ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ តួនាទី​របស់​ព្យាការី​នៅក្នុង​ការប្រកាស​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច


« មេរៀន​ទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ តួនាទី​របស់​ព្យាការី​នៅក្នុង​ការប្រកាស​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

អ្នកចាំយាម​នៅលើ​ប៉ម​យាម​ថ្ម​ពី​បុរាណ

មេរៀន​ទី ២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

តួនាទី​របស់​ព្យាការី​នៅក្នុង​ការប្រកាស​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

យើង​មាន​ពរជ័យ​ដើម្បី​រស់នៅ​ក្នុង​ជំនាន់​មួយ ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យមាន​ព្យាការី​នៅរស់​ម្ដងទៀត ដើម្បី​ដឹកនាំ និង​ការពារ​ពួកយើង ។ តើ​ព្យាការី​របស់​ព្រះអម្ចាស់​បាន​ជួយ​អ្នក ឲ្យ​យល់ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ? នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​ទីបន្ទាល់​មួយ ដែល​កាន់តែ​រឹងមាំ​អំពី​ព្យាការី​ដែល​នៅរស់ ហើយ​ពឹងផ្អែក​លើ​ពាក្យសម្ដី​របស់​ពួកលោក​បាន​កាន់តែ​ពេញលេញ​ជាងមុន​នៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ត្រូវបាន​បង្ហាញ​តាមរយៈ​ការទូន្មាន​របស់​ព្យាការី​ដោយ​របៀប​ណា ?

នៅពេល​ព្រះអម្ចាស់​បាន​ហៅ​អេសេគាល​ឲ្យ​ធ្វើជា​ព្យាការី នោះ​ទ្រង់​បាន​ប្រៀបធៀប​តួនាទី​ថ្មី​របស់​អេសេគាល ទៅនឹង​តួនាទី​របស់​អ្នកចាំយាម ។ កាលពី​បុរាណ អ្នកចាំយាម​ឈរ​នៅលើ​កំផែង ឬ​នៅលើ​ប៉ម ដើម្បី​ជួយ​ការពារ​ទីក្រុង ចម្ការ​ទំពាំង​បាយជូរ ឬ​វាលស្រែ ( សូមមើល « Watchmen on the Tower » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ២៨ ) ។ ការមើល​ឃើញ​ពី​ទីខ្ពស់​របស់​ពួកគេ បាន​ធ្វើឲ្យ​ពួកគេ​អាច​មើល​ឃើញ​អ្វីៗ ដែល​មនុស្ស​ដទៃ​មិន​អាច​មើល​ឃើញ និង​ផ្ដល់​ការព្រមាន​អំពី​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង​បាន​ទាន់​ពេលវេលា ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេសេគាល ៣:១៧–១៩ ហើយ​គិត​អំពី​របៀប​ដែល​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ គឺ​ប្រៀប​ដូចជា​អ្នកចាំយាម​នៅលើ​ប៉ម​នោះដែរ ។

អ្នកចាំ​យាម​នៅលើ​ប៉ម

ព្យាការី​ជួយ​យើង​ឲ្យ​មើល​ឃើញ​អ្វីៗ​ចេញពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ ។ ទ្រង់​ប្រទានពរ​ដល់​ពួកលោក​ឲ្យធ្វើជា​អ្នកមើល​ឆុត ដោយ​មាន​អំណោយទាន​ដ៏ទេវភាព​នៃ​ការមើល​ឃើញ​ខាង​វិញ្ញាណ ។ ពួកលោក​អាច « ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​កន្លង​មក​ហើយ និង​ការណ៍​ទាំងឡាយ​ដែល​នឹង​កើតឡើង​នៅពេល​ខាងមុខ​ផង » ( ម៉ូសាយ ៨:១៧; សូមមើល​ផងដែរ ខទី ១៥–១៦ ) ។ ព្រះអម្ចាស់​បាន​ដាក់​ពួកលោក​ឲ្យ​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាងក្រោម​នេះ អំពី​កត្តា​ជំរុញ​ទឹកចិត្ត និង​ការទទួល​ខុសត្រូវ​របស់​អ្នកចាំ​យាម​នៃ​ព្រះអម្ចាស់ ៖

