« មេរៀនទី ២ ឯកសារគ្រូបង្រៀន ៖ តួនាទីរបស់ព្យាការីនៅក្នុងការប្រកាសពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ២ ឯកសារគ្រូបង្រៀន
តួនាទីរបស់ព្យាការីនៅក្នុងការប្រកាសពីគោលលទ្ធិនៃគ្រួសារដ៏នៅអស់កល្បជានិច្ច
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ចាប់ផ្ដើមតាមរបៀបនេះ ៖ « យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមប្រកាសជាឱឡារិកថា … » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ព្យាការី ក្នុងនាមជាអ្នកចាំយាម ដើម្បីប្រកាសពីព្រះទ័យរបស់ព្រះអម្ចាស់ និងដើម្បីព្រមានពីការគំរាមកំហែងដល់សុខុមាលភាពខាងវិញ្ញាណរបស់យើង ។ សិស្សនឹងមានឱកាសកំណត់ពីរបៀប ដែលពួកគេអាចរៀនមានចិត្តអំណត់ និងសេចក្ដីជំនឿកាន់តែខ្លាំងឡើងទៅលើព្រះអម្ចាស់ កាលពួកគេព្យាយាមស្ដាប់តាមការបង្រៀនរបស់ព្យាការីដែលនៅរស់របស់ទ្រង់ អំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់ហៅពួកព្យាការីឲ្យធ្វើជាអ្នកចាំយាមនៅលើប៉ម ។
សូមដាក់បង្ហាញសំណួរខាងក្រោមនៅខាងមុខថ្នាក់រៀន ៖
-
ហេតុអ្វីបានជាព្យាការីជ្រើសរើសដើម្បីថ្លែងពីប្រធានបទពិបាកៗ ហើយនិយាយប្រឆាំងនឹងការអនុវត្តដែលទទួលយកដោយសង្គមទូទៅ ទាំងដឹងថា ពាក្យសម្ដីរបស់ពួកលោកនឹងធ្វើឲ្យមនុស្សមួយចំនួនអាក់អន់ចិត្តនោះ ?
សូមចាប់ផ្ដើមមេរៀន ដោយការសួរសិស្សអំពីគំនិតរបស់ពួកគេទៅលើសំណួរ ។ ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចអានជាមួយសិស្សនៅក្នុង សេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។
-
តើអ្នកនឹងសង្ខេបអ្វីដែលប្រធាន ណិលសុន បានបង្រៀនយ៉ាងដូចម្ដេច ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈការហៅព្យាការីឲ្យព្រមាន និងការពារពួកយើង ។ ព្យាការីបង្ហាញថា ពួកលោកខ្វល់ខ្វាយពីមនុស្សទាំងអស់ តាមរយៈការបង្រៀនពីសេចក្ដីពិត ) ។
-
តើអ្នកមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ តាមរយៈការព្រមាន ការកែតម្រូវ និងការទូន្មានពីព្យាការីដែលនៅរស់ដោយរបៀបណា ? ( សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីការណ៍នេះផងដែរ ) ។
សូមដាក់បង្ហាញរូបភាពអ្នកចាំយាមម្នាក់ ដែលមាននៅក្នុងឯកសាររៀបចំ ហើយសូមផ្ដល់ពេលវេលាឲ្យសិស្សរំឭក អេសេគាល ៣:១៧–១៩ ឡើងវិញ ។
-
តើពួកព្យាការីទាំងឡាយប្រៀបដូចជាអ្នកចាំយាមនៅលើប៉មយ៉ាងដូចម្ដេច ?
អ្នកអាចលើកច្បាប់ចម្លងនៃការប្រកាសអំពីក្រុមគ្រួសារមួយច្បាប់ឡើង ហើយសួរ ៖
-
តើការចេញផ្សាយការប្រកាសអំពីក្រុមគ្រួសារនេះ បង្ហាញពីតួនាទីរបស់ព្យាការីក្នុងនាមជាអ្នកចាំយាមនៅលើប៉មយ៉ាងដូចម្ដេច ? ( អ្នកអាចអញ្ជើញឲ្យសិស្សរំឭកឡើងវិញក្នុង សេចក្ដីថ្លែងការណ៍ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី និង ការដកស្រង់ចេញពីជីវប្រវត្តិរបស់ប្រធាន រ័សុល អិម ណិលសុន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំបាន ) ។
ព្រះអម្ចាស់បង្គាប់យើងឲ្យធ្វើតាមព្យាការីដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿ ។
អ្នកអាចអញ្ជើញសិស្សឲ្យរៀបរាប់ពីមូលហេតុមួយចំនួន ដែលមនុស្សនៅជំនាន់ដើមអាចបានជ្រើសរើស មិនព្រមធ្វើតាមការព្រមានរបស់អ្នកចាំយាម ។
សូមពិចារណាចែកចាយស្ថានភាពដូចខាងក្រោមនេះ ( ឬបង្កើតស្ថានភាពមួយ ដែលទាក់ទងនឹងសិស្សរបស់អ្នកជាងនេះ ) ហើយអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរដែលមានជាបន្ដបន្ទាប់ ៖
-
តើអ្នកមានគំនិតអ្វីខ្លះអំពីស្ថានភាពរបស់ យ៉ក ?
-
តើមានឥទ្ធិពលអ្វីខ្លះ ដែលអាចធ្វើឲ្យមនុស្សពិបាកនឹងទទួលយកការបង្រៀនមួយចំនួន នៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ?
សូមអញ្ជើញឲ្យសិស្សអាន ឬរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៦ ឡើងវិញ ។ សូមរំឭកពួកគេថា ខគម្ពីរទាំងនេះសំដៅទៅលើព្យាការី យ៉ូសែប ស៊្មីធ ហើយតាមន័យទូទៅ វាក៏អាចអនុវត្តចំពោះប្រធានសាសនាចក្ររបស់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះផងដែរ ។
-
តើអ្នកគិតថា « ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » ( ខទី ៥ ) មានន័យយ៉ាងណា ?
