« មេរៀនទី ៦ ឯកសារគ្រូបង្រៀន ៖ អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៦ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ៦ ឯកសារគ្រូបង្រៀន
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ
ព្យាការី ពួកសាវក និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតបានប្រកាសយ៉ាងមុតមាំថា « អាពាហ៍ពិពាហ៍គឺត្រូវបានតែងតាំងឡើងដោយព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ក្នុងមេរៀននេះ សិស្សនឹងត្រូវបានអញ្ជើញឲ្យពន្យល់ពីមូលហេតុ ដែលអាពាហ៍ពិពាហ៍គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះ ។ សិស្សក៏នឹងប្ដេជ្ញាចិត្តផងដែរ អំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅក្នុងការប្រតិបត្តិឆ្ពោះទៅរកអាពាហ៍ពិពាហ៍របស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់គឺជាជំហានដ៏ចាំបាច់មួយ ដើម្បីក្លាយដូចជាព្រះ ។
ដើម្បីចាប់ផ្ដើមមេរៀន អ្នកអាចសួរសិស្សថា តើមនុស្សនៅក្នុងសង្គមមានជំនឿអ្វីខ្លះអំពីអាពាហ៍ពិពាហ៍ ។ ឬអ្នកអាចប្រើសាច់រឿងដូចខាងក្រោម ៖
-
តើអ្នកអាចឆ្លើយតបទៅនឹងគំនិតទាំងនេះតាមរបៀបណាខ្លះ ?
សូមសង្ខេបខ្លីៗនៃបរិបទសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៦ ឲ្យឮៗ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ទតទៅអាពាហ៍ពិពាហ៍ ។
សូមសរសេរគោលលទ្ធិដូចតទៅនេះដាក់នៅលើក្ដារខៀន ដែលចេញពីការប្រកាស់អំពីក្រុមគ្រួសារ ៖ « អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីគឺត្រូវបានតែងតាំងឡើងដោយព្រះ … [ ហើយ ] ជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » )។
-
តើអ្នកនឹងពន្យល់ពីមូលហេតុដែលអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីគឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ដោយរបៀបណា ? ( ប្រសិនបើចាំបាច់ សូមយោងទៅការពន្យល់អំពីគោលលទ្ធិនេះនៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំ ) ។
សូមដឹងថា មនុស្សមួយចំនួនដែលចង់រៀបការ អាចមិនមានឱកាសរៀបការនៅក្នុងជីវិតនេះទេ ។ អ្នកផ្សេងទៀតអាចជួបនឹងអាពាហ៍ពិពាហ៍ ដែលមិនយូរអង្វែង ។
-
តើអ្នកនឹងចែកចាយអ្វីខ្លះ ជាមួយនឹងអ្នកដែលមានអារម្មណ៍ថា ឱកាសរបស់ពួកគេដើម្បីមានសុភមង្គល និងជីវិតដ៏នៅអស់កល្បជានិច្ចត្រូវបាត់បង់ ព្រោះពួកគេមិនបានរៀបការ ? ( ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សឲ្យរំឭក ផ្នែកទី ២ នៃឯកសាររៀបចំ ឡើងវិញ ) ។
សូមឲ្យសិស្សមានពេលកត់ត្រាចំណាប់អារម្មណ៍របស់ពួកគេ អំពីសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានគំនិត និងអារម្មណ៍យ៉ាងណា នៅពេលអ្នកសញ្ជឹងគិតពីសេចក្ដីពិតដែលថា អាពាហ៍ពិពាហ៍គឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះសម្រាប់ អ្នក រៀងៗខ្លួនៗ ?
ដោយផ្អែកលើបទពិសោធន៍របស់អ្នកផ្ទាល់ អ្នកអាចថ្លែងទីបន្ទាល់អំពីឥទ្ធិពលនៃគោលលទ្ធិរបស់ព្រះអម្ចាស់អំពីអាពាហ៍ពិពាហ៍ ដែលមានមកលើអ្នក ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យយកឈ្នះលើការភ័យខ្លាច ហើយរកឃើញសុភមង្គលនៅក្នុងអាពាហ៍ពិពាហ៍របស់យើងបាន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ ខ្ញុំជឿថា អាពាហ៍ពិពាហ៍របស់ខ្ញុំនឹងពេញដោយក្ដីស្រឡាញ់ និងបានគង់វង្សយូរអង្វែង ។ សូមអញ្ជើញសិស្សឲ្យដាក់លេខរៀងដល់ខ្លួនគេដោយស្ងាត់ស្ងៀម នៅលើកម្រិតពី ១ ដល់ ៤ ( ១=មិនយល់ស្រប; ៤=យល់ស្រប ) ដើម្បីបង្ហាញពីកម្រិត ដែលពួកគេជឿលើសេចក្ដីថ្លែងការណ៍នេះរៀងៗខ្លួន ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីមូលហេតុ ដែលពួកគេមានអារម្មណ៍យ៉ាងដូច្នោះ ។
-
តើអ្នក ឬមនុស្សដទៃដែលអ្នកស្គាល់ មានការព្រួយបារម្ភ ឬការភ័យខ្លាចអ្វីខ្លះអំពីអាពាហ៍ពិពាហ៍ ហើយហេតុអ្វី ?