ប្រធាន រ័សុល អិម ណិលសុន

សាវក​ម្នាក់ៗ​របស់​ព្រះអម្ចាស់​ស្ថិត​នៅក្នុង​តំណែង​មួយ ដើម្បី​សង្កេត​មើល និង​ទទួល​សេចក្ដី​ស្រឡាញ់ ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ជាពិសេស​សម្រាប់​អស់​អ្នក​ដែល​កំពុង​ពុះពារ ។ …

ពេលខ្លះ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ យើង​ត្រូវបាន​គេ​រិះគន់​ដោយសារ​ការកាន់ខ្ជាប់​យ៉ាង​ហ្មត់ចត់​ទៅនឹង​ក្រឹត្យវិន័យ​របស់​ព្រះ ការការពារ​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ និង​ការទប់ទល់​នឹង​សម្ពាធ​ខាង​សង្គម​នៅ​ជំនាន់​របស់​យើង ។ ប៉ុន្ដែ ការចាត់តាំង​របស់​យើង​ក្នុងនាមជា​សាវក​ដែល​បាន​តែងតាំង​គឺ​ត្រូវ « ទៅ​ពេញ​សព្វ​ទាំង​ពិភពលោក ដើម្បី​ទៅ​ផ្សាយ​ដំណឹងល្អ​របស់ [ ទ្រង់ ] ដល់​សត្វលោក​គ្រប់រូប » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២៨ ] ។ នេះ​មាន​ន័យ​ថា យើង​ត្រូវបាន​បញ្ជា​ឲ្យ​បង្រៀន​នូវ​សេចក្ដីពិត ។

នៅពេល​ធ្វើ​ដូច្នោះ ពេលខ្លះ​យើង​ត្រូវបាន​គេ​ចោទ​ប្រកាន់​ថា​មិន​ខ្វល់ខ្វាយ កាល​យើង​បង្រៀន​ពី​តម្រូវការ​របស់​ព្រះបិតា ដើម្បី​បាន​ភាពតម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល ។ ប៉ុន្ដែ តើ​វា​មិន​រឹតតែ​មិន​ខ្វល់ខ្វាយ​កាន់តែ​ខ្លាំង​ទេឬ ប្រសិនបើ​យើង​មិន​ប្រាប់ពី​សេចក្ដីពិត​នោះ—មិន​បង្រៀន​អ្វី​ដែល​ព្រះ​បាន​បើក​សម្ដែង​នោះ ?

វា​ជាក់​ច្បាស់ ដោយសារ​យើង​ពិតជា​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ទើប​យើង​ប្រកាស​ពី​សេចក្ដីពិត​របស់​ទ្រង់ ។ យើង​អាច​មិន​និយាយ​ប្រាប់​មនុស្ស​ទាំងឡាយ​នូវ​អ្វី ដែល​ពួកគេ​ចង់​ស្ដាប់​ជានិច្ច​នោះទេ ។ ព្យាការី​កម្រ​នឹង​ល្បីល្បាញ​ណាស់ ។ ប៉ុន្ដែ យើង​នឹង​បង្រៀន​សេចក្ដីពិត​ជានិច្ច ! ( « The Love and Laws of God » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ តាមរយៈ​ការព្រមាន ការកែ​តម្រូវ និង​ការទូន្មាន​ពី​ព្យាការី​ដែល​នៅរស់​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ការប្រកាស​អំពី​ក្រុមគ្រួសារ​គឺជា​ភស្ដុតាង​នៃ​ទង្វើ​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ក្នុងនាម​ជា​អ្នកចាំយាម​នា​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

