ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន ៖ និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច និង​គោលបំណង​នៃ​ភេទ


« មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន ៖ និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច និង​គោលបំណង​នៃ​ភេទ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន

និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច និង​គោលបំណង​នៃ​ភេទ

ភេទ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ជីវិត​មុន​ផែនដី​របស់​យើង ហើយ​វា​គឺជា​កត្តា​ដ៏​ចាំបាច់​ក្នុង​ការបំពេញ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​ពី​របៀប​ដែល​ផែនការ​របស់​ព្រះ​ជួយ​យើង​ឲ្យ​យល់ដឹង​ពី​សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច​នៃ​ភេទ​របស់​យើង ។ មេរៀន​នេះ​ក៏​នឹង​ផ្ដល់​នូវ​ការណែនាំ​សម្រាប់​សិស្ស​ដែល​អាច​នឹង​មាន​សំណួរ​ទាក់ទង​នឹង​ភេទ​ផង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ភេទ​ប្រុស​ស្រី​គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ ។

កំណត់​ចំណាំ ៖ អ្នក​គួរតែ​ប្រាប់​សិស្ស​អំពី​ភាពរសើប​នៃ​ប្រធានបទ​នេះ និង​ប្រធានបទ​ផ្សេងទៀត​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ហើយ​រំឭក​សិស្ស​ឲ្យ​ចូលរួម​ក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​ដោយ​សេចក្ដី​ស្រឡាញ់ ការយក​ចិត្ត​ទុក​ដាក់ និង​ការយល់ដឹង​ដូចជា​ព្រះគ្រីស្ទ ។ ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ប្រើ​គោលលទ្ធិ​តាម​របៀប​មួយ​ដែល​អញ្ជើញ​ឲ្យ​មាន​ស្មារតី​នៃ​ការចោទ​ប្រកាន់ និង​ការដាក់​ទោស ។ ផ្ទុយ​ទៅវិញ សូម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅពេល​អ្នក​បង្រៀន​តាម​របៀប​មួយ​ដែល​នាំមក​នូវ​ការ​យល់ដឹង សេចក្ដីសង្ឃឹម និង​ការព្យាបាល ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​គឺជា​គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​ថ្នាក់​អាយុ ១៤ ឆ្នាំ​ដែល​មាន​សំណួរ​មួយ​ចំនួន​អំពី​ភេទ ។ មាន​សិស្ស​ម្នាក់​បាន​សួរ​ថា « ហេតុអ្វី​ក៏​ភេទ​គឺជា​បញ្ហា​សំខាន់ ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ជាមួយ​នឹង​ដៃគូ ឬ​ជា​ក្រុម​តូចៗ ហើយ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ ដោយផ្អែក​លើ​ការបង្រៀន​របស់​សាសនាចក្រ ។ បន្ទាប់ពី​ទុក​ពេល​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា​មក សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​រួច អ្នក​គួរ​តែ​រំឭក លោកុប្បត្តិ ១:២៦–២៧ កថាខណ្ឌ​នៅ​ក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) និង សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា រួម​គ្នា​ឡើងវិញ ដែល​មាន​នៅ​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់មក អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ភេទ​ប្រុស​ស្រី​គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច ។ តាម​ផែនការ​របស់​ព្រះ បុរស និង​ស្ត្រី​គឺ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​ជួយគ្នា បំពេញ​ឲ្យ​គ្នា និង​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ទាំងពីរ​នាក់ ។ ( សូម​រំឭក​សិស​ថា « អត្ថន័យ​ពិត​របស់ ភេទ នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ​គឺជា ភេទ​ជីវសាស្ត្រ​នៅ​ពេល​កើត​មក » [ ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៦.២៣ ] ។ ឯកសារ​គ្រូបង្រៀន​នេះ​មាន​គោលបំណង​ប្រើប្រាស់​អត្ថន័យ​ដូចគ្នា​នេះ​អំពី​ភេទ លើកលែង​តែ​មាន​ការផ្ដល់​ណែនាំ​ផ្សេង​ទៀត ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ជួយ​សិស្ស​ឲ្យយល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ។ នៅពេល​សិស្ស​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ នោះ​ពួកគេ​អាច​អនុវត្ត​វា​បាន​កាន់​តែ​ពេញលេញ​ជាង​នេះ​ប្រកប​ដោយ​អត្ថន័យ ។ បន្ទាប់ពី​ស្គាល់​គោលការណ៍ និង​គោលលទ្ធិ​ហើយ សូម​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​វា​ចេញ​ពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ សូម​សួរ​សំណួរ​នានា​ដែល​ដឹកនាំ​សិស្ស​ទៅ​រក​ការយល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ព្រះរាជបំណង​របស់​ព្រះវរបិតា​សួគ៌​នៅ​ជុំវិញ​គោលលទ្ធិ​នោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​គោលលទ្ធិ​នោះ ហើយ​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​អនុវត្ត​បាន​ចំពោះ​ជីវិត​របស់​ពួកគេ​នា​សព្វថ្ងៃ​នេះ ។

អ្នក​អាច​ប្រើ​សំណួរ ឬ​សកម្មភាព​ខាងក្រោម​នេះ​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​ស្គាល់ ៖

  • តើ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​ជួយ​អ្នក​ឲ្យ​យល់​ថា « ភេទ​ប្រុសស្រី​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែងស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ដោយ​របៀបណា ? ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

  • តើ​វិញ្ញាណ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​បំពេញ​គ្នា​ឲ្យ​បាន​ល្អឥតខ្ចោះ​យ៉ាង​ដូចម្ដេច ? ( សូមមើល សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា និង អែលឌើរ ឌេល ជី រេនឡាន់ និង​ស៊ីស្ទើរ រស់ អិល រេនឡាន់ នៅ​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ តើ​អ្នក​ធ្លាប់​ឃើញ​គំរូ​អ្វីខ្លះ​ស្ដីពី​សមត្ថភាព​បំពេញ​បន្ថែម​របស់​បុរស និង​ស្ត្រី​ក្នុងការ​បំពេញ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង ?

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំរូ​ប្រពៃណី ឬ​វប្បធម៌​មួយ​ចំនួន​ដែល​កំណត់​ពី​បុរស ឬ​ស្ត្រី ។ ក្នុង​ចំណោម​គំរូ​ទាំង​នេះ តើ​គំរូ​ណា​មួយ​ដែល​មិន​ទាក់ទង​នឹង​អត្តសញ្ញាណ និង​គោលបំណង​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​ក្នុង​ផែនការ​របស់​ព្រះ ? តើធាតុ​អ្វីខ្លះ​នៃ​ភេទ​របស់​យើង​ជា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដែល​សំខាន់​ចំពោះ​អត្តសញ្ញាណ និង​គោលបំណង​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ?

សូម​ពិចារណា​ចែកចាយ​ពី​របៀប​ដែល​ជីវិត​របស់​អ្នក​មាន​ពរ​ដោយសារ​តែ​មាន​ទស្សនវិស័យ​មួយ​ដ៏​អស់កល្ប​ជានិច្ច​ស្ដីពី​ភេទ និង​របៀប​ដែល​ទស្សនវិស័យ​នោះ​បាន​មាន​ឥទ្ធិពល​លើ​អត្តសញ្ញាណ និង​គោលបំណង​របស់​អ្នក ។

ព្រះអម្ចាស់​អាច​ណែនាំ និង​គាំទ្រ​អ្នក​ដែល​មាន​អារម្មណ៍​មិន​ស្រប​តាម​ភេទ ឬ​មាន​សំណួរ​ទាក់ទង​នឹង​ភេទ​ផ្សេងទៀត ។

