« មេរៀនទី ១៦ ឯកសារគ្រូបង្រៀន ៖ ការទទួលបានសុភមង្គលនៅក្នុងជីវិតគ្រួសារតាមរយៈព្រះយេស៊ូវគ្រីស្ទ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៦ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៦ ឯកសារគ្រូបង្រៀន
ការទទួលបានសុភមង្គលនៅក្នុងជីវិតគ្រួសារតាមរយៈព្រះយេស៊ូវគ្រីស្ទ
« សុភមង្គលនៅក្នុងជីវិតគ្រួសារអាចសម្រេចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងមេរៀននេះ សិស្សនឹងស្វែងយល់ពីរបៀបដែលពួកគេអាចស្ថាបនាគ្រឹះនៃជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។ ពួកគេនឹងត្រូវបានអញ្ជើញឲ្យកំណត់ពីឧបសគ្គ ដែលអាចរារាំងពួកគេមិនឲ្យស្ថាបនាគ្រឹះនោះបាន និងវិធីដើម្បីយកឈ្នះលើឧបសគ្គទាំងនោះ ។
យោបល់សម្រាប់ការបង្រៀន
ការកសាងជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់យើងនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទជួយការពារ និងពង្រឹងយើង ។
សូមពិចារណាបង្ហាញរូបភាពដែលអមមកជាមួយនេះ ព្រះវិហារបរិសុទ្ធ ហ្វីលឡាឌេលហ្វៀ ផែនស៊ីលវេញ៉ា ។ សូមរំឭកសិស្សអំពីគោលបំណងនៃគ្រឹះរបស់សំណង់មួយ ( សូមមើល ផ្នែកទី ១ នៃឯកសាររៀបចំ ) ។
សូមអានរួមគ្នាក្នុងសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ដូណល អិល ហលស្ត្រម ដែលលោកបានរៀបរាប់ពីកិច្ចខិតខំខាងវិស្វកម្មដែលបានធ្វើឡើង ដើម្បីបង្កើតឲ្យមានគ្រឹះដ៏រឹងមាំមួយសម្រាប់ព្រះវិហារបរិសុទ្ធ ហ្វីលឡាឌេលហ្វៀ ផែនស៊ីលវេញ៉ា ។
គម្រោងនេះនឹង … រងផលប៉ះពាល់ពីខ្យល់បំផ្លិចបំផ្លាញ និងទឹកជ្រាបក្រោមដីដ៏លុកលុយ ។ ប្រសិនបើមិនដោះស្រាយទេ ស្ថានភាពដ៏អាក្រក់ទាំងនេះអាចធ្វើឲ្យអគារដ៏ឧត្តមនេះមានការខូចខាតយ៉ាងដំណំ និងថែមទាំងត្រូវបំផ្លាញទៀតផង ។
ដោយដឹងថា កម្លាំងទាំងនេះនឹងវាយប្រហារព្រះវិហារបរិសុទ្ធឥតឈប់ឈរ ទើបវិស្វករបានគូរប្លង់ ហើយអ្នកម៉ៅការសំណង់បានជីករណ្ដៅជម្រៅ ១០ ម៉ែត្រ ( ៣២ ហី្វត ) នៅក្រោមប្លង់មេនៃអគារទាំងមូល ។ រណ្ដៅនេះត្រូវបានជីកចូលទៅក្នុងសិលាកំណើតក្រានីតនៃរដ្ឋផែនសីលវេញ៉ា ដើម្បីផ្ដល់ជាគ្រឹះយ៉ាងរឹងមាំដល់សំណង់ដែលនឹងសាងសង់លើវា ។ គោលជំហរ និងគ្រឹះបេតុងត្រូវបានចងភ្ជាប់ទៅនឹងជើងសិលាក្រានីតជាមួយនឹងយុថ្កាថ្ម ដើម្បីទប់ទល់នឹងកម្លាំងខ្យល់បក់ខ្លាំង និងទឹកជ្រាបក្រោមដីដ៏មានឥទ្ធិពល ។ គេបានខួងយុថ្កាជម្រៅពី ១៥ ទៅ ៥៣ ម៉ែត្រ ( ៥០ ទៅ ១៧៥ ហ្វីត ) ចូលទៅក្នុងក្រានីត ។ …
ខ្ញុំសូមផ្ដល់ព័ត៌មានលម្អិតបែបនេះ ដើម្បីបង្រៀនពីចំណុចនេះ ៖ មិនដូចជាការសាងសង់អគារ ( ដែលសម្រាប់តែប្រើប្រាស់បណ្ដោះអាសន្ន) នោះទេ នៅក្នុងការកសាងជីវិតដែលគ្មានទីបញ្ចប់របស់យើង (ហើយយើងសង្ឃឹមថា វាអស់កល្បជានិច្ច) ពេលខ្លះយើងយកចិត្តទុកដាក់យ៉ាងតិចតួចបំផុតទៅលើវិស្វកម្ម និងការសាងសង់គ្រឹះរបស់យើង ។ ជាលទ្ធផល យើងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយងាយនឹងប៉ះទង្គិចដោយកម្លាំងដ៏គ្រោះថ្នាក់ ។ ( « Jesus Christ: Our Firm Foundation » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៥៨ )
