ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៧ ឯកសារ​គ្រូបង្រៀន ៖ ភាពជា​ដៃគូ​ស្មើភាពគ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍


« មេរៀន​ទី ១៧ ឯកសារ​គ្រូបង្រៀន ៖ ភាពជា​ដៃគូ​ស្មើភាពគ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ » ឯកសារ​គ្រូបង្រៀន ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៧ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀនទី ១៧ ឯកសារ​គ្រូបង្រៀន

ភាពជា​ដៃគូ​ស្មើភាពគ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍

តាំងពី​សម័យ​លោកអ័ដាម និងនាង​អេវ៉ា​មក ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ឲ្យ​ស្វាមី និង​ភរិយា​ធ្វើ​ជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ។ ព្យាការី​ដែល​នៅរស់​បាន​បញ្ជាក់​សាជាថ្មី​ពី​គោលការណ៍​នេះ​នៅ​សម័យ​របស់​យើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​ពី​ការបង្រៀន​ដំណឹងល្អ​អំពី​ភាពជា​ដៃគូ​ស្មើភាពគ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង​ការធ្វើជា​អធិបតី​នៅក្នុង​ក្រុមគ្រួសារ ។ សិស្ស​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​នាពេល​ឥឡូវនេះ ដើម្បី​មានភាពជា​ដៃគូ​ស្មើភាពគ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ស្វាមី និង​ភរិយា​មានន័យថា​ជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ។

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ការបង្ហាញ ឬ​ចែកចាយ​សំណៅ​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន ជីន ប៊ី ប៊ីងហាំ ដែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​សេចក្តី​ថ្លែងការណ៍​នេះ ដោយ​រកមើល​ពី​របៀប​ដែល​មារសត្រូវ​ខិតខំ​បំផ្លាញ​អាពាហ៍​ពិពាហ៍ និង​ក្រុមគ្រួសារ ។

ប្រធាន ជីន ប៊ី ប៊ីងហាំ

លូស៊ីហ្វើរ ដឹង​ថា បើ​វា​អាច​បំផ្លាញ​សាមគ្គី​ភាព​រវាង​បុរស និង​ស្ដ្រី​បាន បើ​វា​អាច​បំភាន់​យើង​ទាក់ទង​នឹង​គុណតម្លៃ​ដ៏​ទេវភាព និង​ការទទួល​ខុសត្រូវ​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង​បាន នោះ​វា​នឹង​មាន​ជោគជ័យ​ក្នុង​ការបំផ្លាញ​ក្រុម​គ្រួសារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ភាពអស់កល្ប​ជានិច្ច ។

សាតាំង​ញុះញង់​ឲ្យ​មាន​ការប្រៀបធៀប ដែល​ជា​ឧបករណ៍​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​អារម្មណ៍​ខ្ពស់​ជាង ឬ​អន់​ជាង ដោយ​លាក់​សេចក្ដីពិត​ដ៏​អស់កល្ប​មួយ​ថា ភាពខុសគ្នា​ពី​ធម្មជាតិ​របស់​បុរស និង​ស្ដ្រី​គឺ​ត្រូវបាន​ប្រទាន​មក​ពី​ព្រះ ហើយ​មាន​តម្លៃ​ស្មើគ្នា ។ … គោលដៅ​របស់​វា​គឺ​ដើម្បី​បង្កើន​ការប្រជែង​យក​អំណាច ជាជាង​ការអបអរ​នឹង​ការរួម​ចំណែក​ដ៏​ពិសេស​មួយ​របស់​បុរស និង​ស្ដ្រី​ក្នុង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​រួម​ចំណែក​ដល់​សាមគ្គីភាព ។ ( « United in Accomplishing God’s Work » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦០–៦១ )

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អាច​កើតឡើង​ចំពោះ​អាពាហ៍​ពិពាហ៍​មួយ​បាន ប្រសិនបើ​ស្វាមី ឬ​ភរិយា​មាន​អារម្មណ៍​ថា​អន់​ជាង ឬ​ពូកែ​ជាង​គ្នា​នោះ ?

