« មេរៀនទី ១៧ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ភាពជាដៃគូស្មើភាពគ្នានៅក្នុងអាពាហ៍ពិពាហ៍ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ១៧ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ១៧ ឯកសាររៀបចំសម្រាប់ថ្នាក់
ភាពជាដៃគូស្មើភាពគ្នានៅក្នុងអាពាហ៍ពិពាហ៍
នៅក្នុងគ្រួសារ ព្រះអម្ចាស់បានប្រទានឲ្យបុរស និងស្ត្រីនូវ « តួនាទីខុសគ្នា ប៉ុន្តែមានសារៈសំខាន់ស្មើគ្នា [ ដែល ] ជួយគ្នាទៅវិញទៅមក » ( អិម រ័សុល បាឡឺដ « The Sacred Responsibilities of Parenthood » Ensign ខែ មីនា ឆ្នាំ ២០០៦ ទំព័រ ២៩ ) ។ ព្យាការីបានបង្រៀនថា « នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និងម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ការទទួលខុសត្រូវទាំងនេះនឹងយកមកពិភាក្សាកាន់តែស៊ីជម្រៅនៅពីរបីមេរៀនបន្ទាប់ទៀត ។
ផ្នែកទី ១
តើខ្ញុំអាចធ្វើជាដៃគូស្នើភាពគ្នានៅក្នុងអាពាហ៍ពិពាហ៍ដោយរបៀបណា ?
យើងអាចរៀនពីសេចក្ដីពិតដ៏សំខាន់អំពីទំនាក់ទំនងដែលព្រះអម្ចាស់មានព្រះរាជបំណងសម្រាប់ស្វាមីម្នាក់ និងភរិយាម្នាក់ មកពីរបៀបដែលទ្រង់បានពិពណ៌នាពីការបង្កើតអេវ៉ា ដូចដែលបានកត់ត្រានៅក្នុងគម្ពីរម៉ូសេ ។
ការពិពណ៌នាអំពីការបង្កបង្កើតរបស់អេវ៉ាចេញពីឆ្អឹងជំនីរបស់អ័ដាមគឺជាការប្រៀបធៀប ( សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Blessings and Responsibilities of Womanhood » Ensign ខែ មីនា ឆ្នាំ ១៩៧៦ ទំព័រ ៧១ ) ។ ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីអត្ថន័យជានិមិត្តរូបដែលអាចមានអំពីឆ្អឹងជំនីរនេះ ៖
ដោយសារវាស្ថិតនៅផ្នែកចំហៀង នោះឆ្អឹងជំនីរគឺទំនងជាសញ្ញាសម្គាល់នៃភាពជាដៃគូ ។ ឆ្អឹងជំនីរពុំមែនមានន័យថាអំណាចត្រួតត្រា ហើយក៏ពុំមែនជាការនៅក្រោមអំណាចនោះដែរ ប៉ុន្តែជាទំនាក់ទំនងមួយស្មើភាពគ្នាក្នុងនាមជាដៃគូដើម្បីធ្វើកិច្ចការ និងរស់នៅទន្ទឹមគ្នា ។ ( « Lessons from Eve » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៨៧ ) ។
ប្រធាន លីនដា ខេ ប៊ើតុន អតីតប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនដូចតទៅនេះអំពីអត្ថន័យនៃ ជំនួយ ៖
ពាក្យថា ជំនួយ មានន័យថាជា « អ្នកជំនួយម្នាក់ដែលត្រូវ ឬស័ក្ដិសមនឹងគាត់ » [ លោកុប្បត្តិ ២:១៨ ] ។ ឧទាហរណ៍ ដៃទាំងពីររបស់យើងស្រដៀងគ្នា ប៉ុន្តែមិនដូចគ្នាបេះបិទនោះទេ ។ តាមពិត វាមិនដូចគ្នាទេ ប៉ុន្តែវាជួយគ្នាទៅវិញទៅមក ហើយស័ក្ដិសមនឹងគ្នា ។ ដោយធ្វើការរួមគ្នា នោះវាកាន់តែរឹងមាំ ។ ( « We’ll Ascend Together » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣០ )
ជំនឿ និងអាកប្បកិរិយាខាងវប្បធម៌ ឬផ្ទាល់ខ្លួនមួយចំនួនអាចរារាំងយើងពីការធ្វើជាដៃគូស្មើភាពគ្នានៅក្នុងអាពាហ៍ពិពាហ៍ ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានរៀបរាប់ពីកាលៈទេសៈទាំងនេះមួយចំនួន និងរបៀបដើម្បីជម្នះវា ៖
… ស្វាមីមួយចំនួនបានគិតខុសថា ស្វាមីត្រូវសម្រាកខណៈដែលភរិយាធ្វើការងារជាច្រើននៅក្នុងផ្ទះ ឬថាភរិយា និងកូនៗគ្រាន់តែជាអ្នកបម្រើរបស់ស្វាមីប៉ុណ្ណោះ ។ ការណ៍នេះពុំបានធ្វើឲ្យព្រះអម្ចាស់រីករាយព្រះទ័យឡើយ ដោយសារវារារាំងដល់របៀបនៃប្រភេទទំនាក់ទំនងគ្រួសារដែលត្រូវតែកើតមាននៅក្នងភាពអស់កល្បជានិច្ច ហើយវាគ្រងនូវប្រភេទនៃការរីកចម្រើនដែលត្រូវតែកើតឡើងនៅលើផែនដីនេះ ប្រសិនបើយើងចង់មានគុណសម្បត្តិទទួលបានពរជ័យនៃភាពអស់កល្បជានិច្ច ។ សូមសិក្សាបទគម្ពីរ ហើយបងប្អូននឹងឃើញថា អ័ដាម និងអេវ៉ា ដែលជាឪពុកម្ដាយដំបូងរបស់យើង ហើយជាគំរូសម្រាប់យើងគ្រប់គ្នាបានអធិស្ឋានរួមគ្នា និងបានធ្វើការរួមគ្នា ( សូមមើល ម៉ូសេ ៥:១, ៤, ១០–១២, ១៦, ២៧ ) ។ ការណ៍នោះគួរតែជាគំរូរបស់យើងសម្រាប់ជីវិតគ្រួសារ—គឺការគោរពគ្នា និងការធ្វើការរួមគ្នាដោយសេចក្ដីស្រឡាញ់ ។ ( « The Gospel Culture » Ensign ខែ មីនា ឆ្នាំ ២០១២ ទំព័រ ៤៤ )
ផ្នែកទី ២
តើការធ្វើជាអធិបតីលើគ្រួសារមានន័យដូចម្ដេច ?
ព្រះអម្ចាស់បានចាត់តាំងការទទួលខុសត្រូវខុសគ្នាសម្រាប់ស្វាមី និងភរិយានៅក្នុងគ្រួសារ ប៉ុន្តែ « វាមានគុណតម្លៃ និងសារៈសំខាន់ស្មើគ្នា » ( ឃ្វីនថិន អិល ឃុក « Great Love for Our Father’s Children » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។ ការទទួលខុសត្រូវទាំងនេះមួយចំនួននឹងត្រូវបានពិភាក្សានៅក្នុងមេរៀនបន្ទាប់ ។ ប៉ុន្តែគំរូមួយគឺជាការទទួលខុសត្រូវដ៏ពិសិដ្ឋដូចតទៅនេះដែលព្រះអម្ចាស់បានប្រទានដល់ស្វាមី និងឪពុកទាំងឡាយ ៖ « តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួនដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត » ( ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅពេលអវត្តមានរបស់ស្វាមី ឬឪពុក នោះភរិយា ឬម្ដាយធ្វើជាអធិបតីនៅក្នុងគេហដ្ឋាននោះ( សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។
សូមពិចារណាពីរបៀបដែលការបង្រៀនដូចខាងក្រោមនេះ អាចបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីរបៀបដែលឪពុកម្នាក់អាចធ្វើជាអធិបតីលើគ្រួសាររបស់គាត់ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ៖
ការធ្វើជាអធិបតីនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវ ដើម្បីជួយដឹកនាំសមាជិកគ្រួសារឲ្យត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះវិញ ។ ការណ៍នេះអាចធ្វើទៅបានតាមរយៈការបម្រើ និងការបង្រៀនដោយភាពទន់ភ្លន់ សុភាពរាបសា និងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ការធ្វើជាអធិបតីនៅក្នុងគ្រួសាររួមមានការដឹកនាំសមាជិកគ្រួសារឲ្យមានការអធិស្ឋានជាប្រចាំ ការសិក្សាដំណឹងល្អ និងទិដ្ឋភាពនៃការថ្វាយបង្គំដទៃទៀត ។ ឪពុកម្តាយធ្វើការរួមគ្នាដើម្បីបំពេញការទទួលខុសត្រូវទាំងនេះ ។ ( « ឪពុកម្ដាយ និងកូនៗ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២.១.៣ )
សាវកប៉ុលបានបង្រៀនអំពីការទទួលខុសត្រូវរបស់ស្វាមីក្នុងការធ្វើជាអធិបតីដោយមិនគិតពីខ្លួនឯង ពេលលោកបានថ្លែងថា « ប្តីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ។ … បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង » ( អេភេសូរ ៥:២៣, ២៥ ) ។ បន្ទាប់ពីដកស្រង់ អេភេសូរ ៥:២៣ ហើយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានគូសបញ្ជាក់ពីរបៀបដែលព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះអំពីរបៀបធ្វើជាអធិបតី ៖
នោះគឺជាគំរូដែលយើងត្រូវធ្វើតាម នៅក្នុងតួនាទីរបស់យើងក្នុងការធ្វើជាអធិបតីនៅក្នុងគេហដ្ឋាន ។ យើងពុំឃើញថា ព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់ដោយព្រះហស្ដដ៏ឃោរឃៅ ឬគ្មានមេត្តាឡើយ ។ យើងពុំឃើញថា ព្រះអង្គសង្គ្រោះប្រព្រឹត្តចំពោះសាសនាចក្ររបស់ទ្រង់ដោយការមិនគោរព ឬមិនអើពើឡើយ ។ យើងពុំឃើញថា ព្រះអង្គសង្គ្រោះប្រើកម្លាំង ឬការបង្ខិតបង្ខំ ដើម្បីសម្រេចនូវព្រះរាជបំណងរបស់ទ្រង់ឡើយ ។ មិនមាននៅកន្លែងណាសោះដែលយើងឃើញថា ព្រះអង្គសង្គ្រោះធ្វើអ្វីក្រៅតែពីប្រៀនប្រដៅ លើកទឹកចិត្ត លួងលោម និងលើកតម្កើងពួកជំនុំ ។ បងប្អូនប្រុស ខ្ញុំសូមនិយាយទៅកាន់បងប្អូនដោយអស់ពីចិត្តថា ទ្រង់គឺជាគំរូដែលយើងត្រូវតែធ្វើតាម នៅពេលយើងធ្វើការដឹកនាំខាងវិញ្ញាណនៅក្នុងក្រុមគ្រួសាររបស់យើង ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៩៦ )
នៅក្នុងសំបុត្រដ៏បំផុសគំនិតមួយទៅកាន់សមាជិកសាសនាចក្រ ព្យាការី យ៉ូសែប ស្ម៊ីធ បានពិពណ៌នាអំពីសារៈសំខាន់នៃការបង្ហាញលក្ខណៈដូចជាព្រះគ្រីស្ទ នៅពេលដឹកនាំមនុស្សដទៃ ។ គុណលក្ខណៈទាំងនេះក៏អនុវត្តចំពោះការធ្វើជាអធិបតីនៅក្នុងគ្រួសារដែរ ។
ផ្នែកទី ៣
តើស្វាមីភរិយាអាចប្រឹក្សារួមគ្នាដោយសុចរិតនៅក្នុងការដឹកនាំគ្រួសាររបស់ពួកគេបានដោយរបៀបណា ?
អត្ថន័យនៃ « ការធ្វើជាអធិបតីលើគ្រួសារ » អាចមានការយល់ខុស ។ ឧទាហរណ៍ មានមនុស្សមួយចំនួនបានបកស្រាយខុសនូវភាសានៃវគ្គបទគម្ពីរដូចជា លោកុប្បត្តិ ៣:១៦ ( ព្រះអម្ចាស់កំពុងមានបន្ទូលប្រាប់អេវ៉ាថា អ័ដាមនឹង « ត្រួតត្រាលើ » នាង ) ទៅជាមានន័យថា ស្វាមីអាចប្រើអំណាច ឬគ្រប់គ្រង ដែលវាគឺជារឿងខុសឆ្គង ។ ផ្ទុយទៅវិញ សេចក្ដីបង្គាប់នេះមកពីព្រះអម្ចាស់ទាក់ទងនឹងការទទួលខុសត្រូវរបស់ស្វាមីដើម្បីធ្វើជាអធិបតីដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ។ ដូចដែលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនទាក់ទងនឹងអត្ថន័យនៃឃ្លានៃការធ្វើជាអធិបតីនេះ គឺវាជា « ការទទួលខុសត្រូវរបស់ស្វាមីដើម្បីផ្គត់ផ្គង់ ការពារ ពង្រឹង ហើយថែរក្សាភរិយា » ( « Daughters of God » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៩៩; សូមមើលផងដែរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Blessings and Responsibilities of Womanhood » Ensign ខែ មីនា ឆ្នាំ ១៩៧៦ ទំព័រ ៧២ ) ។
ប្រធាន រីឆាដ ជី ស្កត បានបង្រៀនអំពីការអនុវត្តមិនសុចរិតរបស់ស្វាមីក្នុងការប្រើអំណាច ឬការគ្រប់គ្រងថា
