« មេរៀនទី ៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ បទពិសោធន៍ជីវិតរមែងស្លាប់របស់យើង និងអំណោយទាននៃរូបកាយជាសាច់ឈាម » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ៥ ឯកសាររៀបចំសម្រាប់ថ្នាក់
បទពិសោធន៍ជីវិតរមែងស្លាប់របស់យើង និងអំណោយទាននៃរូបកាយជាសាច់ឈាម
តើអ្នកធ្លាប់ស្ញប់ស្ញែងនឹងអព្ភូតហេតុនៃរូបកាយខាងសាច់ឈាមរបស់អ្នក និងអ្វីទាំងអស់ដែលរូបកាយនេះអាចធ្វើបានដែរឬទេ ? ឬម្យ៉ាងទៀត តើធ្លាប់មានពេលណាមួយ ដែលអ្នកមានអារម្មណ៍អន្ទះសា ដោយសារអ្នកមានឧបសគ្គខាងរូបកាយរបស់អ្នកដែរឬទេ ? នៅពេលអ្នកសិក្សា សូមពិចារណាពីរបៀបដែលរូបកាយខាងសាច់ឈាមរបស់យើង ជាប់ទាក់ទងទៅនឹងគោលបំណងនៃបទពិសោធន៍ជីវិតរមែងស្លាប់របស់យើង នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះ ។
ផ្នែកទី ១
តើរូបកាយសាច់ឈាមរបស់ខ្ញុំមានសារៈសំខាន់ប៉ុណ្ណា ចំពោះការរីកចម្រើនដ៏អស់កល្បរបស់ខ្ញុំ ?
រូបកាយសាច់ឈាមរបស់យើងត្រូវបានបង្កើតតាមរូបភាពរបស់ព្រះ ( សូមមើល លោកុប្បត្តិ ១:២៦–២៧ ) ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពន្យល់ថា « គោលបំណងនៃជីវិតរមែងស្លាប់ និងការរីកចម្រើនក្រោយពីជីវិតរមែងស្លាប់ ដែលអាចកើតមាន វាគឺដើម្បីឲ្យកូនចៅនៃព្រះប្រែក្លាយដូចជាទ្រង់ » ( « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៤ ) ។
ដូច្នេះ តើយើងត្រូវដកពិសោធន៍អ្វីខ្លះនៅក្នុងជីវិតរមែងស្លាប់នេះ ដើម្បីប្រែក្លាយដូចជាព្រះ ? ធាតុដ៏សំខាន់ចំនួនពីរត្រូវបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ចេញពីការប្រកាសអំពីក្រុមគ្រួសារ ៖ « នៅជីវិតមុនផែនដី [ យើង ] … បានទទួលផែនការរបស់ [ ព្រះ ] ដែលនាំឲ្យកូនចៅទាំងឡាយរបស់ទ្រង់អាចទទួលរូបកាយ ហើយនិងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ » ( « The Family: A Proclamation to the World » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សូមមើលវីដេអូ « God’s Greatest Creation » ( ២:៥១ ) ហើយសូមពិចារណាពីអព្ភូតហេតុនៃរូបកាយសាច់ឈាមរបស់អ្នក និងគោលបំណងដ៏ពិសិដ្ឋមួយចំនួននៃរូបកាយនេះ ។
នៅក្នុងវិវរណៈមួយអំពីជីវិតមុនជីវិតនៅលើផែនដីនេះ អ័ប្រាហាំបានឃើញក្រុមប្រឹក្សានៅឯស្ថានសួគ៌ ( សូមមើល អ័ប្រាហាំ ៣:២២–២៨ ) ។ នៅពេលនោះ លោកបានរៀនពីសេចក្ដីពិតដ៏សំខាន់មួយអំពីជីវិតរមែងស្លាប់របស់យើង ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីរបៀបដែលការមានរូបកាយសាច់ឈាមគឺជាផ្នែកមួយនៃយើង ដែលត្រូវទទួលការបញ្ជាក់ ឬការសាកល្បងនៅក្នុងជីវិតរមែងស្លាប់ ៖
