« មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការខិតខំស្វែងយល់ពីការប្រតិព័ទ្ធភេទដូចគ្នា និងការស្រឡាញ់បងប្អូនប្រុសស្រី អិល.ជី.ប៊ី.ធី. របស់យើង » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់
ការខិតខំស្វែងយល់ពីការប្រតិព័ទ្ធភេទដូចគ្នា និងការស្រឡាញ់បងប្អូនប្រុសស្រី អិល.ជី.ប៊ី.ធី. របស់យើង
យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីជាទីស្រឡាញ់របស់ព្រះបិតាមាតាសួគ៌ ។ យើងក៏ជាបុគ្គលដែលមានទេពកោសល្យ សមត្ថភាព និងបទពិសោធន៍ពិសេសផងដែរ ។ បុត្រាបុត្រីរបស់ព្រះមួយចំនួនមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬត្រូវបានស្គាល់ថាជាខ្ទើយស្រី ខ្ទើយប្រុស ឬខ្ទើយទាំងពីរភេទ ឬបុគ្គលប្ដូរភេទ ដែលត្រូវបានហៅកាត់ជាញឹកញាប់ថា អិល.ជី.ប៊ី.ធី. ។ ( ប្រធានបទបុគ្គលប្តូរភេទបានពិភាក្សានៅក្នុង មេរៀនទី ៧ ) ។ តើអ្នកនឹងប្រព្រឹត្តចំពោះមនុស្សដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬត្រូវបានស្គាល់ថាជា អិល.ជី.ប៊ី.ធី. យ៉ាងដូចម្តេច ? ប្រសិនបើអ្នកមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា តើបទពិសោធន៍របស់អ្នកជាមួយនឹងគ្រួសារ មិត្តភក្តិ និងសមាជិកសាសនាចក្រមានលក្ខណៈបែបណាដែរ ? នៅពេលអ្នកសិក្សាឯកសារនេះ សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីកាន់តែមានលក្ខណៈកាន់តែដូចព្រះអង្គសង្រ្គោះ និងប្រព្រឹត្តចំពោះបុត្រាបុត្រីរបស់ព្រះដោយក្តីស្រឡាញ់ ការរាប់អាន និងការគោរព ។
ផ្នែកទី ១
តើព្រះអង្គសង្រ្គោះជួយខ្ញុំឲ្យបង្ហាញសេចក្តីស្រឡាញ់ និងការគោរពចំពោះអស់អ្នកដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាយ៉ាងដូចម្តេច ?
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា « ក្ដីស្រឡាញ់ជាខ្លឹមសារដ៏សំខាន់នៃដំណឹងល្អ ហើយព្រះយេស៊ូវគ្រីស្ទគឺជាគំរូរបស់យើង » ( « Love—the Essence of the Gospel » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩១ ) ។ នៅជិតចុងបញ្ចប់នៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រឡាញ់មនុស្សទាំងអស់យ៉ាងពិតប្រាកដ ដោយការប្រទានដល់សិស្សរបស់ទ្រង់នូវ « សេចក្តីបញ្ញត្តិមួយថ្មី » ។
