ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច


« មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

គ្រួសារ​មួយ​សម្លឹង​មើលទៅ​ព្រះវិហារ​បរិសុទ្ធ

មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​របស់​បងប្អូន​នៅទីនោះ​សម្រាប់​ជីដូន​ជីតា​របស់​បងប្អូន នឹង​ប្រទានពរ​ដល់​បងប្អូន​ឲ្យទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ភាពសុខសាន្ត​កាន់តែ​ច្រើន ព្រមទាំង​ពង្រឹង​ការតាំងចិត្ត​របស់​បងប្អូន​ដើម្បី​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ( « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ទទួលបាន​ពរជ័យ​ទាំងនេះ​សម្រាប់​ខ្លួនឯង​កាន់តែ​ពេញលេញ និង​របៀប​ដែល​អ្នក​អាច​ជួយ​បង្រួប​បង្រួម​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះ តាមរយៈ​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជំនួសឲ្យ​បុព្វការីជន​របស់​អ្នក ដែល​បាន​ទទួល​មរណភាព ។

ផ្នែក​ទី ១

តើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្ដី​សញ្ញា​ទាំងឡាយ​បាន​ពង្រឹង​ខ្ញុំ​តាម​របៀប​ណា ?

សេចក្ដីពិត​ដែល​ថា « គ្រួសារ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ [ របស់​ព្រះវរបិតា​សួគ៌ ] » មាន​អត្ថន័យ​បង្កប់​ដ៏សំខាន់​ជាច្រើន ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៉ីធ បាន​បង្រៀន​អំពី​អត្ថន័យ​បង្កប់ មួយ​ក្នុងចំណោម​អត្ថន័យ​ទាំងនេះ ៖

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ឪពុក​ម្ដាយ និង​កូន ព្រមទាំង​កូន និង​ឪពុក​ម្ដាយ​ត្រូវ​មាន​ការផ្សារភ្ជាប់​គ្នា និង​ការចងភ្ជាប់​គ្នា​មួយ រហូត​ដល់​តំណភ្ជាប់​ទាំងមូល​នៃ​គ្រួសារ​របស់​ព្រះ​ត្រូវបាន​ផ្សារភ្ជាប់​គ្នា​ជា​តំណ​ភ្ជាប់​មួយ ហើយ​ពួកគេ​ទាំងអស់​គ្នា​នឹង​ក្លាយជា​គ្រួសារ​របស់​ព្រះ និង​ព្រះគ្រីស្ទ ។ ( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ២០១១ ] ទំព័រ ៤១១ )

ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​ពី​របៀប​ដែល « ការផ្សារភ្ជាប់​គ្នា » នៃ​ក្រុមគ្រួសារ​នីមួយៗ​នេះ—ហើយ​ទីបំផុត​គឺ​គ្រួសារ​របស់​ព្រះ—អាច​កើតឡើង​បាន ៖ « ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ធ្វើឲ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​អាច​ត្រូវបាន​រួបរួម​គ្នា​ដ៏អស់កល្ប​ជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

ពិធីបរិសុទ្ធ​បព្វជិតភាព និង​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងនេះ គឺ​លើសពី​កិច្ចការ​សាមញ្ញ​ដែល​ត្រូវ​ធ្វើ​ទៅទៀត ។ តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងនេះ នោះ​ព្រះ​មាន​ព្រះទ័យ​ចង់​ពង្រឹង​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩–២២ ) និង​មាន​ភាពស័ក្ដិសម​នឹង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់ និង​ជាមួយ​ក្រុមគ្រួសារ​របស់​យើង ។

ព្រះវិហារ​បរិសុទ្ធ ប៉ាណាម៉ា ស៊ីធី ប៉ាណាម៉ា

ព្រះវិហារ​បរិសុទ្ធ ប៉ាណាម៉ា ស៊ីធី ប៉ាណាម៉ា

ទាក់ទិន​ទៅនឹង​អំណាច​នៃ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ប្រធាន ណិលសុន បានបង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