ខណៈដែលនៅក្នុងបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើង នោះយើងបានជ្រើសរើសថា « នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះ [ នៃយើង ] [ នឹង ] បញ្ជាដល់ [ យើង ] » [ អ័ប្រាហាំ ៣:២៥ ] នោះយើងនឹងរក្សាបាន « សណ្ឋានទីពីរ » របស់យើង [ អ័ប្រាហាំ ៣:២៦ ] ។ នេះមានន័យថា តាមការជ្រើសរើសរបស់យើង នោះយើងនឹងបង្ហាញដល់ព្រះ ( និងខ្លួនយើង ) នូវការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់យើង ដើម្បីរស់នៅតាមក្រឹត្យវិន័យសេឡេស្ទាលរបស់ទ្រង់ ខណៈដែលគ្មានវត្តមានរបស់ទ្រង់ និងនៅក្នុងរូបកាយសាច់ឈាមដែលមានថាមពល ការស្រេកឃ្លាន និងតណ្ហា ។ តើយើងអាចគ្រប់គ្រងសាច់ឈាមយើង ដើម្បីធ្វើឲ្យវាក្លាយជាឧបករណ៍ ជាជាងឲ្យវាធ្វើជាចៅហ្វាយលើវិញ្ញាណរបស់យើងបានឬទេ ? តើយើងអាចទុកចិត្តបានឬទេទាំងក្នុងពេលវេលានេះ និងភាពអស់កល្បជានិច្ច ជាមួយនឹងព្រះចេស្ដាពីព្រះ រួមទាំងអំណាចដើម្បីបង្កើតជីវិតនោះ ? តើយើងម្នាក់ៗអាចយកឈ្នះលើអារក្សដែរឬទេ ? អ្នកទាំងឡាយដែលបានឈ្នះ នឹង « មានសិរីល្អបន្ថែមទៅលើក្បាលគេជារៀងដរាបរហូតតទៅ » [ អ័ប្រាហាំ ៣:២៦ ]—ជាផ្នែកដ៏សំខាន់ខ្លាំងមួយនៃសិរីល្អនោះ ដែលរូបកាយសាច់ឈាមបានរស់ឡើងវិញ នៅអមត និងជាតួអង្គដ៏រុងរឿង ។ គ្មានសង្ស័យឡើយដែលយើង « ស្រែកអរសាទរ » ចំពោះលទ្ធភាព និងការសន្យាដ៏សំខាន់ៗទាំងនេះនោះ [ យ៉ូប ៣៨:៧ ] ។ ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥១ )
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានរូបកាយដ៏អមតៈ ដ៏ល្អឥតខ្ចោះមួយនៅថ្ងៃណាមួយ ដូចជាព្រះវរបិតាសួគ៌របស់យើងដែលគង់នៅស្ថានសួគ៌ដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២ ) ។ នេះគឺជាប្រភេទរូបកាយតែមួយគត់ ដែលយើងអាច « ទទួលនូវភាពពោរពេញនៃសេចក្ដីអំណរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៣–៣៤; ១៣៨:១៧ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធក៏បានបង្រៀនផងដែរថា សុភមង្គលដ៏ពិតពាក់ព័ន្ធនឹងការមានរូបកាយសាច់ឈាម ៖
យើងមកលើផែនដីនេះ ដើម្បីយើងអាចមានរូបកាយ ហើយបង្ហាញថា វាបរិសុទ្ធនៅចំពោះព្រះនៅក្នុងនគរសេឡេស្ទាល ។ គោលការណ៍នៃសុភមង្គលដ៏មហិមា មាននៅក្នុងការមានរូបរាងកាយ ។ អារក្សគ្មានរូបកាយទេ ហើយការគ្មានរូបកាយនេះហើយគឺជាទណ្ឌកម្មរបស់វា ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១១ ) ។
ដូចបានកត់ចំណាំពីមុនមកនៅក្នុងសេចក្ដីថ្លែងការណ៍ ដែលបានចែកចាយពីការប្រកាសអំពីក្រុមគ្រួសារ ការទទួលបានបទពិសោធន៍នៅលើផែនដីនេះ ក៏មានសារៈសំខាន់ផងដែរនៅក្នុងការរីកចម្រើនទៅកាន់ភាពល្អឥតខ្ចោះ និងការក្លាយដូចជាព្រះ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីរបៀបដែលរូបកាយសាច់ឈាមរបស់យើង បង្កើនបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើង ៖
