« មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ម្ដាយ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់
ការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ម្ដាយ
ប្រធាន រ័សុល អិម ណិលសុន បានសង្កេតឃើញថា « វាមិនអាចធ្វើបានទេ ដើម្បីវាស់វែងពីឥទ្ធិពលនៃស្ត្រី [ ដែលរក្សាសេចក្ដីសញ្ញា ] ដែលមិនគ្រាន់តែសម្រាប់ក្រុមគ្រួសារពួកគាត់ទេ ប៉ុន្តែនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ផងដែរ ក្នុងនាមជាភរិយា ជាម្ដាយ និងជាជីដូន ជាបងស្រី និងជាមីង ជាគ្រូបង្រៀន និងជាអ្នកដឹកនាំ ហើយជាពិសេសជាគំរូ និងជាអ្នកការពារសេចក្ដីជំនឿដ៏លះបង់ » ( « “A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥–៩៦ ) ។ នៅពេលអ្នកសិក្សាឯកសារមេរៀននេះ សូមគិតអំពីឥទ្ធិពលរបស់ស្ត្រីសុចរិត ដែលមាននៅក្នុងជីវិតរបស់អ្នក ។
ផ្នែកទី ១
តើតួនាទីនៃភាពជាម្ដាយអនុវត្តចំពោះស្ត្រីទាំងអស់យ៉ាងដូចម្ដេចទៅ ?
តាមធម្មជាតិ ភាពជាម្ដាយគឺអស់កល្បជានិច្ច ។ នៅលើផែនដីនេះ ភាពជាម្តាយបានជាប់ទាក់ទងនឹងភាពជាស្ត្រី ចាប់តាំងពីការបង្កើតអេវ៉ាមកម្ល៉េះ ៖ « អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា អេវ៉ា ពីព្រោះនាងជាម្ដាយនៃជីវិតទាំងអស់ ដ្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះបានហៅស្ត្រីទី ១ ថាដូច្នោះហើយ ដែលមានជាច្រើន » ( ម៉ូសេ ៤:២៦ ) ។
សូមគិតអំពីរបៀបដែលតួនាទីជាម្ដាយអនុវត្តចំពោះស្ត្រីទាំងអស់ នៅពេលដែលអ្នកអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយ ស៊ីស្ទើរ សឺរី អិល ឌូវ អតីតទីប្រឹក្សានៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ៖
ខណៈដែល យើង មានទំនោរដាក់ភាពជាម្ដាយឲ្យស្មើត្រឹមតែការមានកូនមួយមុខ នោះនៅក្នុងភាសារបស់ព្រះអម្ចាស់ ពាក្យថា ម្ដាយ មានស្រទាប់អត្ថន័យជាច្រើន ។ ក្នុងចំណោមពាក្យទាំងអស់ដែលទ្រង់បានជ្រើសរើស ដើម្បីកំណត់ពីតួនាទី និងសារៈសំខាន់របស់នាង នោះទាំងព្រះជាព្រះវរបិតា និងលោកអ័ដាមបានហៅអេវ៉ាថាជា « ម្ដាយនៃជីវិតទាំងអស់ » [ ម៉ូសេ ៤:២៦]—ហើយទ្រង់ និងអ័ដាមធ្វើដូច្នោះ មុនពេល នាងមានកូនទៅទៀត ។ … ភាពជាម្ដាយគឺលើសពីការបង្កើតកូនទៅទៀត ថ្វីបើតាមធម្មជាតិយើងបង្កើតកូនមែនក្ដី ។ វាគឺជាសារៈសំខាន់ដ៏ខ្លាំងបំផុតរបស់ពួកយើងក្នុងនាមជាស្ត្រី ។ វាកំណត់អត្តសញ្ញាណរបស់យើង ឋានៈ និងលក្ខណៈដ៏ទេវភាពរបស់យើង និងចរិតពិសេសដែលព្រះវរបិតារបស់យើងបានប្រទានឲ្យយើង ។ …
ក្នុងនាមជាបុត្រីរបស់ព្រះវរបិតាសួគ៌យើង ហើយក្នុងនាមជាកូនស្រីរបស់អេវ៉ា យើងទាំងអស់គ្នាគឺជាម្ដាយ ហើយយើងតែងតែជាម្ដាយជានិច្ច ។ ( « Are We Not All Mothers? » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៩៦, ៩៧ )
ផ្នែកទី២
តើព្រះវរបិតាសួគ៌ជួយស្ត្រីឲ្យបំពេញទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់ខ្លួនក្នុងការចិញ្ចឹមបីបាច់ដោយរបៀបណា ?
ព្រះវរបិតាសួគ៌របស់យើងបានតែងតាំងអ្នកម្ដាយទាំងឡាយឲ្យ « មានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ( ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ អតីតប្រធានយុវនារីទូទៅ បានផ្ដល់និយមន័យនៃការចិញ្ចឹមបីបាច់ ៖
ការចិញ្ចឹមបីបាច់កូនគឺជាការបង្រៀន ការបណ្ដុះឲ្យមានការអភិវឌ្ឍ ការលើកកម្ពស់ឲ្យមានការរីកចម្រើន ការផ្ដល់ចំណីអាហារ និងការចិញ្ចឹមឲ្យធំឡើង ។ តើនរណាមិនស្រែកដោយអំណរ ដែលមានតួនាទីដ៏មានពរជ័យបែបនេះនោះ ? ( « My Soul Delighteth in the Things of the Lord » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨២ )
ព្រះវរបិតាសួគ៌បានប្រទានពរជ័យដល់បុត្រីរបស់ទ្រង់ « ឲ្យមានសមត្ថភាពក្នុងខ្លួនដើម្បីស្រឡាញ់ និងចិញ្ចឹមបីបាច់ » ដែលអាចជួយស្ដ្រីឲ្យបំពេញការទទួលខុសត្រូវដ៏មានឥទ្ធិពល និងដ៏ពិសិដ្ឋនេះ ( Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ១៧១ ) ។
ស៊ិស្ទើរ នែល អេហ្វ ម៉ារីអូត អតីតទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ បានបង្រៀនថា ព្រះវរបិតាសួគ៌នឹងជួយបុត្រីរបស់ទ្រង់នៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីចិញ្ចឹមបីបាច់ដល់មនុស្សដទៃ ៖
… បងប្អូនស្រី យើងទាំងអស់គ្នាមកកាន់ផែនដីនេះជាមួយនឹងអំណោយទាននៃការផ្ដល់កំណើត ការចិញ្ចឹមបីបាច់ ការធ្វើជាម្ដាយ ដោយសារវាគឺជាផែនការរបស់ព្រះ ។ …
កាលយើងសួរខ្លួនឯងថា « តើយើងខ្ញុំត្រូវធ្វើដូចម្តេច ? » នោះចូរយើងពិចារណាសំណួរនេះ ៖ « តើព្រះអង្គសង្គ្រោះធ្វើអ្វីជាបន្ត ? » ទ្រង់ចិញ្ចឹមបីបាច់ ។ ទ្រង់បង្កើត ។ ទ្រង់លើកទឹកចិត្តឲ្យមានភាពរីកចម្រើន និងអំពើល្អ ។ …
… នៅពេលយើងទូលសូមព្រះវរបិតាសួគ៌ដើម្បីធ្វើឲ្យយើងក្លាយជាពួកអ្នកស្ថាបនានគរទ្រង់ ព្រះចេស្ដាទ្រង់នឹងហូរចូលមកក្នុងខ្លួនយើង ហើយយើងនឹងដឹងពីរបៀបចិញ្ចឹមបីបាច់ នៅទីបំផុតយើងក្លាយដូចជាព្រះមាតាបិតាសួគ៌របស់យើង ។ ( « What Shall We Do? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១, ១២ )
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនអំពីអំណោយទានបន្ថែមទៀត ដែលព្រះវរបិតាសួគ៌បានប្រទានដល់ស្ត្រី ដើម្បីជួយពួកគេឲ្យបំពេញការហៅដ៏ពិសិដ្ឋរបស់ពួកគេដើម្បីចិញ្ចឹមបីបាច់កូនៗ ៖