នៅ​ចុង​បញ្ចប់ ពួកយើង​ម្នាក់ៗ​ព្យាយាម​ដើម្បី​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ជាមួយ​នឹង​អំណាច​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​យើងមាន​ភាពស័ក្តិសម​ដើម្បី​ទទួល​បាន​អំណោយទាន​ដ៏​មហិមា​របស់​ព្រះ—ជីវិត​អស់​កល្ប​ជានិច្ច ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ដែល​បងប្អូន​ធ្វើ​នៅ​ទីនោះ​គឺ​ជា​គន្លឹះ​ដើម្បី​ពង្រឹង​ជីវិត​របស់​បងប្អូន អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​បងប្អូន ព្រមទាំង​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​ពី​មារសត្រូវ ។ ( « As We Go Forward Together » ទំព័រ ៧ )

ក្រោយមក លោក​បាន​ចែកចាយ​ថា

អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ បាន​ទទួល​អំណោយទាន​មួយ​នៃ​អំណាច​បព្វជិតភាព តាមរយៈ​គុណធម៌​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ ព្រមទាំង​អំណោយទាន​នៃ​ចំណេះដឹង​ដើម្បី​ដឹង​ពី​របៀប​ទាញយក​ព្រះចេស្ដា​នោះ ។ …

… គ្រប់ពេល​ដែល​បងប្អូន​បម្រើ និង​ថ្វាយ​បង្គំ​ដោយ​ស័ក្ដិសម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​បងប្អូន​ត្រូវបាន​ក្រសោប​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​មាន​ពួកទេវតា​របស់​ទ្រង់ « មើល​ថែ » បងប្អូន [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២២ ] ។ ( « Spiritual Treasures » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧, ៧៨ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្ដី​សញ្ញា​ទាំងឡាយ​បាន​ផ្ដល់​អំណាច ឬ​ពង្រឹង​កម្លាំង​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក​តាម​របៀប​ណា ?

ផ្នែក​ទី ២

តើ​ការធ្វើ​ពង្សប្រវត្តិ និង​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជំនួសឲ្យ​បុព្វការីជន​របស់​ខ្ញុំ ដែល​បាន​ទទួល​មរណភាព អាច​មាន​ឥទ្ធិពល​យ៉ាងណា​មកលើ​ជីវិត​របស់​ខ្ញុំ ?

ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​បញ្ជូន​ព្យាការី​អេលីយ៉ា​មក​នៅ​ថ្ងៃ​ចុងក្រោយ ដើម្បី​ស្ដារ​សិទ្ធិ​អំណាច​ដែល​ចាំបាច់​ឡើងវិញ ដើម្បីឲ្យ​ក្រុមគ្រួសារ​បាន​រួបរួមគ្នា​នៅ​អស់កល្ប​ជានិច្ច ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ាឡាគី ៤:៥–៦ ហើយ​កត់​សម្គាល់់​មើល​ឥទ្ធិពល​នៃ​ការមក​ដល់​របស់​អេលីយ៉ា ដែល​នឹង​មាន​មកលើ​ពិភពលោក​នេះ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​ថា​ពាក្យ បង្វែរ ដូច​ដែល​បាន​ប្រើ​នៅក្នុង ខទី ៦ « គួរតែ​ត្រូវបាន​បកប្រែ​ថា ចងភ្ជាប់ ឬ​ផ្សារភ្ជាប់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧២ ) ។ ការព្យាករ​របស់​ម៉ាឡាគី​ដូច​បាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ត្រូវបាន​បំពេញ​ខ្លះៗ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នៅ​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ។ នៅ​ថ្ងៃ​នោះ ព្យាការី​អេលីយ៉ា​បាន​ប្រាកដខ្លួនមក​ឲ្យ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​ឃើញ ហើយ​បាន​ប្រគល់​ដល់​ពួកលោក​នូវ​កូនសោ​ផ្សារភ្ជាប់​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣–១៦ ) ។ ដោយសារ​តែ​សិទ្ធិ​អំណាច​នេះ នោះ​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើឡើង​នៅលើ​ផែនដី​នេះ អាច​បន្ដ​រហូត​ដល់​ហួសពី​សេចក្ដី​ស្លាប់ ហើយ « មាន​សុពលភាព​នៅក្នុង​នគរ​សេឡេស្ទាល​របស់​ព្រះ » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២១៩ ) ។