-
តើយុវមជ្ឈិមវ័យមានមូលហេតុទូទៅអ្វីខ្លះ ដែលមិនគិតគូររឿងអាពាហ៍ពិពាហ៍ ?
សូមពន្យល់ថា សកម្មភាពរៀនសូត្រខាងក្រោមនេះមានបំណង ដើម្បីជួយដោះស្រាយការភ័យខ្លាច កង្វល់ និងសំណួរទាំងនេះមួយចំនួន ។ សូមបែងចែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមចាត់ឲ្យមានមេក្រុមម្នាក់សម្រាប់ក្រុមនីមួយៗ ហើយផ្ដល់សំណៅចែកខាងក្រោមនេះដល់គាត់ ឬនាង ( ឬបង្កើតជាសាច់រឿងមួយដោយខ្លួនអ្នកផ្ទាល់ ដែលត្រូវនឹងសិស្សជាក់លាក់របស់អ្នកជាង ) ។ សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សមានការពិភាក្សាដ៏មានអត្ថន័យមួយ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញមេក្រុមពីរបីនាក់ឲ្យឡើងចែកចាយសេចក្ដីពិត ឬការយល់ដឹង ដែលពួកគេបានទទួលមកពីការពិភាក្សាជាក្រុមរបស់ពួកគេ ។ អ្នកអាចសរសេរសេចក្ដីពិត ដែលពួកគេរកឃើញដាក់នៅលើក្ដារខៀន ដែលអាចរួមមានសេចក្ដីពិតមួយដូចតទៅនេះ ៖ នៅពេលយើងមើលទៅព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីជំនឿ នោះយើងអាចយកឈ្នះលើការភ័យខ្លាច ហើយទ្រង់ទាំងទ្វេនឹងដឹកនាំផ្លូវរបស់យើង ។
ជាសាក្សីបន្ថែមមួយដល់សេចក្ដីពិតនេះ សូមពិចារណាចែកចាយ បទពិសោធន៍របស់អែលឌើរ និងស៊ីស្ទើរ ហូឡិន ក្នុងការជ្រើសរើសដើម្បីរៀបការ ដែលមាននៅក្នុងផ្នែក « ចង់បានបន្ថែមទៀតទេ ? » នៃឯកសាររៀបចំ ។ ឬអ្នកអាចចែកចាយបទពិសោធន៍ខាងក្រោមនេះ ដែលបានតំណាលដោយអែលឌើរ ខាល ប៊ី ឃុក នៃពួកចិតសិបនាក់ ៖
យុវជនស្មោះត្រង់ម្នាក់បានប្រាប់រឿងសម្ងាត់មកយើងថា គាត់បាក់ទឹកចិត្តអំពីលទ្ធភាពដើម្បីមានអាពាហ៍ពិពាហ៍ដ៏រីករាយមួយ ។ មិនគ្រាន់តែឪពុកម្ដាយរបស់គាត់បានលែងលះគ្នាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីពូមីងទាំងសងខាងក្នុងគ្រួសាររបស់គាត់ក៏ដូច្នោះដែរ ។ គាត់បាននិយាយថា គាត់មិនដែលឃើញមានអាពាហ៍ពិពាហ៍រីករាយនៅជិតគាត់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានជំនួយពីព្រះ គាត់បានក្រោកចេញពីភាពភ័យខ្លាច ហើយបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់ និងភរិយាគាត់កំពុងស្វែងរកអំណរនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ហើយពួកគេមានកូនដ៏ស្រស់ស្អាតប្រាំនាក់ ។ ( ខាល ប៊ី ឃុក « Continually Progressing toward Eternal Marriage » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
សូមផ្ដល់ពេលពីរបីនាទីឲ្យសិស្សកត់ត្រាអ្វីៗ ដែលពួកគេមានអារម្មណ៍ថាត្រូវធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿកាន់តែខ្លាំងឡើងទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទាក់ទងនឹងប្រធានបទអាពាហ៍ពិពាហ៍ ។
សូមពន្យល់ថា ពេញមួយវគ្គសិក្សានេះ សិស្សនឹងរៀនបន្ថែមទៀតអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេឲ្យទទួលបានជោគជ័យ ក្នុងការស្ថាបនាអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងអស់កល្បជានិច្ចមួយ ។ សូមអះអាងដល់សិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេ ហើយអន្ទះសា និងប្ដេជ្ញាដើម្បីជួយដល់ពួកគេ ។
សម្រាប់ពេលក្រោយ
នៅក្នុងការសិក្សាឯកសាររៀបចំរបស់ពួកគេសម្រាប់ មេរៀនទី ៧ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតប្រកបដោយការអធិស្ឋានពីរបៀបដែល « ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់ [ យើង ] នៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ សូមអញ្ជើញពួកគេឲ្យពិចារណាពីរបៀប ដែលពួកគេអាចឆ្លើយតបប្រកបដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ទៅដល់អស់អ្នកដែលមានសំណួរទាក់ទងទៅនឹងភេទផងដែរ ។