ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ


« មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

កូនប្រុស​ខ្ជះខ្ជាយ ដោយ ក្លាក ខេលី ផ្រាយ

មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ

« អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែល​មាន​ជោគជ័យនោះ គឺ​ត្រូវ​ស្ថាបនា និង​ថែរក្សា​នៅ​លើគោលការណ៍ » នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ គោលការណ៍​ពីរ​ក្នុង​ចំណោម​គោលការណ៍​ទាំងនេះ​គឺ​ការប្រែចិត្ត និង​ការអភ័យទោស ។ តើ​គោលការណ៍​ទាំងនេះ​ដើរ​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​អ្នក ? នៅពេលអ្នក​សិក្សា​ឯកសារ​នេះ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​នៅ​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ប្រែចិត្ត​ពី​អំពើ​ខុសឆ្គង ឬ​ការអាក់អន់​ចិត្ត​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដាក់​សមាជិក​គ្រួសារ​របស់​អ្នក ។ សូម​ពិចារណា​ផងដែរ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​អភ័យទោស​ដល់​សមាជិក​គ្រួសារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាក់អន់​ចិត្ត ឬ​ឈឺចាប់ ។

ផ្នែក​ទី ១

តើ​ការប្រែចិត្ត​របស់​ខ្ញុំ​អាច​ប្រទានពរ​ដល់​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

កាល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ នោះ ស៊ីស្ទើរ ឆារិល អេ អេសព្លិន បាន​បង្រៀន ៖

ស៊ីស្ទើរ ឆារិល អេ អេសព្លិន

ក្រុមគ្រួសារ​គឺជា​រោង​ជាង​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​ដើម្បី​ជួយ​យើង​ឲ្យ​រៀន និង​រស់នៅ​តាម​ដំណឹងល្អ ។ ( « Filling Our Homes with Light and Truth » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨ )

នៅពេល​យើង​ខិតខំ​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង នោះ​នឹង​មាន​ពេល​ជាច្រើន​ដែល​យើង​នឹង​ធ្វើ​ខុស ។ ទោះ​ជា​ការមិន​ចុះសម្រុង​គ្នា និង​ការអាក់​អន់​ចិត្ត​កើត​មាន​នៅ​គ្រប់​ក្រុមគ្រួសារ​ក្ដី ក៏​វា​មិន​មាន​ន័យ​ថា សមាជិក​គ្រួសារ​អាច​ដោះសា​មិន​ព្រម​ធ្វើ​ដូច​ជា​ព្រះគ្រីស្ទ​ក្នុង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​គ្នា​នោះ​ដែរ ។ ផ្ទុយទៅវិញ កំហុស​របស់​យើង​ផ្ដល់​ឱកាស​ឲ្យ​យើង​អនុវត្ត​តាម​គោលការណ៍​នៃ​ដំណឹងល្អ​ស្ដីពី​ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការប្រែចិត្ត​ថា

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ការប្រែចិត្ត​មានន័យ​ថា ការផ្លាស់ប្ដូរ​គំនិត និង​ដួងចិត្ត—យើង​ឈប់​ធ្វើ​អ្វីៗ​ដែល​ខុស ហើយ​យើង​ចាប់ផ្ដើម​ធ្វើ​អ្វីៗ​ដែល​ត្រឹមត្រូវ​វិញ ។ វា​នាំ​មក​ឲ្យ​យើង​នូវ​ឥរិយាបថ​ថ្មី​ចំពោះ​ព្រះ ខ្លួនឯង និង​ជីវិត​ជាទូទៅ ។ ( « Point of Safe Return » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០០ )

ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​នូវ​ពាក្យ​ប្រៀប​ប្រដូច​មួយ​អំពី​កូន​ប្រុស​ម្នាក់​ដែល​ត្រូវ​ប្រែចិត្ត ដោយសារ​តែ​ការជ្រើសរើស​បំផ្លាញ​ខ្លួន​គាត់ និង​គ្រួសារ​របស់​គាត់ ។ កូន​ប្រុស​ម្នាក់​នេះ​បាន​យក​មរតក​របស់​គាត់​មុន ហើយ​បាន​ខ្ជះខ្ជាយ​វា​ដោយ​ការរស់នៅ​ដោយ​មិន​ប្រុង​ប្រយ័ត្ន ។ ដោយ​ភាពខ្វះខាត និង​ការ​ស្រេក​ឃ្លាន គាត់​បាន​ចាប់ផ្ដើម​ធ្វើការ​ដោយ​ចិញ្ចឹម​សត្វ​ជ្រូក ហើយ​ថែម​ទាំង​ចង់​បរិភោគ​ចំណី​របស់​សត្វ​ជ្រូក​យ៉ាង​ខ្លាំង ។ ( សូម​មើល លូកា ១៥:១១–១៦ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន លូកា ១៥:១៧–២៤ និង​ពិចារណា​គូស​ចំណាំ​គោលការណ៍​ដែល​អ្នក​បាន​រៀន​អំពី​ការប្រែចិត្ត​នៅ​ក្នុង​ជីវិត​គ្រួសារ ។