នៅ​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ​មួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ណែនាំ​អំពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ ពីមុន​ធ្វើ​ដូច្នោះ លោក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ មាន​អារម្មណ៍​ថា​ត្រូវតែ​ចេញ​ការប្រកាស​នេះ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ជាមួយ​នឹង​ការបោក​បញ្ឆោត​ដ៏​ឈ្លាសវៃ​ជាច្រើន ដែល​បន្លំ​ថា​ជា​សេចក្ដី​ពិត ជាមួយ​នឹង​ការបំភាន់​ជាច្រើន​អំពី​បទដ្ឋាន និង​គុណ​តម្លៃ ជាមួយ​នឹង​ការធ្វើ​ឲ្យ​ស្រើបស្រាល និង​ការរំភើប​ក្នុង​ការទទួល​យក​នូវ​ស្នាម​ប្រឡាក់​បន្តិច​ម្ដងៗ​នៃ​ពិភពលោក នោះ​យើង​មាន​អារម្មណ៍​បំផុស​ថា ត្រូវ​ព្រមាន និង​ហាម​ទុក​ជាមុន ។ នៅក្នុង​ការជួយ​ជ្រោមជ្រែង​ដល់​កិច្ចការ​នេះ ឥឡូវ​នេះ យើង​ជា​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​ចេញ​នូវ​ការប្រកាស​មួយ​ដល់​សមាជិក​សាសនាចក្រ និង​ដល់​ពិភពលោក ទុក​ជា​ការប្រកាស និង​ការបញ្ជាក់​សាជាថ្មី​មួយ​អំពី​បទដ្ឋាន គោលលទ្ធិ និង​ការអនុវត្ត​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ក្រុមគ្រួសារ ដែល​ពួកព្យាការី អ្នកមើល​ឆុត និង​អ្នកទទួល​វិវរណៈ​នៃ​សាសនាចក្រ​នេះ បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ទូទាំង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ( « Stand Strong against the Wiles of the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ )

រូបថត​គ្រួសារ​ក្នុង​ស៊ុម​រូបថត និង​ការប្រកាស​អំពី​ក្រុមគ្រួសារ

សេចក្ដី​ដកស្រង់​ខាងក្រោម​នេះ​មកពី​ជីវប្រវត្តិ​របស់​ប្រធាន ណិលសុន ពិពណ៌នា​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើឲ្យ​ពួកសាវក​របស់​ទ្រង់​អាច​មើល​ឃើញ ដែល​បាន​ដឹកនាំ​ឲ្យមាន​ការបង្កើត​ឡើង​នូវ​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖

នៅ​ថ្ងៃមួយ​ក្នុង​ឆ្នាំ ១៩៩៤ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​នៅក្នុង​បន្ទប់​ប្រឹក្សា​របស់​ពួក​លោក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ពិភាក្សា​អំពី​បញ្ហា​ទាក់ទង​ទៅនឹង​គ្រួសារ ។ ពួកលោក​បាន​ពិចារណា​អ្វីៗ​ទាំងអស់​តាំងពី​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​រូបអាសគ្រាម ដែល​អាចនឹង​រីករាលដាល​ទៅជា​នីតិកម្ម​ប្រឆាំង​ក្រុមគ្រួសារ​តាម​ប្រភេទ​ផ្សេងៗ ។ នេះ​ពុំមែន​ជា​ការពិភាក្សា​ថ្មី​មួយ​នោះ​ទេ ប៉ុន្តែ​នៅ​ថ្ងៃនោះ របៀបវារៈ​ទាំងមូល​គឺ​និយាយ​ទាក់ទង​ជុំវិញ​ប្រធានបទ​ដ៏​សំខាន់​មួយ​នេះ ។

ពួក​ដប់ពីរ​នាក់​បាន​ពិនិត្យមើល​ទាំង​គោលលទ្ធិ និង​គោលនយោបាយ​នានា​ឡើងវិញ ពិចារណា​លើ​រឿង​ទាំងឡាយ​ដែល​ពុំ​អាច​ផ្លាស់ប្ដូរ​បាន—គឺ​គោលលទ្ធិ—និង​រឿង​ទាំងឡាយ​ដែល​អាច​នឹង​ផ្លាស់ប្ដូរ​បាន—ពោលគឺ​គោលនយោបាយ​នានា ។ ពួកលោក​បាន​ពិភាក្សាពី​បញ្ហា ដែល​ពួកលោក​មើល​ឃើញ​ថា​កំពុង​កើតមាន រួមទាំង​ការជំរុញ​ខាង​សង្គម​ដ៏ខ្លាំង​មួយ​ចំពោះ​ការរៀបការ​របស់​មនុស្ស​ខ្ទើយ និង​សិទ្ធិ​ប្ដូរភេទ ។ អែលឌើរ ណិលសុន បាន​ពន្យល់​ថា « ប៉ុន្តែ នោះ​ពុំ​មែន​ជា​ទីបញ្ចប់​នៃ​អ្វី​ដែល​យើង​បាន​មើល​ឃើញ​នោះទេ » ។ « យើង​អាច​មើល​ឃើញ​ការខិតខំ​របស់​សហគមន៍​ជាច្រើន​ផ្សេងៗ​គ្នា មិន​ចង់​ធ្វើ​តាម​បទដ្ឋាន និង​ដែនកំណត់​ទៅលើ​សកម្មភាព​ខាង​ផ្លូវភេទ ។ យើង​បាន​មើល​ឃើញ​ភាពភាន់ច្រឡំ​ទៅលើ​ភេទ ។ យើង​អាច​មើល​ឃើញ​អ្វី​ទាំងអស់​នេះ​កំពុង​កើត​មានឡើង » ។

