« មេរៀនទី ១៥ ឯកសារគ្រូបង្រៀន ៖ ព្រះបញ្ញត្តិដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៥ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៥ ឯកសារគ្រូបង្រៀន
ព្រះបញ្ញត្តិដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី
ពួកព្យាការីបានប្រកាសថា ព្រះបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី នៅតែមានអនុវត្តដល់សព្វថ្ងៃនេះ ។ នៅក្នុងមេរៀននេះ សិស្សនឹងពិភាក្សាអំពីសារៈសំខាន់ និងអំណរនៃការមានកូនចៅ ។ ពួកគេក៏នឹងពិភាក្សាអំពីរបៀបធ្វើការសម្រេចចិត្ត ដោយផ្អែកលើសេចក្ដីជំនឿអំពីពេលណាដែលត្រូវយកកូន និងមានកូនចំនួនប៉ុន្មាននាក់ផងដែរ ។ សិស្សនឹងមានឱកាសវាយតម្លៃសេចក្ដីជំនឿរបស់ពួកគេលើព្រះ និងការសម្របឆន្ទៈរបស់ពួកគេតាមព្រះទ័យរបស់ទ្រង់ ទាក់ទងនឹងព្រះបញ្ញត្តិនេះ ។
កំណត់ចំណាំ ៖ មុនចូលរៀន សូមពិចារណាអញ្ជើញសិស្សឲ្យបញ្ជូនសំណួរ ដែលពួកគេមានអំពីប្រធានបទក្នុងមេរៀននេះ តាមរយៈការផ្ញើសារ អ៊ីម៉ែល ការស្ទង់មតិតាមអនឡាញ ឬវិធីសាស្ត្រផ្សេងទៀត ។ សូមប្រើសំណួររបស់សិស្ស និងការណែនាំមកពីព្រះវិញ្ញាណដើម្បីកំណត់នូវអ្វី ដែលត្រូវផ្តោតលើខ្លាំងបំផុតនៅក្នុងមេរៀននេះ ។ សូមពិចារណាអំពីវិធីដែលអ្នកអាចនាំសំណួររបស់សិស្សទៅក្នុងបទពិសោធន៍រៀនសូត្ររបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចជំនួសសំណួរមួយចំនួនដែលបានប្រើនៅក្នុងការពិភាក្សាក្រុម ( សូមមើលសំណៅចែកខាងក្រោមនេះ ) ដោយសំណួរស្រដៀងគ្នាដែលសិស្សបានផ្ញើមក ។
យោបល់សម្រាប់ការបង្រៀន
ព្រះបញ្ញត្តិរបស់ព្រះដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី នៅតែអនុវត្តដដែល ។
សូមពិចារណាបង្ហាញរូបភាពទារកមួយ ។ សូមឲ្យសិស្សនិយាយពាក្យមួយម៉ាត់ ដែលនរណាម្នាក់អាចប្រើដើម្បីពិពណ៌នាពីអារម្មណ៍របស់មនុស្សអំពីទារក ហើយសរសេរពាក្យទាំងឡាយ ដែលសិស្សបានលើកឡើងដាក់នៅលើក្ដារខៀន ។ ( ឬដើម្បីបន្ថែមឧបសគ្គតូចមួយ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរពាក្យពិពណ៌នាឲ្យបានច្រើនតាមដែលពួកគេអាចធ្វើទៅបានក្នុងរយៈពេល ៣០ វិនាទី ហើយបន្ទាប់មក សូមសិស្សពីរបីនាក់ឲ្យចែករំលែកបញ្ជីរបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ) ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយគំនិតនៅពីក្រោយពាក្យ ដែលពួកគេបានលើកឡើងនោះ ។
-
តើគូស្វាមីភរិយាដែលបានរៀបការហើយមួយចំនួន ដាក់អាទិភាពលើអ្វីខ្លះមុនពេលមានកូន ? ( ប្រសិនបើចាំបាច់ សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានឮៗក្នុង សេចក្ដីថ្លែងការណ៍ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