គ្រួសារ​មួយ​ដើរ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ ដោយសារ​ការស្ដារ​ឡើងវិញ​នៃ​កូនសោ​ផ្សារភ្ជាប់​ទាំងនោះ ។ តាមរយៈ​កូនសោ​ទាំងនេះ នោះ​ស្វាមី និង​ភរិយា ព្រមទាំង​ឪពុក​ម្ដាយ និង​កូនៗ​ផងដែរ អាច​រួបរួម​គ្នាដ៏​អស់កល្ប​ជានិច្ច​បាន ។ កូនសោ​ទាំងនេះ​ក៏បើក​ទ្វារ​ប្រកប​ដោយ​អព្ភូតហេតុ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​ជូន​ដល់​បុព្វការីជន​របស់​យើង ដែល​បាន​ទទួល​មរណភាព​ផងដែរ ។

ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប ស៊្មីធ និង​សមាជិក​សាសនាចក្រ​ជំនាន់​ដើម​ផ្សេងទៀត អំពី​សារៈសំខាន់​នៃ​ការធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន ដែល​បាន​ទទួល​មរណភាព​របស់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៨:១៥ ហើយ​រកមើល​របៀប​ដែល​សេចក្ដី​សង្គ្រោះ​របស់​យើង ពាក់ព័ន្ធ​គ្នា​ទៅនឹង​សេចក្ដី​សង្គ្រោះ​របស់​បុព្វការីជន​យើង ។

តាមរយៈ​ការស្វែងរក​បុព្វការីជន​ដែល​បាន​ទទួល​មរណភាព​របស់​យើង និង​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ពួកគាត់ នោះ​យើង​កំពុង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ហើយ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ពី​របៀប​ដែល​យើង​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ សម្រាប់​សមាជិក​គ្រួសារ​ទាំងនោះ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

គឺ​ដូចជា​ព្រះប្រោសលោះ​របស់​យើង​ដែល​បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ជា​ពលិកម្ម​ជំនួស​ឲ្យ​មនុស្ស​ទាំងអស់​ដែរ ហើយ​ការធ្វើ​ដូច្នោះ​ធ្វើឲ្យ​ទ្រង់​ក្លាយជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង នោះ​យើង​ក៏ដូច​ទ្រង់​ផងដែរ ដោយ​នៅក្នុង​ចំណែក​ដ៏​តូច​មួយ នៅពេល​យើង​ធ្វើ​កិច្ចការ​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ក្លាយ​ដូចជា​អ្នកសង្គ្រោះ​ដល់​អស់​អ្នក​ដែល​នៅ​ម្ខាង​ទៀត ដែល​គ្មាន​វិធី​រីកចម្រើន​បាន លុះត្រាតែ​មាន​អ្វីមួយ​ធ្វើ​ឡើង​ជំនួស​ពួកគាត់ ដោយ​អ្នក​ទាំងឡាយ​ដែល​នៅលើ​ផែនដី​នេះ ។ ( « Closing Remarks » Ensign or Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១០៥ )

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​កំពុង​តែ​លះបង់ នៅពេល​អ្នក​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះអម្ចាស់​បាន​សន្យា​ពរជ័យ​ដ៏សំខាន់ៗ​ដល់​យើង ប្រសិនបើ​យើង​ជ្រើសរើស​ចូលរួម​នៅក្នុង​កិច្ចការ​ដ៏ពិសិដ្ឋ​នេះ ។ សូម​មើល​វីដេអូ « The Promised Blessings of Family History » ( ៣:២៤ ) ហើយ​ស្ដាប់​រក​មើល​ពរជ័យ​មួយ ឬ​ច្រើន​ដែល​អ្នក​ចង់​ឃើញ​វា​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

