« មេរៀនទី ៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ៤ ឯកសាររៀបចំសម្រាប់ថ្នាក់
គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌
ព្យាការី និងសាវកសម័យទំនើប បានប្រកាសថា « គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើអ្នកធ្លាប់បានគិតពីរបៀបដែលគ្រួសារ ទាក់ទងនឹងបង្គោលស្នូលផ្សេងៗទៀតនៃផែនការរបស់ព្រះវរបិតាសួគ៌ ដូចជា ការបង្កបង្កើត ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ព្រមទាំងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? នៅពេលអ្នកសិក្សា សូមពិចារណាពីអត្ថន័យ ដែលការធ្វើតាមការបង្រៀនអាចមានលើជម្រើសរបស់អ្នក និងសេចក្ដីសង្ឃឹមសម្រាប់គ្រួសាររបស់អ្នកផ្ទាល់ ។
ផ្នែកទី ១
តើការបង្កបង្កើតផែនដី និងការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា បានជួយបំពេញតាមព្រះរាជបំណងដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌សម្រាប់គ្រួសារដោយរបៀបណា ?
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
គោលលទ្ធិនៃគ្រួសារចាប់ផ្ដើមឡើងជាមួយនឹងព្រះមាតាបិតាសួគ៌ ។ សេចក្ដីប៉ងប្រាថ្នាដ៏ខ្ពស់បំផុតរបស់យើង គឺដើម្បីក្លាយដូចជាទ្រង់ទាំងទ្វេ ។ ( « The Eternal Family » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៤ )
នៅពេលព្រះបានមានបន្ទូលទៅកាន់ម៉ូសេនៅលើភ្នំ នោះទ្រង់បានពន្យល់ថា កិច្ចការរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់គឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ជីវិតដ៏នៅអស់កល្បជានិច្ចគឺ ការរស់នៅជាមួយព្រះ ដូចដែលទ្រង់មានព្រះជន្មរស់នៅ វាមានន័យថា ការរស់នៅជារៀងរហូតជាផ្នែកមួយនៃគ្រួសារដ៏អស់កល្បជានិច្ច ។ នេះគឺជាអំណោយដ៏មហិមាបំផុត ដែលទ្រង់អាចប្រទានដល់យើង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ) ។
ការបង្កបង្កើតផែនដី និងការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា គឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតា ដើម្បីបំពេញតាមព្រះរាជបំណងដ៏អស់កល្បទាំងនេះ ។ នៅក្នុងប្រវត្តិសាសនាចក្រសម័យដើម ព្រះអម្ចាស់បានប្រកាសពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងកូនចៅនៅក្នុងផែនការរបស់ព្រះសម្រាប់ផែនដីនេះ ។ ហើយនៅក្នុងព្រះគម្ពីរមរមន លីហៃបានពន្យល់ដល់កូនប្រុសរបស់លោកអំពីភាពវាងវៃនៃការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ។
ប្រធាន រ័សុល អិម ណិលសុន និងអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ដោយសារតែទំហំដ៏ធំរបស់វា នោះភពផែនដីគឺជាផ្នែកមួយនៃកិច្ចការដែលកាន់តែមហិមាជាងទំហំរបស់វាទៅទៀត—នោះគឺជាផែនការដ៏មហិមារបស់ព្រះ ។ សរុបសេចក្តីមកយ៉ាងសាមញ្ញ ផែនដីនេះត្រូវបានបង្កើតឡើងដើម្បីឲ្យមានក្រុមគ្រួសារអាចរស់នៅបាន ។ ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៥ )
ការធ្លាក់គឺជាផ្នែកមួយដ៏ចាំបាច់នៃផែនការដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌ ។ បើគ្មានការធ្លាក់ទេ នោះក៏គ្មានកូនចៅរមែងស្លាប់ណាម្នាក់អាចកើតមកពីលោកអ័ដាម និងនាងអេវ៉ាឡើយ ហើយនឹងគ្មានក្រុមគ្រួសារមនុស្សណាមួយអាចដកបទពិសោធន៍ភាពផ្ទុយគ្នា និងការលូតលាស់ សិទ្ធិជ្រើសរើសខាងសីលធម៌ និងសេចក្ដីអំណរនៃដំណើររស់ឡើងវិញ សេចក្ដីប្រោសលោះ និងជីវិតដ៏នៅអស់កល្បជានិច្ចបានដែរ ។ ( « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ )
ផ្នែកទី ២
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យក្រុមគ្រួសារអាចរស់នៅដ៏អស់កល្បដោយរបៀបណា ?
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ាបាននាំឲ្យពិភពលោករបស់យើងស្គាល់ស្ថានភាពនៃអំពើបាប និងការស្លាប់ ។ ទាំងអំពើបាប និងការស្លាប់បានបំបែកយើងចេញពីព្រះផង និងផ្ដាច់លទ្ធភាពដើម្បីឲ្យយើងមានជីវិតដ៏អស់កល្បជានិច្ចជាមួយនឹងក្រុមគ្រួសាររបស់យើងផង ។
នៅក្នុងព្រះគម្ពីរមរមន លីហៃបានពិពណ៌នាពីជីវិតវ័យក្មេងរបស់យ៉ាកុបថា បានពោរពេញទៅដោយសេចក្ដីវេទនា និងទុក្ខសោកដោយសារតែពួកបងប្រុសរបស់លោក ( សូមមើល នីហ្វៃទី២ ២:១ ) ។ លីហៃបានស្លាប់ នៅពេលយ៉ាកុបនៅក្មេងនៅឡើយ ។ ថ្វីបើមានឧបសគ្គក្នុងគ្រួសារទាំងនេះក្ដី ក៏យ៉ាកុបបានរកឃើញសេចក្ដីសង្ឃឹមនៅក្នុងចំណេះដឹងរបស់លោក អំពីពលិកម្មនាពេលអនាគតដែលនឹងត្រូវធ្វើដោយព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយពួកយើងទាំងអស់គ្នា និងក្រុមគ្រួសាររបស់យើងឲ្យចៀសផុតពីសេចក្ដីស្លាប់ និងស្ថាននរក ។
ប្រធាន ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ និងប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនអំពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យក្រុមគ្រួសារអាចរស់នៅដ៏អស់កល្បបាន ៖
ដង្វាយធួន [ របស់ព្រះយេស៊ូវគ្រីស្ទ ] អនុញ្ញាតឲ្យគ្រួសារត្រូវបានផ្សារភ្ជាប់ជាមួយគ្នាដ៏អស់កល្បជានិច្ច ។ វាអនុញ្ញាតឲ្យគ្រួសារទាំងឡាយមានការរីកចម្រើន និងមានភាពឥតខ្ចោះអស់កល្បជានិច្ច ។ ផែនការនៃសុភមង្គល ក៏ត្រូវបានហៅថាជាផែនការនៃសេចក្ដីសង្គ្រោះផងដែរ គឺជាផែនការមួយដែលបានបង្កើតឡើងសម្រាប់ក្រុមគ្រួសារ ។ ( « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១២ )
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងជ្រាបដឹងពីដួងចិត្តរបស់យើង ។ ព្រះទ័យរបស់ទ្រង់គឺដើម្បីប្រទានសុភមង្គលដល់យើង ( សូមមើល នីហ្វៃទី២ ២:២៥ ) ។ ដូច្នោះហើយ ទ្រង់បានប្រទានអំណោយទានជាព្រះរាជបុត្រារបស់ទ្រង់ ដើម្បីធ្វើឲ្យកើតមាននូវក្តីអំណរក្នុងចំណងគ្រួសារដែលបន្ដមានជារៀងរហូត ។ ដោយសារព្រះអង្គសង្គ្រោះបានផ្ដាច់ចំណងនៃសេចក្ដីស្លាប់ នោះយើងនឹងត្រូវបានរស់ឡើងវិញ ។ ដោយសារទ្រង់បានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង នោះយើងអាចប្រែក្លាយទៅជាមានភាពស័ក្ដិសមចំពោះនគរសេឡេស្ទាល ជាកន្លែងដែលក្រុមគ្រួសារត្រូវបានចងភ្ជាប់នឹងគ្នានៅក្នុងសេចក្ដីស្រឡាញ់ជារៀងរហូតតាមរយៈសេចក្ដីជំនឿ និងការប្រែចិត្តរបស់យើង ។ ( « The Hope of Eternal Family Love » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៤ )
ផ្នែកទី ៣
តើគ្រួសារមានសារៈសំខាន់ខ្លាំងប៉ុណ្ណានៅក្នុងផែនការរបស់អ្នក ?
ដោយពន្យល់ពីសារៈសំខាន់នៃគ្រួសារនៅក្នុងភាពអស់កល្ប អែលឌើរ អិល ថម ភែរី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សាសនាវិទ្យាទាំងមូលនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់យើង ផ្ដោតលើគ្រួសារ និងលើសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ ។ …
យើងក៏ជឿផងដែរថា ក្រុមគ្រួសារប្រពៃណីដ៏រឹងមាំគឺជា … អង្គភាពគ្រឹះនៃភាពអស់កល្ប និងនគរ និងការគ្រប់គ្រងរបស់ព្រះ ។
យើងជឿថា ការរៀបចំ និងការគ្រប់គ្រងនៅស្ថានសួគ៌នឹងត្រូវបានស្ថាបនាឡើងជុំវិញក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយទាំងឡាយ ។ ( « Why Marriage and Family Matter—Everywhere in the World » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤១ )
ដោយសារតែសារៈសំខាន់នៃគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ នោះយើងអាចរំពឹងថា សាតាំងនឹងប្រឆាំងនឹងកិច្ចខិតខំរបស់យើងដើម្បីបង្កើត និងពង្រឹងក្រុមគ្រួសាររបស់យើង ។ ការយល់ដឹងរបស់យើងអំពីផែនការរបស់ព្រះវរបិតាសួគ៌ អាចជួយយើងឲ្យមើលឃើញការបោកបញ្ឆោតទាំងឡាយរបស់សាតាំង ។ អែលឌើរ ហែល បានបង្រៀន ៖
ទស្សនវិស័យដ៏អស់កល្បប្រាប់យើងពីការសម្រេចចិត្ត និងសកម្មភាពប្រចាំថ្ងៃរបស់យើង ។ វារក្សាលំនឹងនៃគំនិត និងព្រលឹងរបស់យើង ។ នៅពេលគំនិតទន់ខ្សោយអស់កល្បជានិច្ច ដែលអាចបញ្ចុះបញ្ចូលបានមាននៅជុំវិញយើង នោះយើងត្រូវតែខ្ជាប់ខ្ជួន ហើយនឹងនរ ។ …
អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារទទួលរងការវាយប្រហារ ព្រោះសាតាំងដឹងថា វាជាចំណុចដ៏សំខាន់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច—គឺសំខាន់ដូចជាការបង្កបង្កើត ការធ្លាក់ និងដង្វាយធួន ព្រមទាំងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ ពេលបរាជ័យក្នុងការបំផ្លាញបង្គោលទាំងនេះណាមួយនៃផែនការនេះ នោះសាតាំងព្យាយាមបំផ្លាញការយល់ដឹង និងការអនុវត្តរបស់យើងទាក់ទងទៅនឹងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ។ ( « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ២៨, ២៩ )