សូមអាន លោកុប្បត្តិ ១:២៧–២៨ រួមគ្នា ហើយអញ្ជើញសិស្សឲ្យពិចារណាគូសចំណាំបទបញ្ញត្តិដំបូង ដែលព្រះវរបិតាសួគ៌បានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា ។ បន្ទាប់មក សូមអានរួមគ្នាក្នុងកថាខណ្ឌទីបួននៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយសូមកត់ត្រាពីរបៀបដែលបទបញ្ញត្តិដំបូងនេះអនុវត្តចំពោះយើងនៅសព្វថ្ងៃនេះ ។
-
តើអ្នកនឹងពន្យល់ពីគោលបំណងដែលបានបំពេញ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ដោយសារស្វាមី និងភរិយាមានកូនយ៉ាងដូចម្ដេច ? ( ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សឲ្យពិនិត្យមើល សេចក្តីថ្លែងការណ៍ទីពីររបស់អែលឌើរ អាន់ឌើរសិន និង សេចក្តីថ្លែងការណ៍របស់ប្រធាន អិម រ័សុល បាឡឺដ នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។ ជាផ្នែកមួយនៃការពិភាក្សានេះ សូមគូសបញ្ជាក់ពីសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលដែលស្វាមី និងភរិយានាំយកកូនចូលមកក្នុងពិភពលោកនេះ នោះពួកគេកំពុងតែបំពេញនូវផ្នែកមួយនៃផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ហើយ ) ។
អ្នកអាចរំឭកសិស្សអំពីការពិភាក្សា ដែលពួកគេត្រូវបានអញ្ជើញឲ្យធ្វើជាមួយនរណាម្នាក់ដែលមានកូន ( សូមមើល ផ្នែកទី ១ នៃឯកសាររៀបចំ ) ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរៀន ។ ( អ្នកគួរតែទាក់ទងទៅសិស្សម្នាក់ ឬពីរនាក់ពីរបីថ្ងៃមុនដល់ថ្ងៃបង្រៀន ដើម្បីអញ្ជើញពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនចែករំលែកគំនិតរបស់ពួកគេនៅក្នុងថ្នាក់រៀន ) ។
សូមរៀបចំសិស្សឲ្យធ្វើការជាក្រុមតូចៗ ហើយចាត់តាំងឲ្យមានមេក្រុមម្នាក់សម្រាប់ក្រុមនីមួយៗ ។ សូមចែកសំណៅចម្លងខាងក្រោមនេះដល់ក្រុមនីមួយៗ ហើយសូមឲ្យពួកគេធ្វើតាមសេចក្ដីណែនាំនៅលើសំណៅចែកនោះ ។
ការធ្វើការសម្រេចចិត្តដោយផ្អែកលើសេចក្ដីជំនឿអំពីការមានកូន
ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច—មេរៀនទី ១៥
សូមអានការព្រួយបារម្ភខាងក្រោមនេះ ដែលបានបង្ហាញដោយយុវមជ្ឈិមវ័យមួយចំនួន ៖
-
ពេលមានផ្ទៃពោះលើកមុន ខ្ញុំបានជួបនឹងភាពស្មុគស្មាញផ្នែកវេជ្ជសាស្ត្រមួយចំនួន ដែលអាចនឹងកើតឡើងម្តងទៀត បើមានផ្ទៃពោះលើកក្រោយ ។ ដូច្នេះ ស្វាមីខ្ញុំ និងខ្ញុំបានសម្រេចចិត្តឈប់យកកូន ។ ខ្ញុំមានអារម្មណ៍ថាមានកំហុស ដោយសារយើងមានកូនតែពីរនាក់ប៉ុណ្ណោះ ចំណែកឯបងប្អូនរបស់ខ្ញុំទាំងអស់គ្នាវិញមានគ្រួសារធំៗ ។
-
ភរិយាខ្ញុំ និងខ្ញុំមានគម្រោងនឹងយកកូន ប៉ុន្តែយើងចង់ដើរលេង ហើយមានបទពិសោធន៍ផ្សេងៗមួយចំនួន មុនពេលយើងមានកូនសិន ។ តើវាមិនអីទេឬ ដែលត្រូវរង់ចាំសិននោះ ?
-
ស្វាមីខ្ញុំ និងខ្ញុំចង់ចាប់ផ្ដើមយកកូន ។ តែយើងមិនដឹងថា តើយើងបានត្រៀមខ្លួនជាស្រេចហើយឬនៅនោះទេ ។ នៅពេលនេះយើងមិនមានអារម្មណ៍ថាមានស្ថិរភាពខាងហិរញ្ញវត្ថុនោះទេ ។ តើយើងដឹងថា វាជាពេលវេលាត្រឹមត្រូវយ៉ាងដូចម្ដេចទៅ ?