សូម​រំឭក​ឡើងវិញ​ក្នុង ម៉ូសេ ៣:១៨, ២១–២៣ ជាមួយ​សិស្ស ហើយ​សូម​សួរ ៖

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្កើត​នាង​អេវ៉ា​ក្នុង​សាច់ឈាម ដូចដែល​មាន​នៅក្នុង​ដំណើររឿង​នេះ ? ( តាម​តម្រូវការ សូម​ណែនាំ​សិស្ស​ឲ្យ​ទៅ​រក​ការពន្យល់​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​វគ្គបទគម្ពីរ​នេះ​នៅក្នុង ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្តីពិត​មួយ​ដូច​តទៅ​នេះ ៖ ព្រះវរបិតាសួគ៌​មាន​ព្រះរាជបំណង​ថា ស្វាមី និង​ភរិយា​ត្រូវ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុងនាម​ជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ​បន្ថែម​ទៀត សូម​ពិចារណា​បង្ហាញ​នូវ​វត្ថុ​មួយ​ចំនួន​ដែល​អាច​សម្រេច​បានអ្វីមួយ​នៅពេល​ធ្វើការ​ជាគូ ។ វត្ថុ​ទាំងនេះ​អាច​រួមមាន កន្ត្រៃ​មួយដែល​មាន​មុខ​កាត់​ពីរ សម និង​កាំបិត ឧបករណ៍​ភ្លេង​ដែល​ទាមទារ​ធាតុផ្សំ​ពីរ​ដើម្បី​លេង ( ដូចជា​វីយូឡុង ) ស្បែកជើង ឬ​ស្រោមដៃ​មួយគូ ប្រដាប់​ញ៉ុក​ត្រចៀក​ពេល​គេង ឬ​កាស​ស្ដាប់​ជាដើម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​ពួកគេ​ប្រើប្រាស់​របស់​តែ​ម្ខាង​នៃ​គូ​នេះ​ដើម្បី​សម្រេច​ការងារ​របស់​ពួកគេ​នោះ ។

  • តើ​របស់​ទាំងនេះ​ដូចជា ស្វាមី និង​ភរិយា​ធ្វើការជាមួយ​គ្នា​យ៉ាង​ដូចម្តេច ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អាច​ប្រទាន​ដល់​អាពាហ៍ពិពាហ៍ ប្រសិនបើ​ស្វាមី ឬ​ភរិយា​មើលឃើញ និង​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុងនាម​ជា​ដៃគូ​ស្មើភាព​គ្នា ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ទទួល​យក​ចម្លើយ​របស់​សិស្ស​នៅ​ក្នុង​របៀប​វិជ្ជមាន​មួយ ។ នៅ​ពេល​សិស្ស​ឆ្លើយ នោះ​គ្រូ​គួរតែ​ទទួលស្គាល់​​តាម​របៀប​មួយ​ដ៏​វិជ្ជមាន ។ ការណ៍​នេះ​អាច​ជា​ការ​និយាយ​ថា « សូម​អរគុណ » យ៉ាង​សាមញ្ញៗ ឬ​យោបល់​មួយ​អំពី​ចម្លើយ​នោះ ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា​មាន​គេ​ស្ដាប់ ហើយ​មាន​តម្លៃ ។ ការឆ្លើយតប​ដ៏​វិជ្ជមាន​នេះ​អាច​ជួយ​សិស្សឲ្យ​កាន់​តែ​មាន​ទំនុកចិត្ត​ក្នុង​ការចែកចាយ​ចម្លើយ ការយល់​ដឹង និង​បទពិសោធន៍​នៅ​ពេល​ខាង​មុខ ។

សូម​រំឭក​សិស្ស​ថា ពួកគេ​បាន​អាន​នៅក្នុង​ឯកសារ​រៀបចំ​ថា ព្រះអម្ចាស់​បាន​ប្រគល់​នូវ​ទំនួល​ខុសត្រូវ​ដ៏ពិសេស​ជាច្រើន​ឲ្យទៅ​ស្វាមី និង​ភរិយា​នៅក្នុង​គ្រួសារ​ដែល​មាន « តម្លៃ និង​សារៈសំខាន់​ស្នើ​គ្នា » ( ​ឃ្វីនថិន អិល ឃុក « Great Love for Our Father’s Children » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។ ស្រដៀងគ្នា​នេះ​ដែរ ព្យាការី​ទាំងឡាយ​បាន​បង្រៀនថា « នៅក្នុង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ទាំងនេះ ឪពុក និង​ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅមក​ជា​ដៃ​គូស្មើ​គ្នា » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

អ្នក​អាច​នឹង​ប្រាប់​ថា ទំនួល​ខុសត្រូវ​ទាំងនេះ​មួយ​ចំនួន​នឹង​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​ក្រោយៗ ។ ប៉ុន្តែ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ពី​ឧទាហរណ៍​មួយ សូម​បង្ហាញ​នូវ​សេចក្តីពិត​ដូច​តទៅ​នេះ ៖ « តាមការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវបាន​ចាត់​ឲ្យ​ធ្វើជា​អ្នកដឹកនាំ​នៅក្នុង​គ្រួសារ​របស់ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុងការផ្គត់ផ្គង់​សេចក្ដី​ត្រូវការក្នុងជីវិត ព្រមទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួនផង » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៤១–៤៣ កំណត់​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​មួយ​ចំនួន ដែល​អាច​ទាក់ទង​នឹង​ការធ្វើ​ជា​អ្នកដឹកនាំ​ដោយ​សុចរិត​នៅក្នុង​គ្រួសារ ។ សូម​ស្នើសុំ​ឲ្យ​សិស្ស​រំឭក​ឡើងវិញ​នូវ​វគ្គបទគម្ពីរ​នេះ និង​អ្វី​ដែល​ពួកគេ​បាន​ឆ្លើយ​ដើម្បី​ធ្វើ សកម្មភាព « កត់ត្រា​គំនិត​របស់អ្នក » នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ចែកចាយ​អ្វី ​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។ បន្ទាប់​មក សូម​ពិចារណាសួរ​សំណួរ​ដូច​ត​ទៅ​នេះ ៖

  • តើ​អ្នក​បាន​ឃើញ ឬ​បាន​ឮ​អ្វីខ្លះ​អំពី​គំរូ​នៃ​ភាពជា​ដៃគូ​ស្មើភាព​គ្នា និង​ការដឹកនាំ​ដ៏​សុចរិត​នៅក្នុង​គ្រួសារ ?

ស្វាមី និង​ភរិយា​ត្រូវ​ប្រឹក្សា​ជាមួយគ្នា​នៅក្នុង​ការធ្វើ​ការ​សម្រេចចិត្ត​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ ។

សាច់រឿង​ខាងក្រោម​នេះ​គឺ​ត្រូវបាន​តាក់តែង​ឡើង​ដើម្បី​ជួយ​សិស្សឲ្យ​វិភាគ​ការយល់ដឹង​របស់​ពួកគេ​អំពី​ភាពជា​ដៃគូ​ស្មើភាពគ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង​ការដឹកនាំ​នៅក្នុង​គ្រួសារ ។ ( សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​សម្រប​ស្ថានភាព​នេះ​ឲ្យ​សមស្រប ដើម្បី​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​របស់អ្នក​ឲ្យ​កាន់តែ​ខ្លាំង ឬ​ដើម្បី​បំពេញ​តាម​តម្រូវការ​ជាក់លាក់​ណាមួយ​ដែល​សិស្ស​របស់អ្នក​អាច​មាន ) ។