សូម​រំឭក​សិស្ស​ថា ផ្នែកទី ២ និង​ទី ៣ នៃ​ឯកសារ​រៀបចំ បាន​លើកឡើង​ពី​ស្ថានភាព​ដែល​បុគ្គល​ម្នាក់ៗ​អាច​មាន​អារម្មណ៍​មិន​ស្រម​តាម​ភេទ​រវាង​ភេទ​កំណើត​របស់​ពួកគេ និង​អត្តសញ្ញាណ​ភេទ​របស់​ពួកគេ អាច​កំណត់​ជា​អ្នក​ប្ដូរភេទ ឬ​អាច​មាន​សំណួរ​ទាក់ទង​នឹង​ភេទ​ផ្សេងទៀត ។

  • តើ​ការបង្រៀន​ជាក់លាក់​អ្វីខ្លះ​នៅ​ក្នុង ផ្នែក​ទី ២ និង​ទី ៣ នៃ​ឯកសារ​រៀបចំ ដែល​មាន​ន័យ​បំផុត​ចំពោះ​អ្នក ? ( ប្រសិនបើ​ចាំបាច់ សូម​ទុកពេល​ឲ្យ​សិស្ស​រំឭក​ផ្នែក​ទី ២ និង​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​យើង​អាចគិតគូរ និង​មាន​ភាព​ប្រុង​ប្រយ័ត្ន​កាន់​តែ​ច្រើន​ដោយ​របៀប​ណា ពេល​ពិភាក្សា​អំពី​ភេទ​ជាមួយ​នឹង​មនុស្ស​ដទៃ និង​ពេល​ពិចារណា​ពី​ការពិត​ដ៏​ស្មុគស្មាញ​របស់​មនុស្ស​ដទៃ​ដែល​យើង​អាច​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​នោះ ?

សូម​រំឭក​សិស្ស​ថា សាសនាចក្រ​បាន​ផ្ដល់​ធនធាន​ដើម្បី​គាំទ្រ​ដល់​បុគ្គល​ម្នាក់ៗ​ដែល​ជួប​ប្រទះ​នឹង​អារម្មណ៍​នៃ​ការ​មិនស្រប​តាម​ភេទ​នៅ​ក្នុង​ផ្នែក « Transgender »នៃ​គេហទំព័រ ChurchofJesusChrist.org ។

ជា​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​នេះ អ្នក​អាច​អាន ហើយ​ពិភាក្សា​ពី​សាច់រឿង​ដូចតទៅ​នេះ​រួម​គ្នា​នៅក្នុង​ថ្នាក់ ( សូម​សម្រប​ស្ថានភាព​នោះ​តាម​ការ​គួរ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក​ឲ្យ​បាន​ល្អ​បំផុត ) ៖

ជារឿយៗ អាឡិចសាន់ដ្រា មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្តសោះ​អំឡុង​ពេល​សន្ទនា​អំពី​អ្វី​ដែល​មនុស្ស​ទូទៅ​ចាត់ទុក​ថា​ជា​លក្ខណៈ​ដើម​របស់​បុរស និង​ស្ត្រី ។ នាង​មិន​មាន​អារម្មណ៍​ថា នាង​មាន​លក្ខណៈ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្ត្រី​នោះ​ទេ ។ នាងក៏​មាន​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​ជាច្រើន​ដែល​ត្រូវ​គ្នា​នឹង​ចំណាប់​អារម្មណ៍​នៃ​បុរស​មួយ​ចំនួន​ដែល​នាង​ស្គាល់​ផងដែរ ។ នៅពេល​ការសន្ទនា​អំពី​ភេទ​បាន​កើតឡើង​នៅ​ក្នុង​ព្រះវិហារ នាង​ងឿងឆ្ងល់​ថាតើ​នាង​ពិត​ជា​អាច​ចុះ​សម្រុង​នឹង​ស្ត្រី​ផ្សេង​ទៀត​ដែរឬទេ ។ នាង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទុកចិត្ត​លើ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ទ្រង់ ប៉ុន្តែ​នាង​មិន​ប្រាកដ​ពី​របៀប​ដែល​ទ្រង់​អាច​ជួយ​នាង​បាន​នៅ​ឡើយ ។ នៅទីបញ្ចប់ អាឡិចសាន់ដ្រា ពិតជា​ចង់​ដឹង​ថាតើ​បុគ្គលិក​លក្ខណៈ​របស់​នាង​នឹង​អនុញ្ញាត​ឲ្យ​នាង​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​នាង​ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ​បាន​ដែរទេ ។

អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​សាច់រឿង​នេះ​បាន ៖

  • ប្រសិន​បើ អាឡិចសាន់ដ្រា បាន​សុំ​ឲ្យ​អ្នក​ជួយ តើ​អ្នក​នឹង​ប្រឹក្សា​នាង​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ការយល់ដឹង​កាន់តែ​ច្បាស់​មួយ​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏អស់កល្ប​ជានិច្ច​របស់​នាង ?

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ​នឹង អាឡិចសាន់ដ្រា អំពី​របៀប​ដែល​ផែនការ​របស់​ព្រះ​បាន​ជួយ​អ្នក​ឲ្យ​យល់ដឹង​ពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏អស់កល្ប​ជានិច្ច​របស់​អ្នក​ក្នុង​នាម​ជា​បុរស ឬ​ស្ត្រី​ម្នាក់ ?

  • តើ​អាឡិចសាន់ដ្រា អាច​ក្លាយ​ជា​កម្លាំង​មួយ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​តាម​របៀបណា ?

វា​ប្រហែល​ជា​មាន​ប្រយោជន៍​ដើម្បី​បញ្ចប់​ការពិភាក្សា​របស់​អ្នក​អំពី​អាឡិចសាន់ដ្រា ដោយ​ការគូស​បញ្ជាក់​ថា អ្នក​ដែល​មាន​សំណួរ​អំពី​ភេទ​របស់​ពួកគេ ឬ​អ្នក​ដែល​ជួបប្រទះ​នឹង​អារម្មណ៍​នៃ​ការ​មិន​ស្រប​តាម​ភេទ​អាច​រីករាយ​នឹង​ពរជ័យ​ទាំងអស់​នៃ​ភាពអស់កល្ប​ជានិច្ច និង​សមាជិកភាព​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ប្រសិន​បើ​ពួកគេ​គោរព​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ ហើយ​បដិសេធ​មិន​ប្ដូរ​ភេទ​របស់​ពួកគេ ។ អ្នក​អាច​រំឭក​ជាមួយ​សិស្ស​នូវ ការព្រមាន​របស់​ប្រធាន អូក នៅ​ក្នុង​ផ្នែក​ទី ៣ អំពី​ការដាក់​ឈ្មោះ​ឲ្យ​ខ្លួន​ឯង​ជា​សាធារណៈ​តាម​របៀប​ដែល​អាច​នឹង​កំណត់​លទ្ធភាព​របស់​យើង ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្តាករុណា និង​ការរាប់អាន​ដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​នៃ​ការ​មិន​ស្រប​តាម​ភេទ​កំណើត​របស់​ពួកគេ និង​អត្តសញ្ញាណ​ភេទ​របស់​ពួកគេ អ្នក​ដែល​គេ​ស្គាល់​ថាជា​បុគ្គល​ប្ដូរភេទ ឬ​អ្នក​មាន​សំណួរ​ទាក់ទង​នឹង​ភេទ​ផ្សេងទៀត ។

អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ទោះ​ជា​យើង​មិន​អាច​យល់ដឹង​គ្រប់យ៉ាង​អំពី​អារម្មណ៍​នៃ​ការមិនស្រប​តាម​ភេទ ឬ​ប្រធានបទ​ផ្សេងទៀត​ទាក់ទង​នឹង​ភេទ​ក្ដី ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ជ្រាប​ពី​រឿង​នេះ ។ ទ្រង់​អាច​ណែនាំ និង​គាំទ្រ​អ្នក​ដែល​ងាក​មករក​ទ្រង់​បាន ។

សម្រាប់​ពេល​ក្រោយ

សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​អាន ហើយ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​នូវ ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​វិធី​ដើម្បី​យល់ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ហើយ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ពិភាក្សា​អំពី​វា​ដោយ​ការ​គោរព និង​ដោយ​ប្រុង​ប្រយ័ត្ន ។