« មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការចិញ្ចឹមបីបាច់កូនៗដោយសេចក្ដីសុចរិត » ឯកសារគ្រូបង្រៀនគ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់
ការចិញ្ចឹមបីបាច់កូនៗដោយសេចក្ដីសុចរិត
ការចិញ្ចឹមកូនឲ្យមានភាពរឹងមាំខាងវិញ្ញាណនៅក្នុងពិភពលោកសព្វថ្ងៃនេះ អាចមានអារម្មណ៍ថប់បារម្ភខ្លាំងណាស់ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការសន្យាមួយដែលព្រះអង្គសង្គ្រោះបានប្រទានដល់ពួកសាសន៍នីហ្វៃ អនុវត្តចំពោះពួកយើងនៅជំនាន់របស់យើងដែរ ៖ « ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះអម្ចាស់ ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ » ( នីហ្វៃទី៣ ២២:១៣ ) ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលអ្នកអាចបំពេញ « កាតព្វកិច្ចដ៏ពិសិដ្ឋដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ [ អ្នក ] ដោយ … សេចក្ដីសុចរិត » ( ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ផ្នែកទី ១
តើព្រះអម្ចាស់រំពឹងអ្វីខ្លះពីខ្ញុំក្នុងនាមជាឪពុក ឬម្ដាយ ?
នៅដើមដំបូងនៃគ្រាកាន់កាប់ត្រួតត្រានេះ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនឪពុកម្ដាយអំពីទំនួលខុសត្រូវរបស់ពួកគេ ក្នុងការចិញ្ចឹមកូនៗរបស់ពួកគេដោយសេចក្ដីសុចរិត ។ ទ្រង់បានប្រកាសថា « ប៉ុន្តែយើងបានបញ្ជាដល់អ្នកឲ្យចិញ្ចឹមកូនចៅរបស់ខ្លួននៅក្នុងពន្លឺ និងសេចក្ដីពិត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០ ) ។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានដាស់តឿនព្យាការី យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀត ឲ្យរៀបចំគេហដ្ឋានរបស់ខ្លួនឲ្យមានរបៀបរៀបរយ និង « មានចិត្តព្យាយាម ហើយគិតគូរពីគេហដ្ឋានខ្លាំងឡើង » ( ខទី ៥០; សូមមើល ខទី ៤១–៥០ ) ។
ដូចគ្នានេះដែរ ព្យាការីនៅថ្ងៃចុងក្រោយបានបង្ហាញពីតម្រូវការ ដែលឪពុកម្ដាយត្រូវមានគោលបំណងក្នុងការខិតខំរបស់ខ្លួន ដើម្បីបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋានរបស់ពួកគេ ។ ពួកលោកក៏បានគូសបញ្ជាក់ផងដែរថា ការរៀនសូត្រដំណឹងល្អគឺត្រូវ « ផ្តោតលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ » ( ដេវីឌ អេ បែដណា « Prepared to Obtain Every Needful Thing » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០១; សូមមើលផងដែរទំព័រ ១០២–៤ ) ។
ខណៈកំពុងបម្រើនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ នោះប្រធាន ថាត អរ ខាលីស្ទើរ បានបង្រៀន ៖