ឪពុក​រត់​ទៅ​ឱប​កូនប្រុស​ខ្ជះខ្ជាយ

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​របៀប​ដែល​យើង និង​សមាជិក​គ្រួសារ​យើង​អាច​មាន​ពរជ័យ​តាមរយៈ​ការប្រែចិត្ត​របស់​យើង ៖

អែលឌើរ នែល អិល អាន់ឌើរសិន

ការប្រែចិត្ត​មិន​គ្រាន់​តែ​ផ្លាស់ប្ដូរ​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ផ្ដល់​ពរជ័យ​ដល់​ក្រុម​គ្រួសារ​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់​ផង​ដែរ ។ ជាមួយ​នឹង​ការប្រែចិត្ត​ដ៏​សុចរិត​របស់​យើង ស្រប​តាម​កាលវេលា​របស់​ព្រះអម្ចាស់ នោះ​ព្រះហស្ដ​ដែល​លាតសន្ធឹង​របស់​ព្រះអង្គសង្គ្រោះ​នឹង​មិន​គ្រាន់​តែ​ឱបក្រសោប​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​នឹង​ឱបក្រសោប​ជីវិត​នៃ​កូនចៅ និង​ពូជពង្ស​របស់​យើង​ផងដែរ ។ ជានិច្ចកាល ការប្រែចិត្ត​តែងតែ​មាន​ន័យ​ថា មាន​សុភមង្គល​ដ៏​ធំ​នៅ​ខាងមុខ ។ ( « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )

កាល​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួកចិត​សិប​នាក់ ​ អែលឌើរ អិល វិតនី ក្លេតុន បាន​បង្រៀន​ពី​របៀប​ដែល​ការវាយតម្លៃ​ខ្លួន​ឯង​ជា​ទៀងទាត់ និង​ការប្រែចិត្តភ្លាមៗ​អាច​ផ្ដល់ពរជ័យ​ដល់​អាពាហ៍ពិពាហ៍ ។ សូម​ពិចារណា​ពី​របៀប​ដែល​ការអនុវត្ត​ទាំងនេះ​អាច​ជួយនៅ​គ្រប់​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក ៖

អែលឌើរ អិល វិតនី ក្លេតុន

ខ្ញុំ​បាន​ដឹង​ថា អាពាហ៍ពិពាហ៍​រីករាយ​អាស្រ័យ​លើ​អំណោយ​ទាន​នៃ​ការ​ប្រែចិត្ត ។ វា​គឺ​ជា​ធាតុ​សំខាន់​មួយ​នៃ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដ៏ល្អ​ទាំងអស់ ។ ស្វាមីភរិយា​ដែល​ធ្វើការ​ត្រួតពិនិត្យ​ខ្លួន​ឯង​ដោយ​ស្មោះ​ត្រង់​ជាទៀង​ទាត់ ហើយ​ទទួល​យក​ជំហាន​ចាំបាច់​ដើម្បី​ប្រែចិត្ត និង​កែលម្អ​ភ្លាមៗ នឹង​ទទួល​បាន​ថ្នាំ​ផ្សះផ្សា​នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ ( « Marriage: Watch and Learn » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៤ )

យុវមជ្ឈិមវ័យម្នាក់​កំពុង​សញ្ជឹងគិត
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ធ្វើ​ការវាយ​តម្លៃ​ខ្លួន​ឯង​ដោយ​ស្មោះត្រង់ ។ តើ​អ្នក​ចាំបាច់​ត្រូវ​ប្រែចិត្ត​ចំពោះ​ការជ្រើសរើស​ណាមួយ​ដែល​ធ្លាប់​បាន​បំផ្លាញ ឬ​កំពុង​តែ​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​នឹង​សមាជិក​គ្រួសារ​ណា​ម្នាក់​ដែរឬទេ ? ប្រសិន​បើ​ដូច្នោះ​មែន តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រឡប់​ទៅ​រក​ព្រះអម្ចាស់ ហើយ​ចាប់ផ្ដើម​ដំណើរការ​នេះ ? ក៏​សូម​ពិចារណា​ពី​ការជ្រើសរើស​ដែល​អ្នក​កំពុង​ធ្វើ ដែល​វា​ផ្ដល់​ពរជ័យ​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​សមាជិក​គ្រួសារ​របស់​អ្នក និង​របៀប​ដែល​អ្នក​អាច​បន្ត​ធ្វើ​ការជ្រើសរើស​ស្រដៀង​គ្នា​នោះ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​អភ័យទោស​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ដែល​បាន​ធ្វើ​ខុស​ចំពោះ​ខ្ញុំ​ដោយ​របៀបណា ?