រូបកាយសាច់ឈាមរបស់យើងធ្វើឲ្យមានបទពិសោធន៍ដ៏ទូលំទូលាយ ជ្រាលជ្រៅ និងប្រពលភាព ដែលជាធម្មតាពុំអាចទទួលបានរូបកាយនៅក្នុងជីវិតមុនជីវិតរមែងស្លាប់របស់យើងបានទេ ។ ដូច្នេះ ទំនាក់ទំនងរបស់យើងជាមួយមនុស្សទូទៅ និងលទ្ធភាពរបស់យើងដើម្បីស្គាល់ និងប្រព្រឹត្តស្របតាមសេចក្ដីពិត និងលទ្ធភាពរបស់យើងដើម្បីគោរពតាមគោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានពង្រីកឲ្យកាន់តែល្អឡើងតាមរយៈរូបកាយសាច់ឈាមរបស់យើង ។ នៅពេលយើងរៀនក្នុងអំឡុងពេលនៃជីវិតរមែងស្លាប់នេះ យើងដកពិសោធន៍ពីភាពទន់ភ្លន់ ក្ដីស្រឡាញ់ ចិត្តសប្បុរស សុភមង្គល ទុក្ខព្រួយ ការខកចិត្ត ការឈឺចាប់ និងសូម្បីតែឧបសគ្គនានានៃដែនកំណត់ខាងសាច់ឈាម នៅក្នុងរបៀបទាំងឡាយដែលរៀបចំយើងសម្រាប់ភាពអស់កល្បជានិច្ច ។ និយាយដោយសាមញ្ញទៅ វាមានមេរៀនជាច្រើន ដែលយើងត្រូវតែរៀន និងបទពិសោធន៍ជាច្រើន ដែលយើងត្រូវតែមាន ដូចព្រះគម្ពីរពិពណ៌នាថា « ស្របតាមសាច់ឈាម » ( នីហ្វៃទី១ ១៩:៦; អាលម៉ា ៧:១២–១៣ ) ។ ( « We Believe in Being Chaste » Liahona ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ )
ផ្នែកទី ២
ហេតុអ្វីវាពិបាកដើម្បីគ្រប់គ្រងលើបំណងប្រាថ្នា និងការស្រេកឃ្លានខាងរូបកាយសាច់ឈាមរបស់ខ្ញុំមួយចំនួន ?
ព្រះវរបិតាសួគ៌របស់យើងបានដាក់ឲ្យមានការស្រេកឃ្លានមួយចំនួននៅក្នុងរូបកាយរបស់យើង ដើម្បីធ្វើឲ្យមានជីវិតរហូតតទៅ និងជួយបំពេញតាមផែនការរបស់ទ្រង់ ។ ផ្នែកមួយនៃការសាកល្បងក្នុងជីវិតរមែងស្លាប់របស់យើង « គឺការកំណត់ថា តើការស្រេកឃ្លាននៃរូបកាយ [ របស់យើង ] អាចត្រូវបានគ្រប់គ្រងដោយវិញ្ញាណ ដែលរស់នៅក្នុងរូបកាយនោះដែរឬអត់ » ( រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » New Era ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៥ ) ។
ពួកយើងម្នាក់ៗរងឥទ្ធិពលពីភាពជាមនុស្សខាងសាច់ឈាម ។ ( សូមកត់ចំណាំថា មនុស្សខាងសាច់ឈាម គឺជាពាក្យមួយដែលសំដៅទៅទាំងបុរស និងស្ដ្រី ) ។ នេះគឺជាផ្នែកនៃជីវិតរមែងស្លាប់របស់យើង ដែលអនុញ្ញាតឲ្យការស្រេកឃ្លានខាងរូបកាយ និងបំណងប្រាថ្នាខាងលោកិយរបស់យើង កើតឡើងបានដោយមិនបានពិនិត្យមើល ហើយយកឈ្នះលើបំណងប្រាថ្នា និងការខិតខំរបស់យើងដើម្បីប្រែក្លាយដូចជាព្រះ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « មនុស្សខាងសាច់ឈាម » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
អែលឌើរ បែដណា បានបន្ថែមដល់ការយល់ដឹងរបស់យើងអំពីមនុស្សខាងសាច់ឈាម នៅពេលលោកបានបង្រៀនថា
