ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ឯកសារ​គ្រូបង្រៀន ៖ ការដោះស្រាយ​បញ្ហា​ប្រើប្រាស់​រូបអាសគ្រាម


« មេរៀន​ទី ១៤ ឯកសារ​គ្រូបង្រៀន ៖ ការដោះស្រាយ​បញ្ហា​ប្រើប្រាស់​រូបអាសគ្រាម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៤ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១៤ ឯកសារ​គ្រូបង្រៀន

ការដោះស្រាយ​បញ្ហា​ប្រើប្រាស់​រូបអាសគ្រាម

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ការពារ​យើង​ពី​ឥទ្ធិពល​ដ៏រាលដាល​នៃ​រូបអាសគ្រាម​បាន ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​ជំនួយ​ដ៏ទេវភាព​នេះ ។ សិស្ស​ក៏នឹង​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ដើម្បី​ព្យាបាល​ពួកគេ​ពី​ឥទ្ធិពល​នៃ​ការប្រើប្រាស់​រូប​អាសគ្រាម​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការយល់​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏ទេវភាព​របស់​យើង ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​រូបអាសគ្រាម​បាន ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​បន្ដ​និយាយគ្នា​ដោយ​វិជ្ជមាន និង​ពេញ​ទៅដោយ​ក្ដីសង្ឃឹម​នៅក្នុង​មេរៀន​នេះ ។ សំឡេង​ដែល​អ្នក និង​សិស្ស​របស់​អ្នក​និយាយ​ពិភាក្សា​គ្នា​អំពី​ការបង្រៀន​ដំណឹងល្អ អាច​មាន​ឥទ្ធិពល​ដល់​ឥរិយាបថ និង​បទពិសោធន៍​រៀនសូត្រ​របស់​សិស្ស​ផ្សេងទៀត ។ វា​មានសារៈ​សំខាន់ ដើម្បី​ពិភាក្សា​ពី​ប្រធានបទ​ដូចជា​រូបអាសគ្រាម​នេះ តាម​របៀប​មួយ​ដែល​ទទួល​ស្គាល់​ពី​ភាពធ្ងន់ធ្ងរ​របស់​វា ដោយ​មិន​បង្កើត​ឲ្យមាន​អារម្មណ៍​អៀនខ្មាស​នោះទេ ។ ការបញ្ចេញ​សំឡេង​នៃ​មេរៀន​នេះ អាច​ជួយ​អស់​អ្នក​ដែល​មាន​ជីវិត​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​រូបអាសគ្រាម ឲ្យ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះចេស្ដា​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ដាក់​បង្ហាញ​សេចក្ដី​ថ្លែងការណ៍ និង​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប ៖

ការប្រើប្រាស់​រូប​អាសគ្រាម​កំពុងតែ​កើនឡើង ។ តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​មនុស្ស​មួយ​ចំនួន​មាន​ក្នុង​ការដោះសា​ដើម្បី​ប្រើប្រាស់​រូប​អាសគ្រាម ?

( សិស្ស​អាច​ផ្តល់​យោបល់​ខ្លះៗ​ដូច​តទៅ​នេះ ៖ វា​ជា​ទម្លាប់​មួយ ។ ខ្ញុំ​ចេះ​តែ​ចង់​មើល​វា ។ វា​មិន​ធ្វើបាប​អ្នកផ្សេងទៀត​នោះទេ ។ វា​ជា​រឿង​ធម្មជាតិ ។ វា​គ្រាន់តែ​ជា​ការកម្សាន្ដ ។ ការសិក្សា​មួយ​ចំនួន​ផ្ដល់​យោបល់​ថា វា​មាន​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​ខាង​ផ្លូវភេទ និង​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ ) ។

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ ទាក់ទង​ទៅនឹង​ការប្រឆាំងនឹង​រូប​អាសគ្រាម ? ( អ្នក​អាច​ចង់ឲ្យ​សិស្ស​យោង​ទៅ​ការបង្រៀន​នៅក្នុង ផ្នែក​ទី ១ នៅក្នុង​ឯកសារ​រៀបចំ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ាថាយ ៥:២៨គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១៦ ឮៗ ) ។

  • តើ​រូប​អាសគ្រាម​អាច​មាន​ឥទ្ធិពល​គ្រោះថ្នាក់​អ្វីខ្លះ ទៅលើ​អ្នក​ដែល​ប្រើប្រាស់​វា និង​ទៅលើ​ក្រុមគ្រួសារ​របស់​ពួកគេ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ថាត អរ ខាលីស្ទើរ ខណៈ​ដែល​លោក​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​នៃ​ពួកចិតសិប​នាក់ ៖

អែលឌើរ ថាត អរ ខាលីស្ទើរ

នៅក្នុង​សម័យប្រជុំ​បំពាក់​បំប៉ន​នាពេល​ថ្មីៗ​សម្រាប់​ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ សំណួរ​មួយ​បាន​សួរ​ថា « តើ​យើង​អាច​ជួយ​អ្នក​ដែល​កំពុង​ពុះពារ​នឹង​រូប​អាសគ្រាម​តាម​របៀប​ណា ? »

អែលឌើរ រ័សុល អិម ណិលសុន បាន​ក្រោកឈរ ហើយ​បាន​ឆ្លើយតប​ថា « បង្រៀន​ពួកគេ​អំពី​អត្តសញ្ញាណ និង​គោលបំណង​របស់​ពួកគេ » ។ ( « Our Identity and Our Destiny » [ ការប្រជុំ​ធម្មនិដ្ឋាន Brigham Young University Education Week នៅ​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១២ ] នៅលើ​គេហទំព័រ speeches.byu.edu )

សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ ការយល់ដឹង​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏ទេវភាព​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការប្រើប្រាស់​រូប​អាសគ្រាម ។

  • តើ​ការយល់ដឹង​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏ទេវភាព​របស់​យើង​ផ្ទាល់ និង​របស់​អ្នកដទៃ អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការប្រើប្រាស់​រូប​អាសគ្រាម​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​យល់ដឹង​អំពី​អត្តសញ្ញាណ និង​គោលបំណង​របស់​យើង​ឲ្យបាន​កាន់តែ​ច្បាស់ ?

  • តើ​មាន​គោលការណ៍ ការអនុវត្ត ឬ​ធនធាន​ផ្សេងទៀត​ណាខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ការពារ​ខ្លួន​ពី​រូប​អាសគ្រាម ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ទាញយក​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ព្យាបាល​បុគ្គល​ម្នាក់ៗ​ពី​ឥទ្ធិពល​នៃ​រូប​អាសគ្រាម​បាន ។

ប្រសិនបើ​អាច​ធ្វើ​ទៅបាន សូម​បង្ហាញ​រូបភាព​ស្ដ្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម ដែល​បាន​ឈោងទៅ​ព្រះអង្គ​សង្គ្រោះ ដែល​មាន​នៅក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​តំណាល​ពី​បទពិសោធន៍​របស់​ស្ដ្រី​រូប​នេះ​ម្ដងទៀត ដូច​បាន​កត់ត្រា​នៅក្នុង លូកា ៨:៤៣–៤៨ ។

  • ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​ស្ដ្រី​រូប​នេះ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ក្រោយពី​អ្នក​បាន​ពុះពារ​ជាច្រើន​ឆ្នាំ​មកនេះ ?

  • តើ​អ្នក​ដែល​ស្វែងរក​ការព្យាបាល​ពី​ឥទ្ធិពល​នៃ​រូប​អាសគ្រាម អាច​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់​ស្ដ្រី​រូប​នេះ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ព្យាយាម​ឈោង​ទៅរក​ព្រះអម្ចាស់​ដោយ​មាន​សេចក្ដី​ជំនឿ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ជា​សះស្បើយ​ពី​ឥទ្ធិពល​នៃ​ការប្រើប្រាស់​រូប​អាសគ្រាម ) ។

  • ហេតុអ្វី​បានជា​វាមាន​សារៈ​សំខាន់​ដើម្បី​ឈោង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​យកឈ្នះ​លើ​ការប្រើប្រាស់​រូប​អាសគ្រាម ឬ​ការឈឺចាប់​ដែល​បង្ក​ដោយ​ការប្រើប្រាស់​រូប​អាសគ្រាម​របស់​នរណាម្នាក់​ទៀត​នោះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នៅក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន ដែល​មាន​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។

  • តើ​វា​មាន​ភាពខុសគ្នា​អ្វីខ្លះ នៅពេល​បុគ្គល​ម្នាក់​ស្ម័គ្រចិត្ត​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ទទួល​ការព្យាបាល​ពី​ព្រះអម្ចាស់ ?

អ្នក​អាច​ពន្យល់​ថា យើង​អាច​ព្យាយាម​ជួយ​មនុស្ស​ដទៃ​ដែល​កំពុង​ប្រឈមមុខ​ជាមួយនឹង​ឥទ្ធិពល​នៃ​រូប​អាសគ្រាម និង​មើលទៅ​ដំណើរ​ព្យាបាល​របស់​ពួកគេ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ​ដោយ​ចិត្ត​អំណត់​បាន ។ សូម​អាន​រួមគ្នា​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ដាល្លិន អេក អូក

ឥឡូវ​នេះ ពាក្យ​មួយ​ម៉ាត់​ដែល​ទាក់ទង​ទៅនឹង​របៀប​ដែល​យើង​អាច​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​ជាប់​អន្ទាក់​នៃ​រូបអាសគ្រាម​នេះ ។ ពួកយើង​ទាំងអស់​គ្នា​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អស់​អ្នក​ដែល​ពុះពារ​ជាមួយ​នឹង​រូប​អាសគ្រាម​ត្រូវការ​សេចក្តី​អាណិតអាសូរ និង​សេចក្តី​ស្រឡាញ់​របស់​យើង នៅពេល​ពួកគេ​ធ្វើ​តាម​គោលការណ៍​ដ៏​ចាំបាច់ និង​ជំហាន​នៃ​ការជា​សះស្បើយ​នានា ។ សូម​កុំ​ផ្តន្ទាទោស​ពួកគេ​ឡើយ ។ ពួកគេ​ទាំងនោះ​ពុំ​មែន​ជា​មនុស្ស​អាក្រក់ ឬ​មនុស្ស​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ ពួកគេ​គឺជា​បុត្រា និង​បុត្រី​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ តាមរយៈ​ការប្រែចិត្ត​ត្រឹមត្រូវ និង​ពេញលេញ នោះ​ពួកគេ​អាច​ប្រែជា​ស្អាតស្អំ បរិសុទ្ធ ហើយ​ស័ក្តិសម​សម្រាប់​គ្រប់​សេចក្តី​សញ្ញា និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​សន្យា​ដោយ​ព្រះ ។ ( « Recovering from the Trap of Pornography » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣៧ )

សូម​បែងចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុមតូចៗ ។ សូម​ជ្រើសរើស​មេក្រុម​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ហើយ​ចែក​ច្បាប់​ចម្លង​នៃ​សំណៅ​ចែក​ខាងក្រោម​នេះ​ដល់​មេក្រុម​ម្នាក់ៗ ។ សូម​ណែនាំ​សិស្ស​ឲ្យ​ធ្វើតាម​សេចក្តី​ណែនាំ​នៅក្នុង​សំណៅ​ចែក​នេះ ។

ការជួយ​នរណាម្នាក់​ឲ្យជា​សះស្បើយ​ពី​ឥទ្ធិពល​នៃ​រូប​អាសគ្រាម

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១៤

សូម​ពិនិត្យមើល​សាច់រឿង​ខាងក្រោម​នេះ​រួមគ្នា​ឡើងវិញ ហើយ​ជ្រើសរើស​សាច់រឿង​មួយ​យក​មក​ពិភាក្សា ៖

  1. មិត្ត​រួមថ្នាក់​ម្នាក់​ប្រាប់​អាថ៌កំបាំង​មួយ​ដល់​អ្នក​ថា ពួកគេ​ទើបតែ​បាន​មើល​រូប​អាសគ្រាម​ជា​លើក​ដំបូង ។

  2. មិត្តប្រុស​របស់​មិត្ត​ម្នាក់​បាន​ប្រាប់​នាង​កាលពី​យប់មិញ​ថា គាត់​កំពុង​ពុះពារ​នឹង​ការប្រើប្រាស់​រូប​អាសគ្រាម ។

  3. មិត្ត​ម្នាក់​មើល​រូប​អាសគ្រាម​ជាប្រចាំ ហើយ​បាន​ព្យាយាម​ឈប់​ដោយ​ខ្លួនឯង​ជាច្រើន​ដង​ហើយ ប៉ុន្ដែ​មិន​បាន​ជោគជ័យ​សោះ ទោះបីជា​នាង​មាន​អារម្មណ៏​ថា​បាន​ធ្វើ​អ្វីៗ​ស្ទើរតែ​គ្រប់យ៉ាង ដែល​នាង​អាច​ធ្វើ​បាន​ដើម្បី​ឈប់​ក៏ដោយ ។

  4. មិត្ត​ម្នាក់​បាន​ចែកចាយ​ជាមួយ​អ្នក​ថា ស្វាមី​របស់​នាង​ពុះពារ​នឹង​រូប​អាសគ្រាម ហើយ​នាង​មិន​ដឹង​ជួយ​គាត់​យ៉ាងណា​នោះ​ទេ ។ វា​បង្ក​គ្រោះថ្នាក់​ដល់​អាពាហ៍ពិពាហ៍​របស់​ពួកគេ ហើយ​នាង​មាន​អារម្មណ៍​ខ្ទេចខ្ទាំ​ចិត្ត ។

សូម​ពិភាក្សា​សំណួរ​ខាងក្រោម ៖

  • សូម​ស្រមៃ​ថា បុគ្គល​នេះ​មករក​អ្នក​ឲ្យ​ជួយ ។ ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ការសិក្សា​ក្នុង​ឯកសារ​រៀបចំ និង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » តើ​អ្នក​នឹង​ផ្ដល់​ការប្រឹក្សា​អ្វីខ្លះ​ទៅដល់​បុគ្គល​នេះ ?

  • តើ​បុគ្គល​នេះ​អាច​ទទួល​បាន​ជំនួយ​របស់​ព្រះអម្ចាស់​នៅក្នុង​កាលៈទេសៈ​នេះ​តាម​របៀប​ណា ?

ការជួយ​នរណាម្នាក់​ឲ្យជា​សះស្បើយ​ពី​ឥទ្ធិពល​នៃ​រូប​អាសគ្រាម

សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​នៅ​អំឡុងពេល​នៃ​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។

សូម​ពិចារណា​ឲ្យ​សិស្ស​មាន​ពេល​ខ្លះ​សញ្ជឹងគិត និង​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​មួយ ៖

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ឈោងទៅ​រក​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​ការការពារ​ពី​រូប​អាសគ្រាម និង​ទទួល​បាន​ជំនួយ​របស់​ទ្រង់​ដើម្បី​បាន​ជា​សះស្បើយ​ពី​ឥទ្ធិពល​របស់​វា ?

  • តើ​ខ្ញុំ​អាច​ជួយ​នរណាម្នាក់ ដែល​កំពុង​ពុះពារ​នឹង​ឥទ្ធិពល​នៃ​រូប​អាសគ្រាម​ដោយ​ក្ដីស្រឡាញ់​តាម​របៀប​ណា ?

សូម​បញ្ចប់​មេរៀន​នេះ ដោយ​ការអះអាង​ប្រាប់​ដល់​សិស្ស​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​គោលការណ៍​ទាំងឡាយ ដែល​បាន​រកឃើញ​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

អ្នក​អាច​បង្ហាញ​សិស្ស​នូវ​សកម្មភាព​ពិភាក្សា​ដែលមាន​នៅ​ចុងបញ្ចប់​នៃ ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ក្រោយ បាន ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចាប់ផ្ដើម​គិត​អំពី​អ្នក ដែល​ពួកគេ​អាច​ជជែក​អំពី​សកម្មភាព​នេះ​ជាមួយ​បាន ។