ក្នុងនាមជាបុត្រីរបស់ព្រះ បងប្អូនមានសមត្ថភាពពីធម្មជាតិដ៏អស្ចារ្យមួយដើម្បីដឹងពីសេចក្ដីត្រូវការរបស់មនុស្សដទៃ និងដើម្បីផ្ដល់សេចក្ដីស្រឡាញ់ ។ ជាលទ្ធផល ការណ៍នេះធ្វើឲ្យបងប្អូនកាន់តែឆាប់ឮការខ្សឹបប្រាប់ពីព្រះវិញ្ញាណ ។ បន្ទាប់មក ព្រះវិញ្ញាណអាចដឹកនាំការគិត ការនិយាយ និងកិច្ចការដែលបងប្អូនធ្វើដើម្បីចិញ្ចឹមបីបាច់មនុស្ស ដើម្បីព្រះអម្ចាស់អាចចាក់ស្រោចចំណេះដឹង សេចក្ដីពិត និងភាពក្លាហានដល់ពួកគេ ។ ( « Women and Gospel Learning in the Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៩ )
ស្ត្រីមួយចំនួនប្រហែលជាព្រួយបារម្ភថា ពួកគេមិនសូវចេះចិញ្ចឹមបីបាច់ខ្លាំងនោះទេ ។ ដូចជាអំណោយទាំងអស់របស់ព្រះដែរ ការចិញ្ចឹមបីបាច់តម្រូវឲ្យមានការអនុវត្ត និងជំនួយពីស្ថានសួគ៌ ដើម្បីអភិវឌ្ឍ និងអនុវត្តឲ្យបានត្រឹមត្រូវ ។ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការចិញ្ចឹមបីបាច់ ។ ដូចដែលទ្រង់បានបង្ហាញមក ការចិញ្ចឹមបីបាច់មិនដូចគ្នានៅគ្រប់ស្ថានភាពទាំងអស់ជានិច្ចកាលនោះទេ ។ ទ្រង់មានក្ដីអាណិតអាសូរផង មានភាពតឹងរឹងផង នៅពេលទ្រង់ជួយមនុស្សដទៃឲ្យរីកចម្រើន ។
ផ្នែកទី ៣
តើម្ដាយធ្វើឲ្យមានភាពខុសគ្នាយ៉ាងណាដែរ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
ស្ត្រីមួយចំនួនអាចមានការស្ទាក់ស្ទើរក្នុងការមានកូន ។ ការស្ទាក់ស្ទើររបស់ពួកគេអាចមានកាន់តែខ្លាំងឡើងដោយសារសំឡេងនៅក្នុងសង្គម ដែលមើលងាយ ឬថែមទាំងសើចចំអកដាក់ភាពជាម្តាយដ៏សំខាន់នេះទៀតផង ។ សូមគិតថា តើការយល់ដឹងអំពីសារៈសំខាន់របស់អ្នកម្តាយទាំងឡាយនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ អាចជួយអ្នកឲ្យបដិសេធអាកប្បកិរិយា និងឥរិយាបថទាំងនេះ ឬស្រដៀងគ្នានេះបានដោយរបៀបណា ។
ប្រធាន ណិលសុន បានពន្យល់ថា « បងប្អូនស្ដ្រីត្រូវបានជ្រើសរើសមុនពេលមានគ្រឹះនៃពិភពលោកនេះ ដើម្បីបង្កើតកូន និងថែទាំដល់បុត្រាបុត្រីរបស់ព្រះ ហើយនៅពេលធ្វើដូច្នោះ នោះបងប្អូនសរសើរតម្កើងដល់ព្រះហើយ » ( « What Will You Choose? » Ensign ខែ មករា ឆ្នាំ ២០១៥ ទំព័រ ៣១ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីរបៀបដែលការបង្កើតកូនជួយពន្លឿនដល់ផែនការរបស់ព្រះវរបិតាសួគ៌នៃយើង ៖
មុខតំណែងដ៏ពិសិដ្ឋបំផុតរបស់ស្ត្រី គឺការបង្កើតជីវិត ។ យើងដឹងថា រូបកាយយើងមានដើមកំណើតដ៏ទេវភាព [ សូមមើល ម៉ូសេ ២:២៧ ] ហើយថាយើងត្រូវទទួលបទពិសោធន៍ ទាំងកំណើតខាងរូបកាយ និងការកើតជាថ្មីខាងវិញ្ញាណ ដើម្បីឆ្ពោះទៅដល់ពិភពដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាលរបស់ព្រះ [ សូមមើល ម៉ូសេ ៦:៥៧–៦០ ] ។ ដូច្នេះ ស្ត្រីមានមុខងារសំខាន់ ( ដែលជួនកាលស្ទើរតែលះបង់ជីវិតខ្លួន ) ក្នុងកិច្ចការ និងសិរីល្អរបស់ព្រះ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » [ ម៉ូសេ ១:៣៩ ] ។ ( «The Moral Force of Women » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៣០ )