សូមអញ្ជើញសិស្សឲ្យចាំការពិពណ៌នាអំពីគ្រឹះនៃព្រះវិហារបរិសុទ្ធនេះទុកក្នុងចិត្ត នៅពេលដែលអ្នករំឭក ហេលេមិន ៥:១២ សាឡើងវិញជាមួយគ្នា ។
-
តើខគម្ពីរនេះបង្រៀនអ្វីខ្លះ អំពីមូលហេតុដែលបុគ្គលម្នាក់ៗ និងក្រុមគ្រួសារត្រូវកសាងគ្រឹះខាងវិញ្ញាណនៅលើព្រះយេស៊ូវគ្រីស្ទ ? ( សូមជួយសិស្សឲ្យស្គាល់គោលការណ៍មួយដូចតទៅនេះ ៖ នៅពេលដែលបុគ្គលម្នាក់ៗ និងក្រុមគ្រួសារកសាងគ្រឹះខាងវិញ្ញាណរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ នោះសាតាំងនឹងមិនមានអំណាចក្នុងការបំផ្លាញពួកគេឡើយ ) ។
-
តើមាន « ខ្យល់ដ៏ខ្លាំងក្លា … ព្រួញនៅក្នុងខ្យល់កួច … ព្រិល និងខ្យល់ព្យុះកំណាចទាំង [ ឡាយ ] … » ទូទៅណាខ្លះ ដែលពួកសត្រូវដាក់មកលើក្រុមគ្រួសារនៅជំនាន់របស់យើង ?
-
តើបុគ្គលម្នាក់ៗ និងក្រុមគ្រួសារអាចកសាងគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ? ( ជាផ្នែកមួយនៃការពិភាក្សានេះ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនមកពីសេចក្ដីថ្លែងការណ៍របស់ អែលឌើរ ដេវីឌ អេ បែដណា និង អែលឌើរ ហលស្ត្រម ក៏ដូចជាសកម្មភាព « កំណត់ត្រាគំនិតរបស់អ្នក » នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
តើអ្នក ឬគ្រួសាររបស់អ្នកមានបទពិសោធន៍អ្វីខ្លះ ដែលបង្ហាញថាការកសាងគ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទបានជួយទប់ទល់ ឬយកឈ្នះលើព្យុះប្រភេទផ្សេងៗគ្នានោះ ?
ការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនាំមកនូវសុភមង្គលក្នុងជីវិតគ្រួសារ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះចេញពីការប្រកាសអំពីក្រុមគ្រួសារ ៖ « សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សូមអញ្ជើញសិស្សឲ្យបើកទៅវគ្គបទគម្ពីរ ដែលពួកគេបានរកឃើញ ដែលមានការបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ដែលបាននាំឲ្យពួកគេមានសុភមង្គលនៅក្នុងជីវិតផ្ទាល់ខ្លួន ឬជីវិតគ្រួសាររបស់ពួកគេ នៅពេលពួកគេបានអនុវត្តតាមបទគម្ពីរនោះ ។ ( សូមមើល ផ្នែកទី ២ នៃឯកសាររៀបចំ ។ អ្នកប្រហែលជាត្រូវផ្តល់ពេលវេលាពីរបីនាទីឲ្យសិស្ស ដើម្បីរកវគ្គបទគម្ពីរមួយ ) ។
សូមបែងចែកសិស្សជាក្រុមតូចៗ ។ សូមអញ្ជើញសិស្សឲ្យចែកចាយវគ្គបទគម្ពីររបស់ពួកគេ រួមជាមួយនឹងចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ( អ្នកគួរតែបង្ហាញ ឬសរសេរសំណួរនេះដាក់នៅលើក្ដារខៀន ) ៖
-
តើការធ្វើតាមការបង្រៀនដំណឹងល្អនេះអាចផ្ដល់ពរជ័យដល់បុគ្គលម្នាក់ៗ អាពាហ៍ពិពាហ៍ ឬគ្រួសារយ៉ាងដូចម្ដេចដែរ ?
