« មេរៀនទី ១២ ឯកសារគ្រូបង្រៀន ៖ ការបីបាច់ទំនាក់ទំនងអាពាហ៍ពិពាហ៍ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១២ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១២ ឯកសារគ្រូបង្រៀន
ការបីបាច់ទំនាក់ទំនងអាពាហ៍ពិពាហ៍
ព្រះអម្ចាស់សព្វព្រះទ័យចង់ជួយយើងឲ្យស្ថាបនាអាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ច ។ ដោយប្រើប្រាស់ការប្រឹក្សារបស់ព្យាការី និងការបង្រៀន ក៏ដូចជាគំរូរបស់ព្រះយេស៊ូវគ្រីស្ទ សិស្សនឹងរកឃើញរបៀបដែលពួកគេអាចបីបាច់អាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ន ឬនាពេលអនាគតរបស់ពួកគេ ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យកំណត់ពីរបៀប ដើម្បីនៅជាប់នឹងស្វាមី ឬភរិយារបស់ពួកគេដោយស្មោះត្រង់ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
យើងអាចបីបាច់អាពាហ៍ពិពាហ៍របស់យើងបាន តាមរយៈការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមរំពឹងថាសិស្សនឹងបំពេញតួនាទីរបស់ពួកគេ ជាអ្នករៀនសូត្រ ។ « វិញ្ញាណនៃគោលបំណងមួយមាននៅក្នុងថ្នាក់រៀន ជាកន្លែងដែលគ្រូបង្រៀនរំពឹងចង់ឲ្យសិស្សបំពេញតួនាទីរបស់ពួកគេក្នុងនាមជាអ្នករៀន ហើយជួយពួកគេឲ្យធ្វើបែបនោះ ហើយជាកន្លែងដែលសិស្សត្រូវបានទុកចិត្តដើម្បីចែកចាយតាមរបៀបដ៏សំខាន់ » ( ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និង អ្នកដឹកនាំទាំងឡាយនៅក្នុងថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ ១៥ ) ។
សូមឲ្យសិស្សម្នាក់អានឮៗក្នុង សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីគំរូរបស់គូស្វាមីភរិយាដែលពួកគេស្គាល់ ដែលមានអាពាហ៍ពិពាហ៍ដ៏រីករាយ ។
សូមរៀបចំសិស្សឲ្យធ្វើការជាក្រុមតូចៗ ហើយចាត់តាំងឲ្យមានមេក្រុមម្នាក់សម្រាប់ក្រុមនីមួយៗ ។ សូមផ្ដល់ដល់ក្រុមនីមួយៗនូវច្បាប់ចម្លងសំណៅចែកដូចខាងក្រោម អានការណែនាំរួមគ្នា ហើយបន្ទាប់មក សូមឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពនេះឲ្យចប់ ។ ( ប្រសិនបើមានពេលវេលា អ្នកក៏អាចអញ្ជើញក្រុមទាំងឡាយឲ្យចុះផ្សាយប្លក់ ឬវីដេអូរបស់ពួកគេ នៅក្នុងអំឡុងពេលសកម្មភាពនេះ ហើយត្រៀមខ្លួនដើម្បីចែកចាយវាជាមួយនឹងសិស្សក្នុងថ្នាក់ ) ។
គោលការណ៍សំខាន់ៗដើម្បីបីបាច់អាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចមួយ
ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច—មេរៀនទី ១២
សូមស្រមៃថា ក្រុមរបស់អ្នកនឹងសរសេរប្លក់មួយដើម្បីចុះផ្សាយ ឬបង្កើតវីដេអូមួយ ដែលមានចំណងជើងថា « គោលការណ៍សំខាន់ៗដើម្បីបីបាច់អាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចមួយ » ។ គោលការណ៍ទាំងឡាយសម្រាប់ការចុះផ្សាយប្លក់ ឬវីដេអូរបស់អ្នក គួរតែទាញចេញមកពី ផ្នែកទី ១ និង ២ នៃឯកសាររៀបចំ ឬចេញពីព្រះគម្ពីរ ។ ដោយសារអ្នកមិនអាចលើកឡើងពីចំណុចសំខាន់ៗទាំងឡាយនៅក្នុងការចុះផ្សាយប្លក់ ឬវីដេអូរបស់អ្នកបានតែម្ដងឲ្យអស់ នោះសូមសម្រេចចិត្តពីរបៀបដ៏សំខាន់បំផុតចំនួនប្រាំយ៉ាង ដើម្បីបំពេញគោលការណ៍ដូចតទៅនេះ ៖ ស្វាមី និងភរិយាអាចបីបាច់អាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចមួយបាន តាមរយៈ …
ឧទាហរណ៍ ៖
ស្វាមី និងភរិយាអាចបីបាច់អាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចមួយបាន តាមរយៈការធ្វើតាមគំរូនៃសេចក្ដីស្រឡាញ់ និងការលះបង់ដ៏សុចរិតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល អេភេសូរ ៥:២៥, ២៨–៣១ ) ។
សំណួរនៅខាងក្រោមនេះអាចជួយអ្នកឲ្យសម្រេចថា គោលការណ៍ណាមួយដែលត្រូវដាក់បញ្ចូល ៖
-
ហេតុអ្វីបានជាគោលការណ៍នេះគួរតែដាក់បញ្ចូលនៅក្នុងការចុះផ្សាយប្លក់ ឬវីដេអូរបស់យើង ? តើការរស់នៅតាមគោលការណ៍នេះរួមចំណែកដល់អាពាហ៍ពិពាហ៍ដ៏រីករាយ និងយូរអង្វែងតាមរបៀបណា ?
-
តើគូស្វាមីភរិយាដែលបានរៀបការដ៏រីករាយ ដែលយើងបានជជែកគ្នានៅក្នុងការរៀបចំសម្រាប់ថ្នាក់ បានលើកឡើងពីគោលការណ៍នេះដែរឬទេ ? ប្រសិនបើពួកគេបានលើកឡើង តើពួកគេបានចែកចាយអ្វីខ្លះអំពីវា ?
© 2022 by Intellectual Reserve, Inc. All rights reserved
គោលការណ៍សំខាន់ៗដើម្បីបីបាច់អាពាហ៍ពិពាហ៍ដ៏រីករាយ និងដ៏នៅអស់កល្បជានិច្ចមួយ
ក្រោយពីក្រុមទាំងឡាយមានពេលវេលាគ្រប់គ្រាន់ដើម្បីកំណត់ និងកត់ត្រាគោលការណ៍ទាំងប្រាំរួចហើយ សូមឲ្យពួកគេសរសេរគោលការណ៍ចំនួនបីសំខាន់បំផុតនៅលើក្ដារខៀន ( ឬឲ្យពួកគេចែកចាយការចុះផ្សាយប្លក់ ឬវីដេអូរបស់ពួកគេ ) ។ បន្ទាប់ពីកំណត់គោលការណ៍ទាំងឡាយហើយ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនចេញពីបទពិសោធន៍នេះ ។ នៅពេលពួកគេចែកចាយ សូមពិចារណាសួរសំណួរដែលស្រដៀងគ្នាទៅនឹងសំណួរដូចខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យធ្វើសកម្មភាពដ៏មានប្រសិទ្ធភាព និងសុចរិត ។
-
តើអ្នកបានឃើញគោលការណ៍នេះអនុវត្តជាសកម្មភាពនៅពេលណាដែរ ? តើអ្នកបានសង្កេតឃើញអ្វីខ្លះ ?
-
តើព្រះជន្ម និងគំរូរបស់ព្រះអង្គសង្គ្រោះអាចពង្រីកការយល់ដឹងរបស់អ្នកអំពីគោលការណ៍នេះដោយរបៀបណា ?
-
ប្រសិនបើអ្នកនៅលីវ តើអ្នកអាចអនុវត្តគោលការណ៍នេះតាមរបៀបណាខ្លះ ដើម្បីជួយរៀបចំអ្នកសម្រាប់អាពាហ៍ពិពាហ៍ដ៏រីករាយមួយ ?
-
ប្រសិនបើអ្នកបានរៀបការរួចហើយ តើការអនុវត្តគោលការណ៍នេះនៅក្នុងអាពាហ៍ពិពាហ៍របស់អ្នក អាចដឹកនាំទៅរកសុភមង្គលកាន់តែខ្លាំងឡើងតាមរបៀបណា ?
បន្ទាប់ពីមានការពិភាក្សាដ៏មានអត្ថន័យមួយរយៈហើយ សូមអញ្ជើញសិស្សឲ្យកត់ត្រាសកម្មភាពជាក់លាក់មួយ ដែលពួកគេនឹងធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ដ៏រីករាយមួយ ឬដើម្បីបីបាច់អាពាហ៍ពិពាហ៍របស់ពួកគេឲ្យបានកាន់តែប្រសើរឡើង ។
ស្វាមី និងភរិយាត្រូវនៅជាប់នឹងគ្នាទៅវិញទៅមក ។
ប្រសិនបើអាចធ្វើបាន សូមបង្ហាញក្លីបវីដេអូខាងក្រោមនេះមកពីប្រធាន រ័សុល អិម ណិលសុន ដែលបានចែកចាយពីបទពិសោធន៍មួយ ដែលលោកបានសង្កេតឃើញពីគូស្វាមីភរិយារៀបការហើយមួយគូនៅលើយន្ដហោះ ( សូមមើលពីលេខកូដពេលវេលា ០:២៤ ដល់ ១:៥០ ) ។ ក្លីបវីដេអូនេះគឺមកពីសុន្ទរកថា « Nurturing Marriage » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ ) ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F9f%2F60%2F9f60202a6d81a5a547fd204ddbaeab0de1a90a01%2F9f60202a6d81a5a547fd204ddbaeab0de1a90a01.jpeg/full/!250,/0/default)
ប្រសិនបើមិនមានវីដេអូ ឬការថតសំឡេងទេ នោះសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះរួមគ្នា ៖
នៅពេលពួកយើងធ្វើដំណើរទូទាំងពិភពលោក នោះពេលខ្លះ យើងឃើញស្ថានភាពដ៏គួរឲ្យបារម្ភមួយចំនួន ។ នៅលើជើងហោះហើរនាពេលថ្មីៗនេះមួយ ខ្ញុំបានអង្គុយពីក្រោយស្វាមី និងភរិយាមួយគូ ។ ច្បាស់ណាស់ នាងស្រឡាញ់ស្វាមីរបស់នាង ។ នៅពេលនាងអង្អែលកញ្ចឹងករបស់គាត់ ខ្ញុំអាចមើលឃើញចិញ្ចៀនរៀបការរបស់នាង ។ នាងបានអង្គុយកៀកនឹងគាត់ ហើយដាក់ក្បាលនាងនៅលើស្មាគាត់ ដោយចង់បានភាពជិតស្និទ្ធនឹងគ្នា ។
ផ្ទុយស្រឡះទៅវិញ គាត់ហាក់ដូចជាភ្លេចពីវត្តមានរបស់នាងទាំងស្រុង ។ គាត់បានផ្ដោតអារម្មណ៏ទៅលើប្រដាប់លេងហ្គេមអេឡិចត្រូនិចតែប៉ុណ្ណោះ ។ អំឡុងពេលនៃការហោះហើរទាំងមូល គាត់គិតតែពីសម្លឹងមើលឧបករណ៍នោះឥតដាក់ភ្នែក ។ គាត់មិនបានមើលទៅនាង និយាយរកនាង ឬដឹងថានាងចង់ឲ្យគាត់កៀកកើយនឹងគាត់សូម្បីតែម្ដង ។
ការមិនយកចិត្តទុកដាក់របស់គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់ស្រែកឲ្យថា ៖ « សូមបើកភ្នែករបស់លោកផង លោកប្រុស ! តើលោកមិនឃើញទេឬ ? សូមយកចិត្តទុកដាក់បន្ដិចមើល ! ភរិយារបស់លោកស្រឡាញ់លោក ! នាងត្រូវការលោក ! »
ខ្ញុំមិនដឹងអ្វីច្រើនពីពួកគេឡើយ ។ ខ្ញុំក៏មិនបានជួបនឹងពួកគេតាំងពីពេលនោះមក ។ ប្រហែលខ្ញុំបារម្ភហួសហេតុពេក ។ ហើយវាអាចថា ប្រសិនបើបុរសនេះដឹងពីកង្វល់របស់ខ្ញុំសម្រាប់ពួកគេ នោះគាត់អាចមានអារម្មណ៍សោកស្ដាយចំពោះខ្ញុំ ដែលខ្ញុំមិនដឹងពីរបៀបប្រើប្រាស់ឧបករណ៍លេងហ្គេមដ៏រំភើបបែបនោះ ។ ( « Nurturing Marriage » ទំព័រ ៣៦ )
-
តើអាកប្បកិរិយារបស់ស្វាមីនេះមានបញ្ហាអ្វីខ្លះនៅក្នុងស្ថានភាពនេះ ?
-
តើមានអ្វីខ្លះដែលអាចជ្រៀតជ្រែកដល់ទំនាក់ទំនងស្វាមីភរិយា និងការបីបាច់អាពាហ៍ពិពាហ៍របស់ពួកគេ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២ ឲ្យឮៗ ។ សូមសង្កត់ធ្ងន់ថា ស្វាមី និងភរិយាត្រូវស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីដួងចិត្តរបស់ពួកគេ ហើយនៅជាប់នឹងគ្នាទៅវិញទៅមក តែពីរនាក់ប៉ុណ្ណោះ ។ សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរខាងក្រោមនេះមួយ ឬច្រើន ដើម្បីជួយពួកគេឲ្យយល់ពីគោលការណ៍នេះបានកាន់តែស៊ីជម្រៅ ។
-
តើការនៅជាប់នឹងស្វាមី ឬភរិយារបស់អ្នក ហើយ « គ្មាននរណាទៀតឡើយ » មានន័យយ៉ាងដូចម្ដេច ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២ ) ។ ( អ្នកអាចចង់ពិនិត្យឡើងវិញក្នុង សេចក្ដីថ្លែងការណ៍ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ) ។ ហេតុអ្វីបានជាការនៅជាប់នឹងគ្នា គឺជាការបង្ហាញសេចក្ដីស្រឡាញ់ដ៏មានអានុភាព ?
-
តើមានរបៀបផ្សេងទៀតអ្វីខ្លះ ដែលភក្ដីភាពនៅក្នុងអាពាហ៍ពិពាហ៍ ( ភាពស្មោះត្រង់ចំពោះស្វាមី ឬភរិយារបស់អ្នក ) អាចរងការប្រឈម ? តើស្វាមីភរិយាអាចការពារខ្លួនរបស់ពួកគេពីភាពមិនស្មោះត្រង់តាមគ្រប់ទម្រង់ នៅក្នុងអាពាហ៍ពិពាហ៍ដោយរបៀបណា ? ( សូមពិចារណាអញ្ជើញសិស្សឲ្យរំំឭកសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ អិល វិតនី ក្លេតុន និង ប្រធាន ណិលសុន នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ) ។
-
តើគូស្វាមីភរិយាដែលបានរៀបការរួចហើយ អាចរក្សាតុល្យភាព និងបង្កើតគម្លាតសម្រាប់ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ខណៈពេលដែលនៅតែអាចបីបាច់ និងថែទាំដោយសមរម្យដើម្បីឲ្យមានភក្ដីភាពទាំងស្រុងចំពោះអាពាហ៍ពិពាហ៍របស់ពួកគេដោយរបៀបណា ?
សូមឲ្យសិស្សមានពេលវេលាកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ដែលពួកគេត្រូវបានអញ្ជើញឲ្យពិចារណានៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ៖
-
តើអ្នកត្រូវធ្វើការកែតម្រូវអ្វីខ្លះនៅពេលនេះ ដើម្បីរៀបចំខ្លួនឲ្យបានកាន់តែប្រសើរ ដើម្បីនៅជាប់នឹងអនាគតស្វាមី ឬភរិយារបស់អ្នក ឬដើម្បីនៅជាប់ឲ្យបានកាន់តែពេញលេញទៅនឹងស្វាមី ឬភរិយារបស់អ្នក ប្រសិនបើអ្នករៀបការរួចហើយ ?
សូមបញ្ចប់មេរៀននេះ ដោយការថ្លែងទីបន្ទាល់អំពីព្រះទ័យ និងសមត្ថភាពរបស់ព្រះអម្ចាស់ដើម្បីគាំទ្រយើងនៅក្នុងការស្ថាបនាអាពាហ៍ពិពាហ៍ដ៏រីករាយ និងនៅអស់កល្បជានិច្ច នៅពេលយើងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាពរបស់យើង ។
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យសិក្សាឯកសាររៀបចំសម្រាប់ មេរៀនលើកក្រោយ ប្រកបដោយការអធិស្ឋាន ដែលនឹងថ្លែងអំពីអំណោយទានដ៏ផ្អែមល្ហែម និងពិសិដ្ឋនៃភាពជិតស្និទ្ធខាងផ្លូវភេទ ។ សូមលើកទឹកចិត្តសិស្សឲ្យមកថ្នាក់រៀន ដោយបានត្រៀមខ្លួនដើម្បីជជែកគ្នាដោយស្មោះត្រង់ និងដោយការគោរព អំពីអំណោយទាននេះ និងរបៀបការពារវា ។