ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ឪពុក


« មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ឪពុក » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន

ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ឪពុក

ព្រះវរបិតាសួគ៌​បាន​ចាត់តាំង​បុត្រា​ទាំងឡាយ​របស់​ទ្រង់​ឲ្យមាន​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពន្យល់​អំពី​របៀប​ដែល​បុរស​អាច​បំពេញ​ការទទួល​ខុសត្រូវ​នេះ​បាន ។ ពួកគេ​នឹង​ពិភាក្សា​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​តួនាទី​ជា​ឪពុក ក្នុង​ការការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ។ សិស្ស​ក៏នឹង​ពិចារណា និង​រៀបចំ​ផែនការ​អំពី​របៀប​ដែល​ពួកគេ​អាច​ពឹងផ្អែក​លើ​ជំនួយ​ពី​ស្ថានសួគ៌​បាន​ផងដែរ នៅពេល​ពួកគេ​ចែកចាយ​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នេះ​ជាមួយ​នឹង​គូ​ស្វាមី​ភរិយា​របស់​ពួកគេ ។

កំណត់​ចំណាំ ៖ ទំនួល​ខុសត្រូវ​របស់​បុរស​ក្នុង​ការធ្វើជា​អធិបតី និង​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវបាន​ពិភាក្សា​នៅក្នុង​មេរៀន​មុន ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ភាពជា​ឪពុក ។

ជា​ផ្នែក​មួយ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​ច្រៀង​ទំនុក​តម្កើង​បទ « ឱ ! ព្រះបិតា » ( ទំនុក​តម្កើង ល.រ. ១៨១ ) ឬ​ទំនុក​តម្កើង​មួយ​ទៀត ដែល​ទាក់ទង​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ។

អ្នក​អាច​ចាប់ផ្ដើម​មេរៀន​នេះ ដោយ​ការបង្ហាញ​រូបភាព​ឪពុក​ជាមួយ​គ្រួសារ​របស់​គាត់ ហើយ​សូម​សួរ​បុរសៗ​នៅក្នុង​ថ្នាក់​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​គំនិត អារម្មណ៍ ឬ​ការព្រួយ​បារម្ភ​អ្វីខ្លះ​អំពី​ការធ្វើ​ជា​ឪពុក ?

បន្ទាប់មក សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​អ្នក​គិត​ថា ការធ្វើ​ជា​ឪពុក​ដ៏​សុចរិត​នៅ​សម័យ​របស់​យើង​ត្រូវ​ជួប​នឹង​ឧបសគ្គ​ដ៏ធំ​បំផុត​អ្វីខ្លះ ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំឭក សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន លីនដា ខេ ប៊ើតុន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​ឡើងវិញ ) ។

  • តើ​មាន​ភាពខុសគ្នា​យ៉ាងណា​ខ្លះ រវាង​របៀប​ដែល​មនុស្ស​មួយ​ចំនួន​មើលទៅ​ភាពជា​ឪពុក និង​របៀប​ដែល​ព្រះ​ទត​ទៅ​ភាពជា​ឪពុក ?

សូម​រំឭក​សិស្ស​ថា នៅពេល​សិក្សា​ឯកសារ​រៀបចំ នោះ​ពួកគេ​បាន​រៀន​ថា ព្រះវរបិតាសួគ៌​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ភាពជា​ឪពុក​ដ៏​សុចរិត ( សូមមើល សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

គូស​បញ្ជាក់​ពី​គំរូ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គ​សង្រ្គោះ​បាន​បង្គាប់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ដូចជា​ទ្រង់ ( សូមមើល នីហ្វៃ​ទី​៣ ២៧:២៧ ) ។ សូម​រកមើល​វិធី​ដើម្បី​គូសបញ្ជាក់​អំពី​គំរូ​ដ៏ល្អ​ឥតខ្ចោះ​របស់​ទ្រង់ និង​របស់​ព្រះវរបិតា​សួគ៌ នៅពេល​អ្នក​ពិភាក្សា​អំពី​សេចក្ដីពិត​នៅក្នុង​ថ្នាក់រៀន ។