-
តើអ្នកនឹងសង្ខេបការសន្យារបស់ព្រះអម្ចាស់ ចំពោះអ្នកទាំងឡាយណាដែលទទួលបាន និងស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿយ៉ាងដូចម្ដេច ? ( អ្នកអាចជួយសិស្សឲ្យរកឃើញគោលការណ៍មួយ ដែលស្រដៀងគ្នាដូចតទៅនេះ ៖ ប្រសិនបើយើងស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី នោះព្រះអម្ចាស់នឹងប្រទានពរដល់យើង ហើយបំបែកអំណាចនៃភាពងងឹតឲ្យចេញឆ្ងាយ ) ។
ដើម្បីជួយសិស្សឲ្យពិចារណាពីគំរូនៃគោលការណ៍នេះ សូមផ្ដល់ពេលពីរបីនាទីឲ្យពួកគេអាន ឬរំឭកឡើងវិញនូវដំណើររឿងក្នុងព្រះគម្ពីរ ដែលពួកគេបានជ្រើសរើសចេញពី ផ្នែកទី ៣ នៃឯកសាររៀបចំ ។ អ្នកអាចបំបែកសិស្សក្នុងថ្នាក់ទៅជាក្រុមតូចៗ ហើយអញ្ជើញសិស្សឲ្យពិភាក្សាពីចម្លើយរបស់ពួកគេ ចំពោះសំណួរនៅក្នុងសកម្មភាព « កត់ត្រាគំនិតរបស់អ្នក » នៅក្នុងផ្នែកទី ៣ បាន ។ បើមិនដូច្នោះទេ សូមអញ្ជើញសិស្សឲ្យពិភាក្សាពីចម្លើយរបស់ពួកគេជាថ្នាក់ទាំងមូល ។
អ្នកក៏អាចអញ្ជើញឲ្យក្រុមទាំងឡាយជជែកគ្នាអំពីសំណួរខាងក្រោមនេះទាំងអស់ ឬមួយចំនួនផងដែរ ( ឬអ្នកអាចពិភាក្សាវាជាថ្នាក់ទាំងមូល ) ៖
-
នៅក្នុងជីវិតរបស់អ្នកផ្ទាល់ តើអ្វីដែលបានជួយអ្នកឲ្យស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីនៃព្រះអម្ចាស់ដោយសេចក្ដីអំណត់ និងសេចក្ដីជំនឿ ? តើអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ ដែលអាចជួយអ្នកឲ្យឆ្លើយតបទៅនឹងពាក្យសម្ដីរបស់ព្យាការីតាមរបៀបនេះ ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាមានពរជ័យ ឬបានបំបែកភាពងងឹតឲ្យចេញឆ្ងាយ ដោយសារតែសេចក្ដីអំណត់ និងសេចក្ដីជំនឿរបស់អ្នក នៅក្នុងការស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីនោះ ?
-
តើព្រះអម្ចាស់បានប្រទានការទូន្មានអ្វីខ្លះ តាមរយៈព្យាការីរបស់ទ្រង់នាពេលថ្មីៗនេះ ដែលអាចតម្រូវឲ្យមានសេចក្ដីអំណត់ខ្លះ និងសេចក្ដីជំនឿដើម្បីទទួលបាន និងស្ដាប់តាម ?
សូមបង្ហាញសំណួរខាងក្រោម ហើយផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សពិចារណាពីសំណួរទាំងឡាយ ដែលអនុវត្តចំពោះពួកគេខ្លាំងបំផុត ។ សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រា និងធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ ដែលពួកគេទទួលបាន ។
-
ប្រសិនបើព្យាការីបានបង្រៀនអ្វីមួយអំពីអាពាហ៍ពិពាហ៍ ឬក្រុមគ្រួសារ ដែលពិបាកឲ្យខ្ញុំទទួលយកបាន តើខ្ញុំឆ្លើយតបយ៉ាងដូចម្ដេច ? តើព្រះអម្ចាស់អាចមានព្រះទ័យចង់ឲ្យខ្ញុំធ្វើអ្វីខ្លះនៅក្នុងស្ថានភាពនេះ ?
-
តើខ្ញុំមានចេតនា និងមានភាពខ្ជាប់ខ្ជួនខ្លាំងប៉ុណ្ណាដែរ នៅក្នុងការខិតខំដើម្បីស្ដាប់តាមពាក្យទូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ ទាក់ទងទៅនឹងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ? តើព្រះអម្ចាស់អាចសព្វព្រះទ័យឲ្យខ្ញុំកែលម្អខ្លួនយ៉ាងដូចម្តេច ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀននេះ ។ សូមអះអាងដល់សិស្សថា ព្រះអម្ចាស់ស្ម័គ្រព្រះទ័យជួយដល់ពួកគេ នៅពេលពួកគេព្យាយាមស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង ។
សម្រាប់ពេលក្រោយ
អ្នកអាចអញ្ជើញសិស្សឲ្យពិចារណាថា តើពួកគេធ្លាប់ឆ្ងល់ទេថា តើពួកគេនឹងក្លាយទៅជាមនុស្សបែបណានៅថ្ងៃអនាគត ឬអ្វីដែលពួកគេត្រូវធ្វើនៅក្នុងជីវិតនេះដែរឬទេ ។ សូមលើកទឹកចិត្តសិស្សឲ្យសិក្សា ឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ ប្រកបដោយការអធិស្ឋាន ដោយគិតដល់សំណួរទាំងនេះនៅក្នុងចិត្ត ៕