ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៨ ឯកសារ​គ្រូបង្រៀន ៖ ការមាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច


« មេរៀន​ទី ២៨ ឯកសារ​គ្រូបង្រៀន ៖ ការមាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៨ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀនទី ២៨ ឯកសារ​គ្រូបង្រៀន

ការមាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

យើង​គ្រប់គ្នា​អាច​មាន​សេចក្ដី​សង្ឃឹម​ថា យើង​អាច​បង្កើត​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​មួយ​បាន ទោះជា​ស្ថានភាព​គ្រួសារ​របស់យើង​យ៉ាង​ណាក៏ដោយ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ថា ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឲ្យទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ សិស្ស​ក៏​នឹង​មាន​ឱកាស​ដើម្បី​ចែកចាយ ហើយ​កំណត់​ពី​របៀប​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ដក​ពិសោធន៍​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​មាន​ភាពជោគជ័យ​ក្នុង​ការ​បង្កើត​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។

កំណត់​ចំណាំ ៖ សូម​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ជម្រើស​ក្នុង​ការបង្រៀន​សម្រាប់​ផ្នែក​ទីមួយ​នៃ​មេរៀន​នេះ ដែល​នឹង​ផ្ដល់ពរជ័យ​ច្រើន​បំផុត​ដល់​សិស្ស​របស់​អ្នក ។ សូម​ធានា​ឲ្យ​បាន​ថា អ្នក​ទុក​ពេល ២០ នាទី​សម្រាប់​ផ្នែក​ចុងក្រោយ​នៃ​មេរៀននេះ ។

សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា ហើយ​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​អ្វីខ្លះ​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ នៅពេល​ពួកគេ​យល់ព្រម​ធ្វើ​ដូច្នោះ ។

សូម​ដាក់បង្ហាញ​សេចក្ដីពិត​ដូចតទៅ​នេះ​មកពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅ​ក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ៖ « ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ បងប្អូន​អាច​បង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​បាន » ( « A Welding Link » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

សូម​ជ្រើស​យក​សកម្មភាព​មួយ​ដូច​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​នេះ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​អ្វីដែល​ពួកគេ​បាន​រៀន កាល​កំពុង​រៀបចំខ្លួន​សម្រាប់​មេរៀន​នេះ ៖

ជម្រើស​ទី ១

សូម​រំឭក​សិស្ស​ថា នៅក្នុង​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅ​ក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​រកមើល​គំរូ​មួយ​នៅក្នុង​បទគម្ពីរ ឬ​បទពិសោធន៍​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​ដល់​អស់​អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់ ហើយ​ស្វែង​រក​ជំនួយ​របស់​ទ្រង់ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​ពិនិត្យ​មើល​ពី​គំរូ និង​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនោះ ។

សូម​បំបែក​សិស្ស​ជា​គូ ឬ​ជាក្រុម​តូចៗ ។ សូម​ទុកពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​គំរូ និង​ចម្លើយ​របស់​ពួកគេ ។

នៅពេល​សិស្ស​បានបញ្ចប់ សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ដូច​តទៅ​នេះ ដាក់​នៅ​លើ​ក្តារខៀន ៖ សូម​ចងចាំ​ជានិច្ច​ថា ៖  ។ សូម​ឲ្យ​ក្រដាស​មួយ​បំណែក​តូច និង​ស្កុត​មួយ​បន្ទះ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នៅ​លើក្ដារខៀន​នេះ ដើម្បី​បង្កើត​ជា​សេចក្ដីពិត​មួយ​ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ដែល​វា​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​បិទ​ក្រដាស​របស់​ពួកគេ​នៅ​លើ​ជញ្ជាំង​ជុំវិញ​បន្ទប់ ។ ( ប្រសិន​បើ​ថ្នាក់​របស់​អ្នក​តូច នោះ​អ្នក​អាច​សម្រប​សកម្មភាព​នេះ​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន​បាន ) ។

សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​ដើរ​ជុំវិញ​បន្ទប់ ហើយ​អាន​សេចក្ដី​ថ្លែងការណ៍​របស់​គ្នា​ទៅវិញ​ទៅ​មក ។ នៅពេល​សិស្ស​បញ្ចប់ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​សេចក្ដីពិត​បន្ថែម​ទៀត​ណា​មួយ​ដែល​ពួកគេ​ចង់​ចងចាំ ឬ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​ពួកគេ​អាច​ទទួល​បាន ។

ជម្រើស​ទី ២

សូម​ពន្យល់​ថា ពួកយើង​មួយ​ចំនួន​ប្រហែល​ជា​ពិបាក​នឹង​មាន​សង្ឃឹម​ថា​អាច​បង្កើត​ឲ្យមាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ដោយសារ​យើង​មិន​បាន​ដកពិសោធន៍​នូវ​គន្លង​គ្រួសារ​សុចរិត​ក្នុង​ក្រុមគ្រួសារ​របស់​យើង​ផ្ទាល់​នៅ​ឡើយ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​បទពិសោធន៍​របស់​ព្យាការី​អ័ប្រាហាំ​ដែល​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង​បាន ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​អ័ប្រាហាំ​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ សូម​ពិចារណា​អាន អ័ប្រាហាំ ១:២ រួមគ្នា ។ បន្ទាប់​មក សូម​ជួយ​សិស្ស​ឲ្យ​កំណត់​សេចក្ដីពិត​មួយ​ដូច​តទៅ​នេះ ៖ យើង​អាច​ជា​ចំណុច​បង្វែរ​សម្រាប់​គ្រួសារ​របស់​យើង​បាន ហើយ​ជ្រើសរើស​សេចក្ដី​សុចរិត មិន​ថា​ស្ថានភាព​គ្រួសារ​របស់​យើង​មាន​សភាព​បែបណា​នោះ​ឡើយ ) ។