ក្នុងនាមជាមាតាបិតា យើងគឺជាគ្រូបង្រៀនដំណឹងល្អ និងជាគំរូសំខាន់បំផុតចំពោះកូនៗរបស់យើង—ពុំមែនជាប៊ីស្សព សាលាថ្ងៃអាទិត្យ ក្រុមយុវនារី ឬក្រុមយុវជនទេ ប៉ុន្តែគឺជាមាតាបិតា ។ ក្នុងនាមជាគ្រូបង្រៀនដំណឹងល្អដ៏សំខាន់បំផុតរបស់ពួកគេ យើងអាចបង្រៀនពួកគេអំពីអំណាច និងភាពពិតនៃដង្វាយធួន—អំពីអត្តសញ្ញាណ និងជោគវាសនាដ៏ទេវភាពរបស់ពួកគេ—ធ្វើបែបនេះ ដើម្បីជួយពួកគេឲ្យស្ថាបនានៅលើគ្រឹះសិលាយ៉ាងរឹងមាំ ។ និយាយឲ្យអស់ទៅ គេហដ្ឋានគឺជាទីដ៏ឥតខ្ចោះដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ( « Parents: The Prime Gospel Teachers of Their Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣២–៣៣ )
បន្ទាប់ពីបានយោងទៅខគម្ពីរទាំងនេះហើយ ស៊ីស្ទើរ ឆារិល អេ អេសព្លិន អតីតទីប្រឹក្សានៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅបានបញ្ចេញយោបល់ដូចនេះ ៖
ការបង្រៀនកូនរបស់យើងឲ្យយល់ គឺមានន័យលើសពីការគ្រាន់តែចែកចាយព័ត៌មាន ។ វាកំពុងជួយដល់កូនរបស់យើងឲ្យទទួលគោលលទ្ធិដាក់ក្នុងចិត្តពួកគេ ក្នុងរបៀបមួយដែលវាក្លាយទៅជាចំណែកមួយនៃខ្លួនពួកគេ ហើយវាបង្ហាញចេញនៅក្នុងអាកប្បកិរិយា និងអត្តចរិតរបស់ពួកគេពេញមួយជីវិត ។ ( « Teaching Our Children to Understand » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០ )
ខណៈកំពុងបម្រើនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ប្រធាន ចយ ឌី ចូនស៍ បានបង្រៀន ៖
យើងមិនអាចរង់ចាំឲ្យការប្រែចិត្តជឿកើតឡើងចំពោះកូនៗរបស់យើងដោយឯកឯងទេ ។ ការប្រែចិត្តជឿដោយចៃដន្យគឺ មិនមែន ជាគោលការណ៍នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេ ។ ការប្រែក្លាយដូចជាព្រះអង្គសង្រ្គោះរបស់យើងពុំមែនកើតឡើងដោយចៃដន្យទេ ។ ការស្រឡាញ់ ការបង្រៀន និងការថ្លែងទីបន្ទាល់ដោយចេតនាពិត អាចជួយកុមារចាប់ផ្តើមតាំងពីនៅតូច ដើម្បីស្គាល់ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធមានសារៈសំខាន់ណាស់ចំពោះទីបន្ទាល់ និងការប្រែចិត្តជឿរបស់កូនៗយើងទៅលើព្រះយេស៊ូវគ្រីស្ទ យើងចង់ឲ្យពួកគេ « ចងចាំទ្រង់ជានិច្ច ប្រយោជន៍ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៩ ] ។ ( «Essential Conversations » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២–១៣ )
ផ្នែកទី ២
តើការអនុវត្តអ្វីខ្លះដែលអាចជួយខ្ញុំឲ្យនាំកូនៗរបស់ខ្ញុំទៅកាន់ព្រះអង្គសង្គ្រោះ ?
នីហ្វៃ និងប្រជាជនរបស់លោកបានខ្នះខ្នែងជួយដល់កូនៗរបស់ពួកគេ ឲ្យរៀនអំពីព្រះអង្គសង្គ្រោះយ៉ាងសកម្ម ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់ដំបូន្មានណែនាំដល់ឪពុកម្ដាយឲ្យជួយកូនៗរបស់ពួកគេឲ្យរៀនអំពី និងមកពីព្រះអង្គសង្រ្គោះ ៖
តើមានរូបភាពរបស់ព្រះអង្គសង្គ្រោះក្នុងផ្ទះយើងដែរឬទេ ? តើយើងឧស្សាហ៍និយាយជាមួយកូនៗអំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវដែរឬទេ ? « រឿងរ៉ាវរបស់ព្រះយេស៊ូវ [ គឺ ] ដូចជាខ្យល់បក់ទៅលើសេចក្ដីជំនឿនៃដួងចិត្តកូនៗរបស់យើងដែរ » [ នែល អិល អាន់ឌើរសិន « Tell Me the Stories of Jesus » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១០៨ ] ។ នៅពេលកូនៗរបស់បងប្អូនសួរបងប្អូន សូមគិតដោយស្មារតីប្រុងប្រយ័ត្នអំពីការបង្រៀនអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន ។ ឧទាហរណ៍ ប្រសិនបើកូនរបស់បងប្អូនសួរថា « ប៉ា ហេតុអ្វីបានជាយើងត្រូវអធិស្ឋាន ? » បងប្អូនអាចឆ្លើយតបថា « នេះជាសំណួរល្អណាស់ ។ តើកូនចាំពីពេលដែលព្រះយេស៊ូវបានអធិស្ឋានឬទេ ? តោះយើងនិយាយពីមូលហេតុ និងរបៀបដែលទ្រង់អធិស្ឋាន » ។ ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៩ )
ដំបូន្មានដែលព្យាការីម៉ូសេបានផ្តល់ដល់ឪពុកម្ដាយសាសន៍អ៊ីស្រាអែល អាចអនុវត្តចំពោះយើង ៖ « ត្រូវឲ្យប្រិតប្រៀនសេចក្តី [ បទបញ្ញតិ្ត ] ទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង » ( ចោទិយកថា ៦:៧ ) ។
ប្រធាន ចូនស៍ បានពិចារណាពីស្មារតីនៃការប្រឹក្សារបស់ម៉ូសេ នៅពេលគាត់បានបង្រៀន ៖
គន្លឹះ [ មួយ ] ដើម្បីជួយកុមារតូចៗឲ្យក្លាយជាអ្នកទប់ទល់នឹងអំពើបាប គឺត្រូវចាប់ផ្ដើមតាំងពីវ័យក្មេងឲ្យចេះស្រឡាញ់គោលលទ្ធិ និងគោលការណ៍គ្រឹះនៃដំណឹងល្អ—តាមរយៈព្រះគម្ពីរ មាត្រានៃសេចក្តីជំនឿ កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ចម្រៀងកុមារ ទំនុកតម្កើង និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង—ដែលនឹងដឹកនាំកុមារតូចៗទៅរកព្រះអង្គសង្គ្រោះ ។
ការបង្កើតទម្លាប់អធិស្ឋានដោយខ្ជាប់ខ្ជួន ការសិក្សាព្រះគម្ពីរ រាត្រីជួបជុំក្រុមគ្រួសារ និងការថ្វាយបង្គំថ្ងៃឈប់សម្រាកដឹកនាំទៅរកភាពពេញលេញ ភាពខ្ជាប់ខ្ជួននៅក្នុងខ្លួន និងមានតម្លៃផ្នែកសីលធម៌ដ៏រឹងមាំ—ឬនិយាយម្យ៉ាងទៀតថា សេចក្ដីទៀងត្រង់ខាងវិញ្ញាណ ។ …
បងប្អូនប្រុសស្រី សូមនៅកៀកនឹងកូនតូចៗរបស់បងប្អូន—នៅឲ្យកៀកដើម្បីពួកគេមើលឃើញពីឥរិយាបទសាសនាប្រចាំថ្ងៃរបស់បងប្អូន ហើយមើលពីរក្សាការសន្យា និងសេចក្ដីសញ្ញារបស់បងប្អូន ។ « កុមារតូចៗគឺជាអ្នកចម្លងតាមដ៏អស្ចារ្យ ដូច្នេះសូមឲ្យពួកគេចម្លងនូវអ្វីដែលអស្ចារ្យ » [ អនាមិក ] ។ ( « A Sin-Resistant Generation » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៨–៨៩ )
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីបានខ្លះ ប្រសិនបើសមាជិកគ្រួសារម្នាក់វង្វេងចេញពីផ្លូវនៃដំណឹងល្អនោះ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការឈឺចិត្តដ៏ធំបំផុតមួយដែលឪពុក ឬម្ដាយដ៏ក្លាហាននៅក្រុងស៊ីយ៉ូនអាចរងទុក្ខនោះ គឺការដែលមានកូនម្នាក់វង្វេងចេញពីផ្លូវនៃដំណឹងល្អ ។ ឪពុកម្ដាយទាំងនោះគិតពីសំណួរថា « ហេតុអ្វី ? » ឬ « តើខ្ញុំបានធ្វើអ្វីខុស ? » និង « តើខ្ញុំអាចជួយកូននេះនាពេលនេះបានដោយរបៀបណា ? » ដោយឥតឈប់ឈរនៅក្នុងចិត្តគំនិតរបស់ពួកគាត់ ។ ( « Faithful Parents and Wayward Children: Sustaining Hope While Overcoming Misunderstanding » Ensign ខែ មីនា ឆ្នាំ ២០១៤ ទំព័រ ២៨ )
លីហៃ និង សារ៉ាយ បានយល់ពីការឈឺចិត្តដែលកើតឡើង នៅពេលកូនៗបានវង្វេងចេញពីផ្លូវនៃដំណឹងល្អ ។
សូមកត់សម្គាល់ថា តើលីហៃបានផ្សព្វផ្សាយ ឬបង្រៀនកូនៗរបស់លោកដោយទន់ភ្លន់ប៉ុណ្ណាដែរ ។ អែលឌើរ អូលីសេស សូរ៉េស នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីរបៀបដែលយើងអាចឆ្លើយតបបាន ប្រសិនបើសមាជិកគ្រួសារម្នាក់វង្វេងចេញពីផ្លូវនៃដំណឹងល្អ ៖
វាពិបាកដើម្បីយល់ពីមូលហេតុទាំងអស់ ដែលមនុស្សមួយចំនួនបានដើរផ្លូវផ្សេង ។ អ្វីដ៏ល្អបំផុតដែលយើងអាចធ្វើក្នុងកាលៈទេសៈនេះ គឺគ្រាន់តែស្រឡាញ់ ហើយឱបក្រសោបពួកគេ សូមអធិស្ឋានសម្រាប់សុខុមាលភាពពួកគេ ហើយស្វែងរកជំនួយរបស់ព្រះអម្ចាស់ដើម្បីដឹងពីអ្វីដែលត្រូវធ្វើ និងនិយាយ ។ សូមរីករាយដោយស្មោះសរជាមួយពួកគេក្នុងភាពជោគជ័យដែលពួកគេមាន សូមធ្វើជាមិត្តនឹងពួកគេ ហើយសម្លឹងមើលសេចក្តីល្អក្នុងពួកគេ ។ យើងពុំគួរបោះបង់ចោលពួកគេឡើយ ប៉ុន្តែរក្សាទំនាក់ទំនងរបស់យើង ។ សូមកុំបដិសេធ ឬវិនិច្ឆ័យខុសលើពួកគេឡើយ ! គឺគ្រាន់តែស្រឡាញ់ពួកគេ ! រឿងប្រដូចអំពីកូនខ្ជះខ្ជាយបង្រៀនយើងថា ពេលកូនៗដឹងពីស្ថានភាពរបស់ពួកគេ ជារឿយៗពួកគេមានបំណងត្រឡប់មកផ្ទះវិញដោយខ្លួនឯង ។ ប្រសិនបើរឿងនោះកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់អ្នកមែន សូមឲ្យចិត្តអ្នកពោរពេញដោយសេចក្តីអាណិតអាសូរ រត់ទៅរកពួកគេ ឱបពួកគេ ហើយថើបពួកគេ ដូចជាឪពុករបស់កូនខ្ជះខ្ជាយបានធ្វើ [ សូមមើល លូកា ១៥:២០ ] ។
ជាចុងក្រោយ ចូររស់នៅក្នុងជីវិតដែលស័ក្តិសម ចូរធ្វើគំរូល្អចំពោះពួកគេពីអ្វីដែលបងប្អូនជឿ ហើយខិតជិតព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ជ្រាបដឹង ហើយយល់ពីជម្រៅនៃទុក្ខកង្វល់ និងការឈឺចាប់របស់យើង ហើយទ្រង់នឹងប្រទានពរដល់កិច្ចខិតខំ និងការលះបង់របស់បងប្អូនដល់មនុស្សជាទីស្រឡាញ់ ប្រសិនបើមិនបាននៅក្នុងជីវិតនេះទេ ក៏នឹងបាននៅក្នុងជីវិតបន្ទាប់ដែរ ។ ( « How Can I Understand? » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨ )