« មេរៀនទី ៣ ឯកសារគ្រូបង្រៀន ៖ និស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់យើង » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៣ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ៣ ឯកសារគ្រូបង្រៀន
និស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់យើង
យើងគឺជាបុត្រា និងបុត្រីដ៏ស្ងួនភ្ងានៃព្រះមាតាបិតាសួគ៌ ដែលមានសក្ដានុពលដ៏ទេវភាព ។ នៅក្នុងមេរៀននេះ សិស្សនឹងស្វែងយល់ពីរបៀបដែលការយល់ដឹងអំពីនិស្ស័យនៃព្រះរបស់ពួកគេ អាចមានឥទ្ធិពលលើទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះ និងរបៀបដែលពួកគេមើល និងប្រព្រឹត្តចំពោះខ្លួនគេ និងមនុស្សដទៃទៀត ។ សិស្សក៏នឹងប្ដេជ្ញាចិត្តផងដែរ អំពីរបៀបដែលពួកគេអាចប្រើចំណេះដឹងស្ដីពីនិស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់ពួកគេ ដើម្បីជះឥទ្ធិពលលើការជ្រើសរើសរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
យើងគឺជាបុត្រា និងបុត្រីខាងវិញ្ញាណដ៏ស្ងួនភ្ងានៃព្រះមាតាបិតាសួគ៌ ។
ជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋាននៅក្នុងថ្នាក់ សូមពិចារណាច្រៀងទំនុកតម្កើងមួយដូចជាបទ « ឱ! ព្រះបិតា » ( ទំនុកតម្កើង ល.រ. ១៨១ ) ឬ « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកតម្កើង ល.រ. ១៨៨ ) ។
ដើម្បីចាប់ផ្ដើមមេរៀន អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយឃ្លាមកពីទំនុកតម្កើងបើក ដែលបានបង្រៀនពួកគេអំពីព្រះ និងអំពីខ្លួនរបស់ពួកគេ ហើយចែកចាយអ្វីដែលពួកគេបានរៀន ។ ឬអ្នកអាចបង្ហាញសិស្សនូវរូបភាពឪពុកម្ដាយរបស់អ្នក ឬនរណាផ្សេងទៀត ដែលបានជះឥទ្ធិពលវិជ្ជមានមកលើអ្នក ពេលអ្នកធំឡើង ។ សូមចែកចាយបុគ្គលិកលក្ខណៈខាងរូបកាយ ឬគំរូនៃអត្តចរិតមួយចំនួន ដែលអ្នកមានអារម្មណ៍ថា បានទទួលមកពីពួកគាត់ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីមួយ ដែលពួកគេបានទទួល ឬបានរៀនពីឪពុកម្ដាយរបស់ពួកគេ ឬនរណាផ្សេងទៀត ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះនៅលើក្ដារខៀន ដែលមាននៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ៖ « មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយ មនុស្សម្នាក់ៗមានចរិតនៃព្រះ » ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញពីក្នុងសេចក្ដីថ្លែងការណ៍នេះ ហើយមូលហេតុអ្វី ? ( អ្នកអាចទាញចេញពី ផ្នែកទី ១ នៃឯកសាររៀបចំ ដើម្បីជួយធ្វើឲ្យការយល់ដឹងរបស់សិស្សអំពីសេចក្ដីពិតនេះកាន់តែស៊ីជម្រៅ ) ។
-
តើព្យាការីបានជួយយើងឲ្យដឹងអ្វីខ្លះទៀតអំពីព្រះ និងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ ? ហើយតើការយល់ដឹងនោះបង្រៀនយើងអ្វីខ្លះអំពីខ្លួនយើង ? ( អ្នកអាចឲ្យសិស្សមានពេលវេលាពីរបីនាទីដើម្បីរំឭក ផ្នែកទី ១ នៃឯកសាររៀបចំ ឡើងវិញ មុនពេលពួកគេចែករំលែកចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះ ) ។
-
តើការដឹងថា អ្នកគឺជាបុត្ររបស់ព្រះ អាចមានឥទ្ធិពលយ៉ាងដូចម្ដេច ស្ដីពីរបៀបដែលអ្នកថ្វាយបង្គំទ្រង់ ?
អាស្រ័យលើទំហំនៃថ្នាក់របស់អ្នក សូមរៀបចំសិស្សទៅជាក្រុមតូចៗ ដើម្បីពិភាក្សាពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ( សិស្សមានឱកាសនេះ នៅពេលពួកគេសិក្សាឯកសាររៀបចំ ដើម្បីសរសេរគំនិតមួយចំនួនរបស់ពួកគេសម្រាប់សំណួរទាំងនេះមួយ ឬច្រើន ) ៖
-
តើការយល់ដឹងពីនិស្ស័យនៃព្រះរបស់យើង អាចជះឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តចំពោះខ្លួនយើង និងមនុស្សដទៃយ៉ាងដូចម្ដេច ? តើនៅពេលណាដែលអ្នកបានមានបទពិសោធន៍មួយ ដែលអ្នកអាចមើលរំលងអាកប្បកិរិយា ឬឥរិយាបថគំរោះគំរើយរបស់នរណាម្នាក់ ហើយមើលឃើញនិស្ស័យនៃព្រះរបស់ពួកគេវិញនោះ ?
-
តើគំរូណាខ្លះចេញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលបង្ហាញថា ទ្រង់បានយល់ពីនិស្ស័យនៃព្រះរបស់មនុស្សដទៃ ? តើអ្នកអាចធ្វើត្រាប់តាមទ្រង់ក្នុងរបៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សដទៃ បានកាន់តែប្រសើរដោយរបៀបណា ?
សូមរំឭករួមគ្នាឡើងវិញ ឬសូមឲ្យសិស្សនឹកចាំដល់បទពិសោធន៍របស់ម៉ូសេ ដែលបានមានបន្ទូលជាមួយព្រះ រួចហើយជាមួយសាតាំង ដូចបានកត់ត្រានៅក្នុង ម៉ូសេ ១:៤–៦, ១២–១៦ ( សូមមើល ផ្នែកទី ២ នៃឯកសាររៀបចំ ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ម៉ូសេ ? ( នៅក្នុងចំណោមសេចក្តីពិតផ្សេងទៀត សិស្សអាចរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ការយល់ដឹងពីនិស្ស័យនៃព្រះរបស់យើងអាចពង្រឹង និងការពារយើងពីពួកសត្រូវ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការយល់ដឹងអំពីនិស្ស័យនៃព្រះរបស់យើង អាចពង្រឹងយើងប្រឆាំងនឹងពួកសត្រូវ ?
-
តើអ្នកអាចជួយខ្លួនឯងឲ្យចងចាំថាអ្នកជានរណាដោយរបៀបណា នៅពេលសាតាំងព្យាយាមបញ្ចុះបញ្ចូលអ្នកបែបផ្សេងនោះ ? ( អ្នកអាចអញ្ជើញសិស្សឲ្យមើលដំណើររឿងរបស់អែលឌើរ ប្រៃអិន ខេ ថេលើរ ដែលមានយោងនៅក្នុងផ្នែក « ចង់បានបន្ថែមទៀតទេ ? » នៃឯកសាររៀបចំសម្រាប់ជាឧទាហរណ៍ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ៖
អនុសាសន៍ទីមួយរបស់ខ្ញុំគឺ ត្រូវដឹង ដោយខ្លួនអ្នក ថាអ្នកជានរណាឲ្យប្រាកដ ។ ចូរទូលសួរព្រះវរបិតាសួគ៌របស់អ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទថា តើទ្រង់មានព្រះទ័យយ៉ាងដូចម្ដេចចំពោះអ្នក និងបេសកកម្មរបស់អ្នកលើផែនដីនេះ ។ ប្រសិនបើអ្នកទូលសួរដោយស្មោះអស់ពីចិត្ត ឲ្យបានច្រើនដង នោះព្រះវិញ្ញាណនឹងខ្សឹបប្រាប់សេចក្ដីពិតដែលផ្លាស់ប្ដូរជីវិតដល់អ្នក ។ សូមកត់ត្រាអារម្មណ៍ទាំងនោះ មើលវាជាញឹកញាប់ រួចធ្វើតាមដោយប្រាកដប្រជា ។ ( « Stand as True Millennials » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៩ )
សូមផ្ដល់ពេលបីបួននាទីឲ្យសិស្សសញ្ជឹងគិត និងពិចារណាដោយស្ងាត់ស្ងៀម អំពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេធ្វើ ដើម្បីយល់ដឹងបន្ថែមទៀតអំពីនិស្ស័យនៃព្រះរបស់ពួកគេ និងរបស់មនុស្សដទៃទៀត ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យអធិស្ឋានរៀងៗខ្លួន ដូចដែលប្រធាន ណិលសុន បានផ្ដល់អនុសាសន៍ ហើយកត់ត្រាចំណាប់អារម្មណ៍នានាដែលពួកគេទទួលបាននៅពេលនេះ និងនៅពេលខាងមុខ ។
ពួកយើងម្នាក់ៗមានជោគវាសនាដ៏ទេវភាព ។
សូមបន្ថែមឃ្លាដូចតទៅនេះទៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញពីការប្រកាសអំពីក្រុមគ្រួសារ ដែលសរសេរនៅលើក្ដារខៀន ៖ « និងជោគវាសនា » ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន រ៉ូម ៨:១៦–១៧ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលអ្វីដែលសាវកប៉ុលបានបង្រៀនអំពីជោគវាសនាដ៏ទេវភាពរបស់យើង ។
-
តើបទគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះ អំពីអ្វីដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់អ្នក និងព្រះអង្គសង្គ្រោះមានព្រះទ័យចង់បានសម្រាប់អ្នក ? ( ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យយល់ពីអត្ថន័យនៃការធ្វើជា « អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ » ។ សូមមើល ផ្នែកទី ៣ នៃឯកសាររៀបចំ សម្រាប់ការពន្យល់មួយ ) ។
ពីមុនចាប់ផ្តើមថ្នាក់រៀន អ្នកអាចសូមឲ្យសិស្សម្នាក់ត្រៀមខ្លួនសង្ខេប និងចែកចាយអារម្មណ៍របស់គាត់ ឬនាងអំពី សេចក្ដីថ្លែងការណ៍របស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។
សូមផ្ដល់ពេលវេលាឲ្យសិស្សពិចារណាពីសំណួរខាងក្រោមនេះ ហើយលើកទឹកចិត្តពួកគេឲ្យកត់ត្រាចំណាប់អារម្មណ៍នានា ដែលពួកគេទទួលបាន ៖
-
តើការដឹងពីនិស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់អ្នក អាចមានឥទ្ធិពលលើជម្រើស ដែលអ្នកធ្វើនៅថ្ងៃនេះយ៉ាងដូចម្ដេច?
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន អុជដូហ្វ ផ្លាស់ប្ដូររបៀបដែលអ្នកមើលទៅជំហានដ៏រអាក់រអួលដូចជាកូនក្មេងកំពុងរៀនដើរនោះយ៉ាងដូចម្ដេច ? តើអ្នកអាចយាងព្រះអម្ចាស់ឲ្យជួយអ្នកបន្ដឆ្ពោះទៅមុខតាមរបៀបណា ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិត ឬទីបន្ទាល់របស់ពួកគេ អំពីអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះ ។
អ្នកអាចបញ្ចប់មេរៀននេះ ដោយការចែកចាយភាពខុសគ្នាដែលកើតមាននៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកដឹងពីនិស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់អ្នក ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរករបៀបដើម្បីចងចាំថា ពួកគេជានរណា ហើយមនុស្សដទៃទៀតគឺជានរណា និងស្វែងរករបៀបដើម្បីប្រព្រឹត្តចំពោះខ្លួនឯង និងមនុស្សដទៃទៀតស្របទៅតាមនោះ ។
សម្រាប់ពេលក្រោយ
សូមពិចារណាសូមឲ្យសិស្សគិតអំពីរបៀប ដែលគ្រួសារត្រូវនឹងផែនការរបស់ព្រះវរបិតាសួគ៌ ។ នៅពេលពួកគេ សិក្សា ពីផែនការដ៏ធំ ដែលព្រះមានសម្រាប់ក្រុមគ្រួសារ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីសារៈសំខាន់នៃគ្រួសាររបស់ពួកគេ នៅក្នុងផែនការផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ជីវិតរបស់ពួកគេ ។