សូម​ពិនិត្យ​មើល​សាច់រឿង​ខាងក្រោម ហើយ​ពិភាក្សា​សំណួរ​នៅចុង​បញ្ចប់​នៃ​ឯកសារ​ចែកជូន​នេះ ដោយ​ធ្វើការ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ឬ​ជា​ក្រុម​តូចៗ ។

ដំណើររឿង​របស់​នីខូឡាស និង អ៊ែលីណា

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១៧

នីខូឡាស និង អ៊ែលីណា បានរស់នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​យ៉ាង​សប្បាយ​រីករាយ​អស់​រយៈពេល ១០ ឆ្នាំ ហើយ​មាន​កូន​បី​នាក់ ។ ពួកគេ​ទាំងពីរ​នាក់​ចង់​ឲ្យ​គ្រួសារ​របស់​ពួកគេ​ស្ថាបនា​ឡើង​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ពួកគេ​ម្នាក់ៗ​ខិតខំ​បំពេញ​នូវ​ទំនួលខុស​ត្រូវគ្រួសារ​របស់ពួកគេ​ដែល​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

ក៏​ដូចជា​គូស្វាមី​ភរិយា​ដទៃ​ទៀត​ដែរ នីខូឡាស និង​អ៊ែលីណា មាន​ការខ្វែង​គំនិត​គ្នា ។ ជាធម្មតា ការខ្វែងគំនិត​របស់​ពួកគេ​គឺ​អំពី​លុយ ។ នីខូឡាស ធ្វើការ​ពេញម៉ោង​នៅខាងក្រៅ​ផ្ទះ ។ អ៊ែលីណា មើលថែ​កូនៗ​របស់​ពួកគេ និង​ផ្ទះសម្បែង​ពេញម៉ោង ដែល​ជា​ការងារ​បន្ថែម​ពីលើ​ការងារ​តូចៗ​ម្តងម្កាល ។ នីខូឡាស គិតថា​តួនាទី​របស់គាត់​ក្នុងការ​ធ្វើជា​អ្នកដឹកនាំ​នៅក្នុងផ្ទះ ក៏​ដូចជា​អ្នក​ដែល​រកប្រាក់​បាន​ច្រើនជាង មាន​ន័យ​ថា​គាត់​គួរតែ​ជាអ្នក​សម្រេចចិត្ត​ចុងក្រោយ​អំពី​របៀប​ដែល​ពួកគេ​ចំណាយ​លុយ ។ អ៊ែលីណា មាន​អារម្មណ៍​ថា​នាង​គួរ​មាន​អំណាច​ច្រើនជាង​នេះ​នៅក្នុង​ការសម្រេចចិត្ត​ដែល​ទាក់ទង​នឹង​កូនៗ ដោយសារ​នាង​នៅជាមួយ​ពួកគេ​ច្រើន​ជាង នីខូឡាស ។ កាលពីអតីត​នៅពេល​ខ្លះ នាង​បាន​ចំណាយ​ប្រាក់​តាម​ចិត្ត​របស់​នាង​ដោយ​ពុំប្រាប់​ដល់ នីខូឡាស ឡើយ ។

នាពេល​ថ្មីៗនេះ នីខូឡាស និង អ៊ែលីណា បាន​ពិភាក្សា​អំពី​ការប្រើ​ប្រាស់​លុយ​ដែល​ពួកគេ​បាន​សន្សំ​ទុក​ខ្លះ​នោះ ។ នីខូឡាស ចង់​យកលុយ​នោះ​ទៅ​ទិញ​ឡាន​ដែល​ធ្វើ​ឲ្យ​គាត់​ងាយស្រួល​ទៅ​ធ្វើការ និង​សម្រាប់​ក្រុមគ្រួសារ​ពួកគេ​ទៅណា​ទៅណី ។ អ៊ែលីណា ចង់​ប្រើលុយ​នោះ​នាំ​កូន​ទៅ​លេង​សាច់ញាតិ និង​បទពិសោធន៍​សប្បាយៗ​ជាមួយគ្នា​ពីមុន​កូនៗ​កាន់តែ​ធំ ។