នៅ​ក្នុង​ពាក្យ​ប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ​ស្ដីពី​កូនប្រុស​ខ្ជះខ្ជាយ នោះ​កូន​ប្រុស​ច្បង​បាន​បដិសេធ​មិន​ចូលរួម​ពិធី​អបអរ​ដែល​បាន​ធ្វើ​ឡើង ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ការត្រឡប់​មកវិញ​របស់​ប្អូន​ប្រុស​គាត់​ឡើយ ( សូមមើល លូកា ១៥:២៥–៣២ ) ។ ដូចជា​កូនប្រុស​ច្បង​រូប​នេះ​ដែរ មាន​ពេលខ្លះ​យើង​ចាំបាច់​ត្រូវ​អនុវត្ត​ការប្រឹក្សា​ដូចតទៅ​នេះ​មក​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ចូរ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត ។ ចូរ​ឲ្យ​មនុស្ស​រីកចម្រើន​ឡើង ។ ចូរ​ជឿ​ថា​មនុស្ស​អាច​ផ្លាស់ប្តូរ ហើយ​កែ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​បាន ។ ( « ‘Remember Lot’s Wife’: Faith Is for the Future » [ ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០០៩ ] នៅលើ​គេហទំព័រ speeches.byu.edu )

ដូចជាពេល​ខ្លះ​ដែល​អ្នក​ចាំបាច់​ត្រូវ​ស្វែងរក​ការអភ័យទោស​ពី​សមាជិក​គ្រួសារ​ម្នាក់​ដែរ នោះ​ពេលខ្លះ​ទៀត​អ្នក​អាច​ផ្ដល់​ការអភ័យទោស​ដល់​សមាជិក​គ្រួសារ​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​អាក់អន់ចិត្ត ឬ​ឈឺចាប់ ។

គូស្វាមី​ភរិយា​មួយគូ​ជជែក​គ្នា
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៨–១១ ដោយ​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ពី​ជំនាន់​មុន​ស្ដីពី​ការអភ័យទោស​ដល់​មនុស្ស​ដទៃ ។

បន្ទាប់ពី​ដកស្រង់​ផ្នែក​នៃ​វគ្គ​បទគម្ពីរ​នេះ នោះ​អែលឌើរ ហូឡិន បាន​ពន្យល់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

វា …​ សំខាន់​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ការថ្នាំង​ថ្នាក់​ចិត្ត​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល [ ព្រះអម្ចាស់ ] ពុំ​បាន មាន​ព្រះបន្ទូល ។ ទ្រង់ ពុំបាន មាន​ព្រះបន្ទូល​ថា « អ្នក​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ពិតប្រាកដ ឬ​កើត​ទុក្ខ​ពិត​ប្រាកដ ដោយសារ​តែ​ជួប​នឹង​ការបំផ្លិច​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ដទៃ​នោះ​ទេ » ។ ហើយ​ទ្រង់ ក៏​ពុំ​បាន មាន​ព្រះបន្ទូល​ថា « ដើម្បី​មាន​ការអភ័យទោស​ទាំងស្រុង អ្នក​ត្រូវ​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​ដ៏​ឈឺចាប់ ឬ​ត្រឡប់​ទៅ​រក​កាលៈទេសៈ​រំលោភ​បំពាន បំផ្លិច​បំផ្លាញ » នោះ​វិញ​ដែរ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការខកចិត្ត​ខ្លាំង​ប៉ុណ្ណា​អាច​កើត​ឡើង​ចំពោះ​យើង​ក្តី ក៏​យើង​អាច​ដោះស្រាយ​ក្តី​ឈឺចាប់​របស់​យើង​បាន​ដែរ ប៉ុន្ដែ​តែ​នៅពេល​យើង​ឈាន​ជើង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅរក​ការព្យាបាល​ពិតប្រាកដ​ប៉ុណ្ណោះ ។ ផ្លូវ​នេះ​គឺ​ការអភ័យទោស​ដែល​ព្រះយេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត បាន​អំពាវនាវ​ដល់​ពួក​យើង​ម្នាក់ៗ​ថា « ចូរ​មក​តាម​ខ្ញុំ » [ លូកា ១៨:២២ ] ។ ( « The Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )

យុវមជ្ឈិមវ័យ​ម្នាក់​អធិស្ឋាន

ពេល​ខ្លះ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ស្ទាក់ស្ទើរ ឬ​មិន​អាច​អភ័យទោស​ឲ្យ​បាន ។ ឬ​អ្នក​ប្រហែល​ជា​មានអារម្មណ៍​ថា គន្លាត​ទំនាក់ទំនង​រវាង​អ្នក និង​សមាជិក​គ្រួសារ​ម្នាក់​គឺ​ពិបាក​នឹង​ផ្សះផ្សា​ណាស់ ។ សូម​ពិចារណា​ពី​របៀប​ដែល​ការប្រឹក្សា​ដូចតទៅនេះ​មក​ពី​ប្រធាន ជេមស៍ អ៊ី ហ្វោស ក្នុង​គណៈប្រធាន​ទីមួយ​អាច​ជួយ​អ្នក​នៅ​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​អភ័យទោស ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

យើង​ត្រូវ​ដឹង ហើយ​ទទួល​ស្គាល់​នូវ​អារម្មណ៍​ខឹង​សម្បារ​ទាំងឡាយ ។ វា​ត្រូវការ​ការបន្ទាប​ខ្លួន​ដើម្បី​ធ្វើ​វា ប៉ុន្តែ​បើសិន​យើង​នឹង​លុត​ជង្គង់​ចុះ ហើយ​ទូលសូម​ព្រះវរបិតា​សួគ៌​ឲ្យ​ប្រទាន​អារម្មណ៍​នៃ​ការអភ័យទោស នោះ​ទ្រង់​នឹង​ជួយ​យើង ។ …

… វា​មិន​ងាយស្រួល​នឹង​ទុក​ឲ្យ​វា​ចប់​ទៅ ហើយ​កម្ចាត់​ចេញនូវ​ការអន់​ចិត្ត​ដែល​កើត​ឡើង​ចេញពី​ដួងចិត្ត​របស់​យើង​នោះទេ ។ ព្រះអង្គ​សង្រ្គោះ​បាន​ប្រទាន​ដល់​យើង​ទាំងអស់គ្នា​នូវ​សេចក្ដី​សុខសាន្ត​ដ៏​មាន​តម្លៃ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ប៉ុន្តែ​វា​អាច​មាន​ដល់​យើង ពេល​ដែល​យើង​មាន​ឆន្ទៈ​លះបង់​នូវ​អារម្មណ៍​អវិជ្ជមាន​នៃ​កំហឹង គំនុំ ឬ​ការសងសឹក​ប៉ុណ្ណោះ ។ ( « The Healing Power of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៩ )

អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ នៃ​ពួកចិតសិប​នាក់​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការផ្ដោត​លើ​ព្រះអង្គសង្គ្រោះ​ផង​ដែរ ៖

អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បើ​បងប្អូន​កំពុង​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​កម្លាំង​ដើម្បី​អភ័យទោស សូម​កុំ​គិត​អំពី​អ្វី​ដែល​មនុស្ស​ដទៃ​បាន​ធ្វើ​ចំពោះ​បងប្អូន ប៉ុន្តែ​ចូរ​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​បងប្អូន​វិញ ហើយ​បងប្អូន​នឹង​រកឃើញ​ភាព​សុខសាន្ត​នៅក្នុង​ពរជ័យ​ដ៏​ប្រោសលោះ​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ( « Pure Love: The True Sign of Every True Disciple of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨២ )

ការអភ័យទោស និង​ការព្យាបាល​អាច​ត្រូវការ​ពេលវេលា ។ ចូរ​មាន​ចិត្ត​អត់ធ្មត់​ចំពោះ​ខ្លួន​ឯង ពេល​អ្នក​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់ និង​អំណោយទាន​នៃ​ការព្យាបាល​របស់​ទ្រង់ ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ពី​អារម្មណ៍​របស់​អ្នក ខណៈ​កំពុង​សិក្សា​ឯកសារ​នេះ ។ សូម​កត់ត្រា​ពី​បំណងប្រាថ្នា ឬ​គោលដៅ​របស់​អ្នក​ដែល​ទាក់ទង​នឹង​ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​អ្នក ។ តើ​អ្នកអាច​យាង​អញ្ជើញ​ព្រះអង្គ​សង្គ្រោះឲ្យ​មកជួយ​អ្នក​នៅ​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដោយរបៀប​ណា ?