សូម​ពន្យល់​ថា យើង​អាច​រៀន​គោលការណ៍​នៃ​ភាពជា​ឪពុក​ដ៏​សុចរិត ចេញពី​ការសិក្សា​អំពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ សូម​ពិនិត្យ​មើល យ៉ូហាន ១០:១១–១៥ ជាមួយ​គ្នា​ឡើងវិញ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​សិស្ស​បាន​រៀន​អំពី​ភាពជា​ឪពុក​ដ៏​សុចរិត មកពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងនាមជា​អ្នកគង្វាល​ដ៏ល្អ​របស់​យើង ។

  • តើ​បុរស​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « ស៊ូ​ប្តូរ​ជីវិត » ( ខទី ១៥ ) ឬ​ចុះចាញ់ ដើម្បី​បំពេញ​តាម​ទំនួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​ពួកគេ​ក្នុង​នាម​ជា​ឪពុក ? ( សូម​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន ទុកជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ៖ « ចូរ​យើង [ បុរសៗ ] កុំ​ជឿ​ទៅលើ​ការយល់ឃើញ​ដ៏​ហួសហេតុ​នៃ​បុគ្គល​និយម និង​ស្វ័យភាព​នៅក្នុង​វប្បធម៌​សព្វថ្ងៃ​នេះ​ឡើយ ចូរ​គិត​ដំបូង​គេ​អំពី​សុភមង្គល និង​សុខុមាលភាព​របស់​អ្នក​ដទៃ » [ « Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៦ ] ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​បន្ថែម​ទៀត​នៃ​ភាពជា​ឪពុក មកពី​គំរូ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ សូម​រៀបចំ​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ឲ្យមាន​មេក្រុម​សម្រាប់​ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជជែក​គ្នា​អំពី​កិច្ចការ​របស់​ពួកគេ​នៅក្នុង​សកម្មភាព « កត់ត្រា​គំនិត​របស់អ្នក » នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ទុកជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​ពួកគេ ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី ដែល​ពួកគេ​បាន​ពិភាក្សា​នៅក្នុង​ក្រុម​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ធ្វើជា​អ្នក​សរសេរ ហើយ​កត់ត្រា​គោលការណ៍​ទាំងនេះ​នៅលើ​ក្ដារខៀន ។

ឪពុក​មាន​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ក្នុង​ការការពារ​ដល់​ក្រុមគ្រួសារ​របស់​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​នៅក្នុង​ក្រុម​តូចៗ​ដដែល សម្រាប់​សកម្មភាព​ខាងក្រោម​នេះ ។ សូម​ចែក​ច្បាប់​ចម្លង « សំណៅ​ចែក​ក្រុម ក » ដល់​មេក្រុម​ចំនួន​ពាក់​កណ្ដាល ហើយ​ចែក​ច្បាប់​ចម្លង « សំណៅ​ចែក​ក្រុម ខ » ដល់​មេក្រុម​ពាក់​កណ្ដាល​ទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើតាម​ការណែនាំ​នៅលើ​សំណៅ​ចែក​នោះ ។

សំណៅ​ចែក​ក្រុម ក—ឥទ្ធិពល​ការពារ​របស់​ឪពុក​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​មាន​វត្តមាន​ពេញលេញ

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ២០

សូម​អញ្ជើញ​ឲ្យ​សមាជិក​មួយ​ក្រុម​អាន​ឮៗ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន អិម រ័សុល បាឡឺដ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់​មក សូម​សួរ​ក្រុម​របស់​អ្នក ៖

  • តើ​ឪពុក​អាច​បំពេញ​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​គាត់​ដើម្បី​ការពារ​គ្រួសារ​របស់​គាត់​តាម​វិធី​ណា​ខ្លះ ?