នីខូឡាស និង​អ៊ែលីណា បាន​ថ្លឹងថ្លែង​ពី​ការខ្វែង​គំនិត​នេះ ប៉ុន្តែ​ត្រូវតែ​ធ្វើ​ការសម្រេចចិត្ត ។

  • តើ​អ្នក​គិត​ថា អ្វី​ជា​ការប្រឈម​ដ៏​ធំបំផុត​ដែល​នីខូឡាស និង​អ៊ែលីណា​កំពុង​ជួបប្រទះ ក្នុង​ការសម្រេច​ចិត្ត​ថាតើ​ត្រូវ​ចំណាយ​លុយ​លើ​អ្វី ?

  • តើ​អ្នក​គិត​ថា ពួកគេ​ត្រូវ​យល់​យ៉ាងណា​ខ្លះ​អំពី​ភាព​ជា​ដៃគូ​ស្មើភាព​គ្នា និង​ការធ្វើ​ជា​អ្នក​ដឹកនាំ​ទាក់ទង​នឹង​ការសម្រេច​ចិត្ត​សម្រាប់​គ្រួសារ​របស់​ពួកគេ ? ( សូមមើល ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • ប្រសិនបើ​អ្នក​ជា នីខូឡាស ឬ អ៊ែលីណា តើ​អ្នក​នឹង​ដោះស្រាយ​ជាមួយ​ស្វាមី ឬ​ភរិយា​របស់​អ្នក​យ៉ាង​ដូចម្តេច ដើម្បី​ប្រឹក្សា​គ្នា​អំពី​ការសម្រេចចិត្ត​នេះ​តាមរបៀប​ដូចជា​ព្រះគ្រីស្ទ ?

ដំណើររឿង​របស់​នីខូឡាស និង អ៊ែលីណា

សំណៅ​ចែក​របស់​គ្រូបង្រៀន

ក្រោយពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​ពី​សាច់រឿង​នេះ​ហើយ នោះ​អ្នក​អាច​សួរ ៖

  • តើ​ការប្រឹក្សា​ជាមួយគ្នា​ដោយ​សេចក្ដី​សុចរិត​អាច​ផ្ដល់​ពរជ័យ​ដល់​គូស្វាមីភរិយា និង​កូនៗ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

ដើម្បី​បញ្ចប់ សូម​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់ និង​កត់ត្រា​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​ពួកគេ​អាច​ទទួលបាន ។

  • តើ​ឥរិយាបថ គុណលក្ខណៈ ឬ​ការអនុវត្ត​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ ដែល​ខ្ញុំ​អាច​អភិវឌ្ឍ ឬ​ពង្រឹង​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​បណ្តុះ​នូវ​ភាព​ជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់ខ្ញុំ ? តើ​អ្នក​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​នៅក្នុង​កិច្ច​ខិតខំ​របស់​អ្នក​យ៉ាងដូចម្តេច ?

សម្រាប់​ពេល​ក្រោយ

សូម​ទទួល​ស្គាល់​ជាមួយ​នឹង​សិស្សថា ជាញឹកញាប់​ការព្រួយ​បារម្ភ​ចម្បង​របស់​គូ​ស្វាមី​ភរិយា ខណៈ​ដែល​ពួកគេ​ពិចារណា​ពី​ការរៀបការ និង​កូនៗ​គឺជា​របៀប​ដែល​ពួកគេ​នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​នៅក្នុង ឯកសារ​រៀបចំ នៅ​មេរៀន​ក្រោយ ហើយ​ស្តាប់តាម​ការបំផុសគំនិត​ដែល​អាច​ជួយ​ពួកគេឲ្យ​ធ្វើ​ការសម្រេចចិត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ឈ្លាសវៃ ហើយ​កាន់តែ​ធ្វើ​ជាមនុស្ស​ខ្លួន​ទីពឹងខ្លួន ។