តើវប្បធម៌របស់បងប្អូនគឺជាវប្បធម៌ដែលស្វាមីប្រើអំណាច ទទួលបានសិទ្ធិធ្វើរាល់ការសម្រេចចិត្តសំខាន់ៗសម្រាប់គ្រួសារដែរឬទេ ? គន្លងនោះត្រូវតែលុបបំបាត់ចោលដើម្បីឲ្យស្វាមី និងភរិយាធ្វើជាដៃគូស្មើភាពគ្នា គឺធ្វើការសម្រេចចិត្តដោយសាមគ្គីភាពសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេ ។ គ្មានគ្រួសារណាមួយអាចស៊ូទ្រាំបានយូរនៅក្រោមភាពភ័យខ្លាច ឬការបង្ខិតបង្ខំ ដែលដឹកនាំទៅរកការឈ្លោះប្រកែកគ្នា និងការបះបោរនោះទេ ។ សេចក្ដីស្រឡាញ់គឺជាគ្រឹះនៃគ្រួសារដ៏រីករាយ ។ ( « Removing Barriers to Happiness » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨៦ )
ដោយមានចិត្តរាបសា ការគោរព និងសេចក្ដីសប្បុរស នោះស្វាមីភរិយាគួរតែប្រឹក្សារួមគ្នានៅក្នុងការសម្រេចចិត្តសម្រាប់គ្រួសាររបស់ពួកគេ ។ អែលឌើរ ឃ្វីនថិន អិល ឃុក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ក្នុងការប្រជុំប្រឹក្សាគ្រួសារ ភរិយា និងស្វាមីគឺជាដៃគូស្មើភាពគ្នាក្នុងការសម្រេចចិត្តដ៏សំខាន់បំផុត ។ ពួកគេសម្រេចពីរបៀបដែលកូនៗនឹងត្រូវបានបង្រៀន និងលត់ដំ ការចំណាយប្រាក់ ទីកន្លែងរស់នៅ និងការសម្រេចចិត្តដទៃទៀតជាច្រើន ។ ការសម្រេចចិត្តទាំងនេះត្រូវបានធ្វើឡើងរួមគ្នា បន្ទាប់ពីបានស្វែងរកការណែនាំពីព្រះអម្ចាស់ ។ ( « The Lord Is My Light » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៦៤ )
សូមគិតពីសេចក្ដីពិតបន្ថែមទៀតទាំងនេះដែលទាក់ទងនឹងការប្រឹក្សារួមគ្នាជាស្វាមីភរិយា និងការបង្កើនភាពជាដៃគូស្មើភាពគ្នាក្នុងអាពាហ៍ពិពាហ៍ ។
-
ស្វាមី និងភរិយាត្រូវតែមាន « សំឡេង និងសិទ្ធិស្មើគ្នា » នៅក្នុងការសម្រេចចិត្តទាំងឡាយ ( អិល វិតនី ក្លេតុន « Marriage: Watch and Learn » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៤ ) ។
-
ភរិយាគឺចាំបាច់ត្រូវ « និយាយជាដៃគូ ‹ ចូលរួមចំណែក និង ពេញលេញ › [ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Privileges and Responsibilities of Sisters » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៨ ទំព័រ ១០៦ ] ដូចដែល [ ពួកគេ ] សាមគ្គីគ្នាជាមួយនឹងស្វាមី [ ខ្លួន ] នៅក្នុងការគ្រប់គ្រងគ្រួសារ [ របស់ពួកគេ ] ដែរ » ( រ័សុល អិម ណិលសុន « A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៧ ) ។
-
ស្វាមី និងភរិយាមាន « អំណាចស្មើគ្នាដើម្បីទទួលវិវរណៈសម្រាប់គ្រួសាររបស់ពួកគេ » ( ឃ្វីនថិន អិល ឃុក « Great Love for Our Father’s Children » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៩ ) ។
-
ឪពុកម្ដាយអាចធ្វើការប្រឹក្សាគ្រួសារជាមួយនឹងកូនៗរបស់ពួកគេដើម្បីប្រឹក្សារួមគ្នាអំពីការសម្រេចចិត្ត ឬឧបសគ្គនានាដែលអាចទាក់ទងនឹងគ្រួសារទាំងមូល ( សូមមើល អិម រ័សុល បាឡឺដ « Family Councils » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។