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយដល់សិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេបានរៀនមកពីការពិភាក្សានៅក្នុងក្រុមរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យរំឭក នីហ្វៃទី៤ ១:១, ១១–១៣, ១៥–១៨ ដោយស្ងៀមស្ងាត់ឡើងវិញ ហើយស្វែងរកពាក្យ ឬឃ្លាដែលបង្ហាញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលបុគ្គលទាំងនេះបានជ្រើសរើសដើម្បីរស់នៅតាម ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេរកឃើញ ។
-
តើគ្រួសារអាចទទួលបានពរជ័យអ្វីខ្លះ នៅពេលពួកគេខិតខំរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះជាមួយគ្នា ? តើអ្នកបានឃើញគំរូនៃពរជ័យបែបនេះនៅកន្លែងណាខ្លះ ?
-
តើសត្រូវព្យាយាមរារាំងយើងពីការទទួលបានពរជ័យទាំងនេះតាមរបៀបណាខ្លះ ? ( ប្រសិនបើចាំបាច់ អ្នកអាចអញ្ជើញសិស្សឲ្យពិនិត្យមើល ឧទាហរណ៍ នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំឡើងវិញបាន ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រាតលី ឌី ហ្វូស្ទើរ ដែលធ្លាប់បានបម្រើជាសមាជិកនៃពួកចិតសិបនាក់ ៖
ការរំខានមិនចាំបាច់ជាអំពើអាក្រក់ ដើម្បីមានប្រសិទ្ធភាពនោះទេ ។ ( « Mother Told Me » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩៩ )
-
តើអ្វីទៅជាការរំខានមួយចំនួន ដែលអាចមិនមែនជាអំពើអាក្រក់រហូតនោះទេ ប៉ុន្តែអាចរារាំងយើងពីការចាក់គ្រឹះយ៉ាងរឹងមាំលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ? តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ការរំខានទាំងនេះមួយ ឬច្រើននៅក្នុងជីវិតរបស់អ្នក ?
-
តើមនុស្សអាចនឹងបាត់បង់ពរជ័យអ្វីខ្លះ ប្រសិនបើពួកគេបានស្ថាបនាគ្រឹះឡើងនៅលើអ្វីមួយដូចជា ប្រពៃណីខាងវប្បធម៌ ការកម្សាន្ដ ឬទឹកលុយនោះ ?
សូមពិចារណាអំពីរបៀបដែលអ្នកអាចជួយសិស្សឲ្យធ្វើសកម្មភាពដ៏មានអត្ថន័យ តាមអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះ ។ ឧទាហរណ៍ អ្នកអាចផ្តល់ពេលវេលាពីរបីនាទីឲ្យសិស្សរំឭកឡើងវិញនូវ សេចក្តីថ្លែងការណ៍របស់អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និង សកម្មភាព « ធ្វើសកម្មភាព » នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំនេះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យសរសេរគំនិតបន្ថែមណាមួយ ដែលពួកគេចង់ភ្ជាប់ជាមួយនឹងគោលដៅ ឬផែនការរបស់ពួកគេ ។
អ្នកអាចបញ្ចប់មេរៀននេះដោយការចែកចាយទីបន្ទាល់របស់អ្នក អំពីសុភមង្គលដែលអ្នកបានដកពិសោធន៍នៅក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់អ្នក នៅពេលអ្នកបានកសាងគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យពិចារណាពីគ្រាដែលពួកគេបានឃើញស្វាមី និងភរិយាធ្វើការជាមួយគ្នាក្នុងនាមជាដៃគូស្មើភាពគ្នា ។ ពួកគេក៏អាចគិតអំពីគ្រា ដែលពួកគេអាចបានឃើញគូស្វាមីភរិយាដែល មិន ធ្វើការជាដៃគូស្មើភាពគ្នា ដោយសារហេតុផលមួយចំនួនផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យសិក្សាឯកសារនេះសម្រាប់ មេរៀនលើកក្រោយ ដោយនឹកចាំដល់គំរូទាំងនេះក្នុងចិត្ត និងកំណត់ពីប្រភេទនៃភាពជាដៃគូ ដែលពួកគេចង់មាននៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេផ្ទាល់ ។