សូមជ្រើសរើសកង្វល់មួយក្នុងចំណោមកង្វល់ទាំងនេះ ដើម្បីផ្តោតលើជាក្រុមទាំងមូល ហើយពិភាក្សាអំពីសំណួរដែលមានដូចខាងក្រោមនេះ ៖
-
តើកង្វល់នេះត្រឹមត្រូវតាមរបៀបណា ?
-
តើអ្នកអាចប្រើអ្វីដែលអ្នកបានរៀនពី ផ្នែកទី ២ នៃឯកសាររៀបចំ ដើម្បីជួយនរណាម្នាក់ដែលមានកង្វល់នេះបានយ៉ាងដូចម្ដេច ?
-
តើមានដំណើររឿងមកពីព្រះគម្ពីរ ឬការបង្រៀនមកពីថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតណាខ្លះ ដែលអាចជួយនរណាម្នាក់ដែលមានកង្វល់នេះ ឲ្យខិតខំឈានទៅមុខដោយសេចក្ដីជំនឿលើព្រះ ?
© 2022 by Intellectual Reserve, Inc. All rights reserved.
ការធ្វើការសម្រេចចិត្តដោយផ្អែកលើសេចក្ដីជំនឿអំពីការមានកូន
បន្ទាប់ពីទុកពេលឲ្យគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀន មកពីការពិភាក្សាជាក្រុមរបស់ពួកគេ ។ ប្រសិនបើសិស្សមិនលើកឡើងទេ សូមរំឭកពួកគេអំពីដំបូន្មានដែលបានផ្ដល់ឲ្យនៅក្នុង អាលម៉ា៣៧:៣៧ ហើយបង្ហាញនូវគោលការណ៍ដូចតទៅនេះ ៖ នៅពេលស្វាមី និងភរិយាប្រឹក្សាគ្នាជាមួយនឹងព្រះអម្ចាស់ ហើយអនុវត្តសេចក្ដីជំនឿលើទ្រង់ នោះទ្រង់នឹងណែនាំពួកគេនៅក្នុងការសម្រេចចិត្តរបស់ពួកគេអំពីការមានកូន ។
សូមពិចារណាអញ្ជើញសិស្សឲ្យសួរសំណួរនានា ដែលពួកគេមានអំពីបទបញ្ញត្តិឲ្យមានកូននេះ ។ ( អ្នកប្រហែលជាបានប្រមូលសំណួរមួយចំនួនរបស់សិស្សមុនដល់ម៉ោងបង្រៀន ដែលអ្នកអាចគូសបញ្ជាក់ និងពិភាក្សាគ្នានៅត្រង់នេះបាន ) ។ អ្នកក៏អាចជ្រើសរើសសំណួរណាមួយដូចខាងក្រោមនេះផងដែរ ដែលអ្នកមានអារម្មណ៍ថានឹងជួយសិស្សរបស់អ្នកឲ្យយល់ពីប្រធានបទនេះបានកាន់តែស៊ីជម្រៅ ហើយពិភាក្សាគ្នាជាថ្នាក់ទាំងមូល ៖
-
ហេតុអ្វីវាសំខាន់ដែលស្វាមី និងភរិយាត្រូវប្រឹក្សាយោបល់ជាមួយព្រះវរបិតាសួគ៌ ទាក់ទងនឹងពេលវេលាដែលត្រូវមានកូន និងចំនួនកូនប៉ុន្មាននាក់ ?
-
តើអ្នកបានឃើញមនុស្សដែលអ្នកស្គាល់ ឆ្ពោះទៅមុខដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច នៅពេលពួកគេបានដឹងថា ពួកគេមិនអាចមានកូនបាន ( ឬមិនមានកូនច្រើនតាមដែលពួកគេចង់បាននោះ ) ?
-
ហេតុអ្វីវាសំខាន់ ដែលយើងមិនត្រូវវិនិច្ឆ័យអ្នកដទៃក្នុងការសម្រេចចិត្តរបស់ពួកគេ ទាក់ទងនឹងពេលវេលាដែលត្រូវមានកូន និងចំនួនកូនប៉ុន្មាននាក់នោះ ?