ការពិភាក្សា​យ៉ាងច្រើន​នេះ ព្រមទាំង​រឿង​ដទៃទៀត​នៅក្នុង​រយៈពេល​មួយ​ដ៏យូរ​នោះ នាំឲ្យ​ទទួល​បាន​ការបញ្ចប់​មួយ​ថា ពួកសាវក​គួរតែ​រៀបចំ​ឯកសារ​មួយ អាច​នឹងជា​សេចក្ដី​ប្រកាស​មួយ ដែល​ចែង​អំពី​ជំហរ​របស់​សាសនាចក្រ​អំពី​គ្រួសារ ដើម្បី​បង្ហាញ​ទៅកាន់​គណៈប្រធាន​ទីមួយ​ដើម្បី​សុំ​ការពិចារណា ។ ( Sheri Dew, Insights from a Prophet’s Life: Russell M. Nelson [ ឆ្នាំ ២០១៩ ] ទំព័រ ២០៨ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ មកពី​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន​ហ៊ីងគ្លី និង​ដំណើររឿង​អំពី​ប្រធាន​ណិលសុន ? តើ​ការចេញ​ផ្សាយ​ការប្រកាស​អំពី​ក្រុមគ្រួសារ​នេះ បង្ហាញ​ពី​តួនាទី​របស់​ព្យាការី​ក្នុងនាម​ជា​អ្នកចាំយាម​នៅលើ​ប៉ម​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ទទួល និង​ធ្វើតាម​ពាក្យសម្ដី​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ដោយ​ភាពស្មោះត្រង់​តាម​របៀប​ណា ?

ស្ដ្រី​ម្នាក់​កត់​ចំណាំ នៅពេល​មើល​សន្និសីទ​ទូទៅ

នៅ​ស្រុក​កំណើត​របស់​ទ្រង់ ស្រុក​ណាសារ៉ែត ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​គេ​បដិសេធ នៅពេល​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​តប​ទៅនឹង​មន្ទិល​សង្ស័យ​ជាច្រើន​ថា « គ្មាន​ហោរា​ណា​ដែល​គេ​រាប់អាន​នៅក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ » ( លូកា ៤:២៤ ) ។

ដូចគ្នា​នេះ​ដែរ នៅក្នុង​ជំនាន់​របស់​យើង មនុស្ស​មួយ​ចំនួន​បាន​ជ្រើសរើស​មិន​ទទួល​យក​ព្យាការី​របស់​ព្រះអម្ចាស់ ។ ពេលខ្លះ អ្នក​អាច​ថែមទាំង​ឃើញ​ថា វា​ពិបាក​នឹង​យល់ ឬ​ធ្វើតាម​ការប្រឹក្សា និង​ការបង្រៀន​ទាំងឡាយ​របស់​ពួក​ព្យាការី​សម័យ​ទំនើប​ទៀតផង ។

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវបាន​រៀបចំ​ឡើង ព្យាការី យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​មួយ​មកពី​ព្រះអម្ចាស់ ដែល​មាន​បទបញ្ញត្តិ​មួយ និង​ការសន្យា​ផ្សេងៗ​ដល់​សមាជិក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៤–៦ ( សូម​កត់ចំណាំ​ថា ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅលើ​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​តាម​ន័យ​ទូទៅ វា​ក៏អាច​អនុវត្ត​ចំពោះ​ប្រធាន​សាសនាចក្រ​របស់​ព្រះអម្ចាស់​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ ) ។ សូម​រកមើល​របៀប​ដែល​សមាជិក​សាសនាចក្រ​ត្រូវ​ទទួល​យក​ពាក្យសម្ដី​របស់​ព្យាការី និង​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​សន្យា នៅពេល​យើង​ធ្វើ​ដូច្នោះ ។ ( កំណត់​ចំណាំ ៖ អត្ថន័យ​មួយ​នៃ​ពាក្យ ញាប់ញ័រ នៅក្នុង ខទី ៦ គឺ​ការធ្វើឲ្យ​របូត ឬ​ដាច់​ចេញពី​អ្វីមួយ​ដែល​ទ្រទ្រង់​វា ឬ​ដាច់​ចេញពី​ប្រអប់​មួយ [ សូមមើល Merriam-Webster.com Dictionary, « shake » ] ។ ដូច្នេះ ការបកប្រែ​មួយ​នៃ​ខគម្ពីរ​នេះ​អាច​ថា នៅពេល​ព្រះអម្ចាស់​បណ្ដាល​ឲ្យ « ផ្ទៃមេឃ​ញាប់ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់ [ យើង ] » នោះ​ទ្រង់​ប្រទាន​វិវរណៈ និង​ពរជ័យ​ទាំងឡាយ ហើយ​ចាក់​វា​ស្រោច​មកលើ​អ្នកទាំងឡាយ​ដែល​ធ្វើតាម​ព្យាការី​នៅរស់​របស់​ទ្រង់ ) ។

សមាជិក​បង្ហាញ​ការលើកដៃ​គាំទ្រ​របស់​ពួកគេ

សូម​គិត​អំពី​អត្ថន័យ​នៃ​ការទទួល​យក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់យ៉ាង » ( ខទី ៥ ) ។ សូម​ពិចារណា​ពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ពេល​ធ្វើ​ដូច្នោះ​ផងដែរ ។ ព្រះគម្ពីរ​មាន​ដំណើររឿង​ជាច្រើន​រាប់​មិន​អស់​អំពី​មនុស្ស ដែល​បាន​ជ្រើសរើស​ដើម្បី​អនុវត្ត​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​តាម​ពាក្យ​សម្ដី​របស់​ព្យាការី ។ សូម​ជ្រើសរើស​វគ្គបទគម្ពីរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន​យក​មក​សិក្សា ៖

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ដោយ​គិត​អំពី​អ្វី​ដែល​អ្នក​ទើបតែ​បាន​អាន សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ចំណាំ ឬ​កម្មវិធី​កំំណត់​ចំណាំ ៖

  1. តើ​អ្នក​អាច​រៀន​អ្វីខ្លះ ចេញពី​ការខិតខំ​របស់​បុគ្គល​ម្នាក់ ដើម្បី​ទទួល​យក​ពាក្យសម្ដី​របស់​ព្យាការី​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ ?

  2. ហេតុអ្វី​បានជា​វា​អាច​ជា​ការលំបាក ដើម្បី​ទទួល​យក និង​ស្ដាប់តាម​ពាក្យសម្ដី​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​នៅក្នុង​កាលៈទេសៈ​ទាំងនេះ ?

  3. តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ តាមរយៈ​អ្វី​ដែល​ទ្រង់​បាន​សូមឲ្យ​បុគ្គល​នោះ​អាន ?

ខណៈ​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បាន​កត់​ចំណាំ​ដូច្នេះ ៖

ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី

តាម​បទដ្ឋាន​របស់​លោកិយ ការដើរតាម​ព្យាការី​អាច​នឹង​គ្មាន​ប្រជាប្រិយ ពុំ​ត្រឹមត្រូវ​ខាង​នយោបាយ ឬ​ពុំអាច​ទទួលយក​បាន​ក្នុង​សង្គម​ឡើយ ។ ប៉ុន្តែ ការដើរ​តាម​ព្យាការី​គឺ​តែងតែ​ត្រូវ​ជានិច្ច ។ ( « Live according to the Words of the Prophets » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៨ )

យើង​អាច​មាន​ទំនុកចិត្ត​នៅក្នុង​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។