ក្នុងកម្រិតខ្លះ មនុស្សខាងសាច់ឈាម … គឺរស់រវើកនៅក្នុងខ្លួនយើងម្នាក់ៗ ( សូមមើល ម៉ូសាយ ៣:១៩ ) ។ បុរស ឬស្ដ្រីខាងសាច់ឈាមគ្មានការប្រែចិត្ត ជាមនុស្សលោកិយ ហើយត្រេកត្រអាល ( សូមមើល ម៉ូសាយ ១៦:៥; អាលម៉ា ៤២:១០; ម៉ូសេ ៥:១៣ ) បណ្ដោយខ្លួនហួសប្រមាណ ហើយមានអំនួត និងអាត្មានិយម ។ …
ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ យើងបានគ្រងសមត្ថភាពដ៏ទេវភាពមកពីទ្រង់ ។ ប៉ុន្ដែបច្ចុប្បន្ននេះ យើងរស់នៅក្នុងពិភពលោកមួយដែលធ្លាក់ ។ ធាតុទាំងឡាយដែលចេញពីរូបកាយ ដែលត្រូវបានបង្កើតឡើងរបស់យើង គឺដោយការធ្លាក់ចុះពីធម្មជាតិ ហើយស្ថិតនៅក្រោមការទាញនៃអំពើបាប ភាពពុករលួយ និងសេចក្តីស្លាប់ ។ ជាលទ្ធផល ការធ្លាក់របស់លោកអ័ដាម និងលទ្ធផលខាងវិញ្ញាណ និងខាងសាច់ឈាម ជះឥទ្ធិពលយ៉ាងខ្លាំងមកលើយើង តាមរយៈរូបកាយសាច់ឈាមរបស់យើង ។ ( « We Believe in Being Chaste » ទំព័រ ៤២–៤៣ )
ផ្នែកទី ៣
តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យយកឈ្នះលើភាពជាមនុស្សខាងសាច់ឈាមតាមរបៀបណា ?
អំឡុងទេសនកថារបស់ស្ដេចបេនយ៉ាមីនទៅកាន់ប្រជាជនរបស់់ទ្រង់ ទ្រង់បានចែកចាយអ្វីដែលទេវតាបានបង្រៀនដល់ទ្រង់អំពីការងារបម្រើ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ៣:៥–១៩ ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ បែដណា និងប៊ីស្សព ហ្គែរ៉ល កូសសែ នៃគណៈប៊ីស្សពជាអធិបតី ហើយសូមពិចារណាពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកឲ្យយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយកាន់តែប្រែក្លាយដូចជាទ្រង់ ៖
រាល់ការស្រេកឃ្លាន ក្ដីប្រាថ្នា ទំនោរចិត្ត និងការជំរុញនៃភាពខាងសាច់ឈាមអាចយកឈ្នះបានដោយ និងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ យើងរស់នៅលើផែនដីនេះ ដើម្បីអភិវឌ្ឍគុណសម្បត្តិដូចជាព្រះ និងដើម្បីទប់ចិត្តនឹងរាល់តណ្ហាទាំងឡាយខាងសាច់ឈាម ។ ( « We Believe in Being Chaste » ទំព័រ ៤៣ )
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែលាងសម្អាតបាបកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៍ ផ្តល់ នូវអំណាចដែលអាចធ្វើឲ្យសិស្សទ្រង់អាច « [ សម្រាត ] ភាពខាងសាច់ឈាមចេញ »[ ម៉ូសាយ ៣:១៩ ] រីកចម្រើនឡើង « មួយបន្ទាត់ម្ដងៗ » [ នីហ្វៃទី២ ២៨:៣០ ] ហើយបង្កើនបរិសុទ្ធភាព ដើម្បីថ្ងៃណាមួយពួកគេអាចក្លាយទៅជាបុគ្គលឥតខ្ចោះ ដែលមានលក្ខណៈដូចជាព្រះគ្រីស្ទ [ សូមមើល មរ៉ូណៃ ១០:៣២–៣៣ ] មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅជាមួយព្រះម្ដងទៀត ហើយទទួលបានពរជ័យទាំងអស់នៃនគរស្ថានសួគ៍ ។ ( « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤០ )