ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន ៖ បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​អំណោយទាន​នៃ​រូបកាយ​ជា​សាច់ឈាម


« មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន ៖ បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​អំណោយទាន​នៃ​រូបកាយ​ជា​សាច់ឈាម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន

បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​អំណោយទាន​នៃ​រូបកាយ​ជា​សាច់ឈាម

នៅក្នុង​ជីវិត​មុន​ផែនដី យើង « បាន​ទទួល​ផែនការ​របស់ [ ព្រះ ] ដែល​នាំ​ឲ្យ​កូនចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅរក​ភាពល្អ​ឥតខ្ចោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ពន្យល់ពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង និង​របៀប​ដែល​រូបកាយ​សាច់ឈាម​របស់​យើង​ជួយ​យើង​ឲ្យ​រីកចម្រើន ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ ។ សិស្ស​ក៏នឹង​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​កែលម្អ​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​ផងដែរ តាមរយៈ​ការយកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម និង​ការកាន់តែ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​អនុវត្ត​សេចក្ដីពិត​នៃ​ដំណឹងល្អ តាមរយៈ​ការសួរ​តាមដាន ។ គោលដៅ​ដ៏ធំ​បំផុត​នៃ​ការរៀនសូត្រ​ដំណឹងល្អ គឺ​ការប្រែចិត្ត​ជឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់​ទាំង​ទ្វេ ។ ការសម្រេច​បាន​គោលដៅ​ទាំងនេះ តម្រូវ​ឲ្យ​យើង​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀនសូត្រ ។ គ្រូបង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​ខិតខំ​អនុវត្ត​តាម​ការរៀនសូត្រ​របស់​ពួកគេ​បាន តាមរយៈ​ការតាមដាន​ដោយ​សមរម្យ លើ​ការអញ្ជើញ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ម៉ោង​បង្រៀន ។ សិស្ស​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះ​ទេ ។ ប្រសិនបើ​សិស្ស​មិនផ្ដល់​ចម្លើយ​ណាមួយ​ទេ នោះ​គ្រូបង្រៀន​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អារម្មណ៍ ឬ​ការសរសេរ​របស់​ពួកគេ​មកពី​មេរៀន​មុនៗ ហើយ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព ។ អ្នក​គួរតែ​ចំណាយ​ពេល​តែ​ពីរបី​នាទី​ក្នុង​ម៉ោង​បង្រៀន​ប៉ុណ្ណោះ ដើម្បី​សួរ​តាមដាន​សិស្ស ។

កំណត់​ចំណាំ ៖ នៅក្នុង​មេរៀន​នីមួយៗ​កន្លង​មក សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​អនុវត្ត​ការរៀនសូត្រ​របស់​ពួកគេ​តាម​របៀប​ខុសៗ​គ្នា ។ ឧទាហរណ៍ នៅក្នុង មេរៀន​ទី ៤ សិស្ស​បាន​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើឲ្យ​ក្រុមគ្រួសារ​របស់​ពួកគេ កាន់តែ​មាន​សារៈសំខាន់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​សូមឲ្យ​សិស្ស​រំឭក​ចំណាប់់​អារម្មណ៍ ដែល​ពួកគេ​បាន​កត់ត្រា​ទុក​ឡើងវិញ ហើយ​ពិចារណា​ពី​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ធ្វើ​សកម្មភាព​តាម​អារម្មណ៍​របស់​ពួកគេ ។ បន្ទាប់មក សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ដែល​មាន​អារម្មណ៍​ចង់​ចែកចាយ ឲ្យឡើង​មក​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ព្យាយាម​រស់នៅ​តាម​ការបង្រៀន​នេះ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ។ អ្នក​អាច​ដាក់វា​ជា​លំហាត់​អនុវត្ត ដើម្បី​តាមដាន​នៅក្នុង​មេរៀន​ក្រោយៗ នៅពេល​អ្នក​មាន​អារម្មណ៍​បំផុស​ឲ្យធ្វើ​ដូច្នេះ ។

យោបល់​សម្រាប់​ការបង្រៀន

រូបកាយ​សាច់ឈាម និង​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង​គឺ​ចាំបាច់ ដើម្បី​ឲ្យយើង​ទទួល​បាន​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។

សូម​បង្ហាញ​សាច់រឿង​ខាងក្រោម​នេះ ( សូម​ពិចារណា​សម្រប​សាច់រឿង​នេះ​តាម​ការចាំបាច់ ដើម្បី​ឲ្យវា​ទាក់ទង​កាន់តែ​ខ្លាំង​ទៅ​នឹង​សិស្ស​របស់​អ្នក ) ។

មិត្ត​រួម​ការងារ​របស់​អ្នក​ឈ្មោះ ឌីមីទ្រី ជា​មនុស្ស​រួសរាយ និង​ស្រស់ស្រាយ​ណាស់ ។ គាត់​ជឿ​លើ​ការមាន « ពេល​ដ៏ល្អ » ។ គាត់​រស់នៅ​ដើម្បី​ក្ដីសប្បាយ​រីករាយ និង​ការកម្សាន្ដ ។ គាត់​ជប់លៀង​រាល់​ចុង​សប្ដាហ៍ ដែល​ជាធម្មតា​មាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​ថ្នាំញៀន​ខ្លះៗ​ដែរ ។ គាត់​មិន​បាន​រៀបការ​ទេ ប៉ុន្ដែ​បាន​គេង​នៅ​ជាមួយ​ជាមួយ​គ្នា ។ ជារឿយៗ គាត់​និយាយ​ពាក្យ​ថា « បើ​វា​មាន​អារម្មណ៍​ល្អ ចឹង​ធ្វើ​វា​ទៅ » ឬ « អ្នក​រស់​បាន​តែម្ដង​ទេ » ។ គាត់​គិត​ថា អ្នក​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏តឹងរឹង និង​គួរឲ្យ​ធុញទ្រាន់ ដោយសារ​អ្នក​រក្សា​បទដ្ឋាន​សីលធម៌​នៃ​សាសនាចក្រ ។ ថ្មីៗ​នេះ គាត់​បាន​សួរ​អ្នក​ថា « ហេតុអ្វី​ឯង​មិន​មាន​ការសប្បាយ ហើយ​រីករាយ​នឹង​ជីវិត​ខ្លះ​ទៅ ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ​ម្នាក់ ឬ​ជា​ក្រុម​តូច​មួយ អំពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​របស់​ឌីមីទ្រី ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​សេចក្ដីពិត​អំពី​រូបកាយ​សាច់ឈាម​របស់​យើង និង​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ដែល​បាន​បង្រៀន​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ អាច​គាំទ្រ​ដល់​ចម្លើយ​របស់​ពួកគេ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ បន្ទាប់មក សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ រូបកាយ​សាច់ឈាម​របស់​យើង និង​ស្ថានភាព​នៃ​ជីវិត​រមែង​ស្លាប់​រៀបចំ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះ ។

  • តើ​ការមាន​រូបកាយ​សាច់ឈាម និង​ការដក​ពិសោធន៍​ស្ថានភាព​នៃ​ជីវិត​រមែង​ស្លាប់ រៀបចំ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះ​ដោយ​របៀប​ណា ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង ដេវីឌ អេ បែដណា នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ នៅពេល​សិស្ស​ចែកចាយ​ការយល់ដឹង​នានា សូម​សួរ​សំណួរ​តាមដាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ដឹង​បាន​កាន់តែ​ជ្រៅជ្រះ ) ។

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​យកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​បាន ។

សូម​សរសេរ​ពាក្យ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ មនុស្ស​ខាង​សាច់ឈាម ។ សូម​អញ្ជើញ​សិស្ស​ពីរនាក់​ឲ្យ​អាន អាលម៉ា ៤១:១១ និង កូរិនថូស ទី១ ២:១៤ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ពី​មនុស្ស​ខាង​សាច់ឈាម ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពិនិត្យ​ឡើងវិញ​នូវ សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ បែដណា នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ដើម្បី​ស្វែងរក​បុគ្គលិក​លក្ខណៈ​បន្ថែម​ទៀត ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ។