ទាក់ទងនឹងរបៀបដែលស្ត្រីផ្ដល់ពរជ័យដល់ជីវិត តាមរយៈការបំពេញតួនាទីរបស់ខ្លួនជាម្ដាយ អែលឌើរ គ្រីស្តូហ្វឺសិន បានបង្រៀន ៖
ម្តាយអាចបញ្ចេញអានុភាពដែលពុំអាចប្រៀបបាន ខ្លាំងជាងអ្នកដទៃ ឬក្នុងទំនាក់ទំនងផ្សេងទៀតទាំងអស់ ។ ដោយអំណាចនៃគំរូ និងការង្រៀនរបស់គាត់ នោះកូនប្រុសៗគាត់រៀនគោរពភាពជាស្ត្រី រួមទាំងមានវិន័យ និងបទដ្ឋានសីលធម៌ខ្ពស់ក្នុងជីវិតពួកគេ ។ កូនស្រីៗរបស់គាត់រៀនដើម្បីអភិវឌ្ឍគុណធម៌របស់ខ្លួន ហើយឈរសម្រាប់អ្វីដែលត្រឹមត្រូវ ដែលមិនពេញនិយមម្ដងហើយម្ដងទៀត ។ សេចក្ដីស្រឡាញ់ និងការរំពឹងដ៏ខ្ពស់របស់ម្តាយ នាំកូនៗគាត់ឲ្យរស់នៅដោយគ្មានការដោះសារ ឲ្យចេះទទួលខុសត្រូវ ហើយហ្មត់ចត់ចំពោះការអប់រំ និងការអភិវឌ្ឍផ្ទាល់ខ្លួន ហើយបន្តលះបង់ ដើម្បីសុខុមាលភាពអ្នកនៅជុំវិញពួកគេ ។ ( « The Moral Force of Women » ទំព័រ ៣០ )
ស៊ីស្ទើរ ម៉ារីអូត ក៏បានបង្រៀនអំពីឥទ្ធិពលដ៏មានអានុភាពរបស់អ្នកម្ដាយផងដែរ ៖
ខ្ញុំជឿថា « ការធ្វើជាម្ដាយ » មានន័យថា « ផ្ដល់ជីវិតឲ្យ » ។ សូមគិតពីវិធីជាច្រើនដែលអ្នកផ្ដល់កំណើត ។ វាអាចមានន័យថាជាការផ្ដល់ជីវិតដ៏រំភើបដល់អ្នកអស់សង្ឃឹម ឬជីវិតខាងវិញ្ញាណដល់អ្នកសង្ស័យ ។ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ យើងអាចបង្កើតកន្លែងព្យាបាលខាងផ្លូវចិត្តដល់មនុស្សដែលគេរើសអើង មនុស្សដែលគេបដិសេធ និងមនុស្សចម្លែក ។ យើងស្ថាបនានគរព្រះឡើង តាមរបៀបដ៏ទន់ភ្លន់ប៉ុន្តែមានអានុភាពទាំងនេះ ។ ( « What Shall We Do? » ទំព័រ ១១ )
នៅពេលដែលអ្នកអានទីបន្ទាល់ខាងក្រោម ដែលបានចែកចាយដោយប្រធាន ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះ សូមពិចារណាពីឥទ្ធិពលរបស់ស្ត្រីដែលអ្នកស្គាល់ ដែលបានគោរពតាមបេសកកម្មដ៏ទេវភាពរបស់ខ្លួនដើម្បីធ្វើជាម្តាយ ៖
គ្មានដែនកំណត់ចំពោះអ្វីដែលស្ត្រី ដែលមានបេះដូងជាម្ដាយអាចសម្រេចបាននោះទេ ។ ស្ត្រីសុចរិតបានផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រ ហើយនឹងបន្តធ្វើដូច្នេះ ហើយឥទ្ធិពលរបស់ពួកគេនឹងរីករាលដាល និងរីកចម្រើនយ៉ាងខ្លាំងរហូតដល់អស់កល្បជានិច្ច ។ ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះព្រះអម្ចាស់ដែលបានទុកព្រះទ័យលើស្ត្រី ចំពោះបេសកកម្មដ៏ទេវភាពនៃភាពជាម្ដាយនេះ ។ ( « A ‘Mother Heart,’ » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៧ )