អ្នកអាចបង្ហាញសំណួរខាងក្រោមនេះ ហើយផ្ដល់ពេលវេលាឲ្យសិស្សកត់ត្រាគំនិតរបស់ពួកគេអំពីជម្រើសមួយ ឬពីររបស់ពួកគេ ៖
-
តើអ្វីជាជំនឿ និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំអំពីការមានកូន ?
-
តើមានការផ្លាស់ប្ដូរអ្វីខ្លះ ប្រសិនបើមានការផ្លាស់ប្ដូរអ្វីមួយនោះ ដែលខ្ញុំអាចត្រូវធ្វើដើម្បីសម្របឆន្ទៈរបស់ខ្ញុំឲ្យកាន់តែស្របតាមទស្សនវិស័យរបស់ព្រះអម្ចាស់ ទាក់ទងនឹងការមានកូន ?
-
តើខ្ញុំអាចជួយការពារសារៈសំខាន់នៃការមានកូនយ៉ាងដូចម្ដេច ?
-
តើខ្ញុំអាចបង្កើនទំនុកចិត្តរបស់ខ្ញុំថា ព្រះអម្ចាស់នឹងគាំទ្រស្វាមី ឬភរិយារបស់ខ្ញុំ និងខ្ញុំក្នុងការបំពេញតាមបទបញ្ញត្តិឲ្យមានកូន ដែលស្របតាមព្រះទ័យរបស់ទ្រង់យ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលចង់ចែកចាយ ឲ្យឡើងចែកចាយអ្វីដែលពួកគេបានកត់ត្រាទុក ។
ព្រះអម្ចាស់បានបញ្ជាក់ពីភាពឧត្តុង្គឧត្តមនៃជីវិត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវ សេចក្តីថ្លែងការណ៍មកពីការប្រកាសអំពីក្រុមគ្រួសារ នៅដើមផ្នែកទី ៣ នៃឯកសាររៀបចំ ។
-
តើសេចក្តីថ្លែងការណ៍នេះបង្រៀនយើងអ្វីខ្លះ អំពីព្រះវរបិតាសួគ៌របស់យើង និងអ្វីដែលទ្រង់សព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់មាន ? ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យពិចារណាថា តើការដឹងពីសេចក្ដីពិតទាំងនេះមានឥទ្ធិពលយ៉ាងណាទៅលើបំណងប្រាថ្នារបស់ពួកគេ ដើម្បីមានកូនផ្ទាល់ខ្លួនរបស់គេនោះ ) ។
សូមរំឭកសិស្សថា ការប្រកាសអំពីក្រុមគ្រួសារនេះប្រឆាំងនឹងការអនុវត្តមួយចំនួន ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយនៅសព្វថ្ងៃនេះ ដូចជាការរម្លូតកូនជាដើម ។
-
តើអ្នកអាចប្រើអ្វីដែលអ្នកដឹងអំពីផែនការរបស់ព្រះ ដើម្បីពន្យល់ពីមូលហេតុដែល « ការជ្រើសរើសរម្លូតកូនដោយសារភាពងាយស្រួលផ្ទាល់ខ្លួន ឬសង្គម » គឺផ្ទុយពីព្រះទ័យរបស់ព្រះយ៉ាងដូចម្ដេច ? ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣៨.៦.១ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីលើកកម្ពស់ និងការពារភាពពិសិដ្ឋនៃជីវិតមនុស្ស ។
ដើម្បីរំឭកឡើងវិញ និងទុកជាសាក្សីបន្ថែមទៀតអំពីអ្វីដែលសិស្សបានពិភាក្សានៅក្នុងមេរៀននេះ សូមពិចារណាបង្ហាញវីដេអូ « Having Children in Faith » ( ២:២៥ ) ។
អ្នកបញ្ចប់មេរៀននេះដោយការចែកចាយទីបន្ទាល់របស់អ្នក អំពីសេចក្ដីពិតដែលសិស្សបានរកឃើញនៅក្នុងមេរៀននេះ ។
សម្រាប់ពេលក្រោយ
សូមឲ្យសិស្សសញ្ជឹងគិតអំពីសំណួរដូចតទៅនេះ ៖ តើការបង្រៀនណាខ្លះរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបាននាំឲ្យអ្នកមានអំណរខ្លាំងបំផុតនៅក្នុងជីវិតរបស់អ្នកក្នុងពេលកន្លងមក ?
សូមលើកទឹកចិត្តឲ្យសិស្សសិក្សា ឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ ដោយគិតដល់សំណួរនេះក្នុងចិត្ត ៕