សូម​ចែកចាយ​សេចក្តី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ជាមួយ​នឹង​ក្រុម​របស់​អ្នក ៖ « ឪពុក​គឺ​សំខាន់ ហើយ​មិន​អាច​ជំនួស​បាន​ទេ » ( « Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៣ ) ។ បន្ទាប់​មក សូម​សួរ​ក្រុម​របស់​អ្នក ៖

  • តើ​ឪពុក « សំខាន់ ហើយ​មិន​អាច​ជំនួស​បាន » តាម​របៀប​ណា ? ( អ្នក​អាច​ស្នើឲ្យ​ក្រុម​របស់​អ្នក​យោងទៅ​លើ​ការបង្រៀន​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ នៅពេល​ពួកគេ​ពិភាក្សា​ពី​សំណួរ​នេះ ) ។

  • តើ​អ្នក​បាន​ទទួល​ពរជ័យ និង​ការការពារ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការចូលរួម​របស់​ឪពុក ឬ​បុរស​ដែល​ដូចជា​ឪពុក​ដ៏សុចរិត​ម្នាក់​នៅក្នុង​ជីវិត​របស់​អ្នក​តាម​របៀប​ណា ?

សំណៅ​ចែក​ក្រុម ក—ឥទ្ធិពល​ការពារ​របស់​ឪពុក​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​មាន​វត្តមាន​ពេញលេញ

សំណៅ​ចែក​របស់​គ្រូបង្រៀន ក

សំណៅ​ចែក​ក្រុម ខ—ការការពារ​ក្រុមគ្រួសារ​តាមរយៈ​វិវរណៈ​ដ៏ទេវភាព និង​អំណាច​បព្វជិតភាព

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ២០

សូម​ពិនិត្យ​មើល ម៉ាថាយ ២:១៣–១៥ ជាមួយ​គ្នា​សាឡើង​វិញ ហើយ​រកមើល​របៀប​ដែល​យ៉ូសែប​បាន​ការពារ​ម៉ារា និង​ព្រះយេស៊ូវ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ដំណើររឿង​នេះ អំពី​ទីកន្លែង​ដែល​ឪពុក​អាច​ទទួល​បាន​ជំនួយ​ដើម្បី​ដឹកនាំ និង​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ? តើ​វិវរណៈ​អាច​ជួយ​ដល់​លោក​ឪពុក​នៅ​ជំនាន់​របស់​យើង​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សមាជិក​មួយ​ក្រុម​ឲ្យ​អាន​ឮៗ​នូវ​សេចក្តី​ថ្លែង​ការណ៍​ដោយ ប្រធាន ប៊យដ៏ ឃេ ផាកកឺ និង ប្រធាន រ័សុល អិម ណិលសុន នៅផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់​មក សូម​សួរ​ក្រុម​របស់​អ្នក ៖

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ចេញពី​ក្នុង​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ ហើយ​មូលហេតុ​អ្វី ?

  • តើ​អ្នក​ទទួល​បាន​ការការពារ​ដោយ​វិវរណៈ​ដ៏ទេវភាព ឬ​អំណាច​បព្វជិតភាព​របស់​ឪពុក​ដ៏សុចរិត ឬ​បុរស​ដែល​ដូចជា​ឪពុក​នៅក្នុង​ជីវិត​របស់​អ្នក​តាម​របៀប​ណា ?

សំណៅ​ចែក​ក្រុម ខ—ការការពារ​ក្រុមគ្រួសារ​តាមរយៈ​វិវរណៈ​ដ៏ទេវភាព និង​អំណាច​បព្វជិតភាព

សំណៅ​ចែក​របស់​គ្រូបង្រៀន ក

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​មកពី​ក្រុម​ដែល​បាន​សិក្សា « សំណៅ​ចែក​ក្រុម ក » និង​សិស្ស​ម្នាក់​ទៀត​មកពី​ក្រុម​ដែល​បាន​សិក្សា « សំណៅ​ចែក​ក្រុម ខ » ឲ្យ​ឡើង​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី ដែល​ពួកគេ​បាន​រៀន​មកពី​ការពិភាក្សា​របស់​ពួកគេ ។ ដើម្បី​បន្ថែម​ទៅលើ​ការរៀនសូត្រ​របស់​សិស្ស សូម​ពិចារណា​ចែក​រំលែក​គំរូ​មួយ​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ និង​ការការពារ​ដោយ​សេចក្ដី​ស្រឡាញ់ ការចូលរួម វិវរណៈ​ដ៏ទេវភាព ឬ​អំណាច​បព្វជិតភាព​របស់​ឪពុក​ដ៏សុចរិត ឬ​បុរស​ដែល​ដូចជា​ឪពុក​ដ៏​សុចរិត​ម្នាក់​នៅក្នុង​ជីវិត​របស់​អ្នក ។ ( ឬ​អ្នក​អាច​ចែកចាយ​គំរូ​មួយ​មកពី​ជីវិត​របស់​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន ។ ឪពុក​របស់​អែលឌើរ ស្ទីវ៉ែនសុន បាន​ទទួល​ការព្រមាន​មួយ​មកពី​ព្រះវិញ្ញាណ ដែល​បាន​ការពារ​អែលឌើរ ស្ទីវ៉ែនសុន ពី​ពស់​មួយ នៅពេល​គាត់​នៅ​ក្មេង [ សូមមើល រ៉ូបឺត ឌី ហែល « Elder Gary E. Stevenson: An Understanding Heart,” Ensign ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ២៦ ] ) ។

អ្នក​គួរតែ​ពន្យល់​ថា ក្នុងនាមជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ នោះ​ឪពុក និង​ម្តាយ​ចែកចាយ​ទំនួល​ខុសត្រូវ​ក្នុង​ការការពារ​គ្រួសារ​របស់​ពួកគេ ។ ស្វាមី និង​ភរិយា​គួរតែ​ធ្វើការ និង​ប្រឹក្សា​រួមគ្នា នៅពេល​ពួកគេ​បំពេញ​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​នេះ ។

សូម​ឲ្យ​សិស្ស​ចំណាយពេល​ពិចារណា​អំពី​សំណួរ​ខាងក្រោម​នេះ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ទាំងឡាយ ដែល​ពួកគេ​ទទួល​បាន ( អ្នក​គួរតែ​បង្ហាញ​សំណួរ​ទាំងនេះ ) ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​នៅពេល​នេះ ដើម្បី​ស្រឡាញ់ និង​ការពារ​គ្រួសារ​របស់​អ្នក និង​មនុស្ស​ដទៃ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ?

  • តើ​អ្នក​អាច​គាំទ្រ​បុរស​ក្នុង​ជីវិត​របស់​អ្នក​ក្នុង​ការធ្វើជា​អ្នកការពារ​ដ៏ស័ក្ដិសម​របស់​ក្រុមគ្រួសារ​ពួកគេ និង​មនុស្ស​ដទៃ​ដោយ​របៀប​ណា ?

  • តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ​បាន​យ៉ាង​ដូចម្តេច ?

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នក ឬ​សិស្ស​ម្នាក់​អាច​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​របស់​ឪពុក និង​តម្រូវការ​របស់​ពួកគេ​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការបំពេញ​នូវ​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ពួកគេ​ក្នុង​គ្រួសារ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​លើក​ទឹកចិត្ត​សិស្ស​ឲ្យគិត​អំពី​កូនៗ​នាពេល​បច្ចុប្បន្ន ឬ​ពេល​អនាគត​របស់​ពួកគេ នៅពេល​ពួកគេ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​លើក​ក្រោយ ។ អ្នក​ក៏អាច​សូមឲ្យ​សិស្ស​ចងចាំ​ពេលវេលា​កាលពី​កុមារភាព​របស់​ពួកគេ​ផងដែរ ជា​ពេល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ ត្រូវ​មាន​វិន័យ ឬ​រៀន​បម្រើ​អ្នក​ដទៃ ។