3:23
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​អ្នក​គិត​ថា សេចក្តី​សង្គ្រោះ​របស់​បុព្វការីជន​យើង​គឺជា​ការចាំបាច់ និង​សំខាន់​បំផុត​ចំពោះ​សេចក្ដី​សង្គ្រោះ និង​ភាពល្អ​ឥតខ្ចោះ​របស់​យើង​ផ្ទាល់ ? តើ​ពរជ័យ​ណាមួយ​ដែល​ជាប់​ទាក់ទង​ទៅនឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដែល​អ្នក​ត្រូវការ​ចាំបាច់​ខ្លាំង​បំផុត​នាពេល​នេះ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​រួបរួម​នឹង​គ្រួសារ​របស់​ខ្ញុំ ហើយ​ជួយ​ដល់​ព្រះវរបិតាសួគ៌​ក្នុង​ការបង្រួប​បង្រួម​គ្រួសារ​របស់​ទ្រង់ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

យុវមជ្ឈិមវ័យ​ម្នាក់​ពិភាក្សា​អំពី​ពង្សប្រវត្តិ​ជាមួយ​ជីតា​របស់​នាង

ព្រះវរបិតាសួគ៌​របស់​យើង​មាន​ព្រះទ័យ​អន្ទះសារ​ចង់​ជួយ​អ្នក នៅក្នុង​ការបង្រួប​បង្រួម​គ្រួសារ​របស់​អ្នក និង​សមាជិក​ទាំងអស់​នៃ​គ្រួសារ​របស់​ទ្រង់​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អំណោយទាន​មួយ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង ដើម្បី​គាំទ្រ​យើង​នៅក្នុង​កិច្ចការ​ដ៏ពិសិដ្ឋ​នេះ ៖

អែលឌើរ ដេវីឌ អេ បែដណា

អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​ថា វិញ្ញាណ​នៃ​អេលីយ៉ា​គឺជា « ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ទីបន្ទាល់​ពី​លក្ខណៈ​ដ៏ទេវភាព​នៃ​ក្រុមគ្រួសារ » ( « A New Harvest Time » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ) ។ ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏វិសេស​នេះ ទាក់ទាញ​ចិត្ត​មនុស្ស​ឲ្យ​ស្វែងរក កត់ត្រា​ឯកសារ ហើយ​ស្រឡាញ់​ដូនតា និង​សមាជិក​គ្រួសារ​របស់​ពួកគេ—ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន​កាល ។

វិញ្ញាណ​នៃ​អេលីយ៉ា​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ទាំងក្នុង និង​ខាង​ក្រៅ​សាសនាចក្រ ។ ( « The Hearts of the Children Shall Turn » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥ )

សូម​មើល​វីដេអូ « Gathering God’s Family » ( ៣:៣៣ ) ហើយ​គិត​អំពី​កិច្ចការ​ជាច្រើន​ទៀត ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

3:33
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

FamilySearch.org និង​កម្មវិធី​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺជា​ទីកន្លែង​ដ៏ល្អ​បំផុត​ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ដើម្បី « កំណត់ ចងក្រង​ឯកសារ និង​ឱបក្រសោប » បុព្វការីជន​របស់​អ្នក​ដែល​បាន​ទទួល​មរណភាព ( ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » ទំព័រ ២៥ ) ។ ( កម្មវិធី​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​រកបាន​នៅលើ​ហាង​កម្មវិធី​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិច​របស់​អ្នក ) ។ សូម​ចំណាយ​ពេល​ខ្លះៗ​ដើម្បី​រៀនស្គាល់​វា ឬ​ប្រើ​ធនធាន​មួយ​ក្នុង​ចំណោម​ធនធាន​ទាំងនេះ ។ អ្នក​អាច​បង្កើត​មែកធាង​គ្រួសារ​របស់​អ្នក បន្ថែម​អនុស្សាវរីយ និង​រូបថត​នៃ​សមាជិក​គ្រួសារ កំណត់​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បុព្វការីជន​ដែល​បាន​ទទួល​មរណភាព​ត្រូវ​ទទួល ធ្វើ​លិបិក្រម​កំណត់ត្រា ដើម្បី​មនុស្ស​ដទៃទៀត​អាច​រកឃើញ​បុព្វការីជន​របស់​ពួកគេ និង​ព័ត៌មាន​បន្ថែម​ទៀត ។ ប្រសិនបើ​ចាំបាច់ សូម​ទាក់ទង​ទៅ​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​ឲ្យ​ជួយ​អ្នក ។