ន និងនាពេលអនាគតរបស់យើង ។
យើងអាចបង្កើតឲ្យមានបរិយាកាសរៀនសូត្រមួយ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព ។
សូមបង្ហាញរូបភាពក្រុមគ្រួសាររបស់អ្នក ។ សូមចែកចាយអ្វីមួយដែលអ្នកស្រឡាញ់អំពីគ្រួសាររបស់អ្នក និងរបៀបមួយចំនួនដែលបង្ហាញថា ស្ថានភាពគ្រួសាររបស់អ្នកគឺពិសេស ។
សូមឲ្យសិស្សម្នាក់អានឮៗនូវ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ អំពីអ្វីដែលអែលឌើរ អាន់ឌើរសិន បានបង្រៀន ? ( អ្នកអាចជួយសិស្សឲ្យស្គាល់សេចក្ដីពិតដូចតទៅនេះបាន ៖ ដោយសារក្រុមគ្រួសារទាំងអស់គឺខុសៗគ្នា នោះយើងត្រូវពិភាក្សាពីគន្លងក្រុមគ្រួសាររបស់ព្រះអម្ចាស់តាមរបៀបមួយដែលមានការគិតគូរ និងប្រុងប្រយ័ត្ន ) ។
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វី ដែលយើងអាចរៀនសូត្រពីគំរូនៃសេចក្ដីស្រឡាញ់ ការប្រុងប្រយ័ត្ន និងព្រះទ័យមេត្តាករុណារបស់ព្រះអង្គសង្គ្រោះចំពោះមនុស្សដទៃទៀត ដែលបានជួបនឹងស្ថានភាពពិបាកផ្ទាល់ខ្លួន ឬជាគ្រួសារ ។ ( ឧទាហរណ៍នានាមាននៅក្នុងផ្នែក « ចង់បានបន្ថែមទៀតទេ ? » នៃឯកសាររៀបចំ ) ។
សូមផ្ដល់ពេលវេលាពីរបីនាទីឲ្យសិស្សកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីជួយមនុស្សដទៃទៀតឲ្យទទួលបានអារម្មណ៍ថាត្រូវបានគេស្រឡាញ់ និងគោរព ខណៈពេលកំពុងពិភាក្សាពីប្រធានបទស្ដីពីគ្រួសារ និងប្រធានបទរសើបផ្សេងៗទៀតនោះ ? ( ប្រសិនបើសិស្សបានសិក្សា ផ្នែកទី ២ នៃឯកសាររៀបចំ នោះពួកគេអាចបានកត់ត្រាទុកនូវគំនិតខ្លះៗអំពីសំណួរនេះរួចហើយ ។ អ្នកអាចទុកពេលឲ្យពួកគេរំឭកឡើងវិញនូវអ្វីដែលពួកគេបានកត់ត្រាទុកនោះបាន ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតមួយចំនួន ដែលពួកគេបានកត់ត្រាទុក ។
ជាសម្ដីរបស់អ្នកផ្ទាល់ អ្នកអាចពន្យល់ថា ពេញមួយវគ្គសិក្សានេះ សិស្សនឹងពិភាក្សាពីសេចក្ដីពិតជាច្រើន ដែលតម្រូវឲ្យមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់ដឹង ។ ដោយសារតែភាពពិសេសនៃកាលៈទេសៈផ្ទាល់ខ្លួន និងគ្រួសារ នោះសិស្សនឹងត្រូវការវិវរណៈផ្ទាល់ខ្លួន ដើម្បីដឹងពីរបៀបអនុវត្តការបង្រៀនទាំងនេះ ។ ដោយសារអារម្មណ៍ខ្លះៗដែលដក់ជាប់ក្នុងចិត្តយើងខ្លាំង ពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសាររបស់យើង នោះសមត្ថភាពរបស់យើងក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក និងពីព្រះវិញ្ញាណតម្រូវឲ្យយើងមានបរិយាកាសរៀនសូត្រមួយ ដែលពោរពេញដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ការប្រុងប្រយ័ត្ន និងការគោរព ។ សូមអញ្ជើញសិស្សឲ្យធ្វើចំណែករបស់ពួកគេ ដើម្បីចូលរួមបង្កើតបានបរិយាកាសបែបនោះ ។
អ្នកអាចបញ្ចប់មេរៀននេះ ដោយការបង្ហាញសិស្សពីរបៀបចូលមើលឯកសាររៀបចំ ។ សូមឲ្យពួកគេពិចារណាពីរបៀប ដែលការសិក្សាឯកសាររៀបចំរបស់ពួកគេរៀងៗខ្លួនពីមុនថ្នាក់រៀន អាចជួយឲ្យសិស្សក្នុងថ្នាក់ទាំងមូលរៀនពីគោលលទ្ធិនៃគ្រួសារបានកាន់តែស៊ីជម្រៅ ។ សូមអញ្ជើញពួកគេឲ្យរៀបចំខ្លួនសម្រាប់ថ្នាក់នីមួយៗដោយចិត្តស្មោះត្រង់ ។
សម្រាប់ពេលក្រោយ
សូមលើកទឹកចិត្តសិស្សឲ្យរកមើលនៅក្នុង ការសិក្សាសម្រាប់មេរៀនលើកក្រោយ របស់ពួកគេនូវមូលហេតុ ដែលថ្នាក់ដឹកនាំក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ប្រកាន់ខ្ជាប់យ៉ាងមាំមួនទៅនឹងគោលលទ្ធិនៃគ្រួសារ ដែលមានចែងនៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ទោះបីជាទស្សនៈល្បីល្បាញនានាអាចប្រឆាំងនឹងគោលលទ្ធិនេះក្ដី ។