  • សូម​ជ្រើសរើស​បុគ្គលិក​លក្ខណៈ​មួយ​នៃ​មនុស្ស​ខាង​សាច់ឈាម ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ តើ​បុគ្គលិក​លក្ខណៈ​នោះ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​ពេល​ណាត់គ្នា​ដើរលេង ឬ​ទំនាក់ទំនង​គ្រួសារ​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ឃ្លា​នេះ​នៅលើ​ក្ដារខៀន ៖ បុរស ឬ​ស្ដ្រី​ដែល​បាន​ផ្លាស់ប្ដូរ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​អាន ម៉ូសាយ ៣:១៩ ហើយ​រកមើល​របៀប​ដែល​យើង​អាច​យកឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម​បាន ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង ឲ្យ​យកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​តាម​របៀប​ណា ? ( សិស្ស​អាច​ចែកចាយ​ចម្លើយ ដែល​មាន​គោលការណ៍​ស្រដៀងគ្នា​ដូច​នេះ ៖ នៅពេល​យើង​ព្រមធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​សម្រាត​ភាពជា​មនុស្ស​ខាង​សាច់ឈាម ហើយ​ក្លាយជា​ពួកបរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​បាន ។ អ្នក​ក៏អាច​ប្រើ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ បែដណា និង​ប៊ីស្សព ហ្គែរ៉ល កូសសែ នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលការណ៍​នេះ​ផងដែរ ) ។

សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ដឹង​បាន​កាន់តែ​ជ្រៅជ្រះ ៖

  • តើ​គោលការណ៍​នេះ​អាច​ជួយ​នរណាម្នាក់ ដែល​អាច​មាន​អារម្មណ៍​ថា គាត់ ឬ​នាង​មិន​អាច​ផ្លាស់ប្ដូរ ឬ​គ្រប់គ្រង​លើ​ចំណង់ និង​សន្ទុះ​ចិត្ត​នៃ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​បាន​ដោយ​របៀប​ណា ?

  • តើ​មាន​កិច្ចការ​ណាខ្លះ ដែល​ព្រះអង្គ​សង្គ្រោះ​ទ្រង់​យល់​ពី​ឧបសគ្គ​នៃ​ការមាន​រូបកាយ​សាច់ឈាម ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី​របៀប​ដែល​ទ្រង់​បាន​ជួយ​អ្នក​ឲ្យ « សម្រាត » ឬ​យកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់​នោះ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដីពិត ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ សូម​បង្ហាញ​សំណួរ​ដូច​ខាងក្រោម​នេះ ហើយ​សូមឲ្យ​សិស្ស​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ( សិស្ស​មួយ​ចំនួន​អាច​ចង់​បន្ថែម​ទៅលើ​ចម្លើយ​របស់​ពួកគេ នៅក្នុង​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅ​ចុង​បញ្ចប់​ផ្នែកទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ណាខ្លះ ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ ៣:១៩ ដែល​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​ឲ្យបាន​កាន់តែ​ពេញលេញ​ថែមទៀត​នោះ ?

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ និង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ពេញលេញ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​សម្រាត​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ចេញ ហើយ​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នេះ ?

  • តើ​ការផ្លាស់ប្ដូរ​នេះ​អាច​មាន​ឥទ្ធិពល​អ្វីខ្លះ ទៅលើ​ទំនាក់ទំនង​គ្រួសារ​របស់​ខ្ញុំ ?

សូម​លើក​ទឹកចិត្ត​សិស្ស​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​ពួកគេ ហើយ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ពួកគេ​ឲ្យ​មាន​អំណាច​អភិវឌ្ឍ​គុណលក្ខណៈ​របស់​ទ្រង់ និង​កែលម្អ​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពីអ្វី​ដែល​ពួកគេ​ដឹង អំពី​សារៈសំខាន់​ខាង​គោលលទ្ធិ​ស្ដីពី​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​នៅក្នុង​ផែនការ​របស់​ព្រះ ។ នៅពេល​ពួកគេ​​សិក្សា មេរៀន​ទី ៦ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ខិតខំ​ពង្រីក​ការយល់ដឹង​របស់​ពួកគេ អំពី​គោលលទ្ធិ​នេះ និង​អត្ថន័យ​នៃ​ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ពួកគេ ។