  • ប្រសិន​បើ​មាន​នរណាម្នាក់ តើ​នរណា​ទៅ​ដែល​ជា​ឧបករណ៍​ក្នុង​ការ​ចាប់ផ្ដើម ( ឬ​បន្ត ) គន្លង​គ្រួសារ​សុចរិត​នៅក្នុង​គ្រួសារ​របស់​អ្នក ? តើ​ការសម្រេច​ចិត្ត​របស់​បុគ្គល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ឃ្លា​ទី​បី និង​ទី​ប្រាំ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅ​ក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។

  • តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ « បន្ថែម​កម្លាំង​ដល់​តំណ​ភ្ជាប់​របស់​អ្នក ហើយ​ប្រហែល​ជា​ជួយ​ស្ដារ​ចំណង​ដែល​ដាច់​នោះ​ឡើងវិញ​ផង » ដោយ​របៀបណា ? ( « A Welding Link » ) ។ ( អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នេះ ជាជាង​ការពិភាក្សា​វា​ជា​ថ្នាក់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សំណួរ​ដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិចារណា​អំពី​គន្លង​គ្រួសារ​ដែល​ត្រូវ​ចាប់ផ្ដើម បន្ត ឬ​ផ្ដាច់​ចោល ( សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​រាល់​គំនិត ឬ​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​មាន ។

យើង​នឹង​មាន​ពរជ័យ នៅពេល​យើង​សញ្ជឹង​គិត​ពី​អ្វី​ដែល​យើង​បាន​រៀន និង​ការដាក់​ផែនការ​ពី​វិធី​ដើម្បី​អនុវត្ត​វា ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ទុក​ពេល​ឲ្យ​សិស្ស​សញ្ជឹង​គិត ។ សិស្ស​អាច​ស្វែងរក​គោលបំណង​ដ៏​ជ្រាលជ្រៅ និង​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​ការរៀនសូត្រ​របស់​ពួកគេ នៅពេល​ពួកគេ​ចំណាយ​ពេល​សញ្ជឹង​គិត​ពី​របៀប​ដែល​សេចក្ដីពិត​នៃ​ដំណឹងល្អ​បាន​ជះ​ឥទ្ធិពល​លើ​គំនិត ដួងចិត្ត និង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន និង​អារម្មណ៍​ដែល​ពួកគេ​មាន​ដែល​អាច​ជួយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​បាន ។

សូម​ពិចារណា​ដាក់​បង្ហាញ​សំណៅ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​រំឭក​សិស្ស​ពី​ឱកាស​ដែល​ពួកគេ​មាន​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ដើម្បី​សិក្សា​នូវ​ការបង្រៀន​ស្ដីពី​គ្រួសារ​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។

សូម​ដាក់​បង្ហាញ​ចំណង​ជើង​មេរៀន​នៅ​ក្នុង​វគ្គសិក្សា​នេះ ឬ​អញ្ជើញ​សិស្ស​ឲ្យ​មើល​វា​នៅ​លើ​ឧបករណ៍​របស់​ពួកគេ ។ សូម​ទុកពេល​ឲ្យ​សិស្ស​ពិនិត្យ​មើល​ចំណង​ជើង​មេរៀន​ទាំងនោះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ទទួល​អារម្មណ៍ និង​ដកពិសោធន៍​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ អ្នក​គួរ​តែ​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​ឲ្យមាន​ការពិភាក្សា​បន្ថែម​ទៀត ៖

  • តើ​វគ្គសិក្សា​នេះ​បាន​ជះឥទ្ធិពល​ដល់​ការយល់ដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វីទៅ​ដែល​ជា​ចំណុច​មួយ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​ទទួល​បាន​ពី​វគ្គសិក្សា​នេះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេញ​មួយ​វគ្គ​សិក្សា​នេះ ? តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ទ្រង់​ទាំង​ទ្វេ​ត្រូវ​បាន​ពង្រឹង​ដោយ​របៀប​ណា ?

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន អិម រ័សុល បាឡឺដ នៅ​ក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ វាអាច​មាន​ប្រយោជន៍​ក្នុង​ការបង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​ទុក​ពេល​ពីរបី​នាទី​ឲ្យ​សិស្ស​​កត់ត្រា​គំនិត ឬ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អំពី​សំណួរ​ទាំងនោះ ។

  • តើ​ជីវិត​របស់​អ្នក​នឹង​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា​ទៅ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន និង​ដកពិសោធន៍​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ? តើ​អ្នក​នឹង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ណាម្នាក់​ដែល​ចង់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​គ្រួសារ​នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​ឲ្យ​ធ្វើ​កិច្ចការ​នោះ ប្រសិន​បើ​មាន​ពេល ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​ផង​ដែរ ។ ហើយ​សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ដ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន ។