« មេរៀនទី ១១ ឯកសារគ្រូបង្រៀន ៖ ការជ្រើសរើសដៃគូដ៏អស់កល្បជានិច្ច » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១១ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១១ ឯកសារគ្រូបង្រៀន
ការជ្រើសរើសដៃគូដ៏អស់កល្បជានិច្ច
ព្រះអម្ចាស់សព្វព្រះទ័យចង់ជួយយើងនៅក្នុងការខិតខំរបស់យើង ដើម្បីស្វែងរកដៃគូដ៏អស់កល្បជានិច្ចម្នាក់ ។ នៅក្នុងមេរៀននេះ សិស្សនឹងពន្យល់ពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេខិតខំបង្កើតទំនាក់ទំនងជាមួយនឹងសមាជិកដែលមានភេទផ្ទុយគ្នា ហើយរៀបអាពាហ៍ពិពាហ៍ ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យជ្រើសរើសយកគុណលក្ខណៈដូចជាព្រះគ្រីស្ទ ដែលពួកគេអាចព្យាយាមអភិវឌ្ឍបាន ដែលនឹងជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ឬសមនឹងអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចបានកាន់តែប្រសើរឡើង ។
ព្រះអម្ចាស់រំពឹងឲ្យយើងធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើទ្រង់ នៅពេលយើងស្វែងរកដៃគូដ៏អស់កល្បជានិច្ចម្នាក់ ។
សូមបែងចែកសិស្សក្នុងថ្នាក់ជាក្រុមតូចៗ ហើយចាត់តាំងឲ្យមានមេក្រុមម្នាក់សម្រាប់ក្រុមនីមួយៗ ។ សូមចែកដល់សិស្សម្នាក់ៗនូវផ្នែកទី ១ នៃសាច់រឿងខាងក្រោមនេះ ព្រមទាំងសំណួរដែលមានបន្ដបន្ទាប់ ។ សូមណែនាំសិស្សឲ្យអានសាច់រឿងនេះឲ្យឮៗរួមគ្នា ហើយពិភាក្សាអំពីសំណួរទាំងនេះ ។ ( ប្រសិនបើអាចធ្វើទៅបាន អ្នកអាចផ្ញើផ្នែកទី ១ នៃសាច់រឿងនេះទៅកាន់សិស្សជាមុន ដើម្បីឲ្យពួកគេអាចមករៀនដោយបានអាន និងគិតអំពីវាទុកជាមុន ) ។
កំណត់ចំណា ៖ សូមពិចារណាពីរបៀបដែលអ្នកអាចសម្របសាច់រឿងនេះបាន ដើម្បីឲ្យវាកាន់តែពាក់ព័ន្ធនឹងកាលៈទេសៈ សំណួរ ឬវប្បធម៌របស់សិស្ស ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីសាច់រឿងនេះ និងសំណួរទាំងឡាយហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬមានអារម្មណ៍នៅអំឡុងពេលពិភាក្សារបស់ពួកគេ ។ នៅពេលសិស្សចែកចាយ អ្នកអាចជួយពួកគេឲ្យរកឃើញសេចក្ដីពិត ដែលស្រដៀងនឹងសេចក្ដីពិតដូចតទៅនេះ ៖ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យមានសេចក្ដីក្លាហាន និងសេចក្ដីអំណត់នៅក្នុងកិច្ចខិតខំរបស់យើង ដើម្បីស្វែងរកដៃគូដ៏អស់កល្បជានិច្ច ។ ព្រះរំពឹងឲ្យយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង ដើម្បីបន្ដធ្វើតាមផែនការរបស់ទ្រង់ ។ សូមពិចារណាសរសេរសេចក្ដីពិតដែលសិស្សរកឃើញដាក់នៅលើក្ដារខៀន ។
ការអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ និងការស្វែងរកវិវរណៈនឹងជួយយើងឲ្យរៀបចំខ្លួនដើម្បីរៀបអាពាហ៍ពិពាហ៍ ។
សូមចែកដល់សិស្សម្នាក់ៗនូវផ្នែកទី ២ នៃសាច់រឿងខាងក្រោមនេះ ។ សូមណែនាំពួកគេឲ្យអានសាច់រឿងនេះ ហើយពិភាក្សានៅក្នុងក្រុមរបស់ពួកគេអំពីសំណួរបន្ដ ។
បន្ទាប់ពីទុកពេលឲ្យគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សពីរបីនាក់ចែកចាយអំពីអ្វីដែលពួកគេបានរៀន ឬមានអារម្មណ៍ក្នុងអំឡុងពេលការពិភាក្សាជាក្រុមរបស់ពួកគេ ។
សូមពិនិត្យឯកសារមេរៀននានាឡើងវិញនៅក្នុង ផ្នែកទី ២ នៃឯកសាររៀបចំ ដែលអាចមានប្រយោជន៍ដល់សិស្ស ។ អ្នកអាចរកឃើញសេចក្ដីពិតដូចតទៅនេះជាពិសេស ៖ យើងរៀបការនឹងសក្ដានុពលភាព មិនមែននឹងភាពល្អឥតខ្ចោះនោះទេ ។ ប្រសិនបើអ្នកសង្ឃឹមឲ្យដៃគូដ៏អស់កល្បជានិច្ចមានគុណសម្បត្តិខាងវិញ្ញាណមួយចំនួន នោះសូមព្យាយាមអភិវឌ្ឍគុណសម្បត្តិទាំងនោះខ្លួនឯងសិន ។ ប្រសិនបើយើងស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់នៅក្នុងការសម្រេចចិត្តរបស់យើង នោះទ្រង់នឹងមានបន្ទូលជាសេចក្ដីសុខសាន្ដដល់គំនិតរបស់យើង ហើយយើងនឹងមានអារម្មណ៍នោះ នៅពេលជម្រើសរបស់យើងត្រឹមត្រូវ ។
ប្រសិនបើមានសិស្សដែលបានរៀបការរួចហើយនៅក្នុងថ្នាក់របស់អ្នក នោះអ្នកអាចអញ្ជើញពួកគេម្នាក់ ឬពីរនាក់ឲ្យឡើងចែកចាយពីបទពិសោធន៍របស់ពួកគេ ជាមួយនឹងសេចក្ដីពិតទាំងនេះណាមួយ ។ ប្រសិនបើអ្នកបានរៀបការរួចហើយ សូមពិចារណាចែកចាយបទពិសោធន៍របស់អ្នកផ្ទាល់ផងដែរ ។ សូមថ្លែងទីបន្ទាល់អំពីព្រះទ័យរបស់ព្រះអម្ចាស់ ដែលចង់ជួយសិស្សនៅក្នុងដំណើរស្វែងរកដៃគូដ៏អស់កល្បជានិច្ចរបស់ពួកគេ ។
អ្នកអាចសួរសិស្សថា តើពួកគេមានសំណួរណាមួយដែលទាក់ទងទៅនឹងមេរៀននៅថ្ងៃនេះដែរឬទេ ។ ប្រសិនបើពួកគេមានសំណួរ សូមចំណាយពេលខ្លះៗដើម្បីពិភាក្សាអំពីសំណួររបស់ពួកគេក្នុងថ្នាក់រួមគ្នា ។ បន្ទាប់មក សូមផ្ដល់ពេលវេលាពីរបីនាទីនៅចុងមេរៀន ដើម្បីឲ្យសិស្សកត់ត្រាចំណាប់អារម្មណ៍នានា ដែលពួកគេអាចមានអំពីស្ថានភាពរបស់ពួកគេផ្ទាល់ ។ សូមអញ្ជើញពួកគេឲ្យកំណត់ពីរបៀប ដែលពួកគេអាចបន្ដអនុវត្តសេចក្ដីជំនឿរបស់ពួកគេលើព្រះអម្ចាស់នៅក្នុងកិច្ចខិតខំដើរលេងជាគូរបស់ពួកគេ ឬអ្វីដែលពួកគេត្រូវធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿកាន់តែខ្លាំងទៅលើទ្រង់ ។
សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនសម្រាប់មេរៀនលើកក្រោយ តាមរយៈការសិក្សា ឯកសាររៀបចំ និងការសួរគូស្វាមីភរិយារីករាយមួយគូដែលបានរៀបការហើយ ពីរបៀបដែលពួកគេថែទាំអាពាហ៍ពិពាហ៍របស់ពួកគេ និងរក្សាទំនាក់ទំនងរបស់ពួកគេឲ្យមានភាពរឹងមាំ ។