ដូចជាសមាជិកនៃសាសនាចក្រដទៃទៀតដែរ អស់អ្នកដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាមានមិត្តភក្តិ និងក្រុមគ្រួសារ ក្តីសង្ឃឹម និងក្តីសុបិន ហើយនិងភាពខ្លាំង និងភាពខ្សោយ ហើយពួកគេកំពុងពុះពារឆ្លងកាត់ឧបសគ្គទាំងឡាយក្នុងជីវិតតាមលទ្ធភាពដែលពួកគេអាចធ្វើបាន ។ ជាអកុសល មនុស្សមួយចំនួនដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬស្គាល់ថាជា អិល.ជី.ប៊ី.ធី. មានអារម្មណ៍ថា ពួកគេគ្មានកន្លែងនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ឡើយ ។ ជំនួសឲ្យការមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ និងការគាំទ្រ មនុស្សភាគច្រើនមានអារម្មណ៍ថាត្រូវគេបដិសេធ នៅដាច់ពីគេ ច្របូកច្របល់ ហើយភ័យខ្លាច ។
ខណៈបម្រើជាទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បានបង្រៀន ៖
យើងមិនអាចធ្វើជា ឬសូម្បីតែហៅខ្លួនឯងថាជាសិស្សរបស់ព្រះគ្រីស្ទនោះទេ ប្រសិនបើយើងមិនជួយមនុស្សដទៃនៅតាមផ្លូវ [ សេចក្តីសញ្ញា ] នេះទេនោះ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពួកគេមិនសំខាន់នោះទេ ។ មានតែមនុស្សទេដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាពួកគេមិនសំខាន់ ។ …
ហើយប្រសិនបើយើងត្រូវស្ថាបនានគររបស់ព្រះនៅលើផែនដីនេះ នោះយើងត្រូវការមនុស្សគ្រប់គ្នាឲ្យមកហើយធ្វើនូវចំណែករបស់ពួកគេ ។ ( « Lifting Others » [ ២:៤៩ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
សូមគិតរយៈពេលមួយនាទីអំពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះ ។ តើទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ដល់ជនដែលពិបាកនឹងទទួលអារម្មណ៍ថាគេទទួលយកនៅពេលណា ? សូមពិចារណាពីរបៀបដែលការអនុវត្តតាមការណែនាំខាងក្រោមនេះ អាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីសេចក្ដីស្រឡាញ់បានកាន់តែប្រសើរឡើង នៅពេលពិភាក្សា និងនៅពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ៖
-
សូមនិយាយ និងប្រព្រឹត្តដោយការយកចិត្តទុកដាក់ ការព្រួយបារម្ភ និងក្ដីមេត្តាពិតប្រាកដ ។ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « ក្នុងនាមជាព្រះវិហារ គ្មាននរណាគួរពេញដោយក្តីស្រឡាញ់ និងអាណិតអាសូរជាងនរណានោះទេ ។ … ចូរយើងធ្វើជាអ្នកចេញមុខក្នុងការបង្ហាញសេចក្ដីស្រឡាញ់ មេត្តាធម៌ និងការបម្រើ » ។ ( « Let Us Be at the Forefront » [ ០:៥៩ ] នៅលើគេហទំព័រ ChurchofJesusChrist.org; សូមមើលវីដេអូនេះដើម្បីរៀនបន្ថែមទៀត ) ។
-
សូមបង្កើនការយល់ដឹងដោយការស្តាប់ដោយគ្មានការវិនិច្ឆ័យ ។ ប្រធាន ជីន ប៊ី ប៊ីងហាំ នៃគណៈប្រធានសមាគមសង្រ្គោះទូទៅបានចែកចាយថា « របៀបដ៏ល្អបំផុតមួយដើម្បីបង្កើតមិត្តភាពដ៏ល្អ គឺមិនត្រូវប៉ាន់ស្មានទុកជាមុន ឬយល់ឃើញទុកជាមុននោះទេ សូមបន្ដបើកចិត្តបើកគំនិត » ។ ( ដើម្បីរៀនបន្ថែមទៀត សូមមើល « Focus on the One » [ ២:៣២ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមទទួលស្គាល់ថាការប្រតិព័ទ្ធភេទដូចគ្នា និងអារម្មណ៍នោះគឺមានពិតប្រាកដមែន ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរបានប្រឹក្សា ៖ « រឿងមួយដែលមានសារៈសំខាន់ជានិច្ចគឺត្រូវស្គាល់ពីអារម្មណ៍របស់អ្នកដទៃ ថាអារម្មណ៍នោះគឺមានពិតមែន ។ ថាអារម្មណ៍នោះគឺពិតប្រាកដ ។ ថាយើងមិនបដិសេធថា នរណាម្នាក់មានអារម្មណ៍តាមរបៀបណាមួយនោះទេ » ។ ( ដើម្បីរៀនបន្ថែម សូមមើល « Feelings Are Real and Authentic » [ ០:៤៧ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមផ្តោតលើអត្តសញ្ញាណដ៏នៅអស់កល្បជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « ពុំមែនស្លាកទាំងអស់មានតម្លៃស្មើគ្នានោះទេ ។ ប៉ុន្តែបើមានស្លាកណាមួយជំនួសឲ្យអត្តសញ្ញាណដ៏សំខាន់បំផុតរបស់អ្នក នោះលទ្ធផលអាចជាគ្រោះថ្នាក់ខាងវិញ្ញាណ ។… ពុំគួរមានអត្តសញ្ញាណណាមួយដែលគួរមក ប្ដូរ ជំនួស ឬ មានអាទិភាពខ្លាំងជាង ងារដ៏និរន្តរ៍ទាំងបីនេះឡើយ រួមមាន ៖ ‹ បុត្រនៃព្រះ › ‹ បុត្រនៃសេចក្ដីសញ្ញា › និង ‹ សិស្សនៃព្រះយេស៊ូវគ្រីស្ទ › » ( « Choices for Eternity » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមគោរពតាមព្រះបញ្ញត្តិ និងសេចក្តីសញ្ញាទាំងឡាយរបស់ព្រះ ។ ការស្រឡាញ់អ្នកដទៃដូចជាព្រះអង្គសង្រ្គោះស្រឡាញ់យើងមិនមានន័យថា យើងឯកភាព ឬលើកកម្ពស់អាកប្បកិរិយាដែលផ្ទុយនឹងព្រះបញ្ញត្តិរបស់ព្រះនោះទេ ។ ព្រះយេស៊ូវគ្រីស្ទក៏បានបង្រៀនដែរថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានពន្យល់ថា បទបញ្ញត្តិទីមួយ ដែលថាត្រូវស្រឡាញ់ព្រះនោះ គឺជាហេតុផលដំបូង ៖ « ការដាក់បទបញ្ញត្តិទីមួយដំបូងគេមិនបន្ថយ ឬដាក់កម្រិតសមត្ថភាពរបស់យើងក្នុងការរក្សាបទបញ្ញត្តិទីពីរ [ ឲ្យស្រឡាញ់អ្នកជិតខាងរបស់យើងនោះឡើយ ] ។ ផ្ទុយទៅវិញ វាបង្កើន និងពង្រឹងដល់បទបញ្ញត្តិទីមួយវិញ ។ … សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះបង្កើនសមត្ថភាពរបស់យើងឲ្យស្រឡាញ់អ្នកដទៃកាន់តែពេញលេញ និងឥតខ្ចោះ ដោយសារយើងជាដៃគូជាមួយព្រះនៅក្នុងការថែរក្សាបុត្រាបុត្រីរបស់ទ្រង់ » ( « The First Commandment First » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu ) ។
យើងបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកដទៃ នៅពេលយើងប្រាស្រ័យទាក់ទងយ៉ាងច្បាស់អំពីគោលលទ្ធិ និងបទបញ្ញត្តិរបស់ទ្រង់ដោយយកចិត្តទុកដាក់ ។ ដូចដែលបានចែងនៅក្នុងធនធានស្ដីពីការប្រតិព័ទ្ធភេទដូចគ្នាដែលបានបោះពុម្ពដោយសាសនាចក្រ ៖
ពុំមានការផ្លាស់ប្ដូរនៅក្នុងគោលជំហររបស់សាសនាចក្រ ស្ដីពីអ្វីដែលជារឿងត្រឹមត្រូវខាងសីលធម៌នោះទេ ។ ប៉ុន្ដែអ្វីដែលកំពុងផ្លាស់ប្ដូរនោះ—និងអ្វីដែលត្រូវផ្លាស់ប្ដូរនោះ—គឺការជួយសមាជិកសាសនាចក្រឲ្យឆ្លើយតបដោយប្រុងប្រយ័ត្ន ហើយចេះគិតគូរឲ្យបានវែងឆ្ងាយ នៅពេលពួកគេប្រឈមនឹងការប្រតិព័ទ្ធភេទដូចគ្នានៅក្នុងក្រុមគ្រួសាររបស់ពួកគេផ្ទាល់ នៅក្នុងចំណោមសមាជិកសាសនាចក្រផ្សេងទៀត ឬនៅកន្លែងណាផ្សេងទៀត ។ ( នៅក្នុង ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ « ប្រាស្រ័យទាក់ទងអំពីគោលលទ្ធិដោយសេចក្ដីស្រឡាញ់ » នៅលើគេហទំព័រ ChurchofJesusChrist.org; សូមមើលផងដែរ ដាល្លិន អេក អូក « What Needs to Change » [ វីដេអូ ] ChurchofJesusChrist.org )
ផ្នែកទី ២
តើមានអ្វីខ្លះដែលខ្ញុំត្រូវយល់ដឹងអំពីការប្រតិព័ទ្ធភេទដូចគ្នា ?
ពាក្យដូចជា ខ្ទើយប្រុស ( ជួនកាលប្រើជាទូទៅដើម្បីសំដៅលើនរណាម្នាក់ដែលប្រតិព័ទ្ធអ្នកផ្សេងទៀតដែលមានភេទដូចខ្លួន ហើយប្រើជាពិសេសសំដៅលើបុរសដែលប្រតិព័ទ្ធលើបុរស ) ខ្ទើយស្រី ( ស្ត្រីដែលប្រតិព័ទ្ធស្ត្រី ) ឬ ខ្ទើយទាំងពីរភេទ ( បុរស ឬស្ត្រីប្រតិព័ទ្ធប្រុសក៏បាន ស្រីក៏បាន ) អាចប្រើដើម្បីបង្ហាញពីអារម្មណ៍ អត្តសញ្ញាណ ឬរបៀបរស់នៅ ។ សូមចងចាំថា មិនថាពាក្យទាំងនេះ ឬពាក្យទាំងឡាយដែលមនុស្សម្នាក់ប្រើដើម្បីកំណត់ពីអារម្មណ៍ផ្លូវភេទ ឬទំនោរផ្លូវភេទរបស់គាត់ជាអ្វីនោះទេ អត្តសញ្ញាណដ៏សំខាន់បំផុតរបស់យើងគឺជា « បុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ការវិវឌ្ឍន៍ខាងផ្លូវភេទរបស់យើងគឺស្មុគស្មាញ ហើយទទួលរងឥទ្ធិពលដោយកត្តាជាច្រើន ។ អារម្មណ៍នៃការប្រតិព័ទ្ធភេទដូចគ្នាអាចប្រែប្រួលក្នុងកម្រិតខ្លាំង អាចប្រែប្រួលតាមពេលវេលា និងមិនដូចគ្នាចំពោះមនុស្សគ្រប់គ្នាឡើយ ។ សាសនាចក្រពុំមានការប្រឆាំងជាផ្លូវការណាមួយលើការប្រតិព័ទ្ធភេទដូចគ្នាឡើយ ។ ( សូមមើល « ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបុត្រាបុត្រីរបស់ទ្រង់ ព្រះវរបិតាសួគ៌បានប្រទានដល់យើងនូវច្បាប់ព្រហ្មចារីភាព និងបានត្រាស់បង្គាប់ថា ទំនាក់ទំនងខាងផ្លូវភេទត្រូវកើតឡើង « រវាងបុរស និងស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់ជាប្ដី និងប្រពន្ធប៉ុណ្ណោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ក្រឹត្យវិន័យនេះការពារគោលបំណងដ៏ពិសិដ្ឋនៃជីវិតខាងផ្លូវភេទនៅក្នុងផែនការរបស់ព្រះ ហើយអនុវត្តចំពោះបុត្រាបុត្រីទាំងអស់របស់ព្រះ ។ ព្រះវរបិតាសួគ៌បានតែងតាំងទំនាក់ទំនងខាងផ្លូវភេទឲ្យកើតឡើងរវាងបុរស និងស្ត្រីនៅក្នុងសេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ « សម្រាប់ការបង្កើតកូនចៅ និងសម្រាប់ការបង្ហាញសេចក្តីស្រឡាញ់ » ( Gospel Topics « Chastity » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
ជាការឆ្លើយតបនឹងសម្ពាធខាងសង្គមក្នុងការកែប្រែការបង្រៀនទាក់ទងនឹងច្បាប់ព្រហ្មចារីភាព អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានថ្លែង ៖
ច្បាប់ព្រហ្មចារីភាពបានអនុវត្តចាប់តាំងពីដើមរៀងមកម្ល៉េះ ។ … គោលលទ្ធិរបស់យើង—មិនគ្រាន់តែជាជំនឿនោះទេ ប៉ុន្តែជាគោលលទ្ធិ—ដែលថា ទំនាក់ទំនងផ្លូវភេទគឺត្រឹមត្រូវ និងស្របច្បាប់ក្នុងព្រះនេត្ររបស់ព្រះអម្ចាស់តែរវាងបុរស និងស្ត្រីដែលបានរៀបការដោយស្របច្បាប់នោះ គឺមិនផ្លាស់ប្តូរ ហើយនឹងមិនដែលប្តូរឡើយ ។ ( នៅក្នុង Sarah Jane Weaver « Church’s Doctrine on Chastity Will Never Change, Says Elder Christofferson » Church News ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅលើគេហទំព័រ ChurchofJesusChrist.org )
វាជាការសំខាន់ណាស់ក្នុងការបែងចែករវាងអារម្មណ៍ និងអាកប្បកិរិយា ។ ការមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬការដែលជាខ្ទើយប្រុស ខ្ទើយស្រី ឬខ្ទើយទាំងពីរភេទ មិនបានធ្វើឲ្យបុគ្គលនោះមានបាប អាក្រក់ ឬខូចខាតឡើយ ប៉ុន្តែការប្រព្រឹត្តតាមអារម្មណ៍ទាំងនេះដោយការបំពានច្បាប់ព្រហ្មចារីភាពគឺជាការបំពានលើបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ។
ដោយថ្លែងអំពីគោលជំហររបស់សាសនាចក្រស្តីពីការប្រតិព័ទ្ធភេទដូចគ្នា ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជឿថា « បទពិសោធន៍ជាមួយនឹងការប្រតិព័ទ្ធភេទដូចគ្នាគឺជាភាពពិតដ៏ស្មុគស្មាញមួយចំពោះមនុស្សជាច្រើន ។ ការប្រតិព័ទ្ធតែម្យ៉ាងគឺពុំមែនជាអំពើបាបទេ ប៉ុន្ដែការប្រព្រឹត្តគឺជាអំពើបាប ។ ទោះជាបុគ្គលម្នាក់ៗពុំអាចជ្រើសរើសដើម្បីមានការប្រតិព័ទ្ធបែបនេះក្ដី ក៏ពួកគេត្រូវជ្រើសរើសរបៀបដើម្បីឆ្លើយតបនឹងវាដែរ » [ សូមមើលផងដែរ ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ផ្នែក « តើការមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាគឺជាអំពើបាបឬទេ ? » នៅលើគេហទំព័រ ChurchofJesusChrist.org ] ( « The Lord Needs You Now! » Ensign ខែ កញ្ញា ឆ្នាំ ២០១៥ ទំព័រ ២៩ )
សេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់មានសម្រាប់អ្នកទាំងឡាយដែលបំពានលើច្បាប់ព្រហ្មចារីភាព ។ ប្រសិនបើពួកគេជ្រើសរើសមករកទ្រង់ ហើយប្រែចិត្ត នោះទ្រង់នឹងអភ័យទោសឲ្យពួកគេ ។
ប្រសិនបើសមាជិកសាសនាចក្រដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬដែលស្គាល់ថាជា អិល.ជី.ប៊ី.ធី. រក្សាសេចក្តីសញ្ញារបស់ពួកគេ នោះពួកគេអាចចូលរួមនៅក្នុងសាសនាចក្រយ៉ាងពេញលេញបាន មានការហៅបម្រើ និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធបានផងដែរ ( សូមមើល អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « LGBT People Who Live God’s Laws Can Fully Participate in the Church » [ ០:៤៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៨ ) ។
ប្រសិនបើអ្នកមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា សូមពិចារណាពីរបៀបដែលធនធានដែលយោងនៅក្នុងផ្នែក « ចង់បានបន្ថែមទៀតទេ ? » នឹងផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក ។ ផងដែរ ប្រសិនបើអ្នកមានអារម្មណ៍ថាមានទំនុកចិត្ត សូមពិចារណាចែកចាយបទពិសោធន៍របស់អ្នកជាមួយនឹងសមាជិកគ្រួសារ មិត្តភក្តិ ឬថ្នាក់ដឹកនាំសាសនាចក្រដែលទុកចិត្តបានម្នាក់ ។ សូមប្រុងប្រយ័ត្នអំពីការដាក់ស្លាកខ្លួនឯងជាសាធារណៈក្នុងរបៀបមួយ ដែលអាចដកខ្លួនចេញពីគោលដៅដ៏នៅអស់កល្បជានិច្ចរបស់អ្នក ។
ផ្នែកទី ៣
តើខ្ញុំត្រូវយល់យ៉ាងណាចំពោះមតិប្រកួតប្រជែងទាំងអស់អំពីការប្រតិព័ទ្ធភេទដូចគ្នា ?
សព្វថ្ងៃនេះមានទស្សនៈជាច្រើនខុសៗគ្នាអំពីប្រធានបទអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ ការប្រតិព័ទ្ធភេទដូចគ្នា និង អិល.ជី.ប៊ី.ធី. ។ កាលដែលយើងរៀនអំពីប្រធានបទទាំងនេះ វាមានសារៈសំខាន់ណាស់នៅក្នុងការខិតខំស្វែងយល់ឲ្យបានកាន់តែច្បាស់ពីទស្សនវិស័យដ៏នៅអស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌ ។
ប្រធាន ប៊ីងហាំ បានបង្រៀនដូចខាងក្រោមនេះ ៖
ទស្សនៈដែលធ្វើឲ្យអ្វីៗច្បាស់លាស់គឺជាទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ៖ ទស្សនៈដ៏ល្អឥតខ្ចោះ និងគ្រប់ជ្រុងជ្រោយរបស់ព្រះវរបិតាសួគ៌យើង ។ …
តាមទស្សនៈរបស់ទ្រង់ ព្រះទតឃើញយើង និងអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង « ដែលមាននៅពេលនេះ …ហើយអំពីរឿងទាំងឡាយ តាមដែលនឹងមាននៅពេលខាងមុខ » [ យ៉ាកុប ៤:១៣ ] ។ ទស្សនៈរបស់ទ្រង់គឺយូរអង្វែង ជាជាងកំណត់ចំពោះតែបច្ចុប្បន្នកាល ដោយអនុញ្ញាតឲ្យទ្រង់ទតឃើញសក្តានុពលដ៏ទេវភាពរបស់យើង ជាជាងគ្រាន់តែជាស្ថានភាពបច្ចុប្បន្ន ឬអតីតកាលរបស់យើង ។ ហើយទ្រង់ទតមើលការបង្កបង្កើតរបស់ទ្រង់ទាំងអស់ដោយព្រះនេត្រនៃសេចក្តីស្រឡាញ់ ។ ( « How to Be Happy Now—and Forever » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu )
កាលដែលអ្នកអានសេចក្តីពិតខាងក្រោមនេះ និងសេចក្តីថ្លែងការណ៍គាំទ្រដោយព្យាការី និងសាវកនានា សូមពិចារណាពីរបៀបដែលពួកលោកអាចជួយអ្នកឲ្យអភិវឌ្ឍបន្ថែមទៀតនូវទស្សនវិស័យដ៏នៅអស់កល្បជានិច្ចស្តីពីការប្រតិព័ទ្ធភេទដូចគ្នា ។
-
ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ( សូមមើល នីហ្វៃទី១ ១១:១៧; យ៉ូហាន ទី១ ៤:៩–១០, ១៦ ) ។
ប្រធាន ម៉នសុន បានបង្រៀន ៖
ព្រះវរបិតាសួគ៌ស្រឡាញ់អ្នក—គឺអ្នកគ្រប់គ្នា ។ ក្ដីស្រឡាញ់នោះមិនផ្លាស់ប្ដូរឡើយ ។ … វាកើតមានសម្រាប់អ្នក ពេលអ្នកសោកសៅ ឬរីករាយ បាក់ទឹកចិត្ត ឬមានសង្ឃឹម ។ ក្ដីស្រឡាញ់ព្រះមានចំពោះអ្នក មិនថាអ្នកដឹងថា អ្នកគួរទទួលបានក្ដីស្រឡាញ់ឬក៏អត់នោះទេ ។ ( « We Never Walk Alone » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២៣–២៤ )
-
ព្រះអង្គសង្រ្គោះមានព្រះបញ្ញាញាណយល់ដឹងយ៉ាងឥតខ្ចោះពីបទពិសោធន៍ និងញាណដឹងពីរបៀបដើម្បីជួយ និងពង្រឹងយើងម្នាក់ៗ ( សូមមើល អាលម៉ា ៧:១១–១២ ) ។
ប្រធាន អូក បានមានប្រសាសន៍ ៖
ព្រះអង្គសង្គ្រោះរបស់យើងបានដកពិសោធន៍ ហើយរងទុក្ខនូវភាពពោរពេញនៃឧបសគ្គទាំងអស់នៃជីវិតរមែងស្លាប់ ។ … ហេតុដូច្នោះហើយ ទ្រង់ដឹងពីទុក្ខលំបាក ការខូចចិត្ត ការល្បួង និងការរងទុក្ខរបស់យើង ដ្បិតទ្រង់មានព្រះឆន្ទៈដកបទពិសោធន៍ការណ៍ទាំងនោះ ដែលវាគឺជាផ្នែកសំខាន់មួយនៃដង្វាយធួនរបស់ទ្រង់ ។ ហើយដោយសារការណ៍នេះ នោះដង្វាយធួនរបស់ទ្រង់ប្រទានអំណាចដល់ទ្រង់ដើម្បីជួយយើង—ប្រទានកម្លាំងដល់យើងដើម្បីទ្រាំទ្រនូវការណ៍ទាំងអស់នោះ ។ ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦២ )
-
យើងទាំងអស់គ្នាមានទីកន្លែងនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ និងផែនការនៃសុភមង្គលដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌ ( សូមមើល ទំនុកដំកើង ៨៤:១១–១២; កូរិនថូស ទី១ ១២:១២–២៦; ម៉ូសាយ ២:៤១ ) ។
ប្រធាន បាឡឺដ បានពន្យល់ ៖
ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដែលជាសមាជិកសាសនាចក្រដែលជាខ្ទើយប្រុស ឬខ្ទើយស្រីដឹងថា ខ្ញុំជឿថាអ្នកមានកន្លែងនៅក្នុងនគរនេះ ហើយខ្ញុំដឹងថា នៅពេលខ្លះវាអាចពិបាកសម្រាប់អ្នកក្នុងការមើលឃើញកន្លែងដែលអ្នកចុះសម្រុងនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ប៉ុន្តែអ្នកមានកន្លែងនេះ ។ ( « Questions and Answers » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
មនុស្សមួយចំនួនដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាក៏ឆ្ងល់ដែរថា តើពួកគេស័ក្តិសមនឹងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ដោយរបៀបណាបន្ទាប់ពីជីវិតនេះទៅ ។ ព្យាការីទាំងឡាយបានធានាយើងថា ព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់របស់យើងនឹងប្រទានពរដល់អស់អ្នកទាំងឡាយណាដែលងាកទៅរក ហើយបន្តនៅស្មោះត្រង់ចំពោះទ្រង់ ។ អែលឌើរ អូលីសេស សូរ៉េស បានផ្តល់ដំបូន្មាន ៖
គោលការណ៍ដូចគ្នានេះអនុវត្តចំពោះបងប្អូនដែលដកពិសោធន៍ការស្រឡាញ់ភេទដូចគ្នា ហើយមានអារម្មណ៍បាក់ទឹកចិត្ត និងតែលតោល ។ ហើយប្រហែលដោយសារមូលហេតុនេះ ទើបបងប្អូនមួយចំនួនអាចមានអារម្មណ៍ថា ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនមែនសម្រាប់បងប្អូនទៀតឡើយ ។ ប្រសិនបើពិតដូច្នេះមែន ខ្ញុំចង់ធានាដល់បងប្អូនថា នឹងមានក្ដីសង្ឃឹមលើព្រះ ជាព្រះវរបិតា និងលើផែនការនៃសុភមង្គលរបស់ទ្រង់ លើព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ និងលើការរស់នៅតាមបទបញ្ញត្តិជាទីស្រឡាញ់របស់ទ្រង់ទាំងទ្វេជានិច្ច ។ ក្នុងប្រាជ្ញា ព្រះចេស្ដា សេចក្ដីយុត្តិធម៌ និងក្ដីមេត្តាដ៏ឥតខ្ចោះរបស់ទ្រង់ ព្រះអម្ចាស់អាចផ្សារភ្ជាប់យើងទៅនឹងទ្រង់ ដើម្បីឲ្យយើងអាចចូលទៅក្នុងវត្តមានរបស់ទ្រង់ ហើយទទួលបានការសង្គ្រោះដ៏អស់កល្ប បើយើងមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ [ សូមមើល អាលម៉ា ១:២៥ ] ហើយតែងតែធ្វើអំពើល្អជាច្រើន [ សូមមើល ម៉ូសាយ ៥:១៥ ] ។ ( « Take Up Our Cross » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៤ )
-
កាលដែលយើងផ្តោតទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយរក្សាសេចក្តីសញ្ញារបស់យើងជាមួយទ្រង់ទាំងទ្វេ នោះយើងអាចមានសេចក្តីសង្ឃឹមបាន ( សូមមើល នីហ្វៃទី២ ៣១:២០ ) ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានថ្លែងទីបន្ទាល់ ៖
យើងសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទ ក្នុងភាពល្អនៃព្រះ នៅក្នុងការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ក្នុងចំណេះដឹងដែលថាការអធិស្ឋាននឹងបានឮ ហើយបានឆ្លើយតប ។ … សេចក្តីសង្ឃឹមប្រភេទនេះ … ធ្វើឲ្យយើងមានភាពក្លាហានឡើងវិញក្នុងអំឡុងពេលមានឧបសគ្គដ៏លំបាកទាំងឡាយ និងផ្តល់កម្លាំងដល់អ្នកដែលមានអារម្មណ៍ថាមានការគំរាមកំហែងដោយការហ៊ុមព័ទ្ធដោយសេចក្តីភ័យខ្លាច ការសង្ស័យ និងការអស់សង្ឃឹម ។ ( « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៣ )